LINES OF THOUGHT ACROSS SOUTHEAST ASIA
ការដោះដូរទីតាំងដី

“ទេវតាមានភ្នែក” ៖ ក្តីសង្ឃឹម​របស់​ក្រុមអភិរក្ស​ចំពោះ​ការ​អភិវឌ្ឍ​នៅ​ព្រៃ​ការពារ

ការលើកលែងផ្លូវច្បាប់ និងការការពារមិនច្បាស់លាស់ បានត្រួសត្រាយផ្លូវ សម្រាប់​ការសាងសង់​ និង​រំខាន​ជីវិត​សត្វ​ព្រៃ​ នៅក្នុង​ព្រៃភ្នំតាម៉ៅរបស់​ប្រទេស​កម្ពុជា។

July 6, 2022
“ទេវតាមានភ្នែក” ៖ ក្តីសង្ឃឹម​របស់​ក្រុមអភិរក្ស​ចំពោះ​ការ​អភិវឌ្ឍ​នៅ​ព្រៃ​ការពារ
ភាគច្រើននៅពេលល្ងាច ព្រះតេជគុណ សុត ផល្លី ព្រះចៅអធិការ​វត្ត​ថ្ម​អ​ន្ទ​រ ដែលមានទីតាំងក្នុង​ព្រៃ​ភ្នំ​តា​ម៉ៅ ​ដាក់​ចាន​បាយ​​សម្រាប់​សត្វ​ដែល​បាន​លែង​ចូល​ក្នុង​ទីជម្រក ​។ ព្រះអង្គសង្ឃឹម​ថា ការ​អភិវឌ្ឍ​តំបន់​នេះ​នឹង​មិន​នាំ​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ជម្រក​សត្វព្រៃ​ឡើយ។ រូបថតដោយ Anton L. Delgado សម្រាប់​សារព័ត៌មាន​ Southeast Asia Globe

បកប្រែដោយ៖ នូវ ពៅលក្ខិណា

ផ្លូវ​ដីលំ​មួយ កាត់ទៅភាគឦសាននៃព្រៃ​ភ្នំ​តាម៉ៅ ដែល​កំណត់ចំណុច​ចាប់ផ្តើមនៃសំណង់លំនៅឋានមួយ នៅលើ​ដីឯកជន​ជាប់​ព្រំដែន​តំបន់​ការពារ។

បង្គោលព្រំដី​រាប់សិបត្រូវបានបោះ​ នៅក្រោមដើមឈើដែលលាតសន្ធឹងប្រៀបបីដូចជាកម្រាលព្រំ​បៃតង។ បង្គោល​ទាំងនេះ ជាសញ្ញាណ​បញ្ជាក់អំពី​កិច្ចព្រមព្រៀងដោះដូរទីតាំងដី ដែលនឹង ត្រួសត្រាយ​ផ្លូវ ​សម្រាប់​​ការអភិវឌ្ឍនៅក្នុងតំបន់ការពារនេះដោយផ្ទាល់។

ដើមឡើយ ភ្នំតាម៉ៅត្រូវបានគេជឿជាក់ថាជាតំបន់ការពារ ប៉ុន្តែឥឡូវព្រៃនេះកំពុងរងការគំរាមកំហែង ពីផែនការសាងសង់មិនទាន់ច្បាស់ជាច្រើន នេះបើយោងតាមក្រុមអ្នកអភិរក្ស ដែលបង្ហាញក្តីព្រួយបារម្ភ ចំពោះអនាគតនៃមជ្ឈមណ្ឌលសង្គ្រោះ និងសត្វព្រៃដែលជិតផុតពូជ មានទីតាំងនៅក្នុងព្រៃ​ជាដែនជម្រកសត្វមួយនេះ។ បន្ថែម​លើស​ពីនេះ ការធ្វើឯកជនភាវូបនីយកម្មនៃតំបន់ការពារ ដែលមានទីតាំង​នៅជិតទីក្រុងភ្នំពេញ អាចចង្អុល​បង្ហាញពីកំណើនហានិភ័យ ចំពោះព្រៃការពារ​ផ្សេងទៀត​ របស់កម្ពុជា ដែលនៅហួសលើសពីការឃ្លាំមើលរបស់ក្រុមបរិស្ថាន។

នៅក្នុងរយៈពេលខ្លី ការអភិវឌ្ឍអាចធ្វើឲ្យជម្រកសត្វព្រៃ ធ្លាក់ក្នុងសភាព​កាន់​តែ​អាក្រក់​ឡើង  និងប្រែក្លាយតំបន់ការពារ ទៅជាកន្លែងប្រម៉ាញ់សត្វព្រៃ​ដ៏​សម្បូរបែប។ នៅក្នុង​រយៈពេល​វែងវិញ ផែនការ​អភិវឌ្ឍ​ទាំងនេះ ​អាចក្លាយជា​ចំណុចនាំមុខ បំបែក​ឧទ្យាន​សត្វ​ភ្នំ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ ​ចេញពី​ព្រៃ[ការពារ] ក៏ដូចជាម្ចាស់ជំនួយ​សំខាន់ៗ នៅពេលចុងក្រោយបង្អស់។

កិច្ចប្រជុំបិទទ្វារ កិច្ចសន្យាដ៏ភ្ញាក់ផ្អើលជាច្រើន ព្រមទាំងមន្ត្រីរដ្ឋាភិបាលចំនួន១៦រូបដែលមិនអាចទាក់ទងបាន នៅថ្នាក់មូលដ្ឋាន ខេត្ត និងថ្នាក់ជាតិ បានបិទបាំងឈ្មោះរបស់ក្រុមហ៊ុនអភិវឌ្ឍ និង គោលបំណងរបស់ពួកគេ ភាគច្រើនក្នុងអន្ធការនៃការិយាធិបតេយ្យ។ ការណ៍ទាំងអស់នេះ នាំឲ្យក្រុមឃ្លាំមើល​បរិស្ថាន បានស្នើ​សុំ​បើក​ការ​ស៊ើប​អង្កេត​ទាក់ទង​ទៅ​នឹង​អំពើ​ពុករលួយ

ថ្វីត្បិតតែនៅពីមុខ មានសភាពស្ងៀមស្ងាត់ក៏ដោយ ប៉ុន្តែភាពចម្រុះនៃប្រភព​ព័ត៌មាន​ ពីសារបង្ហោះលើហ្វេសប៊ុក ឯកសារលេចធ្លាយ ពីតំណាងផ្នែកលក់ និងផ្ទាំងប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម​ បង្កើតបាន​ជាប្រភពស្រពិចស្រពិលអំពីឈ្មោះ​ក្រុមហ៊ុនអភិវឌ្ឍ​ និងឈ្មោះឧកញ៉ា ដែល​បានសម្លឹងភ្នំតាម៉ៅទុកមកជាយូរមកហើយ។

ឯកសារដែលមាន បានបង្ហាញពីផែនការអភិវឌ្ឍលើផ្ទៃដី​​ជិតពាក់កណ្តាលនៃព្រៃឈើ ដែលមានទំហំសរុប ២៥ គីឡូម៉ែត្រការ៉េ។ ដីទំហំជិត ១២ គីឡូម៉ែត្រការ៉េ ត្រូវបាន​​ប្រគល់ទៅ​ឲ្យ​ភាគីដែលមិនអាចកំណត់ អត្តសញ្ញាណ​បាន ដោយដោះដូរជាមួយដីនៅកន្លែងឆ្ងាយផ្សេង ព្រមទាំងការផ្តល់អត្ថប្រយោជន៍ជាច្រើន រួមមានឡានដឹកទំនិញ ម៉ូតូ និង “អគារកម្សាន្ត” ដែលមាន ៣០ បន្ទប់។

លោក Nick Marx នាយក​កម្មវិធី​សង្គ្រោះ និង​ថែទាំ​សត្វ​ព្រៃ​ នៃ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ (Wildlife Alliance) ​ដែលជា​អង្គការ​មួយ បាន​ដំណើរការ​មជ្ឈមណ្ឌលសង្រ្គោះ​សត្វព្រៃ​​​​ជាមួយ​រដ្ឋាភិបាល មានប្រសាសន៍ថា៖ «ខ្ញុំគិតថា ការអភិវឌ្ឍមិនចាំបាច់ត្រូវតែ​បំផ្លាញទាំងធម្មជាតិ និងធនធានធម្មជាតិនោះទេ។» 

«យើង​នៅ​មិន​ទាន់​ដឹង​ជា​ផ្លូវ​ការនៅឡើយ​ទេ ថាតើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ព្រៃ​ភ្នំ​តាម៉ៅ ប៉ុន្តែ​យើង​សង្ឃឹម​ថា ​ទេវតាមានភ្នែក ទៅចុះ» ។

ការអភិវឌ្ឍ​នៅព្រៃភ្នំ​តាម៉ៅ

រូបភាពពីផ្កាយរណប បានឲ្យមើលឃើញព្រៃភ្នំតាម៉ៅ ប្រៀបបីដូចជា “ត្បូងបៃតង” និង “កោះធម្មជាតិ” ដែលហ៊ុំព័ទ្ធទៅដោយទីក្រុងដែលកំពុងអភិវឌ្ឍ និងកសិកម្ម នេះបើយោងតាមអ្នកស្រី Suwanna Gauntlett ជាស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធ​មិត្ត​សត្វព្រៃ ។ 

អ្នកស្រីបាននិយាយថា៖ «វាជាកាតព្វកិច្ចប្រកបដោយក្រមសីលធម៌របស់យើង ក្នុងការអភិរក្សសារពើរុក្ខជាតិ ​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។»

រូបភាព​មានចលនា​នៃ​ផែនទី​ប្រទេស​កម្ពុជា ដោយ​ Emilie Languedoc រចនាសម្រាប់​ Southeast Asia Globe

មជ្ឈមណ្ឌល​សង្គ្រោះសត្វព្រៃ​នេះ ស្ថិតនៅក្នុងព្រៃដែលកំពុងត្រូវបានពិចារណាសម្រាប់ការអភិវឌ្ឍ។ មជ្ឈមណ្ឌលនេះ ត្រូវ​បាន​បង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ហើយត្រូវបានគ្រប់គ្រងដោយមានការ​សហការគ្នា រវាង​រដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្ត​សត្វព្រៃ។ អង្គការ​អភិរក្សផ្សេងៗទៀតដូចជា អង្គការ Free the Bears និងអង្គការ Fauna & Flora International បានដំណើរការកម្មវិធីអភិរក្ស​ប្រភេទសត្វជិតផុតពូជ នៅក្នុងមជ្ឈមណ្ឌល ដែលធ្វើ​ឲ្យ​មជ្ឈមណ្ឌល​នេះ ​ក្លាយ​ជាជម្រករបស់សត្វជាង ១០០០ ក្បាល ហើយត្រូវបានចាត់ទុកថា ជាសួនសត្វដ៏ធំបំផុតរបស់ប្រទេស​កម្ពុជា។

អង្គការទាំងនេះ បានទទួលលិខិតមួយកាលពីខែមីនា ពីទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាអង្គនីតិប្រតិបត្តិ នៅ​ក្រោមការដឹកនាំផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងលិខិត​នោះ​បានបញ្ជាក់ថា រដ្ឋាភិបាលបានយល់ព្រម​ជាគោលការណ៍ឲ្យដោះដូរទីតាំងដី និងអនុញ្ញាត​ផ្ទេរ​កម្មសិទ្ធិទីតាំង​ដី​ពីរ​កន្លែង នៃ​ភ្នំតាម៉ៅ “មុនធ្វើការអភិវឌ្ឍ”។ 

នៅក្នុង​លិខិត​នោះ​មិន​បាន​ពន្យល់​ថា តើនរណា​នឹង​ទទួលបានកម្មសិទ្ធី​ដី ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឬក៏​អំពីប្រភេទ​នៃ​ការ​អភិវឌ្ឍ​ដែល​បាន​គ្រោង​ទុកនោះទេ។

អ្នកស្រី Gauntlett ​បាន​និយាយ​ថា៖ «នេះគឺជាតំបន់បៃតងតែមួយគត់ ដែលមាននៅក្នុងទឹកដីខេត្តទាំងនេះ។ វាពិតជាការគួរឱ្យតក់ស្លុតយ៉ាង​ខ្លាំង​ ដែល​ត្រូវ​បាន​ដក​ចេញ។» 

អ្នកស្រីអះអាងថា  មុនទទួលបាន​លិខិតនោះ អង្គការ​មិនបានទទួលការក្រើនរំលឹកណាមួយជាមុនទេ។ 

«ប្រសិន​បើ​មជ្ឈមណ្ឌលនិង​ព្រៃឈើ​ជុំវិញត្រូវ​បាន​បំផ្លាញ ពួកយើង​ ជាពិសេស​ម្ចាស់​ជំនួយ​របស់យើង ពិតជា​តក់ស្លុត​យ៉ាងខ្លាំង។»

ទីតាំងដី​ដោះ​ដូរ​ដែល​​ធំបំផុត មានទំហំ ៥ គីឡូម៉ែត្រការ៉េ។ ខណៈពេលដែលលិខិតនោះ មិនបានបង្ហាញទីតាំងពិតប្រាកដនៅក្នុងភ្នំតាម៉ៅ ក៏នៅ​មានឯកសារផ្សេងទៀត និងបង្គោល​ព្រំដី​ផ្សេង​ទៀត​ ដែល​ចង្អុល​បង្ហាញ​ថា ដីនោះ​នឹង​ជិត​ទីតាំងរបស់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ។

ការ​កាប់និងឈូស​ឆាយ​ព្រៃ​ ដើម្បី​ការ​សាង​សង់ នឹង​បំផ្លាញ​ជម្រក​សត្វ​ព្រៃ ព្រមទាំងរំខាន​ការ​ចូល​ទស្សនា​សួន​សត្វ។ ដោយមិនទាន់ដឹងច្បាស់អំពីផែនការទាំងមូល អ្នកស្រី Gauntlett និយាយថា គាត់ជឿជាក់ថា “នៅទីបំផុតមជ្ឈមណ្ឌលនឹងត្រូវផ្លាស់ទីលំនៅ” ។

លិខិត​បញ្ជាក់​ថា ដី​ភ្នំ​តាម៉ៅ ​ដែលនៅ​ភាគ​ខាង​ត្បូង​នៃ​ខេត្ត​តាកែវ​ ត្រូវ​បាន​ដោះ​ដូរ​ជាមួយនឹងថ្នូរនឹងទីតាំងដី ​នៅ​ខេត្ត​ឆ្ងាយៗ ​គឺ​ខេត្ត​សៀមរាប​នៅ​ភាគ​ពាយ័ព្យ និង​ខេត្ត​មណ្ឌលគិរី​នៅ​ភាគ​ខាង​កើត។ ខណៈពេលដែលលិខិតនោះមិនបានបញ្ជាក់អំពី​ឈ្មោះម្ចាស់​ និងផែនការនាពេលអនាគត  ប៉ុន្តែលិខិត​នោះ បានចុះបញ្ជីព័ត៌មានលម្អិត អំពីថ្នូរជាទ្រព្យសម្បត្តិ ក្នុងការដោះដូរ​ទីតាំងដី។ ក្រៅ​ពី​ទីតាំង​​ដីដែលដូរនៅកន្លែងផ្សេង អ្នកដោះដូរទីតាំង​ដី​ខេត្ត​តាកែវ ​​នឹង​ទទួលបាន អគារ​សម្រាកលំហែដែលមាន​៣០​បន្ទប់ រថយន្ត SUV ថ្មីមួយគ្រឿង ម៉ូតូចំនួន២០​គ្រឿង និង​រថយន្ត Ford ចំនួន៩​គ្រឿង រួមមានទាំងម៉ូឌែល Raptor និង Ranger។

សំណើនេះក៏ផ្តល់ដីកម្មសិទ្ធិ​ឯកជន ទំហំ៩,៨ ហិកតា ដែលអាច “សាងសង់ផ្ទះស្នាក់នៅអចិន្ត្រៃយ៍ ជូន​មន្ត្រី បុគ្គលិក និងកម្មករចំនួន ៨៥នាក់” នៃឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះសត្វព្រៃ​ភ្នំតាម៉ៅ។

អ្នកដែលត្រូវទទួលបន្ទុកលើការដោះដូរទាំងនេះ គឺលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ និងលោក ញ៉ឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ អ្នក​ទាំង​ពីរ គឺ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ​ចាប់​ពី​ខែ​មីនា​ដល់​ខែ​ឧសភា។

ក្នុងលិខិតដដែលបានប្រកាសថា កម្មសិទ្ធិលើដីនៅក្បែរនោះ ទំហំ៣ គីឡូម៉ែត្រការ៉េ  នៅក្នុងទីតាំង​ដី​នៃស្ថានីយ៍ចិញ្ចឹមគោ​ពូជភ្នំតាម៉ៅ ដែលបច្ចុប្បន្នត្រូវបាន​​ប្រើប្រាស់ ដោយកសិដ្ឋានចិញ្ចឹម​គោ​ទឹកដោះ​ គិរីសួគិ៍ នឹងត្រូវផ្ទេរទៅឱ្យ​អង្គភាពមួយ ដែល​គ្មាន​អ្នក​ណា​​​ស្គាល់។ 

អ្នកស្រី Gauntlett បាន​និយាយ​ថា៖ “វាជាមជ្ឈមណ្ឌលគ្រប់គ្រងដោយរដ្ឋាភិបាល ជាព្រៃគ្រប់គ្រងដោយរដ្ឋាភិបាល។ យើងមិន​មែន​ជា​អ្នក ធ្វើការសម្រេចចិត្តទេ”។ 

“នេះគឺជាកោះធម្មជាតិមួយ នៅចំកណ្តាលនៃនគរូបនីយកម្ម។ ហើយវាត្រូវតែទទួល​បាន​ការ​ថែរក្សា​​ មិនថា​នៅ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ… តើការអភិវឌ្ឍគ្មានទីបញ្ចប់ទេឬ? យើង​ត្រូវការ​តុល្យភាព ​រវាងការ​អភិវឌ្ឍ និង​ការ​អភិរក្ស»។

បង្គោលព្រំដី និងដើមឈើដែលមានបាញ់ពណ៌ គូសបញ្ជាក់អំពីទីតាំងដី នៅក្នុងព្រៃភ្នំតាម៉ៅ ដែលត្រូវបានគេ​ជឿជាក់ថា នឹងមានការដោះដូរ។ បង្គោលដី​រាប់រយ ដែលកំណត់ព្រំប្រទល់ក្នុងតំបន់ មាននៅរៀងរាល់ចន្លោះរវាង ២០-១០០ម៉្រែត។ រូបថតដោយ Anton L. Delgado សម្រាប់ Southeast Asia Globe

ជារួម លោក Marx នៃ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ មានការស្ទាក់ស្ទើរ ចំពោះការអភិវឌ្ឍណាមួយ នៅក្នុងព្រៃនេះ។ ខណៈ​ដែល​លោក​បាន​ទទួល​ស្គាល់​ថា ការ​អភិវឌ្ឍ​ម្តងម្កាល​អាច​ជា​ការ​ចាំបាច់ លោក​បាន​កត់​សម្គាល់​ថា «ការ​អភិវឌ្ឍ​មិន​ចាំបាច់​ ត្រូវ​តែមាន​ការ​បំផ្លាញ​ធម្មជាតិ និង​ធនធាន​ធម្មជាតិ​នោះ​ទេ»។

លោក Marx សង្ឃឹមថា ការអភិវឌ្ឍណាមួយដែលជា “ការបង្កើតរមណីយដ្ឋានដែលមិនប៉ះពាល់ដល់បរិស្ថាន រួមជាមួយផ្ទះសំណាក់” នឹងបង្កើនឱកាស​ ចូលមើលសត្វព្រៃ ព្រមទាំងជំរុញការទស្សនាសួនសត្វ កាន់តែច្រើនឡើង។

លោក Marx បាននិយាយថា៖ «នេះនឹងក្លាយជាកិត្តិយសរបស់រដ្ឋាភិបាល ហើយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នឹង​គាំទ្រគម្រោងបែបនេះ»។ 

«ប៉ុន្តែប្រសិនបើគំរោងបច្ចុប្បន្ន គឺជាការបំផ្លាញព្រៃឈើ និងសត្វព្រៃ ដើម្បីសាងសង់ខុនដូខ្ពស់បន្ថែមទៀតវិញ ពួកយើងនឹងប្រឆាំងផែនការនោះ»។ 

មិនមានមន្ត្រីរដ្ឋាភិបាលណាម្នាក់ និយាយជាសាធារណៈ ឬធ្វើការបញ្ជាក់ចំពោះពាក្យចចាមអារ៉ាម ទាក់ទងនឹងផែនការអភិវឌ្ឍនេះទេ។  ប៉ុន្តែភស្តុតាងដែលមាននាពេលនេះ មិនឃើញមានទាក់ទង​ នឹងគម្រោងផ្ទះសម្រាកលំហែលក្ខណៈ​​ធម្មជាតិ​នោះទេ។

ឯកសារដែលបានចែករំលែក នៅក្នុងអង្គប្រជុំជាមួយភាគីពាក់ព័ន្ធ ក្នុងខែឧសភា និងដែលសារព័ត៌មាន Southeast Asia Globe ទទួលបានពីអ្នកចូលរួមម្នាក់ បានបង្ហាញថា ដីទំហំ ៥ គីឡូម៉ែត្រការ៉េ កំពុងស្ថិត​ក្រោម​ការពិចារណាសម្រាប់ការដោះដូរទីតាំង ដែល​ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញលើ ដោយ​ផ្ទេរ​ពី​រដ្ឋ​ មក​ជា​អចលនទ្រព្យ។  ឯកសារ​ទាំង​នោះ​ មិន​បាន​ដាក់​ឈ្មោះ​ក្រុមហ៊ុន ឬ​ក្រុមហ៊ុន​អភិវឌ្ឍ​ណា​មួយ​ឡើយ។

ទោះជាយ៉ាងណាក៏ដោយ សំណុំឯកសារដដែលនេះ បានបង្ហាញថា ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប  (TP Moral Group) បានស្នើសុំដីពីរកន្លែងផ្សេងទៀតនៅក្នុងព្រៃ ដែលមានទំហំសរុបប្រហែល ៦,៨ គីឡូម៉ែត្រការ៉េ។

ក្នុង​ចំណោម​ឯកសារ​ទាំង​នោះ​ មាន​បញ្ជី​វត្តមាន​ដែល​មានមន្ត្រី​រដ្ឋាភិបាល​ចំនួន ១៥ នាក់​មក​ពី​ក្រសួង​ចំនួន ៤ ចូលរួមគឺ ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួងធម្មការ និង​សាសនា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំងក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។ មន្ត្រី​ចំនួន ១២​រូប ក្នុងចំណោម​បញ្ជី ​​​មិន​អាចទាក់​ទងសុំ​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ។

លោក ពី ស៊ា ប្រធានការិយាល័យនៃ​មន្ទីរកសិកម្មខេត្ត ព្រមទាំងលោក ច័ន្ទសុផា មកពី​​មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ស្រី សំបូរ ជាមេឃុំ កណ្តឹង ថ្លែង​ដូចគ្នាថា៖ «ខ្ញុំមិនបានដឹងរឿងអ្វីទាំងអស់»។

ខណៈដែលមានតម្រុយតិចតួច បំភ្លឺលើផែនការអភិវឌ្ឍនៅក្នុងព្រៃ​ភ្នំតាម៉ៅ ដំណើរការសាងសង់ បានចាប់ផ្តើមនៅព្រំដែនភាគឦសាននៃភ្នំតាម៉ៅ។

ជាប់នឹងព្រំប្រទល់ព្រៃភ្នំតាម៉ៅ ភាគឦសាន មាន​ការដ្ឋាន​របស់​ក្រុមហ៊ុន​អភិវឌ្ឍអចលនទ្រព្យមួយ ដែលតំណាងផ្នែកលក់បាននិយាយថា កំពុងដំណើរការដោយ​ក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍។ រូបថតដោយ Anton L. Delgado សម្រាប់ Southeast Asia Globe

ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគម្រោងអភិវឌ្ឍដីឡូតិ៍ ត្រូវបានដំឡើងនៅលើទីតាំង​ការដ្ឋានសំណង់ ដែលកំពុងដំណើរការ នៅលើដីឯកជនទំហំប្រមាណ ៣០ ហិកតា មានជាប់ព្រំប្រទល់ជាប់ព្រៃភ្នំតាម៉ៅ។ ទោះបីជា មិនមានទំនាក់ទំនងច្បាស់លាស់ រវាងការអភិវឌ្ឍ និងគម្រោង​ទៅលើព្រៃ ក៏លោក Marx បានបញ្ជាក់​ថា គម្រោងដែល “មិន​មាន​ផល​ល្អ​ដល់​បរិស្ថាន” ជាច្រើន នឹង​បង្កផល​ប៉ះពាល់ ​រាលដាលកាន់តែខ្លាំង ដល់ព្រៃឈើ និងសត្វព្រៃបន្ថែមទៀត។

​ស្រដៀងគ្នាទៅនឹងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម និងសៀវភៅខិត្តប័ណ្ណលក់ដីឡូតិ៍ទាំង​នោះ មិនបានដាក់ឈ្មោះអំពីអ្នកអភិវឌ្ឍអចលទ្រព្យ​នោះទេ។ 

សៀវភៅខិត្តប័ណ្ណនោះ ផ្សព្វផ្សាយ​លក់​ដី​ឡូតិ៍ក្នុង​តម្លៃ ១១៩ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ សម្រាប់ដី​ដែលនៅជាប់​ព្រំប្រទល់​តំបន់​អភិវឌ្ឍ។

ផ្ទាំងប៉ាណូទាំង​នោះ​មាន​ដាក់​ឈ្មោះ​តំណាងផ្នែកលក់ចំនួន ៥ នាក់ ដែលក្នុងនោះមាន ៣ នាក់បានឆ្លើយថា ​ក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ (Bati Tourism & Development) ជាអ្នកទទួលខុសត្រូវ លើទីតាំងនេះ។ តំណាងផ្នែកលក់បាននិយាយថា គម្រោងនេះ ត្រូវ​បាន​ពង្រីក​ពី​ទំហំ ២៤ ទៅ ៦០ ហិកតា ប៉ុន្តែ​ដីឡូតិ៍​តិចជាង ៣០០នៃឡូតិ៍ចំនួន ១០០០ បានលក់ដាច់។

ខណៈដែល​ក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ និងក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប គឺជាក្រុមហ៊ុនពីរ ដែលមានអំណះអំណាងច្បាស់លាស់ ទាក់ទង​នឹង​ទីតាំង​ដីជុំវិញ និងនៅក្នុងព្រៃភ្នំតាម៉ៅ ប៉ុន្តែ​សារ​បង្ហោះ​លើ​ហ្វេសប៊ុក​របស់អាជ្ញាធរកាលពីខែមីនា បានចង្អុល​បង្ហាញ​មួយផ្សេងទៀត។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានបង្ហោះ​សារហ្វេសប៊ុកអំពីជំនួបមួយ រវាងមន្ត្រីរបស់​សួនសត្វ​ភ្នំតាម៉ៅ និងក្រុមហ៊ុនឆាយណាប៉ោយប៉ែតសែ៍ថឺឡាយន៏សីធី ឯ.ក (China Poipet Satellite City) ដែលជាក្រុមហ៊ុនអភិវឌ្ឍខុនដូ ដើម្បី​ធ្វើការឆ្លង​កំណត់ហេតុ​ដែល​ក្រុមការងារ​បាន​ចុះ​វាស់​វែង​ដី​ជាក់​ស្តែង ស្ថិត​នៅ​តំបន់​ភ្នំ​តាម៉ៅ​ ដោយមិនបង្ហាញពីទីតាំង ឬគោលបំណងនោះទេ។

អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រីខេត្ត ​ដែល​ត្រូវបានដាក់​ស្លាក​ក្នុង​ប្រកាស​នោះ រួមមានឈ្មោះ លោក អ៊ូច ភា  លោក ឈឿយ រឿន និង​លោក ញ៉ិប ស្រ៊ន សុទ្ធ​តែ​មិន​អាច​ទាក់ទងសុំធ្វើ​អត្ថាធិប្បាយ​បាន​ទេ​ ទាក់​ទង​នឹង​​កិច្ច​ប្រជុំ​នេះ។

ដោយ​មិនមាន​ការ​បញ្ជាក់​ពី​មន្ត្រីរដ្ឋាភិបាល​ បញ្ជី​ឈ្មោះ​អ្នក​អភិវឌ្ឍអចលនទ្រព្យ ​ដែល​ត្រូវបានដឹងថា មានជាប់​ពាក់ព័ន្ធ​នឹង​ភ្នំ​តាម៉ៅ គឺ​​​នៅ​ត្រឹង​ត្រឹម​នេះ​ ៖ ​ក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប និងក្រុមហ៊ុនឆាយណាប៉ោយប៉ែតសែ៍ថឺឡាយន៏សីធី ឯ.ក។

លោកស្រី សុខ សារឿន ត្រូវបានចុះ​បញ្ជី​ជា​ប្រធានក្រុមហ៊ុន បាទី ធួរីសឹម ឌីវីឡុបម៉ិនថ៍ ។ ក្នុង​ចំណោម​លេខ​ទាំង​បី​ ដែល​មាន​ក្នុង​​បញ្ជី​​ពាណិជ្ជកម្ម​របស់​សភាពាណិជ្ជកម្ម​កម្ពុជា គឺ​មាន​លេខ​​ទូរស័ព្ទ​មួយ​ខ្សែ​មិន​ត្រឹមត្រូវ ខណៈ​លេខ​ពីរខ្សែ​ទៀត​មិន​អាច​ទាក់ទង​បាន។

លោក ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា ជានាយកក្រុមហ៊ុនអចលនទ្រព្យ ឆាយណាប៉ោយប៉ែតសែ៍ថឺឡាយន៍សីធី ក៏ដូចជាក្រុមហ៊ុន Galaxy Navatra Group និង Galaxy Navatra Investment ។ 

ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ត្រូវបានដឹកនាំដោយលោក ឃុន ទី លោក ឃុន សេងផេង និងលោក ឃុន សៀ។ លោក​ ឃុន សៀ មានអចលនទ្រព្យនៅ​ពាសពេញ​ប្រទេស​កម្ពុជា។

អង្គការសម្ព័ន្ធសត្វព្រៃ បានជួបជាមួយរដ្ឋបាលព្រៃឈើ កាលពីពាក់កណ្តាលខែឧសភា កន្លង​ទៅ  ដើម្បីពិភាក្សាអំពីការធ្វើឯកជនភាវូបនីយកម្ម និងការអភិវឌ្ឍនៃព្រៃឈើភ្នំតាម៉ៅ ជាលើកដំបូង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់លោក Marx ដោយលោក​បាន​បន្ថែម​ថា ជំនួប​នោះ​ មិន​បាន​បន្ថែម​ព័ត៌មាន​ ណាដែលយកជាការណ៍បាន​​នោះ​ទេ។ 

លោក Marx បាននិយាយទាក់ទងនឹងកិច្ចប្រជុំនោះ ដែលអាជ្ញាធរអះអាងថាជាការប្រជុំ “ប្រកបដោយភាពស្និទ្ធស្នាល និងរួសរាយរាក់ទាក់” ៖  «គ្មានអ្វីថ្មី បន្ថែមលើព័ត៌មាន​​ដែលបានលេច​ឡើង រួចហើយនោះទេ”។

«រដ្ឋបាល​ព្រៃឈើ​បាន​និយាយ​ថា វា​មិន​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ពួកគេ​ ក្នុង​ការ​សម្រេច​ពី​របៀប​នៃ​ការ​អភិវឌ្ឍ​នោះ​ទេ»។


នៅក្នុង​អំឡុង​ពេល​ដែលឈានដល់កិច្ចប្រជុំនោះ មាន​លិខិតមួយទៀត ដែលចុះហត្ថលេខា ដោយប្រធានរដ្ឋបាលព្រៃឈើគឺ​លោក​ កែវ អូម៉ាលីស្ស ផ្ញើទៅកាន់អង្គការដែល ធ្វើការ​លើ​ការ​អ​ភិរក្ស​ទាំងនោះ ដោយបានបញ្ជាក់ថា “ទីតាំងដីស្នើសុំផ្ទេរ មិនត្រួតស៊ីគ្នាជាមួយដីទំហំ ៤០០ ហិកតា” ដែលជាកម្មសិទ្ធិរបស់មជ្ឈមណ្ឌលសង្គ្រោះសត្វទេ។

លោក Marx បាននិយាយថា លោក​ កែវ អូម៉ាលីស្ស មិនបានបំភ្លឺបន្ថែម អំពីការអភិវឌ្ឍនៅក្នុងលិខិត ឬកិច្ចប្រជុំនោះទេ តែក្រោយមកលោក អូម៉ាលីស្ស បាននិយាយថា គម្រោង​នោះ​គឺនៅ “ផុត​ពី​ដៃ​របស់​លោក”។

ការដោះដូរដីដោយស្របច្បាប់

ក្រុមអភិរក្ស​ជឿជាក់ថា ព្រៃភ្នំតាម៉ៅ គឺជាតំបន់​ការពារ​ធម្មជាតិ​ យោងតាមច្បាប់​ស្តី​ពី​ព្រៃ​ឈើ ចេញកាលពីឆ្នាំ២០០២។ 

លោក​ Marx បាន​លើក​ឡើង​ថា៖ «ខ្ញុំ​តែង​តែ​ត្រូវ​បាន​ប្រាប់​ថា ព្រៃមួយ​នេះ​គឺ​មាន​សុវត្ថិភាព​។ គឺថា មិនមាននរណាម្នាក់ នឹង​ទៅ​ប៉ះពាល់​ព្រៃ​ភ្នំតាម៉ៅ​នោះ​ទេ។» ​

«ខ្ញុំ​មិនបាន​ប្រាកដ​ចិត្តទាំងស្រុង​ទេ ​ថាព្រៃ​នោះ​ នឹង​មិន​ត្រូវ​គេ​ច្បិច​យក​ ម្តង​បន្តិចៗ នេះ​បន្តិច​ នោះ​បន្តិច។ ប៉ុន្តែកន្លងមក ​ខ្ញុំតែងតែគិតថា ភ្នំ​តាម៉ៅ​មាន​សុវត្ថិភាពទាំងស្រុង​»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​មិន​បាន​គិ​តថា នឹង​មាន​ការ​អភិវឌ្ឍ​ពេញលេញទៅ​លើ​ព្រៃ​​ទាំង​មូលនោះទេ»។

ការសន្មតបែបនេះ គួបផ្សំ​នឹង​កង្វះ​ភាព​ច្បាស់​លាស់​របស់​រដ្ឋាភិបាល ​ចំពោះ​ទីតាំងដី​​ជាក់​លាក់​ ដែលទទួលបានការការពារ​ដោយ​ច្បាប់ បាន​​ត្រួស​ត្រាយ​ផ្លូវឱ្យ​មាន​​ភាព​ស្របច្បាប់​​ សម្រាប់​ការ​ដោះ​ដូរ​ដី​នេះ។ 

លោក ភាព សុភា ប្រធាន​កម្មវិធី​ដីធ្លី និងព្រៃឈើ របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) បានមានប្រសាសន៍ថា លក្ខន្តិកៈពាក់ព័ន្ធទាក់ទងនឹងការធ្វើឯកជនភាវូបនីយកម្មដីរបស់រដ្ឋ គឺច្បាប់ស្តី​ពី​តំបន់ការពារធម្មជាតិ ឆ្នាំ ២០០៨ និងច្បាប់ស្តីពីព្រៃឈើ ឆ្នាំ ២០០២។

លោក​សុភា បានរៀបរាប់​ថា ក្រសួងអាចនឹងផ្លាស់ប្តូរការបែងចែក “ដីសាធារណៈរបស់​រដ្ឋ ក្លាយជាដីឯកជនរបស់រដ្ឋ នៅពេល​ដី​នោះ​លែង​មាន​ប្រយោជន៍​សម្រាប់​ការ​ប្រើប្រាស់​ជាសាធារណៈ” ដោយលោកន្ថែមថា ព័ត៌មានលម្អិតនៃនីតិវិធីនេះ គឺមិនមានភាពច្បាស់លាស់នោះទេ។

លោក​ Matt Hunt នាយក​ប្រតិបត្តិ​នៃ​អង្គការ​ Free the Bears ជា​អង្គការ​អភិរក្ស​សត្វ​ព្រៃ​​មួយ ​ដែល​ផ្តល់ជម្រក​​សត្វ​ខ្លា​ឃ្មុំ​តូច​និង​ខ្លាឃ្មុំ​អាស៊ី​ នៅ​ភ្នំ​តាម៉ៅ បាន​មាន​ប្រសាសន៍ថា៖ «រឿងមួយ​ក្នុង​ចំណោម​អ្វី​ពិសេស​នៅ​ភ្នំតាម៉ៅ​ ក្នុងភាពជា​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ នោះគឺ ការណ៍​ដែល​វា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ព្រៃ​ការពារ​​ ដែល​ផ្តល់​ការ​ការពារ​បន្ថែម​ សម្រាប់​សត្វ​ដែល​នៅ​ក្នុង​មជ្ឈមណ្ឌល​សង្គ្រោះ»

លោក​ Hunt បន្ត​ថា៖ «នោះ​វា​នឹងមិន​មាន​ករណីពិសេសបែប​នេះ​ទៀត​ទេ ប្រសិន​បើ​ការ​អភិវឌ្ឍមួយ​នេះ​ នឹង​បន្ត​ទៅ​មុខ​​» 

«តាម​ការ​យល់​របស់​ខ្ញុំ​ គឺថា ពីមុន​វា​[ការអភិវឌ្ឍ]មិន​អាច​ទៅរួច​តាម​ផ្លូវ​ច្បាប់​នោះ​ទេ ពីព្រោះ​ថានោះ​គឺជា​ព្រៃ​ការពារ»។ 

បន្ទាប់ពីមានសំណើធ្វើឯកជនភាវូបនីយកម្ម និងកង្វះតម្លាភាពនៅ​ក្នុង​ដំណើរការនេះ បាន​ធ្វើ​ឲ្យ​ក្រុម​ឃ្លាំ​មើល​បរិស្ថាន​មួយ​ឈ្មោះ​ បៃតងវ៉ររៀរស៍ (Baitong Warriors) ដាក់សំណើទៅ កាន់​អង្គភាពប្រឆាំងអំពើពុករលួយ (ACU) របស់រដ្ឋាភិបាលកម្ពុជា ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេតលើ ក្រុមហ៊ុនដែលទទួលបានដីភ្នំតាម៉ៅ។

កាល​ពី​ខែ​មិថុនា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បញ្ជាក់​ពី​ការ​ទទួល​សំណើ​នេះ ប៉ុន្តែ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​បន្ថែម​ទេ។

លោក នេត វិបុល​ ជានាយករងអង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រចាំប្រទេសកម្ពុជា ក៏​បាន​យល់​ស្រប​ដូចគ្នាថា ភ្នំតាម៉ៅ​ តែងតែ​ត្រូវ​បាន “​ចាត់​ទុក​ថា​ជាតំបន់​ការ​ពារ​ធម្មជាតិ”។ ប៉ុន្តែ​លោក​ពន្យល់​បន្ថែម​​ថា នេះ​មិន​មែន​គ្រាន់តែជា​ការ​សន្មតបែប​ទូលំទូលាយ​ទេ ហើយ​លោកព្រមទាំងបានលើកឡើង​ពី​​ផ្នែក​ជាក់លាក់​មួយនៃ​ច្បាប់​ព្រៃឈើ មកបង្ហាញ។

ជំពូកស្តីពី​ សម្បត្តិ​ព្រៃ​ឈើអ​ចិន្ត្រៃយ៍ ចែងថា ព្រៃឈើដែលត្រូវបានប្រើប្រាស់សម្រាប់ការសិក្សាស្រាវជ្រាវ លំហែកំសាន្ត ឬជាសួនភូតគាម គួរតែត្រូវបាន “រក្សាទុក​ជាចម្បង ដើម្បី​ការពារ​​ប្រព័ន្ធ​មជ្ឈដ្ឋាន និង​ធនធានធម្មជាតិ”។

ខណៈដែលលោក វិបុល មានទំនុកចិត្តថា ភ្នំតាម៉ៅស្ថិត បាន​បំពេញ​លក្ខខណ្ឌ ​ក្នុងប្រភេ​ទព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍ ​​យ៉ាងតិចមួយក្នុង​ចំណោមប្រភេទទាំង៣ក៏ដោយ ប៉ុន្តែនៅមានមាត្រាមួយទៀត ដែលផ្តល់សិទ្ធិ​អំណាចដល់រដ្ឋាភិបាល ក្នុងការ​រំសាយ​ចំណាត់​ថ្នាក់​ព្រៃឈើ​ សម្រាប់អាទិភាពដូចជា “ផ្ទៃដីព្រៃសម្រា​ប់​ផ្ទេរ​ដើម្បី​គោលបំណងអភិវឌ្ឍផ្សេងទៀត”។

មិន​ថា​ចំណាត់​ថ្នាក់​ណា​មួយ​ក៏​ដោយ ច្បាប់តម្រូវឱ្យមានការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង​ផល​ប៉ះពាល់​សង្គម ចំពោះ “សកម្មភាពចម្បងៗ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធមជ្ឈដ្ឋាន​ព្រៃឈើ ដែល​អាចបណ្តាលឱ្យមានផលប៉ះពាល់អាក្រក់​ដល់​សង្គម​និង​បរិស្ថាន”។

ក្រុម​អភិរក្ស​បាន​និយាយ​ថា ពួក​គេ​មិនបាន​ដឹង​អំពី​ការ​វាយ​តម្លៃ​ណាមួយ​នោះ​ទេ។ មន្ត្រីរដ្ឋបាលព្រៃឈើ មិនអាច​ទាក់​ទង​សុំធ្វើអត្ថាធិប្បាយចំពោះ​រឿង​នេះបានទេ។

លោក Pablo Sinovas នាយក អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិប្រចាំប្រទេសកម្ពុជា (Fauna & Flora International) ដែលជាក្រុម​អភិរក្សដែលបាន​ដំណើរការ​ គម្រោងអភិរក្ស និងបង្កាត់ពូជសត្វក្រពើភ្នំ នៅក្នុងមជ្ឈមណ្ឌលនេះ បាននិយាយថា «ខ្ញុំពិតជាសង្ឃឹមយ៉ា​ងមុតមាំថា វា [ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង​ផល​ប៉ះពាល់​សង្គម]​ ពិត​ជា​ត្រូវ​បាន​ធ្វើឡើងមែន ប៉ុន្តែខ្ញុំមិនដែលបានឃើញវាទេ» ។

លោកបានមានប្រសាសន៍ថា៖ «ភ្នំតាម៉ៅត្រូវបានចាត់ទុកថា ជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ដ៏ល្អបំផុតមួយនៅក្នុងតំបន់ តាមរយៈរបៀបដែលសត្វព្រៃត្រូវបានការពារ និងថែរក្សា»។ 

«ខ្ញុំ​សង្ឃឹម​ថា ​វា​មិន​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ទេ ហើយ​ព្រៃ​ឈើនៅតែ​អាចរក្សាទុកបាន”។

ផលប៉ះពាល់ចំពោះសត្វព្រៃ

អស់រយៈពេលជិតពីរទស្សវត្សរ៍មកហើយ អង្គការសម្ព័ន្ធមិត្ត​សត្វព្រៃ បានប្រើប្រាស់ព្រៃការពារជុំវិញ មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ដើម្បីដោះលែងសត្វដែលត្រូវបានជួយសង្គ្រោះ។

បន្ទាប់ពីទទួលបានដំណឹងអំពីផែនការអភិវឌ្ឍ លោក Marx បានដំឡើង​​ម៉ាស៊ីនថត​ស្វ័យ​ប្រវត្តិចំនួន ១៨ នៅក្នុងតំបន់ភ្នំតាម៉ៅ ដែលលោកជឿថា បង្គោលព្រំ​ដីទាំងនោះ​ គឺ​ជាគោលដៅនៃការសាងសង់។ 

លោក​បាន​បន្ត​ថា រូបភាព​ទាំង​នោះ​ បាន​​ផ្តិត​យក​ទិដ្ឋភាព​​សត្វ​ព្រៃ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ ក្នុង​ព្រៃ និង​បង្ហាញ​ពី​សារៈសំខាន់​នៃ​ជម្រកសត្វ​នេះ។

លោក Nick Marx នាយកកម្មវិធី​សង្គ្រោះ និងថែទាំសត្វព្រៃ នៃអង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ បានដំឡើង​​ម៉ាស៊ីនថត​ស្វ័យ​ប្រវត្តិចំនួន នៅក្នុងបរិវេណព្រៃភ្នំតាម៉ៅ ដែលលោកជឿជាក់ថា ត្រូវបានបែងចែកសម្រាប់ការអភិវឌ្ឍ។ កាមេរ៉ាថតជាប់សត្វ​ជា​ច្រើន​ប្រភេទ។ រូប​ពី​លើ​ឆ្វេង​ទៅ​បាត​ស្តាំ៖ ប្រើសស្បូវ ជ្រូក​ព្រៃ ប្រើសស្បូវ ខ្លែងឆាបលឿងក្រម៉ៅ ជ្រូក​ព្រៃ និង​សំពោចត្នោត។ រូបថត​ផ្តល់​ដោយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ

លោក Marx បាននិយាយថា អង្គការរបស់លោក បានប្រលែង​សត្វរាប់រយក្បាល រួមទាំងសត្វមួយចំនួនទៀត ដែលនៅក្នុងបញ្ជីក្រហមនៃ​ប្រភេទ​សត្វ​ដែល​រង​ការ​គំរាម​កំហែង​ របស់​អង្គការ​ សហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) ដូចជា ៖ ប្រើសស្បូវ ឈ្មុសប្រែង និងខ្លាត្រី ក៏ដូចជា សត្វ​ឆ្កែព្រៃ និង​ស្វាព្រាម ដែល«ងាយរងគ្រោះ» និង​សត្វពង្រូល ដែល«ជិតផុតពូជ»។

«យើង​ដឹង​ថា​ ទីតាំង​នេះ​គឺ​ជា​កន្លែង​ដ៏​មាន​តម្លៃ​ សម្រាប់​ការ​អភិរក្ស​សត្វព្រៃ​ក្នុង​ប្រទេស​កម្ពុជា»។

ព្រះតេជគុណ សុត ផល្លី ព្រះចៅអធិការវត្តថ្មអន្ទង នៅក្នុងព្រៃភ្នំតាម៉ៅ មានសង្ឃដីកាថា ព្រះអង្គមាន​និស្ស័យជិតស្និទ្ធនឹងសត្វជាច្រើនប្រភេទ។ នៅពេលនិមន្តដើរព្រៃនា​ពេលយប់ ជាញឹកញយ ព្រះអង្គពើប​ប្រទះនឹងសត្វក្តាន់ធំៗ និងសត្វប្រភេទផ្សេងៗទៀត។ ហើយព្រះអង្គបាន​ដាក់ធុងបាយសម្រាប់ជ្រូកព្រៃ ដែលឧស្សាហ៍រត់ចូលវត្ត។

ព្រះតេជគុណ ផល្លី មានសង្ឃដីកាថា៖ «អាត្មា​នឹងឈឺចាប់ ​ប្រសិន​បើ​ព្រៃ​នេះ​ត្រូវ​បាន​បំផ្លាញ ​ព្រោះ​ធម្មជាតិ​បាន​ជួយមនុស្ស​ច្រើនយ៉ាងណាស់»។ 

«បើ​គ្មាន​ព្រៃ​ទេ ជីវិត​មនុស្ស​យើង​ក៏​គ្មាន​ន័យ​ដែរ ព្រោះ​មិនមាន​ទឹក និង​សត្វទៀតទេ»។

ព្រះតេជគុណ ផល្លី ត្រូវ​បាន​រដ្ឋបាល​ខេត្ត​តាកែវ​និមន្ត​ចូល​រួមកិច្ច​ប្រជុំ​កាល​ពី​ខែ​ឧសភា ដើម្បី​ពិភាក្សា​អំពី​ការ​ដោះ​ដូរ​ដី​រវាង​រដ្ឋាភិបាល និង​វត្ត។ ព្រះតេជគុណ​ បានឲ្យដឹងថា លោកមិនទាន់សម្រេចចិត្តនៅឡើយទេ​។

«ស្ទើរតែពេញមួយជីវិតរបស់អាត្មា អាត្មាតែងតែរស់នៅព័ទ្ធជុំវិញដោយព្រៃឈើ។ អាត្មាពេញចិត្ត ​នឹង​ជីវិត​នេះ។ អាត្មា​មិន​ដែល​ចង់​គង់​នៅ​ទីក្រុង​ទាល់​តែ​សោះ។» 

«តាមទស្សនៈរបស់អាត្មា អាត្មាចង់រក្សាព្រៃនេះឱ្យគង់ជារៀងរហូត ហើយអាត្មាចង់បានជំនួយ និងការគាំទ្រពីអ្នកទាំងអស់គ្នា។»

ព្រះតេជគុណ សុត ផល្លី ព្រះចៅអធិការវត្តថ្មអន្ទង នៅក្នុងព្រៃភ្នំតាម៉ៅ មានសង្ឃដីកាថា ព្រះអង្គមានទំនាក់ទំនងជិតស្និទ្ធជាមួយសត្វជាច្រើនដែលត្រូវបានដោះលែង។ លោក​សង្ឃឹម​ថា ការ​អភិវឌ្ឍនៅ​តំបន់​នេះ​ នឹង​មិន​នាំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ជម្រក​សត្វព្រៃ​ឡើយ។រូបថតដោយ Anton L. Delgado សម្រាប់ Southeast Asia Globe

លោក នៀង នោ ជាប្រជាពលរដ្ឋដែលបានកើត​និង​ធំ​ដឹងក្តី នៅ​ក្នុងស្រុក​តែមួយ រួមនឹង​ភ្នំ​តាម៉ៅ  ​បាន​និយាយ​ថា ការ​អភិវឌ្ឍ​នឹង​ប៉ះពាល់​ដល់​សហគមន៍​ទាំង​មូល។ លោកនោ គឺជា​កសិករម្នាក់ ហើយលោកនិង​អ្នក​ជិត​ខាង​ តែង​តែ​ដើរបេះស្លឹកថ្នឹង​ ឫស្សី និង​ដើរដកផ្សិត​នៅ​តាម​មាត់​ព្រៃ។ លោក​បារម្ភ​ថា ការ​សាង​សង់​ នឹងអាច​នឹង​បញ្ចប់​សកម្មភាព​ទាំងនេះ របស់​អ្នកភូមិ។

លោក នៀង នោ បាននិយាយថា៖ «ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយ ក្នុងនាមជាពលរដ្ឋម្នាក់។ 

«ខ្ញុំ​ពិត​ជា​សង្ឃឹម​ថា [អាជ្ញាធរ] នឹង​ពិចារណា​ឡើង​វិញ​  ស្វែង​កន្លែង​ផ្សេង​ទៀត ដើម្បី​អភិវឌ្ឍ ពីព្រោះ​អត្ថប្រយោជន៍​មិន​បាន​ទៅ​ដល់​ពលរដ្ឋ​ច្រើន​ទេ»។

ក្រុមអភិរក្សសញ្ជឹង​មើល​ជំហានបន្ទាប់ នៅពេលដែលក្រុមហ៊ុន​អភិវឌ្ឍ​និងមន្ត្រីរដ្ឋាភិបាល ធ្វើការសម្រេច ចំពោះអនាគតរបស់​ព្រៃភ្នំតាម៉ៅ ឲ្យមានភាពច្បាស់លាស់ និងតម្លាភាព ដូចជា ផែនការ​អភិវឌ្ឍផ្លូវការ និងឈ្មោះក្រុមហ៊ុនដែលពាក់ព័ន្ធ។

លោក Marx បាន​និយាយ​ថា​៖ «​នេះ​ជា​ការ​តក់​​ស្លុត​ណាស់​។ ប្រសិនបើព្រៃឈើទាំងមូលត្រូវបានបំផ្លាញ ហើយមានតែខុនដូ និងអគារខ្ពស់ៗជាច្រើនទៀត មកជំនួសតំបន់ធម្មជាតិនេះ។ ខ្ញុំមិនអាចនិយាយតំណាងឲ្យអង្គការ Wildlife Alliance បានទេ ប៉ុន្តែខ្ញុំនឹងប៉ះទង្គិចជាមួយខ្លួនឯងយ៉ាងខ្លាំង ចំពោះប្រតិកម្មរបស់ខ្ញុំ ថាវានឹងទៅជាយ៉ាងណានោះទេ”។

ជាង ២០ ឆ្នាំ នៃការធ្វើការជាមួយសត្វព្រៃនៅក្នុង​ប្រទេស​កម្ពុជា បានបង្រៀន​ឲ្យលោក Marx យល់ថា នយោបាយនៃកិច្ចការអភិរក្សនៅក្នុងប្រទេសនេះ ត្រូវការចំណុចកណ្តាលមួយ។

លោក Marx បាននិយាយថា៖ «ជាមួយនឹងកំណើនចំនួនប្រជាជនកាន់តែរីកធំឡើង ប្រាកដណាស់ថា នឹងមានការអភិវឌ្ឍ ប៉ុន្តែមិនមែនត្រូវបង្ក​ផល​ប៉ះពាល់ដល់ធម្មជាតិទាំងស្រុងនោះទេ។ 

«ខ្ញុំគិតថា ការអភិវឌ្ឍមិនចាំបាច់ត្រូវតែ​បំផ្លាញទាំងធម្មជាតិ និងធនធានធម្មជាតិនោះទេ»៕ 

រាយការណ៍បន្ថែមដោយ៖ Andrew Haffner ឌិប ណាសា ជា​ សំអៀង និង ថុន វាសនា

អត្ថបទនេះត្រូវបានផលិតឡើង ដោយមានការសហការគ្នាជាមួយ Rainforest Investigations Network របស់ The Pulitzer Center។ អត្ថបទដើម ជាភាសាអ​ង់គ្លេស ត្រូវបានផ្សព្វផ្សាយ​នៅលើគេហទំព័រសារព័ត៌មាន Southeast Asia Globe



Read more articles