LINES OF THOUGHT ACROSS SOUTHEAST ASIA
វារីអគ្គីសនី

ឧបសគ្គរវាងការអភិវឌ្ឍន៍វារីអគ្គីសនីខ្នាតតូច និងផលប៉ះពាល់បរិស្ថាន

ការដាក់ដំណើរការវារីអគ្គីសនីខ្នាតតូចជួយផ្គត់ផ្គង់ថាមពលដល់ប្រជាជនសហគមន៍នៅប្រទេសកម្ពុជា ប៉ុន្តែវារីលើដងទន្លេមេគង្គទាំងអស់នេះបានផ្តល់ថាមពលអគ្គីសនីផង និងផ្តល់ផលប៉ះពាល់ផង

August 15, 2022
ឧបសគ្គរវាងការអភិវឌ្ឍន៍វារីអគ្គីសនីខ្នាតតូច និងផលប៉ះពាល់បរិស្ថាន
ឡូញ សំណាង ជាយុវជនវ័យ ២១ ឆ្នាំ កំពុងអង្គុយក្បែរវារីអគ្គីសនី នៅទន្លេអូរពងមាន់ក្រោម ដែលមានសមត្ថភាពផលិតថាមពលអគ្គីសនីបាន ១២ គីឡូវ៉ាត់ ស្ថិតក្នុងខេត្តស្ទឹងត្រែង ភាគឦសាននៃប្រទេសកម្ពុជា។ ថតដោយ៖ Anton L. Delgado for Southeast Asia Globe

បកប្រែដោយ ៖ ឡាយ សុផាន់ណា

បន្ទះដែកច្រែះដ៏រឹងមួយ ហាក់មានសភាពទ្រុឌទ្រោម និងកោងខណះពេល ឡូញ សំណាង ឡើងតាមជណ្ដើរតូចមួយទៅខាងលើដើម្បីពិនិត្យមើល និងថែមទាំវារីអគ្គីសនីខ្នាតតូចមួយ។

ប្រភពទឹកដែលត្រូវបានគេស្តុកទុក បានហូរធ្លាក់ចុះទៅក្រោម ចាក់ចូលទៅក្នុងទួរប៊ីនវារីអគ្គីសនីខ្នាតតូចនេះ មុននឹងចរន្តទឹកនោះបន្តទៅអូរពងមាន់ក្រោម ដែលជាដៃទន្លេមួយនាំចរន្តទឹកនេះចូលទៅទន្លេមេគង្គ។ ទំនប់វារីអគ្គីសនីតូចនេះត្រូវបានបង្កើតឡើងដោយគ្រួសាររបស់លោក ឡូញ សំណាង សម្រាប់ផ្គត់ផ្គង់អគ្គីសនីប្រើប្រាស់ក្នុងភូមិ កោះសំពាយ ខេត្តស្ទឹងត្រែង ក្នុងប្រទេសកម្ពុជា។

សំណាង បានលើកឡើងទាក់ទិននឹងវារីអគ្គីសនី ដែលមានលទ្ធភាពផលិតអគ្គីសនីបាន ១២ គីឡូវ៉ាត់នេះថា “កាលពីដើមឡើយ វារីអគ្គីសនីខ្នាតតូចមួយនេះបានផ្គត់ផ្គង់អគ្គីសនីដល់ភូមិ និងវត្តបានយ៉ាងគ្រប់គ្រាន់ មុនពេលភ្លើងរបស់រដ្ឋមកដល់”។ “ពីមុនពួកយើងបានជួយដល់ភូមិនេះច្រើនណាស់”។

បើក្រឡេកមើលតែមួយភ្លែត យើងច្បាស់ជាមិនចាប់អារម្មណ៍ថាវាជាវារីអគ្គីសនីឡើយ ព្រោះវាឋិតនៅលើខឿនមួយ ដែលត្រូវបានគេសង់ខ្ពស់ផុតពីដី ហើយមានបន្ទះដែកសម្រាប់ដើរឡើងចុះបាន អមព័ទ្ធជុំវិញ និងខាងលើគ្របដណ្ដប់ដោយម្លប់ឈើ។ នេះបានឆ្លុះបញ្ជាំងថា ការបង្កើតវារីអគ្គីសនីបែបនេះកំពុងទទួលបានការចាប់អារម្មណ៍ច្រើន និងកំពុងរីកដុះដាលក្នុងប្រទេសកម្ពុជា។

ខណះដែលវារីអគ្គីសនីខ្នាតតូចលក្ខណះគ្រួសារបែបនេះ អាចក្លាយជាចំនែកមួយនៃគោលដៅ ជួយប្រទេសកម្ពុជាឲ្យទទួលបានអគ្គីសនីប្រើប្រាស់បានយ៉ាងគ្រប់គ្រាន់ក្នុងឆ្នាំ ២០២៣ ខាងមុខ ជាពិសេសនៅទីជនបទដែលកំពុងខ្វះខាតភ្លើងប្រើប្រាស់។ ប៉ុន្តែយ៉ាងណាមិញវាក៏បានបង្ករផលប៉ះពាល់ដល់ទន្លេមេគង្គផងដែរ ដោយហេតុថាចរន្តទឹកក្នុងទន្លេមេគង្គក៏ត្រូវបានបិទខ្ទប់ដោយវារីអគ្គីសនីខ្នាតយក្សជាច្រើន។

“បញ្ហាចោទទាក់ទងនឹងទំនប់វារីអគ្គីសនីខ្នាតតូចមួយនេះ គឺចំនួនទំនប់” នេះបើយោងតាមសម្តីរបស់លោក ធៀហ្គោ គួតូ ដែលកំពុងសិក្សាពីទំនប់វារីអគ្គីសនីខ្នាតតូច ដែលកំពុងត្រូវប៉ាន់ទូទាំងពិភពលោក ហើយលោកក៏ជាបរិស្ថានវិទូទឹកសាប មកពីមន្ទីរពិសោធន៍ស្រាវជ្រាវ និងសិក្សាទន្លេនៅសាកលវិទ្យាល័យអន្តរជាតិហ្វ្លរីដា(Florida International University’s Tropical Rivers Lab)។ លោកក៏បានបន្ថែមទៀតថា “ជាជាងការសាងសង់ទំនប់មួយធំ យើងកំពុងតែសាងសង់វារីអគ្គីសនីតូចៗបែបនេះជាច្រើន និងគ្រប់កន្លែងទាំងអស់។”

លោក គួតូ និងអ្នកស្រាវជ្រាវជាច្រើនទៀតទាក់ទងនឹងរឿងនេះ បានព្រមានពីបញ្ហាប៉ះពាល់ពីការសាងសង់វារីអគ្គីសនីខ្នាតតូចនេះ ដោយយើងមិនអាចចេះតែសង់បានតាមចិត្តនោះទេ ព្រោះវាប៉ះពាល់ដល់អាងទន្លេដែលជាប្រភពទឹកយ៉ាងសំខាន់ផងដែរ។ មានការព្យាករណ៍ជំនាញផ្នែកទំនប់វារីអគ្គីសនីបានជម្រុញអោយប្រទេសកំពុងអភិវឌ្ឍ ជៀសវាង ការសាងសង់វារីអគ្គីសនីបែបនេះ ដោយងាកមកបង្កើតនូវនិយ័តកម្ម និងធ្វើការពិចារណាស្វែងរកប្រភពថាមពលផ្សេងជំនួសវិញ។ 

“យើងមានវិធីសាស្ត្រដ៏ច្រើនក្នុងការទាញចរន្តភ្លើង ដោយយើងមិនចាំបាច់ពឹងផ្អែកលើទន្លេរបស់យើងតែមួយមុខនោះទេ” នេះបើយោងតាមសម្តីលោក អេនទ្រូ ហ្វីសក៍ ជានាយកប្រតិបត្តិអង្គការអភិរក្សទន្លេខនិកធីខាត់ នៅសហរដ្ឋអាមេរិក(Connecticut River Conservancy)។ “ការសាងសង់វារីអគ្គីសនីខ្នាតតូចផ្តល់នូវគុណប្រយោជន៍តិចណាស់ បើប្រៀបធៀបទៅនឹងការចំណាយ។ ពួកយើងលើកទឹកចិត្តដល់រដ្ឋាភិបាលប្រទេសដ៏ទៃទៀត ធ្វើការសិក្សាពិចារណាពីវិធីសាស្ត្រផ្សេងក្នុងការទាញយកប្រភពថាមពល”។

ការជជែកវែកញែកទាក់ទិននឹងបញ្ហានៃការអភិវឌ្ឍន៍ទំនប់វារីអគ្គីសនី បានបង្អាក់ដំណើរការអភិវឌ្ឍន៍ដល់ប្រទេសជាច្រើន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ អោយសិក្សាថ្លឹងថ្លែងអោយបានហ្មត់ចត់ ដោយធ្វើយ៉ាងណាឲ្យការអភិវឌ្ឍន៍នៅតាមជនបទ និងការការពារបរិស្ថានមានភាពសមមាត្រគ្នា។ 

ឡូញ សំណាង ពិនិត្យមើលទំនប់វារីអគ្គីសនីរបស់គ្រួសារគាត់ជាច្រើនដងក្នុងមួយសប្តាហ៍ ស្ថិតនៅទន្លេអូរពងមាន់ក្រោម។ កាលពីមុនវារីអគ្គីសនីរបស់គ្រួសារសំណាង បានជួយផ្គត់ផ្គង់អគ្គីសនីដល់ផ្ទះជាច្រើននៅក្នុងភូមិកោះសំពាយ។ ថតដោយ៖ Anton L. Delgado for Southeast Asia Globe

ការពិត និងសក្តានុពលរបស់ទន្លេ

សំណាង យុវជនវ័យ ២១ ឆ្នាំ បានឲ្យដឹងថា មូលហេតុដែលគាត់ក្លាយជាអ្នកមើលថែទំនប់វារីខ្នាតតូចនេះ គឺបណ្តាលមកពីការស្លាប់របស់ឪពុកគាត់។

“ឪពុករបស់ខ្ញុំអត់ដឹងបង្រៀនខ្ញុំតាមវិធីណាទេ ប៉ុន្តែពេលគាត់ហៅខ្ញុំទៅជាមួយ គាត់បង្ហាញខ្ញុំពីរបៀបថែទាំជួសជុលវា” នេះបើយោងតាមសម្តីសំណាង។ “ខ្ញុំក៏ចេះមើលថែវាតាមរបៀបហ្នឹង”។

ឡូញ សំណាង ជាយុវជនវ័យ ២១ ឆ្នាំ និងជាអ្នកថែទាំទំនប់វារីអគ្គីសនី បានបង្ហាញរូបថតវិញ្ញាបនបត្របញ្ចប់ការសិក្សាពីវគ្គបណ្តុះបណ្តាល ស្តីពីចំណេះដឹងថ្នាក់មូលដ្ឋាន និងបច្ចេកវិទ្យាទាក់ទងនឹងវារីអគ្គីសនីមីនី (mini-hydropower) និងវារីអគ្គីសនីម៉ាយក្រូ (micro-hydropower)។ ថតដោយ៖ Anton L. Delgado for Southeast Asia Globe

ត្បិតទំហំតូចក៏ពិតមែន វារីអគ្គីសនីភាគច្រើនដើរដោយមានចរន្តទឹកហូរពីអាងខាងលើ ចូលទៅបង្វិលទួរប៊ីនបង្កើតបានជាចរន្តអគ្គីសនី។ វារីអគ្គីសនីដ៏តូចរបស់សំណាង ដើរដោយប្រភពទឹកអូរមួយដែលហូរចាក់ចូលទៅដៃទន្លេអូរពងមាន់ក្រោម។ នៅជិតវារីនោះ គេឃើញមានបង្គោលភ្លើងសម្រាប់តភ្លើងយកទៅប្រើប្រាស់នៅភូមិកោះសំពាយ។ 

មុនពេលបង្គោលភ្លើងរដ្ឋត្រូវបានគេអូសមកដល់ភូមិកោះសំពាយ ទំនប់វារីអគ្គីសនីរបស់គ្រួសារសំណាងនេះបានបំភ្លឺភ្លើងដល់ផ្ទះជាច្រើនក្នុងភូមិ។ 

យោងតាមសេចក្តីថ្លែងការណ៍បេសកកម្មដែលបានចុះផ្សាយលើគេហទំព័ររបស់អង្គការ Hydro Empowerment Network គេបានបង្ហាញការគាំទ្រ ចំពោះគម្រោងបង្កើតវារីអគ្គីសនី ជួយដល់សហគមន៍បែបនេះដែលមានទំហំ ១ មេហ្កាវ៉ាត់ ស្មើរនឹង ១.០០០ គីឡូវ៉ាត់។

ចរន្តទឹកហូរចេញពីអាងស្តុកទឹក ដែលស្ថិតនៅខាងក្រោយទំនប់វារីអគ្គីសនី ១២ គីឡូវ៉ាត់នេះ ស្ថិតនៅលើដៃទន្លេមេគង្គ ស្ថិតនៅភាគឦសាន ខេត្តស្ទឹងត្រែងក្នុងប្រទេសកម្ពុជា។ ថតដោយ៖ Anton L. Delgado for Southeast Asia Globe

ខណះដែលកម្ពុជាបាននិងកំពុងពិចារណាវិនិយោគលើ ការផលិតថាមពលពីវារីអគ្គីសនីខ្នាតតូចនេះ តំបន់ជាច្រើននៅសហរដ្ឋអាមេរិកឯណោះវិញ មើលទៅហាក់បីដូចជាផ្អាកការទាញយកអគ្គីសនីតាមរបៀបនេះហើយ។

“នៅជុំវិញពិភពលោក ដូចដែលអ្នកកំពុងតែឃើញអញ្ចឹង គឺគេកំពុងបន្តអភិវឌ្ឍលើវារីអគ្គីសនីបែបថ្មីជាច្រើន។ ប៉ុន្តែគម្រោងសាងសង់វារីអគ្គីសនីប្រភេទនេះ អ្នកមិនឃើញមានទេនៅសហរដ្ឋអាមេរិក” នេះបើដកស្រង់សម្តីលោក ហ្វីសក៍ ដែលអង្គការរបស់លោកគាំទ្រ ការការពារបរិស្ថានទឹកនៅតំបន់ញូអុីងគ្លេន (New England)នៅអាមេរិក។

ក្រុមអ្នកជំនាញ និងអភិរក្សជាច្រើន មានអង្គការអភិរក្សទន្លេខនិកធីខាត់ ជាដើម បានចូលរួមក្នុងក្រុមចម្រុះស្តីពីកំណែទម្រង់វារីអគ្គីសនី(Hydropower Reform Coalition) ដែលបានជួយដល់គោលនយោបាយ និងការធ្វើនិយ័តកម្ម ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានបណ្តាលមកពីវារីអគ្គីសនី។

សមាជិកក្រុមចម្រុះនេះបានលើកឡើងពីបញ្ហាជាច្រើនដែលបង្កឡើងពីការសាងសង់អគ្គីសនីខ្នាតតូច ក៏ដូចជាសង្កត់ធ្ងន់ទៅលើតម្រូវការទាញយកថាមពលពីប្រភពផ្សេងមកប្រើប្រាស់ និងទាមទារអោយមានការបញ្ឈប់នូវមូលនិធិ និងគម្រោងនៃការអភិវឌ្ឍន៍ដែលប៉ះពាល់ដល់អេកូឡូស៊ី។

“អ្វីដែលវារីអគ្គីសនីធ្វើឲ្យប៉ះពាល់ដល់ទន្លេ មិនថាវារីនោះធំ រឺក៏តូច នោះទេ គឺវាធ្វើអោយលំហូរទឹកខុសប្រក្រតី” សម្តីលោក ហ្វីសក៍។ “ទំនប់ទាំងអស់នេះធ្វើឲ្យមានការរាំងស្ទះនូវលំហូរដី ដីល្បាប់ និងទឹក ដែលមានន័យថា វាមិនមានលក្ខណះអំណោយផលដល់ត្រី សត្វព្រៃ និងមនុស្សឡើយ”។ 

អាទិភាពមួយរបស់ក្រុមអភិរក្ស គឺការប៉ាន់ស្មានតម្លៃរុះរើវារីអគ្គីសនីប្រភេទនេះ និងស្តារធនធានធម្មជាតិឡើងវិញ។ លោក ហ្វីសក៍ ដដែលបាននិយាយថា៖ យើងកំពុងចំណាយពេលវេលា លុយកាក់ និងកំពុងខិតខំលុបបំបាត់នូវការស្ថានីយ៍ផលិតអគ្គីសនីបែបនេះ ហើយថ្លៃទឹកប្រាក់ចំណាយនេះទៀតសោត គឺមានសារះសំខាន់ជាងគុណតម្លៃដែលស្ថានីយ៍ទាញយកអគ្គីសនីនេះផ្តល់ឲ្យ”។ 

គាត់បានបញ្ជាក់ពីគុណតម្លៃរបស់ត្រី និងដីល្បាប់ ដែលមានប្រយោជន៍ដល់ដីវាលទំនាបតាមបណ្តោយទន្លេមេគង្គថា “នៅពេលយើងមើលឃើញពីអ្វីដែលកំពុងកើតក្នុងទន្លេ ផលប៉ះពាល់កើតចេញពីការអភិវឌ្ឍន៍សាងសង់ទំនប់វារីអគ្គីសនីថ្មី កាន់តែធ្វើអោយពួកយើងមានកង្វល់ខ្លាំងទៅៗ រវាងការទាញអគ្គីសនីពីវារីដើម្បីប្រើប្រាស់ ដែលប៉ះពាល់ដល់អេកូឡូស៊ីទន្លេ។” 

ស្របពេលកំពុងធ្វើគម្រោងបរិស្ថាន ដោយចង់អោយកាត់បន្ថយនូវផលប៉ះពាល់ផ្នែកអេកូឡូស៊ីរបស់វារីអគ្គីសនី “ការរៀបចំផែនការស្តារគុណភាពទន្លេក៏មានសារះសំខាន់ដែរ” សម្តីលោក ម៉ាក ហ្សាកគូធេនស្គី មានឋានះជាប្រធាននៃគោលនយោបាយអភិរក្ស ដែលបានចូលរួមជាមួយអង្គការ​ Appalachian Mountain Club និងសមាជិកក្រុមប្រឹក្សារបស់វិទ្យាស្ថាន Low Impact Hydro Institute។

ទំនប់វារីអគ្គីសនីដែលបង្កើតថាមពលអគ្គីសនីបាន ១២ គីឡូវ៉ាត់ ត្រូវបានចាត់ទុកជា ‘ទំនប់វារីអគ្គីសនីម៉ាយក្រូ (micro-hydropower)’ ស្ថិតនៅដៃទន្លេអូពងមាន់ក្រោម ក្នុងខេត្តស្ទឹងត្រែង ដែលជាទិសឦសាននៃប្រទេសកម្ពុជា។ ថតដោយ៖ Anton L. Delgado for Southeast Asia Globe

គាត់បានអោយដឹងថា “ពេលណាដែលយើងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នាថ្ងៃមុខវានឹងតម្រូវអោយមានការថែទាំ ជួសជុល រឺមួយក៏រុះរើ”។ “អ្វីដែលសំខាន់គឺ យើងមិនចង់ធ្វើអោយមានការប៉ះពាល់ដល់បរិស្ថាន ដែលយើងគ្មានលទ្ធភាពស្តារវាបានមកវិញនោះទេ នៅពេលសំណង់អស់ទាំងនោះដល់អាយុកាលរបស់វា”។

គាត់បានបន្ថែមថា ចំណាយក្នុងការរុះរើវារីអគ្គីសនី ត្រូវតែគិតគូរមុនពេលសំណង់ទំនប់រីអគ្គីសនីណាមួយចាប់ផ្តើម។

“ប្រទេសណាមួយដែលកំពុងសាងសង់វារីអគ្គីសនីថ្មីត្រូវតែមានគម្រោង និងមានទំហំសាច់ប្រាក់ទុកសម្រាប់រុះរើវារីអគ្គីសនីនោះ”។ “ប្រសិនបើអ្នកសាងសង់វារីពេលនេះ អ្នកគួរតែមានកញ្ចប់លុយទុកសម្រាប់ ៥០ ទៅ ៧៥ ឆ្នាំខាងមុខទៀត រឺមួយក៏រុះរើវាចោលតែម្តង”។

ទោះបីជាវារីអគ្គីសនីនីមួយៗមានរចនាបទខុសគ្នាក៏ដោយ លោក ហ្សាគូធេនស្គី បានបញ្ចេញកង្វល់អំពីការរីកដុះដាលនៃសំណង់វារីអគ្គីសនីនេះ។

“របៀបដែលទំនប់នោះត្រូវបានគេសាងសង់ ដាក់ដំណើរការ និងរុះរើចោលមានសារះសំខាន់ណាស់ ប៉ុន្តែចំនួនទំនប់ទាំងអស់នោះក៏ចោទជាបញ្ហាផងដែរ”។ “មានទំនប់វារីអគ្គីសនីកាន់តែច្រើន ផលប៉ះពាល់ក៏ធ្ងន់ធ្ងរដែរ”។ 

 លោក ប្រាយអេន អេយល័រ ធ្វើការជាមួយគម្រោងការត្រួតពិនិត្យទំនប់អគ្គីសនីក្នុងទន្លេមេគង្គ (Mekong Dam Monitor) ដែលតាមឃ្លាំមើលទំនប់ធំៗទាំងអស់ចំនួន ៤៥ ត្រូវបានគេសង់កាត់ផ្ទៃទន្លេ បានឲ្យដឹងថា ការរីកដុះដាលនៃទំនប់វារីអគ្គីសនីខ្នាតតូចនឹងបង្កផលប៉ះពាល់ធំណាស់ដល់ទន្លេមេគង្គ។

ទំនប់វារីអគ្គីសនីខ្នាតយក្សលើផ្ទៃទន្លេផង និងទំនប់វារីអគ្គីសនីខ្នាតតូចលើផ្ទៃទឹកនៃដៃទន្លេផង កំពុងតែធ្វើអោយអេកូឡូស៊ីទន្លេរងការខូចខាត។ លោក អេយល័រ ដែលជាអ្នកនិពន្ធសៀវភៅ “Last Days of the Mighty Mekong” បានបន្ថែម។ 

លោក អេយល័រ បានអោយដឹងថា ប្រសិនបើប្រទេសតាមដងទន្លេមេគង្គទាំង ៦ មិនបានជួយសម្របសម្រួលក្នុងការទប់ស្កាត់ការរីកដុះដាលនៃការសាងសង់វារីអគ្គីសនីខ្នាតតូចនេះទេ ក្រុមអ្នកឃ្លាំមើលដូចជា Mekong Dam Monitor នឹងមិនអាចកំណត់តាមដានសំណង់វារីអគ្គីសនីខ្នាតតូចនេះបានដូចគ្នា។ 

“ទន្លេមេគង្គកំពុងតែប្រឈមមុខនឹងការកាត់ផ្តាច់លំហូរទឹក តាមរយះសំណង់វារីអគ្គីសនីខ្នាតតូចរាប់រយរាប់ពាន់ ហើយការសាងសង់ក្នុងចំនួនច្រើនបែបនេះក៏ប៉ះពាល់ដល់ទន្លេ ដូចទំនប់វារីអគ្គីសនីធំអញ្ចឹង” លោក អេយល័រ បានប្រាប់។

ការពង្រីកវារីអគ្គីសនី និងការធ្វើនិយ័តកម្ម

ក្រោយពីទឹកបានហូរចេញពីអាង និងហូរឆ្លងកាត់វារីរួចមក ចរន្តទឹកបានហូរចូលទន្លេអូរពងមាន់ក្រោមនៅខេត្តស្ទឹងត្រែង ស្ថិតនៅភាគឦសានក្នុងប្រទេសកម្ពុជា។ ថតដោយ៖ Anton L. Delgado for Southeast Asia Globe

គម្រោងសាងសង់វារីអគ្គីសនីខ្នាតតូចបានក្លាយជាមធ្យោបាយថ្មី ដែលអាចជំនួសទំនប់វារីអគ្គីសនីខ្នាតធំ ដោយសារតែប្រតិកម្មមួយចំនួនពីសាធារណជនទាក់ទងនឹងរឿងវារីធំៗ បានធ្វើអោយមានការប៉ះពាល់ដល់ការរស់នៅ ការចិញ្ចឹមជីវិតទាំងមនុស្ស និងជីវៈចម្រុះ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវឆ្នាំ ២០១៨ ដែលលោកគួតូ ចូលរួមស្រាវជ្រាវ ។

ផលប៉ះពាល់របស់ទំនប់វារីអគ្គីសនីធំៗ បានបង្វែរអោយប្រទេសកំពុងអភិវឌ្ឍងាកមកមើលគម្រោងវារីតូចៗជា “ផ្នែកមួយនៃគោលនយោបាយយុទ្ធសាស្ត្រថាមពលអគ្គីសនីនាថ្ងៃមុខ” យោងតាមការសរសេរក្នុងស្រាវជ្រាវឆ្នាំ ២០១៨ ដដែល។

របាយការណ៍ស្តីពីគោលនយោបាយថាមពល ត្រូវបានគេចងក្រងនៅក្នុងការសិក្សាស្រាវជ្រាវក្នុងព្រឹត្តិបត្រខាងលើនេះ បានបង្ហាញថា គម្រោងដាក់ឲ្យដំណើរការនៃវារីអគ្គីសនីខ្នាតតូច និងគ្រោងវារីដែលកំពុងឋិតក្រោមការសាងសង់មានជិត ៨២,៩០០ នៅក្នុង ១៥០ ប្រទេស ដែលអ្នកស្រាវជ្រាវលើរឿងនេះបានឲ្យដឹងថា នេះគឺជាការប៉ាន់ស្មានតិចមួយ ព្រោះក្នុងបញ្ជីសារពើភ័ណ្ឌរបស់ប្រទេសទាំងនោះ គេរាប់ចំនួនវារីអគ្គីសនីតូចៗទាំងនោះមិនអស់នោះទេ។ 

គម្រោងថ្មីៗ និងចាស់របស់ប្រទេសចិនបានធ្វើឲ្យប្រទេស ដែលឋិតនៅផ្នែកខាងក្រោមនៃទន្លេមេគង្គ អាចនឹងសាងសង់វារីតូចៗរបស់ខ្លួនបានតិចតួចប៉ុណ្ណោះ ក្នុងនោះប្រទេសថៃអាចធ្វើបាន ២២ និងប្រទេសកម្ពុជាអាចធ្វើបានត្រឹមតែ ៩ ប៉ុណ្ណោះ។ 

បើយោងតាមទិន្នន័យបង្ហាញពីក្រសួងរ៉ែ និងថាមពល ដែលបានកត់ត្រាទុកក្នុងរបាយការណ៍ក្នុងឆ្នាំ ២០១៩ ទីតាំងវារីអគ្គីសនីខ្នាតតូច ៩កន្លែង ក្នុងប្រទេសកម្ពុជា គឺស្ថិតនៅក្រោមការសិក្សាកម្រិតខ្ពស់ ស្តីពីការអភិវឌ្ឍន៍វារីអគ្គីសនីខ្នាតតូចរបស់ពិភពលោក ចេញដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍឧស្សាហកម្ម។ របាយការណ៍ដដែលក៏បានកត់ត្រា វារីអគ្គីសនី ៣៩ កន្លែងផ្សេងទៀត កំពុងស្ថិតក្រោម “ដំណាក់កាលត្រួតពិនិត្យ”។

អ្នកតំណាងមកពីក្រសួងរ៉ែ និងថាមពលមិនអាចទាក់ទងសុំឲ្យមានការបកស្រាយបន្ថែមបាននោះទេ។ 

អនុប្រធាននាយកដ្ឋានស្រាវជ្រាវ និងនិយ័តកម្មរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក ដក ដូម៉ា មិនបានឆ្លើយតបទៅនឹងសំណើរបញ្ចេញមតិពាក់ព័ន្ធនឹងរឿងនេះទេ។ 

មានការលេចធ្លាយ ការធ្វើបទបង្ហាញពីក្រសួងរ៉ែ និងថាមពលដែលបានបញ្ជាក់ថា ការលើកកម្ពស់អោយមានទំនប់វារីអគ្គីសនីខ្នាតតូច ត្រូវបានគេគិតថានឹងជួយដល់បំពេញតម្រូវការអគ្គីសនីក្នុងការប្រើប្រាស់នៅជនបទ ដែលជួយកាត់បន្ថយភាពក្រីក្រ និងជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច។

គម្រោង​ទំនប់វារីអគ្គីសនីត្រូវបានគេកំណត់ឈ្មោះ ដោយផ្អែកលើបរិមាណថាមពល ដែលផលិតចេញពីស្ថានីយ៍នីមួយៗ ដោយក្នុងនោះ ១,០០០ គីឡូវ៉ាត់ស្មើនឹង ១ មេហ្កាវ៉ាត់។ នៅប្រទេសកម្ពុជា យោងតាមបទបង្ហាញរបស់ក្រសួងលើបានបង្ហាញថា ចាប់ពី ៥០០​ គីឡូវ៉ាត់ចុះ គេសន្មត់ស្ថានីយ៍នោះថាជា វារីអគ្គីសនី “ម៉ាយក្រូ(Micro)” រឺ “ភីកូ(Pico)” រឺឯ ៥០១ ដល់ ៥,០០០ គីឡូវ៉ាត់ គឺជាវារីអគ្គីសនី “មីនី(Mini)” និង៥,០០១ ឡើងដល់ ១០,០០០ គីឡូវ៉ាត់ ត្រូវបានកំណត់ជា វារីអគ្គីសនីខ្នាត “តូច”។

បទបង្ហាញចំនួន ២ ក្នុងចំណោម ៤ បង្ហាញចំនួន ៣៩ ទីតាំងដែលគេកំពុងដាក់ស្នើរសុំសាងសង់ ដែលភាគច្រើនឋិតនៅជាប់ដៃទន្លមេគង្គ រួមមានទាំង ១២ កន្លែងទៀតឋិតនៅផ្លូវទឹកហូរចូលទន្លេសាប។ ប៉ុន្តែគេមិនបានបង្ហាញថាតើគម្រោងនេះជារបស់រដ្ឋ រឺមួយក្រុមហ៊ុនឯកជនជាអ្នកសាងសង់នោះទេ។ 

បញ្ហាចំបងសម្រាប់អភិវឌ្ឍប្រទេសកម្ពុជា គឺបណ្តាលមកពី “កង្វះខាតផ្នែកគោលនយោបាយ និងបទដ្ឋានគតិយុត្ត” តាមការបញ្ជាក់ពីរបាយការណ៍របស់អង្គការសហប្រជាជាតិ។

លោក ហែម ឧត្តម ជាអ្នកផ្តល់យោបល់ឯករាជ្យក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងសិក្សាស្រាវជ្រាវលើវារីអគ្គីសនីខ្នាតតូច បាននិយាយថា “មិនថាមានការវិនិយោគច្រើនប៉ុណ្ណាពីអង្គការក្រៅរដ្ឋាភិបាល រឺក៏ដៃគូអភិវឌ្ឍទេ កិច្ចខិតខំទាំងនោះត្រូវតែធ្វើអោយស្របច្បាប់”។ “កង្វះខាតនិយ័តកម្មមិនអាចធ្វើអោយវាស្របច្បាប់នោះទេ”។   

ការបង្កើតបទដ្ឋានគតិយុគ្តស្តីពីការអភិវឌ្ឍន៍ទំនប់វារីអគ្គីសនីខ្នាតតូច នឹងជួយធានាដល់ការទទួលបាននូវប្រាក់ជំនួយសម្រាប់អភិវឌ្ឍន៏ ប៉ុន្តែរឿងនេះពិបាកលៃលក ព្រោះគ្មានការកំណត់និយមន័យទទួលស្គាល់រួមមួយពីអន្តរជាតិ មានន័យថា សមត្ថភាពក្នុងការផលិតថាមពលប្រើប្រាស់ គឺមានលទ្ធភាពខុសគ្នារវាងប្រទេសនីមួយៗ។

លោក ហ្វីសក៍ ជានាយកប្រតិបត្តិអង្គការអភិរក្សទន្លេខនិកធីខាត់នៅសហរដ្ឋអាមេរិក​ បានគាំទ្រការអភិវឌ្ឍន៍ជនបទថា ប្រសិនបើយើងមិនអាចស្វែងរកមធ្យោបាយផលិតអគ្គីសនីណាមួយផ្សេងទៀត ក្រៅពីការសង់ទំនប់វារីអគ្គីសនីបានទេ យើងក៏មិនត្រូវបិទចរន្តទឹក និងផ្លូវទឹករបស់ត្រីដែរ។

លោក ហ្វីសក៍ បាននិយាយថា “វារីអគ្គីសនីថ្មីប្រៀបបានស្មើរនឹងបច្ចេកវិទ្យាដ៏ចាស់មួយ ដែលការចំណាយមិនសមនឹងផលចំណេញ ហើយទំនប់ខ្នាតតូចគ្មាននិយ័តកម្មបញ្ជាក់ច្បាស់់លាស់ ហើយសាងសង់ខុសកន្លែងទៀត គឺបង្កអោយមានផលប៉ះពាល់យ៉ាងខ្លាំង”។ “កុំធ្វើវាអី”។

បើមិនគិតដល់បទប្បញត្តិ និងការជជែកវែកញែកអំពីផលប៉ះពាល់រយៈពេលវែង យុវជន សំណាង បានសង្ឃឹមថា វារីអគ្គីសនីតូចរបស់គាត់នៅអូរពងមាន់ក្រោមនូវតែអាចដំណើរការបានជាធម្មតា។

បន្ទាប់ពីបានពិនិត្យមើលវារីអគ្គីសនីដ៏តូចរបស់គាត់រួចហើយ សំណាងដើរចុះពីលើបន្ទះដែកដាក់សម្រាប់ដើរពីខឿនខ្ពស់មួយសង់ផុតពីដី អមដោយម្លប់ឈើព័ទ្ធជុំវិញ។

អត្ថបទ​នេះ​ទទួល​បានការ​គាំទ្រ​ពី News Reporting Pitch Grant ពី​មូលនិធិ Konrad-Adenaeur-Stiftung នៅ​កម្ពុជា។ អត្ថបទដើម ជាភាសាអ​ង់គ្លេសត្រូវបានផ្សព្វផ្សាយ​នៅលើគេហទំព័រសារព័ត៌មាន Southeast Asia Globe



Read more articles