ព្រៃឥតសូរសព្ទ៖ ក្រុមអ្នកអភិរក្សខ្នៈខ្នែងសង់ «ខ្សែបន្ទាត់ការពារចុងក្រោយ» សង្គ្រោះសត្វព្រៃនៅកម្ពុជា
ដោយ ANTON L. DELGADO, AUDREY TAN AND MARK CHEONG
បកប្រែដោយ៖ ឡាយ សុផាន់ណា
កំណត់ចំណាំរបស់និពន្ធនាយក៖ អត្ថបទនេះគឺជាបទយកការណ៍ទីពីរ ដែលជីកកកាយអំពីការបរិភោគសត្វព្រៃនៅអាស៊ីអាគ្នេយ៍ដែលមានផលប៉ៈពាល់ដល់សុខភាពមនុស្ស ព្រៃឈើ និងការគំរាមកំហែងដល់ជីវចំរុះ ព្រមទាំងជម្ងឺរាតត្បាតនាថ្ងៃមុខ។
ដែនជម្រកសត្វព្រៃភ្នំត្នោត ប្រទេសកម្ពុជា — ចុងឈើបានធ្លាក់ចូលទៅក្នុងជ្រលងលេណដ្ឋានដែលព័ទ្ធជុំវិញតំបន់ការពារសត្វព្រៃនៃប្រទេសកម្ពុជា។
ជីកព័ទ្ធជុំវិញចំណុចស្នូលនៃតំបន់ការពារ លេណដ្ឋានការពារសត្វព្រៃពីអ្នកប្រមាញ់ មានជម្រៅ ២ ម៉ែត្រកន្លៈ ប្រវែង ១៧គីឡូម៉ែត្រ មិនទាន់បានរួចរាល់ទាំងស្រុងនោះទេ។ គម្រោងជីកលេណដ្ឋានដែលជាខែលការពារសត្វព្រៃនេះនូវសេសសល់ប្រមាណ ១៥គីឡូម៉ែត្រទៀត ក៏មានភាពប្រកៀកប្រកិតគ្នារវាង «ផលប៉ៈពាល់បរិស្ថាន និងគុណសម្បត្តិ» ផងដែរ។
ប៉ុន្តែក្រុមអ្នកការពារបរិស្ថានទទួលបន្ទុកលើការជីកនេះបាននិយាយថា «អ្នកឯងធ្វើក៏ខុស អ្នកឯងមិនធ្វើក៏ខុស» ។
អន្ទាក់រាប់លានត្រូវបានគេប៉ានស្មានថា មាននៅក្នុងតំបន់ការពារនៅប្រទេសកម្ពុជា ឡាវ និងវៀតណាម។ ខណៈដែលការល្បាតអាចកាត់បន្ថយការគំរាមកំហែង មានការសិក្សាស្រាវជ្រាវជាច្រើនបានចោទជាសំណួរ អំពីប្រសិទ្ធិភាពនៃការល្បាតនេះ។ នៅពីរទសវត្សរ៍មុន ក្រុមអ្នកអភិរក្សបាននិយាយថា ភ្នំត្នោតបានបាត់បង់សត្វចំនួន ៦ប្រភេទ ដោយសារការដាក់អន្ទាក់ ដែលជាហេតុធ្វើឱ្យពួកគេគិតដល់លេណដ្ឋានថាជា «ខ្សែបន្ទាត់ការពារចុងក្រោយ» ដើម្បីបញ្ចៀសវិនាសកម្មសត្វព្រៃក្នុងតំបន់នាពេលអនាគត។
ការជីកលេណដ្ឋានជាការបង្ហាញអំពីវិបត្តិអន្ទាក់ដ៏ធ្ងន់ធ្ងរដែលគំរាមកំហែងដល់ការរស់រានមានជីវិតនៃប្រភេទសត្វមួយចំនួនដែលមានដោយកន្លែងនៅអាស៊ីអាគ្នេយ៍។
លោក ប៊េន ដេវីស ជាអ្នកដឹកនាំជីកលេណដ្ឋានមានប្រវែងលើសពី ៣០គីឡូម៉ែត្រ បាននិយាយថា «គ្មានជម្រើសណាមួយដែលល្អឥតខ្ចោះនោះទេ។ ប៉ុន្តែពេលខ្លៈយើងត្រូវធ្វើសកម្មភាពអ្វីមួយ មុនពេលវាហួសពេល»។ លោកបានបន្ថែមថា «រណ្តៅនេះប៉ះពាល់ដល់បរិស្ថានពិតមែន ប៉ុន្តែវាជាមធ្យោបាយក្នុងការជួយសង្គ្រោះ និងកំណត់ដែនរស់នៅរបស់សត្វព្រៃ ដែលមានលក្ខណៈប្រសើរជាជាងការបណ្ដោយឱ្យពួកគេមានសេរីភាព និងហានិភ័យ»។
«សង្គ្រោះពួកគេថ្ងៃនេះ មិនមែនថ្ងៃស្អែក»
គំនរស្លឹកឈើត្រូវបានគេយកមកដាក់លើខ្សែអន្ទាក់ ខណៈអន្ទាក់រូតត្រូវបានបិទបាំងដោយរុក្ខជាតិដុះក្នុងព្រៃ បន្លំមិនឱ្យសត្វព្រៃមើលដឹង។ ដោយនៅជុំវិញតំបន់នោះ ប្រមាណ១០០ម៉ែត្រ មានអន្ទាក់រហូតដល់ទៅ ៦។
ប៉ុន្តែជាជាងការដោះអន្ទាក់រូតចេញ ប្រជាសហគមន៍ការពារព្រៃមិនបានប៉ៈពាល់អន្ទាក់រូតនោះទេ ដើម្បីទុកវាជានុយឱ្យពួកគេត្រឡប់មកជាថ្មី ហើយធ្វើការឃាត់ខ្លួន។
លោក ឈួន ភិរម្យ ជាអ្នកការពារព្រៃនៅតំបន់ភ្នំត្នោត កំពុងតែជ្រោងស្មៅ ហើយបាននិយាយថា «ខ្ញុំអាចរកឃើញអន្ទាក់រូតបានភ្លាមៗ ព្រោះខ្ញុំធ្លាប់ដាក់វាពីមុនមក»។ លោក ឈួន ភិរម្យ ជាប្រជាសហគមន៍ការពារព្រៃភ្នំត្នោតបានប្រាប់។ ខណៈពេលដែលអ្នកដាក់អន្ទាក់ បានព្យាយាមលើកស្មៅដែលដួលឱ្យបញ្ឈរឡើងវិញ ដើម្បីកុំឱ្យប្រជាសហគមន៍ការពារព្រៃឃើញដានជើងរបស់ពួកគេ ភិរម្យនូវតែដឹងអំពីល្បិចរបស់ពួកគេ។
លោក ដេវីស បានប៉ាន់ស្មានថា ក្នុងចំណោមអ្នកទាក់សត្វចំនួន ២០នាក់ ប្រហែលជាមានម្នាក់ប៉ុណ្ណោះដែលត្រូវបានឃាត់ខ្លួន ហើយគាត់បានលើកឡើងថា «បញ្ហាគឺនៅត្រង់ថា យើងពិបាកចាប់ពួកគេណាស់។ ម្សិលមិញពួកយើងព្យាយាមចាប់អ្នកដាក់អន្ទាក់ម្នាក់ ដែលកំពុងដាក់អន្ទាក់។ គាត់ឃើញក្រុមល្បាតរបស់ខ្ញុំ ហើយគាត់រត់ទៅបាត់។ នេះជារឿងធម្មតាទៅហើយ”
លោក ភិរម្យ បានរៀបរាប់ថា «ពេលខ្ញុំត្រូវបានគេឃាត់ខ្លួន ខ្ញុំត្រូវបង់ប្រាក់ពិន័យ ហើយក៏បានសម្រេចចិត្តប្រឈមមុខនឹងផ្លូវច្បាប់។ ខ្ញុំដឹងថាទង្វើររបស់ខ្ញុំផ្ទុយនឹងច្បាប់ ហើយខ្ញុំក៏សម្រេចចិត្តក្លាយខ្លួនទៅជាអ្នកល្បាតម្នាក់ ដើម្បីការពារព្រៃវិញម្តង។»
លោក សុខ ឡូឡូ ជាប្រជាសហគមន៍ការពារព្រៃនៅដែនជម្រកសត្វព្រៃភ្នំត្នោតក្នុងប្រទេសកម្ពុជា កំពុងល្បាតរកអន្ទាក់រូតនៅចំណុចស្នូល។ ពីរម៉ោងដំបូងនៃការល្បាតនាខែកក្កដាកន្លងទៅ គាត់បានរកឃើញអន្ទាក់រូតចំនួន ៧។ ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe
អន្ទាក់រូត គឺជាប្រភេទអន្ទាក់ដ៏សាមញ្ញមួយ ដែលគេយកខ្សែមកចងឱ្យមានមុខជារង្វង់សម្រាប់ទាក់ក ខ្លួន រឺជើងរបស់សត្វ។ ជាងពីរទសវត្សរ៍ដែលលោក ដេវីស បានរស់នៅខេត្តព្រះវិហារ គាត់បានមើលឃើញថា ការធ្វើអន្ទាក់ចំណាយកាន់តែថោក កាន់តែងាយ និងកាន់តែមានច្រើនជាងមុនទៅទៀត។
ថ្វីបើមានការល្បាតជាប្រចាំ លោក ដេវីស បាននិយាយថា ប្រជាការពារព្រៃសហគមន៍ទំនងជារកឃើញអន្ទាក់តិចជាងពាក់កណ្តាល នៃចំនួនអន្ទាក់សរុបនៅភ្នំត្នោត ដែលស្ថិតក្នុងខេត្តព្រះវិហារ ភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំ២០១៨ ការសិក្សាស្វែងរកអន្ទាក់ត្រូវបានធ្វើឡើងនៅភាគខាងកើតប្រទេសកម្ពុជា ដោយបានឱ្យដឹងថា ការដើរល្បាតដោយប្រជាសហគមន៍ការពារព្រៃបានរកឃើញអន្ទាក់ដែលគេបានដាក់ ក្នុងចំនួនមួយដែលតិចជាងពាក់កណ្តាលនៃចំនួនអន្ទាក់សរុប ដែលមានន័យថា អន្ទាក់ទាំងនោះនៅមានវត្តមានច្រើនទៀតដែលគេរកមិនទាន់ឃើញ។
«ពួកយើងដើរដោះអន្ទាក់ គេវិញដាក់អន្ទាក់ថែម» លោកដេវីស បាននិយាយ។ «ការដាក់អន្ទាក់ គឺជារឿងងាយបំផុត។ ត្រឹមតែ ៥នាទី សូម្បីតែក្មេងតូចៗក៏អាចរៀនពីការធ្វើវាដែរ ។ អ្នកណាក៏ចេះដាក់អន្ទាក់ដែរ។» លោកបានបន្ថែម។
យោងតាមរបាយការណ៍ក្នុងឆ្នាំ ២០២០ របស់អង្គការមូលនិធិសាកលសម្រាប់អភិរក្សធម្មជាតិ (WWF) គេរកឃើញថាមានអន្ទាក់ចំនួន ១១០អន្ទាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ
នៅតាមតំបន់ការពារនៅកម្ពុជា ឡាវ និងវៀតណាម ដែលត្រូវបានគេប៉ាន់ស្មានជាសរុបថាមានច្រើនជាង ១២លាន។
«ពួកយើងកំពុងធ្វើការទាំងងងឹតងងល់ ព្រោះពួកយើងគ្មានមធ្យោបាយក្នុងការវាយតម្លៃ ពីប្រសិទ្ធភាពនៃការដោះអន្ទាក់សត្វទេ» នេះបើយោងតាម លោក មីញ ង្វៀន ជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យរដ្ឋកូឡូរ៉ាដូ នៃសហរដ្ឋអាមេរិក ដែលកំពុងសិក្សាអំពីប្រភេទសត្វដែលរងគ្រោះដោយអន្ទាក់ និងកំពុងព្យាយាមប៉ាន់ស្មានពីចំនួនអន្ទាក់ដែលត្រូវការដោះចេញ ដើម្បីឱ្យសត្វផ្សេងទៀតរស់រានមានជីវិត។ «ប៉ុន្តែទោះបីជាយើងធ្វើការសស្រាក់សស្រាំក៏ដោយ ពួកយើងមិនអាចបង្ក្រាបការដាក់អន្ទាក់ឱ្យចុះដល់សូន្យនោះទេ។» លោកបានបន្ថែម។
កាលពីខែមីនា ក្រសួងបរិស្ថាននៃប្រទេសកម្ពុជាបានចាប់ផ្តើមយុទ្ធនាការ «អន្ទាក់សូន្យ» ជាកិច្ចប្រឹងប្រែងផ្លាស់ប្តូរចិត្តគំនិតរបស់អ្នកបរបាញ់ និងអ្នកទាក់សត្វ។ កំឡុងពេលចាប់ផ្តើមកម្មវិធីនៃយុទ្ធនាការនេះ លោក នេត សុភក្ត្រា អ្នកនាំពាក្យនៃក្រសួងបរិស្ថាន បានប្រាប់ថាមានអន្ទាក់ច្រើនជាង ៦១,០០០អន្ទាក់ ត្រូវបានគេបោសសម្អាត ចេញពីតំបន់ព្រៃការពារកាលពីឆ្នាំ២០២១។
ដោយមិនគិតអំពីហេតុផលថាតើព្រៃនេះទុកសម្រាប់ឱ្យអ្នកស្រុកប្រមាញ់សត្វយកមកធ្វើជាអាហារ ឬសម្រាប់ធ្វើអាជីវកម្ម លោក ដេវីស បាននិយាយថា ចំនួនអន្ទាក់នៅភ្នំត្នោតពិតជាបង្កហានិភ័យដល់ប្រភេទសត្វជិតផុតពូជ ដូចជាទន្សោងឱ្យរស់រានមានជីវិតនាថ្ងៃមុខណាស់។
ដីចម្ការអ្នកស្រុក មានព្រំប្រទល់ជាប់នឹងតំបន់ភ្នំត្នោត និងចំណុចស្នូល ស្ថិតក្នុងដែនជម្រកសត្វព្រៃដែលជាទីជ្រកកោនរបស់សត្វព្រៃក្នងឧទ្យាន។ ដីចម្ការដែលស្ថិតនៅចំណុចស្នូលនេះ ដែលមានតាំងតែពីមុនពេលដែលតំបន់នេះ ត្រូវបានគេដាក់ជាដែនជម្រកសត្វព្រៃក្នុងឆ្នាំ ២០១៧ ត្រូវបានគេអនុញ្ញាតឱ្យបន្តមានវត្តមាន។ ប៉ុន្តែដោយគ្មាននូវបន្ទាត់ខ័ណ្ឌចែករវាងដីចម្ការ និងដីព្រៃ បានធ្វើឱ្យការអភិរក្សមានផលវិបាក និងជម្រុញឱ្យមានជម្លោះរវាងមនុស្ស និងសត្វព្រៃ។ នេះបើយោងតាមលោក ដេវីស ដែលជឿថាការសង្គ្រោះសត្វព្រៃពីអន្ទាក់ និងពីការបរបាញ់ គឺចាំបាច់មានការជីកលេណដ្ឋានសម្រាប់ញែកពួកគេចេញពីគ្នា។
៦ ខែកន្លងទៅ គ្រឿងចក្របានជីកលេណដ្ឋានបានប្រវែង ១៧គីឡូម៉ែត្រនៃបរិវេណចំណុចស្នូល។ ផលប៉ៈពាល់នៃការជីកលេណដ្ឋាន និងការផ្លាស់ទីរបស់សត្វ គឺពិតជាមិនអាចប្រកែកបាន។ ប្រមាណជា មួយភាគបួននៃលេណដ្ឋានបានឈានទៅដល់ចំណុចព្រៃឈើក្រាស់ ដែលលោក ដេវីស បានហៅថា «ការបាត់បង់ដែលជៀសមិនរួច»។ កន្លែងដែលគ្រឿងចក្របានជីករួចរាល់ ក្រុមអ្នកអភិរក្សបាននឹងកំពុងដាំដើមឬស្សីតាមបណ្តោយជ្រលងនេះ ដោយសង្ឃឹមថានៅទីបំផុតរនាំងធម្មជាតិនឹងដុះឡើង។
«រណ្តៅនេះនឹងក្លាយជាខ្សែបន្ទាត់ការពារទី១ របស់យើងក្នុងការបញ្ឈប់ការកាប់ព្រៃ និងបរបាញ់សត្វព្រៃខុសច្បាប់» លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានបញ្ជាក់ថានេះគឺជាលើកដំបូង ដែលការជីកលេណដ្ឋានបែបនេះត្រូវបានអនុវត្ត។ «គុណប្រយោជន៍របស់វា គឺការពារមនុស្សកុំឱ្យឆ្លងកាត់តំបន់ស្នូលដោយគ្មានការអនុញ្ញាត។ ព្រមទាំងដើម្បីធានាសុវត្ថិភាពសត្វព្រៃ»។ លោកបានបន្ថែម។
ស្របពេលដែលគ្មានការវាយតម្លៃទាក់ទងនឹងផលប៉ៈពាល់បរិស្ថានជាផ្លូវការពុំត្រូវបានអនុវត្ត មុនពេលចាប់ផ្តើមជីកលេណដ្ឋាន លោក ញឹម បាននិយាយថារណ្តៅត្រូវបានគេ «វាយតម្លៃតាមបែបបច្ចេកទេស» និងមានការជួយជ្រោមជ្រែងពីក្រសួង។ ក្រៅពីនេះលោកមិនបានធ្វើការពន្យល់បន្ថែមទៀតឡើយ។
លេណដ្ឋានមានប្រវែង ១៧គីឡូម៉ែត្រត្រូវបានគេជីកជុំវិញចំណុចស្នូលរនៃដែនជម្រកសត្វព្រៃភ្នំត្នោត ដើម្បីរក្សាចំនួនសត្វ និងការពារសត្វព្រៃនៅក្នុងតំបន់។ ចុងឆ្នាំនេះក្រុមអ្នកអភិរក្សសង្ឃឹមថានឹងបង្ហើយ ១៥គីឡូម៉ែត្រចុងក្រោយ។ ថតដោយ៖ រូបថត៖ Anton L. Delgado សម្រាប់ Southeast Asia Globe និង The Straits Times
ការហ៊ុំព័ទ្ធសត្វឱ្យនៅក្នុងតំបន់ស្នូលនៃដែនជម្រកដែលមានទំហំ ៧,០០០ ហិកតា ក៏បានធ្វើឱ្យមានការព្រួយបារម្ភអំពីសិទ្ធិដើរហើររបស់សត្វ និងបម្លាស់ទីនៃប្រភេទសត្វណាមួយផងដែរ។
លោក ដេវីស បានសួរ «របាំងការពារសត្វព្រៃទៅដល់ណា?» ដោយពន្យល់ថាតំបន់ស្នូល ត្រូវបានហ៊ុំព័ទ្ធទៅដោយដីអ្នកស្រុក និងតំបន់ដែលមិនត្រូវបានគេល្បាត ដែលទំនងជាមានការដាក់អន្ទាក់ច្រើនផង។ «អ្វីដែលយើងកំពុងធ្វើនេះ សូម្បីតែមធ្យោបាយដែលពួកយើងកំពុងការពារព្រៃនេះ ខ្ញុំមិនអាចមើលដឹងថា នៅថ្ងៃមុខសត្វព្រៃជាច្រើនរស់នៅក្រៅរណ្តៅឬអត់។ ពួកយើងមិនអាចការពារសត្វបានទាំងអស់ទេ។»
ការបាត់បង់សត្វព្រៃនៅអាស៊ីអាគ្នេយ៌កំពុងតែបោះជំហ៊ានទៅរកអ្វីដែលក្រុមអ្នកអភិរក្សបានឱ្យឈ្មោះថា ស្ថានភាពព្រៃ «ដ៏សោះសូន្យ» រឺ «ដ៏ឥតសូរសព្ទ» ជាការពិពរណ៍នាអំពីដែនជម្រកដែលនៅល្អចែស ប៉ុន្តែគ្មានសូរសព្ទ និងសម្លេងទ្រហឹងអឺងកងរបស់សត្វដែលធ្លាប់បានបន្លឺពីមុនទៀតឡើយ។ ផលប៉ៈពាល់ដ៏យូរអង្វែង នៃការបាត់បង់សត្វពហុប្រភេទនៅក្នុងប្រព័ន្ធអេកូឡូស៊ី កំពុងតែស្ថិតនៅក្នុងដំណាក់កាលដែលគ្មាននរណាម្នាក់អាចទាយទុកជាមុន អំពីផលវិបាកបង្កឡើងតាមរយៈការបាត់បង់នេះឡើយ។
ការសិក្សាស្តីពីការផលប៉ៈពាល់នៃការប្រមាញ់សត្វព្រៃ តាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានរកឃើញថាមាន កត្តាផ្សំជាច្រើនរួមមានបច្ចេកវិទ្យាទំនើប មានការលក់លើទីផ្សារមានការកើនឡើងជាងមុន ដែលធ្វើឱ្យតម្រូវការសាច់សត្វព្រៃ និងការចិញ្ចឹមសត្វកម្រក៏មានការកើនឡើង ដែលមានន័យថា «ការប្រមាញ់មិនអាចចាត់ទុកថា មាននិរន្តរភាពគ្រប់ទីកន្លែងនៅអាស៊ីអាគ្នេយ៍នោះទេ។»
ការទាញយកសត្វចេញពីព្រៃ ដើម្បីបំពេញតម្រូវការរបស់មនុស្ស បានបង្កនូវផលប៉ៈពាល់ទៅដល់សុខភាពព្រៃឈើ និងមនុស្សជាតិ។ ជាពិសេសចំពេលដែលតំបន់នេះកំពុង ចាប់ផ្តើមស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជម្ងឺកូវីដ-១៩ ដែលត្រូវបានគេជឿថា មានប្រភពមកពីផ្សារលក់សត្វព្រៃ។
ស្របពេលដែលអន្ទាក់បានញាំញីព្រៃអភិរក្សក្នុងតំបន់ វិធានការដ៏តឹងតែងអាចក្លាយទៅវិធានការបង្ក្រាបទូទៅ។
លោកដេវីស បាននិយាយថា «ពួកយើងអាចគិតពីរឿងនេះពេញមួយថ្ងៃទាក់ទងនឹងរបៀបផ្សេងៗ ដែលមិនល្អដល់សត្វព្រៃក្នុងរយៈពេលវែង។ ប៉ុន្តែយើងត្រូវសង្គ្រោះថ្ងៃនេះ មិនមែនថ្ងៃស្អែកទេ។ នាថ្ងៃអនាគត ប្រហែលជាមានសត្វព្រៃច្រើនពេកនៅក្នុងតំបន់ស្នូលនេះ។»
នៅពេលលើកឡើងថា ចុះបើអនាគតតំបន់នេះមានសត្វព្រៃលើសលប់ទៅវិញ លោក ដកដង្ហើមនិយាយថា «អញ្ចឹងពេលហ្នឹង ពួកយើងអាចផ្ទេរសត្វទាំងនេះទៅដែនជម្រកផ្សេងទៀត ជាកន្លែងដែលពួកគេទាំងអស់ត្រូវបានគេសម្លាប់។ រឺមួយខ្លាចតំបន់នេះមានសត្វព្រៃច្រើនពេក? គេរកតែសត្វព្រៃច្រើនមិនបានផង»៕
រាយការណ៍បន្ថែមដោយ៖ ឡាយ សុផាន់ណា
អត្ថបទនេះត្រូវបានផលិតឡើង ដោយមានការសហការជាមួយ The Straits Times រួមទាំងការជួយជ្រោមជ្រែងពី The Pulitzer Center’s Rainforest Journalism Fund និង Rainforest Investigation Network ។ អត្ថបទដើម ជាភាសាអង់គ្លេសត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន Southeast Asia Globe។