បកប្រែដោយ៖ ឌិប ណាសា​

កំណត់ចំណាំរបស់និពន្ធនាយក៖ អត្ថបទនេះគឺជាបទយកការណ៍ទីមួយ ដែលជីកកកាយអំពីការបរិភោគសត្វព្រៃនៅអាស៊ីអាគ្នេយ៍ដែលមានផលប៉ៈពាល់ដល់សុខភាពមនុស្ស ព្រៃឈើ និងការគំរាមកំហែងដល់ជីវចំរុះ ព្រមទាំងជម្ងឺរាតត្បាតនាថ្ងៃមុខ

ជាជាងការដាក់ក្នុងទ្រុងសត្វដូចរាល់ដង ពួកគេត្រូវបាននាំយកទៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ដោយដាក់នៅក្នុងថង់សំណាញ់ល្អិត ប្រៀបដូចជាសាច់ស្រស់រង់ចាំគេយកទៅលក់ដោយថ្លឹងជាខាំ។

នេះជាសត្វសំពោច (Ferret Badger) ទាំងបួនក្បាលដែលនៅរស់ ហើយកំពុងព្យាយាមរើបំរាស់ និង​បញ្ចេញសំលេងខ្សាវៗ ខណៈ​ពេលបុគ្គលិក​អង្គការសង្ក្រោះសត្វព្រៃវៀតណាម (Save Vietnam’s Wildlife) ជា​ក្រុម​អភិរក្ស​ បាន​ធ្វើ​ការ​​ដោះលែង​ពួកគេ។

ប៉ូលីសក្នុងតំបន់បានរឹបអូសសត្វព្រៃពីភោជនីយដ្ឋានមួយកន្លែង ហើយបញ្ជូនពួកគេទៅកាន់កន្លែងរក្សាទុករបស់អង្គការសង្ក្រោះសត្វព្រៃវៀតណាម ក្នុងឧទ្យានជាតិ Cuc Phuong ដែលធ្វើដំណើរប្រហែលពីរម៉ោងពីទីក្រុងហាណូយ។ 

លោក Tran Van Truong មន្ត្រី​សម្រប​សម្រួល​ទទួលបន្ទុកផ្នែកចាប់សត្វដែលត្រូវគេបង្ខាំង​ នៃមជ្ឈមណ្ឌលសង្ក្រោះសត្វព្រៃ ​នេះ​បាន​និយាយ​ថា​៖ «ភោជនីយដ្ឋាន​បាន​ទិញ​ពួកគេ(សត្វ) ​ពី​អ្នក​ដែល​ចាប់​ពួកគេ​មកពី​ព្រៃ»។ លោកបាននិយាយថា «ឥឡូវ​នេះ​សត្វទាំងនេះមានអារម្មណ៍តាន​តឹង​បន្តិច ប៉ុន្តែ​ពួក​គេ​ហាក់​ដូច​ជា​មិន​អី​ទេ។ យើង​ប្រហែល​ជា​អាច​ដោះលែង​ពួកគេត្រឡប់​ទៅ​ក្នុង​ព្រៃ​វិញ​បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ»។

សត្វសំពោច (Ferret Badger) ដែលជួយសង្គ្រោះបានចំនួន 4 ក្បាលត្រូវបាននាំយកទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៅក្នុងឧទ្យានជាតិ Cuc Phuong ប្រទេសវៀតណាម បន្ទាប់ពីត្រូវបានជួយសង្គ្រោះពីការយកសាច់ធ្វើអាហារពេលល្ងាច។ ថតដោយ៖ Mark Cheong និង Anton L. Delgado សម្រាប់ The Straits Times និង Southeast Asia Globe

ការ​ចាប់​សត្វ​ព្រៃ​យក​សាច់​ ជា​អំពើ​ខុស​ច្បាប់​នៅ​ប្រទេស​វៀតណាម ​ក៏ប៉ុន្តែការ​អនុវត្ត​នៅ​តែ​រីក​រាលដាល​ក្នុង​ប្រទេស​នេះ។ នៅតំបន់ផ្សេងៗទៀតនៃអាស៊ីអាគ្នេយ៍ ជំងឺកូវីដ-១៩ និងប្រភពដើមរបស់វាដែលអាចកើតចេញពីការជួញដូរសត្វព្រៃ បានជះឥទ្ធិពលតិចតួចប៉ុណ្ណោះ លើវិបត្តិអន្ទាក់ក្នុងតំបន់នេះ។

បន្ទាប់ពីការរីករាលត្បាតនៃកូវីដ១៩ សត្វព្រៃនៅតែត្រូវបានគេបរបាញ់ដើម្បីយកមកបរិភោគ ឬរក្សាទុកជាសត្វចិញ្ចឹម។ Southeast Asia Globe និង The Straits Times’ បានធ្វើកិច្ចសម្ភាសន៍សរុបជាង ៣០លើក ជាមួយអ្នកអភិរក្ស អ្នកវិទ្យាសាស្ត្រ មន្ត្រីអនុរក្ស និងមន្ត្រីរដ្ឋាភិបាល ហើយបានអង្កេតឃើញថា ព្រៃឈើមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ កំពុងបាត់បង់សត្វព្រៃលឿនជាងការកកើតទៅទៀត។ នេះបានន័យថា ស្ថានភាពកំពុងឈានឆ្ពោះទៅរកការផុតពូជប្រភេទសត្វក្នុងស្រុក នៅទូទាំងតំបន់នេះ។

នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ប្រភេទសត្វដូចជា សត្វស្វា សត្វពស់ និងសត្វស្លាប ត្រូវបានលក់នៅទីផ្សារខុសៗគ្នា។ ដោយឡែកសត្វ​ជ្រូកព្រៃ សត្វ​ក្តាន់ និងបក្សី​ព្រៃ ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​បញ្ជីមុខម្ហូប​ភោជនីយដ្ឋាន​ នៅតាម​តំបន់​ខ្ពង់រាប​កណ្តាល។

នៅភាគខាងជើងនៃប្រទេសកម្ពុជាវិញ ទំហំនៃបញ្ហាអន្ទាក់នៅតាមតំបន់ការពារ ត្រូវបានគេភ្ជាប់ដោយផ្ទាល់ទៅនឹងមូលហេតុដែលថា ការដាក់អន្ទាក់កាន់តែងាយស្រួល និងសម្ភារៈថោកជាងមុន ដែលធ្វើអោយវិបត្តនេះកាន់តែធ្ងន់ធ្ងរឡើង។ ប្រការនេះកំពុងធ្វើឲ្យសត្វព្រៃក្នុងខេត្តព្រះវិហារ ហិនហោចយ៉ាងលឿន ហើយតំបន់ការពារនានា ដូចជាដែនជម្រកសត្វព្រៃភ្នំត្នោត ដែលធ្លាប់មានសត្វកេងកង និងសត្វទោច ទ្រហោយំពេញព្រៃ បែរប្រែក្លាយជាស្ងប់ស្ងាត់ទៅវិញ។

អន្ទាក់រូត ជាអន្ទាក់ដែលគេបន្លំនឹងដើមឈើ​ មាន​តម្លៃកាន់តែ​សមរម្យ​ កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ដាក់ ប្រើសម្រាប់ទាក់​សត្វ​ព្រៃ​ និង​បន្តមានកាន់តែច្រើន​ទៅ​ប្រទេស​នៅ​ទូទាំង​ឥណ្ឌូចិន។ របាយការណ៍ឆ្នាំ 2020 ប៉ាន់ប្រមាណថាមានអន្ទាក់ជាង 12 លាន នៅក្នុងតំបន់ការពារក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម។ ថតដោយ៖ Mark Cheong និង Anton L. Delgado សម្រាប់ The Straits Times និង Southeast Asia Globe

ការ​បរបាញ់​សត្វសម្រាប់ចិញ្ចឹម​ជីវិត ​គឺ​ជា​ទំនៀម​ទំលាប់​ដែល​មាន​អាយុ​កាលជាយូរមកហើយ ជា​ពិសេស​នៅ​តាម​តំបន់​ដែល​មានសហគមន៍​ពឹង​ផ្អែក​លើ​ធនធាន​ធម្មជាតិ។ ធំធាត់ឡើងនៅក្នុងភូមិមួយនៅក្បែរព្រៃក្នុងខេត្ត Ninh Binh ប្រទេសវៀតណាម លោក Tran បានរំលឹកពីរបៀបដែលអ្នកជិតខាងរបស់គាត់ បរបាញ់សត្វព្រៃមកធ្វើជាអាហារ។

លោក Tran បាន​និយាយ​ថា​ «​នៅ​ពេល​ដែល​អ្នក​ស្រុក​បរបាញ់​ដោយ​ខ្លួន​ឯង មានសត្វតែ​មួយ​ចំនួនទេ ដែល​ត្រូវ​បាន​គេ(អ្នកស្រុក )​ យក​ចេញ​ពី​ព្រៃ»។ លោកបានបន្ថែម «​ប៉ុន្តែ​ពេល​​ហេតុផល​ពាណិជ្ជកម្ម​មានវត្តមានមក​ នៅពេល​មនុស្ស​ចង់​រក​ប្រាក់​ដោយ​ការ​លក់​សត្វ​ទៅ​ទីក្រុង ឬ​ប្រទេស​ផ្សេង ពួកគេ​ចាប់យកសត្វ​ក្នុងចំនួនច្រើន​ដើម្បីយកទៅ​លក់​ឲ្យ​អ្នក​ដទៃ»។

ការកាប់បំផ្លាញព្រៃឈើ ដែជាជម្រកសត្វព្រៃ អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រព័ន្ធអេកូឡូស៊ីដ៏ល្អ ដែលបង្កើតមកដោយធម្មជាតិជាងរាប់ពាន់ឆ្នាំមកហើយ។ ហើយ​ការ​ថមថយ​នៃ​សត្វព្រៃ និង​កង្វះតុល្យភាព ​ក៏​បង្កផលប៉ះពាល់​អវិជ្ជមានដល់​មនុស្សជាតិ​ផងដែរ​។

លោក Tran Van Truong មន្ត្រី​សម្រប​សម្រួល​ទទួលបន្ទុកផ្នែកចាប់សត្វដែលត្រូវគេបង្ខាំង​ នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ របស់អង្គការសង្ក្រោះសត្វព្រៃវៀតណាម ក្នុងឧទ្យានជាតិ Cuc Phuong បាននិយាយថា «នៅពេលដែលសត្វត្រូវបានបរបាញ់ក្នុងចំនួនច្រើនបែបនេះ វាធ្វើឱ្យព្រៃឈើមានសភាពស្ងប់ស្ងាត់»។ ថតដោយ  Mark Cheong សម្រាប់ The Straits Times និង Southeast Asia Globe

លោក Tran បានរំលឹកពីការសង្គ្រោះដ៏ពិសេសមួយ ដែលបានបង្ហាញយ៉ាងច្បាស់ពីទំហំនៃបញ្ហា។

បន្ទាប់ពីបានចូលរួមជាមួយអង្គការសង្ក្រោះសត្វព្រៃវៀតណាម (Save Vietnam’s Wildlife) កាលពីឆ្នាំ 2017 គាត់បានចុះបេសកកម្មជួយសង្គ្រោះសត្វពង្រូលជាង 100 ក្បាល ដែលត្រូវបានគេតាមប្រមាញ់ដើម្បីយកស្រការបស់ពួកគេ មកប្រើប្រាស់ជាឱសថបុរាណនៅក្នុងប្រទេសចិន និងទូទាំងអាស៊ី។

លោក Tran បាននិយាយថា រហូតមកដល់បច្ចុប្បន្ន បេសកម្មមួយនេះ នៅតែត្រូវគេចាត់ទុកថាជាការសង្គ្រោះទ្រង់ទ្រាយធំបំផុតនៃសត្វប្រភេទនេះ ។ លោក Tran បាននិយាយថា «ទំហំនៃការជួយសង្គ្រោះ បង្ហាញពីទំហំពិតនៃបញ្ហា»។

លោក​បាន​បន្ត​ថា​ «​នៅ​ពេល​សត្វ​ត្រូវ​បាន​គេ​បរបាញ់​ក្នុង​ចំនួន​ច្រើន​បែប​នេះ វា​ធ្វើ​ឱ្យ​ព្រៃមានភាពស្ងប់​ស្ងាត់​ទៅ​វិញ​»​។

របាយការណ៍ឆ្នាំ 2014 របស់មជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវព្រៃឈើអន្តរជាតិ (Centre for International Forestry Research ឬ CIFOR) ក៏បានកត់សម្គាល់ផងដែរថា​ ការប្រម៉ាញ់សត្វបែបពាណិជ្ជកម្ម ជាអ្នកផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ និងក្រៅតំបន់ ដែលភាគច្រើនជាអាជីវកម្មសាច់សត្វព្រៃ និងផលិតផលឱសថបុរាណ ដែលធ្វើឱ្យសត្វព្រៃជិតផុតពូជ ជាពិសេសថនិកសត្វ និងបានកាត់បន្ថយដង់ស៊ីតេចំនួនសត្វព្រៃ នៅក្នុងប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍។

អ្នកជំនាញបានព្រមានថា ការបន្តជួញដូរសត្វព្រៃ ទោះជាប្រភេទសត្វជិតផុតពូជ ឬអត់ សុទ្ធតែបង្កើនហានិភ័យ នៃការចម្លងជំងឺពីសត្វមកមនុស្ស។ ព្រៃឈើនៅតំបន់ត្រូពិច ដែលកំពុងបាត់បង់ពូជសត្វដែលបំបែកគ្រាប់ពូជរុក្ខជាតិ ដូចជាសត្វស្លាប និងស្វា អាចមានន័យថា ដើមឈើនឹងមានតិចជាងមុន ដែលធ្វើឲ្យ «ជម្រកកាបូន» ទាំងនេះ មានចំនួនតិចជាងមុន ដែលធ្វើអោយ ការតស៊ូរបស់មនុស្សជាតិក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ អាចមានភាពពិបាក។

ដើមហេតុនៃជំងឺ រាតត្បាត?​

ដោយពាក់ស្រោមដៃ និងរបាំងវះកាត់ ពេទ្យសត្វព្រៃរបស់អង្គការសង្ក្រោះសត្វព្រៃវៀតណាម (Save Vietnam’s Wildlife) លោក Tran Nam Trieu បានពិនិត្យសត្វសំពោច (Ferret Badgers) មួយក្រុម ដើម្បីធានាថាពួកគេមិនមានរបួសអ្វីផ្សេងទៀតទេ។

សត្វ​ព្រៃ​ដែល​ចូល​មក​អង្គការរបស់ពួកគេ ​ជាញ្ញឹកញាប់តែង​រង​របួស ឬអាចសូម្បីតែបាត់​អវយវៈ​ ដែលភាគ​ច្រើន​គឺដោយសារអន្ទាក់​របស់​អ្នក​ប្រមាញ់។ ខ្លួនរបស់សត្វទាំងបួនក្បាលនេះ មិនមានរបួសដែលឃើញច្បាស់ទេ ទោះបីជាលោក Tran Nam Trieu បាននិយាយថា ការស្រែកយំ និងការស្រែកថ្ងូរបង្ហាញពីកម្រិតនៃភាពតានតឹងខ្លាំងក៏ដោយ។

លោក Tran Nam Trieu ដែលជាពេទ្យសត្វនៅអង្គការ Save Vietnam’s Wildlife បាននិយាយថា នៅពេលដែលសត្វមានសភាពស្ងប់ស្ងាត់ ពួកវានឹងត្រូវបានពិនិត្យយ៉ាងម៉ត់ចត់បន្ថែមទៀត។

អង្គការសង្ក្រោះសត្វព្រៃវៀតណាម បានដំណើរការមជ្ឈមណ្ឌលសង្គ្រោះមួយនៅក្នុងឧទ្យានជាតិ Cuc Phuong ដែលជាឧទ្យានជាតិចំណាស់ជាងគេបំផុតក្នុងប្រទេសវៀតណាម ដែលមានចម្ងាយប្រហែលពីរម៉ោងពីទីក្រុងហាណូយ។ មជ្ឈមណ្ឌល​នេះ​ជា​ជម្រក​នៃ​ប្រភេទ​សត្វ​ដែល​រង​ការ​គំរាម​កំហែង​ច្រើន​ប្រភេទ រួម​ទាំង​សំពោចផង​ដែរ។ ថតដោយ Anton L. Delgado សម្រាប់ The Straits Times និង Southeast Asia Globe។

ប៉ុន្តែសម្រាប់រយៈពេល ៣០ ថ្ងៃបន្ទាប់ សត្វសំពោចទាំងបួន នឹងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា ដោយម្នាក់ៗនៅក្នុងបន្ទប់រៀងខ្លួន ដើម្បីធានាថាជំងឺណាមួយដែលពួកគេអាចមាន នឹងមិនរីករាលដាលដល់សត្វដទៃទៀតនៅក្នុងកន្លែងនោះទេ។

ក្រៅ​ពី​គោលការណ៍​ដាក់​ឱ្យ​នៅ​ដាច់​ពី​គេ កន្លែង​នេះ​អនុវត្តន៍​វិធានការ​ការពារ​ជីវសុវត្ថិភាព​ជា​ច្រើន ដើម្បី​កាត់​បន្ថយ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ក្នុង​ចំណោម​សត្វព្រៃ និង​រវាង​សត្វ និង​មនុស្ស។ ធុងទឹកសម្លាប់មេរោគត្រូវបានរាលដាលពាសពេញកន្លែង។ មុនពេលចូលអគារ អ្នកទស្សនាត្រូវតែពាក់ស្បែកជើងកវែងនៅតាមកន្លែងជាក់លាក់មួយចំនួន ដូចជាកន្លែងដាក់សត្វព្រៃជាដើម។

ប៉ុន្តែការអនុវត្តការការពារសុខភាពនៅមជ្ឈមណ្ឌលសង្គ្រោះ មានភាពខុសគ្នាខ្លាំង ពីរបៀបដែលសត្វព្រៃត្រូវបានគេគ្រប់គ្រង នៅកន្លែងផ្សេងទៀតនៅក្នុងតំបន់។

ទីផ្សារសត្វព្រៃនៅទីក្រុងហូជីមិញ ភាគខាងត្បូងប្រទេសវៀតណាម សំបូរទៅដោយសត្វច្រើនប្រភេទ ចាប់ពីជ្រូកព្រៃ រហូតដល់ពស់ និងសត្វស្លាប។ ថតដោយ Anton L. Delgado សម្រាប់ The Straits Times និង Southeast Asia Globe

នៅឯផ្សារ(បែបប្រពៃណី)មួយ ក្នុងទីក្រុងហូជីមិញ ដែលជាកន្លែងលក់សត្វព្រៃ សត្វជាច្រើនត្រូវបានបង្ខាំងដាក់ក្នុងទ្រុងតូចៗ ដោយពេលខ្លះឃើញសត្វស្លាបព្រៃខ្លះ ជាន់លើសពសត្វដែលងាប់នៅក្នុងទ្រុង ហើយអ្នកលក់តែងតែប៉ះសត្វផ្ទាល់ ដោយគ្មានឧបករណ៍ការពារ។

លោកស្រី Debby Ng អ្នកជំនាញបរិស្ថានវិទ្យាខាងជំងឺសត្វព្រៃ នៅមជ្ឈមណ្ឌលដំណោះស្រាយអាកាសធាតុផ្អែកលើធម្មជាតិ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា «ទីផ្សារសត្វព្រៃគឺជាទីតាំងដ៏ល្អសម្រាប់ការចម្លងជំងឺ ពីសត្វមក​មនុស្ស ព្រោះវាមានការរួមផ្សំនៃប្រភេទសត្វព្រៃចម្រុះ ដែលរស់នៅក្រោមដង់ស៊ីតេខ្ពស់ នៅក្នុងលក្ខខណ្ឌជីវសុវត្ថិភាពមិនល្អ»។ លោកស្រីក៏បានបន្ថែម « មូលហេតុនៃការបរបាញ់ និងការជួញដូរសត្វព្រៃ អាចមានភាពចម្រុះសូម្បីតែនៅក្នុងប្រទេសតែមួយ។ វាមានសារៈសំខាន់ណាស់ក្នុងការស្វែងយល់ពីមូលហេតុទាំងនេះ និងផ្តល់នូវជម្រើសផ្សេង ដែលអាចធ្វើទៅបាន ដើម្បីអាចដោះស្រាយតម្រូវការរបស់មនុស្សដែលពាក់ព័ន្ធនឹងអាជីកម្មនេះ។

នៅឯកសិដ្ឋានកាហ្វេនៅ ទីក្រុង Buon Ma Thuot នៅតំបន់ខ្ពង់រាបកណ្តាល ដែលត្រូវគេចាត់ទុកថាជារដ្ឋធានីកាហ្វេរបស់ប្រទេសវៀតណាម សត្វកាំប្រមា ត្រូវបានចិញ្ចឹមសម្រាប់យកសាច់របស់ពួកគេ ខណះពេលសត្វ Civets (អម្បូរម្យ៉ាងដូចសត្វសំពោច) ត្រូវបានចិញ្ជឹមសម្រាប់ផលិតកាហ្វេ។

Ca phe chon” ឬកាហ្វេធ្វើពីសណ្តែកដែលរកឃើញនៅក្នុងលាមកសត្វ Civet មានតម្លៃថ្លៃនៅតាមតំបន់ជាច្រើននៃពិភពលោក បើទោះបីជាវាមានប្រភពដើមពុំមានអនាម័យក៏ដោយ។ កសិដ្ឋាន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចិញ្ចឹម​សត្វកាំប្រមា និង​សត្វ ​Civet អាចលក់​កាហ្វេ​ប្រភេទនេះ មួយ​គីឡូក្រាម​ក្នុង​តម្លៃ ១៦៥ ដុល្លារ ឬស្មើរនឹង ៤ លាន​ដុង​វៀតណាម បើ​ធៀប​នឹង​តម្លៃ ១២ ដុល្លារ ​សម្រាប់​កាហ្វេ​ធម្មតា​ក្នុងបរិមាណដូចគ្នា។

កសិដ្ឋានមួយនៅទីក្រុង Buon Ma Thuot ដែលជារដ្ឋធានីកាហ្វេនៃប្រទេសវៀតណាមនៅតំបន់ខ្ពង់រាបកណ្តាលរបស់ខ្លួន ចិញ្ចឹមសត្វកាំប្រមា យកសាច់ និងកាំរបស់វា និងសត្វសំពោច សម្រាប់ផលិតកាហ្វេ។ ថតដោយ  Anton L. Delgado សម្រាប់ The Straits Times និង Southeast Asia Globe

ម្ចាស់កសិដ្ឋានបាននិយាយថា គាត់បានទិញសត្វ Civet របស់គាត់ពីអ្នកលក់នៅកន្លែងផ្សេង ប៉ុន្តែសត្វនេះត្រូវបានចិញ្ចឹមដោយវិធីបង្ខាំងទុក ហើយមិនមែនមកពីព្រៃទេ។ សត្វកាំប្រមា របស់ម្ចាស់កសិដ្ឋានរូបនេះ ក៏ត្រូវបានចិញ្ចឹមភាគច្រើនផងដែរ លើកលែងតែសត្វប៉ុន្មានគូរដែលចាប់បានពីព្រៃផ្ទាល់។

គាត់បានបដិសេធមិនបង្ហាញកន្លែងដែលគាត់រក្សាសត្វក្នុងកសិដ្ឋាននោះទេ ទោះបីជាមានសត្វកាំប្រមាប្រហែល 50 ក្បាលនៅក្រោមកម្មសិទ្ធិរបស់គាត់ក៏ដោយ ដែលពួកគេត្រូវបានដាក់ក្នុងបន្ទប់បិទជិត ជញ្ចាំងបេតុង ជាមួយខ្យល់ចេញចូលតិចតួច។

សត្វ Civet វ័យក្មេងមួយក្បាល ដែលទំនងជាត្រូវបានទុកចោលដោយម្តាយរបស់វា នៅពេលកើត ត្រូវបានព្យួរនៅក្នុងទ្រុងមួយនៅលើសត្វកាំប្រមា។ កន្ទុយ​របស់​វា​ប្រឡាក់​ឈាម ហើយ​ទំនង​ជា​ត្រូវ​បាន​គេ​ខាំ។

កសិករ​រូប​នេះ​បាន​និយាយ​ថា គាត់​មិន​ខ្លាច​ឆ្លង​ជំងឺ​ពី​សត្វ​នោះ​ទេ ទោះ​បី​ជា​បាន​អះអាង​ថា «ប្រសិន​បើ​សត្វ​ទាំង​នោះ​មានជំងឺកូវីដ១៩ ខ្ញុំ​សុខ​ចិត្ត​សម្លាប់​វា​ទាំង​អស់»។

ការគំរាមកំហែងកំពុងតែកើតឡើង

ការទន្ទ្រានសត្វព្រៃសម្រាប់តំរូវការមនុស្ស មិនថាសម្រាប់ចិញ្ចឹមជីវិត ឬលក់ សុទ្ធតែបង្កើនទំនាក់ទំនងផ្ទាល់ រវាងសត្វព្រៃជាមួយមនុស្ស និងសត្វក្នុងស្រុក។ នៅពេលដែលតំបន់អាស៊ីអាគ្នេយ៍ ងើបឡើងវិញពីជំងឺកូវីដ១៩ ចំណុចប្រទាក់ក្រឡាមួយនេះ ដែលមានតាំងតែពីមុនមក និងកំពុងរីកចម្រើន កំពុងបង្កការគំរាមកំហែងដែលអាចកើតមាន នៃជំងឺរាតត្បាតថ្មី។

វិទ្យាស្ថានបច្ចេកវិទ្យាចំណីអាហារ ដែលជាក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការលើវិទ្យាសាស្ត្រចំណីអាហារ បានរាយការណ៍ក្នុងឆ្នាំ 2020 ថា សត្វព្រៃ ជាធម្មតាមានការប៉ះពាល់នឹងប៉ារ៉ាស៊ីត មេរោគ និងគ្រោះថ្នាក់ ពាក់ព័ន្ធនឹងសុខភាពផ្សេងទៀត ដែលមិនមានរកឃើញនៅក្នុងសាច់សត្វធម្មតានៅតាមកសិដ្ឋានក្នុងស្រុក ដោយសារបរិស្ថានរបស់ពួកសត្វព្រៃ មានការគ្រប់គ្រងតិចជាងសត្វក្នុងកសិដ្ឋាន។

លោក William Chen ជាសាស្ត្រាចារ្យ និងនាយកកម្មវិធីវិទ្យាសាស្ត្រចំណីអាហារ និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យ Nanyang Technological នៅប្រទេសសិង្ហបូរី បាននិយាយថា «សត្វដែលបង្កាត់ពូជសម្រាប់ប្រើប្រាស់ ជាធម្មតាត្រូវរក្សាទុកនៅក្នុងកសិដ្ឋាន ដែលមានស្តង់ដារអនាម័យ និងសេវាកម្មបសុពេទ្យដ៏តឹងរ៉ឹង»។

កសិដ្ឋានប្រភេទនេះត្រូវតែធានាថា សត្វរបស់ពួកគេទទួលបានការចាក់វ៉ាក់សាំងត្រឹមត្រូវ  និងមានអាហារូបត្ថម្ភគ្រប់គ្រាន់។ សម្រាប់ប្រភេទសត្វដែលមានតម្រូវការចិញ្ចឹមជាទៀងទាត់ វិធានការសុវត្ថិភាពជីវសាស្រ្ត និងស្តង់ដារសុខុមាលភាពសត្វ ក៏ត្រូវការបង្កើតឡើងបន្ថែមទៀត ។

សត្វមាន់​ត្រូវ​បាន​គេ​យក​ទៅ​លក់​នៅ​ផ្សារពេល​ព្រឹក​មួយ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ ថតដោយ  Mark Cheong សម្រាប់ The Straits Times និង Southeast Asia Globe

លោក Chen ក៏ជាទីប្រឹក្សារបស់អង្គការសុខភាពពិភពលោកដែរនោះ បានបន្ថែមថា «ជាមួយនឹងការអនុវត្តនូវវិធានការត្រួតពិនិត្យដ៏ល្អពេញលេញ ការរីករាលដាលនៃជំងឺឆ្លងពីសត្វមកមនុស្ស នៅក្នុងកសិដ្ឋានគួរតែមានកម្រិតទាប តែទោះបីជាយ៉ាងណា ហានិភ័យកម្រិតតូចនៅតែអាចមាន»។

លោកស្រី Ng ក៏បាននិយាយថា វាមិនមែនមានតែជាការទទួលទានសត្វព្រៃដោយផ្ទាល់នោះទេ ដែលអាចបង្កឱ្យមានការចម្លងមេរោគរវាងសត្វ និងមនុស្ស។ ប៉ុន្តែសកម្មភាពរបស់មនុស្សផ្សេងទៀត ដូចជាការបោសសម្អាតជម្រកសត្វព្រៃ ក៏អាចបង្កើននូវទំនាក់ទំនងដោយផ្ទាល់រវាងសត្វ និងមនុស្សផងដែរ។

លោកស្រី Ng បាននិយាយថា «ការធ្វើនគរូបនីយកម្មយ៉ាងរហ័ស និងការបំពុលបរិស្ថានជាបន្តបន្ទាប់ ដោយសារលំហូរចូលនៃមនុស្ស កំនើនឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ បានបង្កការប៉ះពាល់ដោយផ្ទាល់ទៅលើ របៀបដែលសត្វព្រៃផ្លាស់ទី និងរស់រានមានជីវិត”។

បញ្ហា​នេះ​មិន​មាន​លក្ខណៈប្លែកទេ ​សម្រាប់​អាស៊ីអាគ្នេយ៍​។ លោកស្រី Ng ក៏បានឱ្យដឹងថា ព្រៃឈើនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏កំពុងមានសភាពស្ងប់ស្ងាត់ផងដែរ។

លោកស្រី Ng បានផ្តល់ឧទាហរណ៍នៃគម្រោង Himalayan Mutt កាលពីឆ្នាំ 2014 ដែលមានគោលបំណងចាក់វ៉ាក់សាំង និងគ្រាវសត្វឆ្កែស្រុកនៅតាមទីសាធារណៈ ដោយឥតគិតថ្លៃនៅក្នុងប្រទេសនេប៉ាល់ ដែលឆ្កែទាំងនោះ បានវាយប្រហារសត្វជិតផុតពូជមួយចំនួនដូចជា ខ្លាឃ្មុំផេនដាក្រហម និងគំរាមកំហែងដល់សាធារណជន ជាមួយនឹងជំងឺដូចជាជំងឺឆ្កែឆ្កួត និងជំងឺ Distemper (ជំងឺដែលមានសត្វមានអាការៈក្ដៅខ្លាំង)។ ការអភិវឌ្ឍផ្លូវ បានបើកសក្តានុពល ក្នុងការធ្វើកសិកម្មនៅក្នុងជម្រកសត្វព្រៃ។ សត្វឆ្កែក្នុងស្រុក ដែលនៅជាមួយមនុស្ស បានដើរលេងតំបន់នោះដោយសេរី ហើយប៉ះពាល់ទាំងសត្វព្រៃ និងមនុស្ស ដែលអាចបង្កជំងឺ។

 «ព្រៃឥតសូរសព្ទៈ» មិនត្រឹមតែប៉ះពាល់ដល់ជីវចម្រុះប៉ុណ្ណោះទេ ប៉ុន្តែក្តីបារម្ភកំពុងកើនឡើង លើការបង្កដល់សុខភាពមនុស្សដែលអាចកើតឡើង។

លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna & Flora International) ប្រទេសកម្ពុជា មានប្រសាសន៍ថា ក្រុមអ្នកអភិរក្សកំពុងចូលរួមគម្រោងស្រាវជ្រាវថ្មី ដែលផ្ដល់មូលនិធិដោយសហភាពអឺរ៉ុប ដើម្បីសិក្សាពីទំនាក់ទំនងរវាងការបាត់បង់ជីវចម្រុះ និងការរីករាលដាលនៃជំងឺឆ្លងពីសត្វមកមនុស្ស ។

លោក Sinovas បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងក្នុងគម្រោងនេះ នឹងពាក់ព័ន្ធជាមួយនឹងតំបន់ជាច្រើន រួមទាំងអាស៊ីអាគ្នេយ៍ អាហ្រ្វិកខាងលិច និងតំបន់ការ៉ាបៀន ដែលសុទ្ធតែជាតំបន់ក្ដៅ ដែលភ្នាក់ងារបង្កជំងឺដែលអាចកើតមាន។

លោក ដួង វាសនា  ប្រធានអង្គភាពវីរុសាស្ត្រនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានមានប្រសាសន៍ថា «វាមានសារៈសំខាន់ណាស់ ក្នុងការសហការគ្នាបន្ថែមទៀតនៅក្នុងតំបន់ ដើម្បីរៀបចំការពារជំងឺរាតត្បាតបន្ទាប់។ គម្រោងនេះផ្តោតលើរបៀបដែលការអភិរក្សជីវចម្រុះ អាចកាត់បន្ថយព្រឹត្តិការណ៍នៃជំងឺរាតត្បាត»។

ការសិក្សានេះនឹងផ្តោតលើប្រទេសកម្ពុជា ចាប់តាំងពីមេរោគដែលទាក់ទងនឹង Sars-CoV-2 ដែលជាភ្នាក់ងារបង្កជំងឺ Covid-19 ត្រូវបានរកឃើញនៅក្នុងសត្វប្រចៀវទូទាំងប្រទេស។

ផ្សារពេលព្រឹកមួយក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ ថតដោយ  Mark Cheong សម្រាប់ The Straits Times និង Southeast Asia Globe

ការយកគំរូចេញពីសត្វប្រចៀវ នឹងធ្វើឡើងនៅទូទាំងប្រទេសកម្ពុជា។ ការសិក្សាក៏នឹងរួមបញ្ចូលផ្នែកសង្គមវិទ្យា ដែលអ្នកស្រាវជ្រាវនឹងពិនិត្យមើលពីរបៀប ដែលគោលនយោបាយនានា អាចមានឥទ្ធិពលដល់អន្តរកម្មរបស់មនុស្ស និងសត្វព្រៃ។

ផ្អែកលើការស្រាវជ្រាវកន្លងមកអំពីវត្តមាននៃជំងឺនៅក្នុងទីផ្សារសត្វព្រៃ និងខ្សែសង្វាក់ផ្គត់ផ្គង់សាច់សត្វព្រៃ លោក វាសនា សង្ឃឹមថាគម្រោង BCOMING មួយនេះ នឹងជួយកម្ពុជាឱ្យយល់ពីរបៀបដែលហ្សែនមេរោគធ្វើការវិវត្តខ្លួន និងអ្វីខ្លះអាចជាសញ្ញា នៃការរីករាលដាលមកដល់មនុស្ស។

ការកាប់បំផ្លាញព្រៃឈើ និងការបាត់បង់កាបូន

លលាដ៍ក្បាលសត្វ ដ៏ធំសម្បើមចំនួនពីរ ពេញទៅដោយធូលីដី ត្រូវគេដាក់នៅខាងក្រោយទ្វារ នៃរោងសម្រាកមួយនៅក្នុង BeTreed Adventures ដែលជាផ្ទះសំណាក់អេកូទេសចរណ៍ក្នុងខេត្តព្រះវិហាររបស់កម្ពុជា។

លលាដ៍ក្បាលរបស់សត្វទន្សោងពីរក្បាលត្រូវបានរក្សាទុកនៅ BeTreed Adventures ក្នុងខេត្តព្រះវិហារ។ នេះជាលលាដ៍ក្បាលរបស់សត្វ​ ដែលបាន​ស្លាប់​បន្ទាប់​ពី​ជាប់​ក្នុង​អន្ទាក់។ ថតដោយ Anton L. Delgado សម្រាប់ The Straits Times និង Southeast Asia Globe។

ស្នែង​ដែល​មាន​តម្លៃ ​មិន​ត្រូវ​បាន​គេ​ដកចេញដើម្បីលក់​ដូច​សត្វដ៏ទៃទេ។ លលាដ៍ក្បាលទាំងនេះបានមកពីសត្វទន្សោងពីរក្បាល ស្ថិតក្នុងអម្បូរសត្វគោ ដែលត្រូវគេតាមប្រម៉ាញ់ ស្ទើរតែជិតផុតពូជដើម្បីយកសាច់ និងស្នែងរបស់វា។ លលាដ៏ក្បាលទាំងពីរដែលឃើញនេះ បានស្លាប់បន្ទាប់ពីពួកវាត្រូវបានជាប់នៅក្នុងអន្ទាក់ ដែលដាក់ដោយអ្នកប្រមាញ់នៅក្នុងតំបន់ការពារ។

លោក Ben Davis សហស្ថាបនិកនៃ BeTreed Adventures បាននិយាយក្នុងអំឡុងពេលដើរល្បាត ប្រឆាំងនឹងអន្ទាក់ថា «ពួកគេបានដាក់អន្ទាក់តាំងពីខ្ញុំមកដំបូង ប៉ុន្តែពួកគេកាន់តែរីកចម្រើន(ក្នុងការដាក់)»។ លោកបានធ្វើការលើការការពារសត្វព្រៃអស់ជាច្រើនឆ្នាំ ដោយបានបង្កើតអង្គការនេះនៅឆ្នាំ 2012 ដែលជាផ្ទះសំណាក់អេកូទេសចរណ៍ មានទីតាំងនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត។

លោក Davis ដែល​បាន​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ ១៩៩២ បាន​និយាយ​ថា ការ​ដាក់អន្ទាក់សត្វ ​មិន​មែន​ជា​រឿង​ថ្មីទេ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​។

បេន ដាវីស ចូលរួមជាមួយ ឈួន ភិរម្យ និងមន្ត្រីអនុរក្សសហគមន៍ផ្សេងទៀត ក្នុងការល្បាតរកអន្ទាក់ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត របស់កម្ពុជា។ រូបភាពដោយ Anton L. Delgado សម្រាប់កាសែត The Straits Times និង Southeast Asia Globe។

លោក Davis បានពន្យល់ថា «កាលពីមុន វានឹងត្រូវការមនុស្សមួយក្រុម ក្នុងមួយថ្ងៃ ដើម្បីរៀបចំអន្ទាក់មួយ។ សត្វដែលដើរចូលទៅក្នុងអន្ទាក់បែបនេះ ជារឿយៗត្រូវបានសម្លាប់ភ្លាមៗដោយដើមឈើ ឬកំណាត់ឈើជ្រុះ»។

Davis បាន​បន្ថែម​ថា​ «​ការ​ចាប់​អន្ទាក់​គឺ​ជា​បញ្ហា​នៅ​ពេល​នោះ ប៉ុន្តែកាលណោះ ​វា​មិន​មែន​ជា​បញ្ហា​ធំដុំ​នោះ​ទេ​។

ប៉ុន្តែក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះ ខ្សែហ្វ្រាំង និងខ្សែលួស ដែលប្រើសម្រាប់ដាក់អន្ទាក់ រឹតតែស្រួលក្នុងការទិញ ដែលបានធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ពង្រាយអន្ទាក់ ។ ដោយកាត់វល្លិព្យួរ និងដើរកាត់ស្មៅវែងៗ លោក Davis និងក្រុមអនុរក្សរបស់គាត់បានរកឃើញអន្ទាក់ជាង 10 ធ្វើអំពីខ្សែលួស និងមែកឈើក្នុងចម្ងាយ 100 ម៉ែត្រពីអន្ទាក់ដំបូងដែលពួកគេបានរកឃើញ។

លោក​បាន​បន្ថែម​ថា «មាន​មនុស្ស​ច្រើន​ទៀត​ដាក់​អន្ទាក់ ហើយ​ដោយមានអន្ទាក់​ថោក​ជាង ដូច្នេះ​ពួកគេ​ដាក់​ច្រើន​ទៀត។ ជំនួស​ឲ្យ​ពីមុន ដែលមនុស្ស​ម្នាក់​ដាក់​អន្ទាក់​ចំនួន ៥ ឬ ១០ ដើម្បីចិញ្ចឹម​ជីវិត មនុស្ស​ម្នាក់ៗ​អាចដាក់បាន​រាប់រយពេលនេះ»។ 

សត្វធំៗដូចជា ទន្សោង ក៏ដូចជាស្វា និងសត្វស្លាបធំៗដូចជាកេងកង ត្រូវបានអ្នកប្រម៉ាញ់ ផ្តល់តម្លៃខ្ពស់ ដោយសារពួកវាផ្តល់សាច់ច្រើនសម្រាប់លក់។

ការសិក្សាឆ្នាំ 2019 បានកត់សម្គាល់ថា ប្រភេទសត្វធំគឺជាគោលដៅចម្បងសម្រាប់ការបរបាញ់ ជាពិសេសនៅក្នុងតំបន់ដែលមានផ្លូវដឹកជញ្ជូនល្អៗទៅកាន់ទីក្រុងធំៗ ដែលអាចលក់សាច់ព្រៃបាន។

ប៉ុន្តែសត្វទាំងនេះដើរតួនាទីយ៉ាងសំខាន់ នៅក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃឈើតំបន់ត្រូពិច ហើយការបាត់បង់ពួកវាអាចមានផលប៉ះពាល់ដល់សុខភាពព្រៃឈើ។​ នេះបើយោងតាមលោក Lim Jun Ying ជំនួយការសាស្ត្រាចារ្យ មកពីមន្ទីរពិសោធន៍បរិស្ថានវិទ្យានៃរុក្ខជាតិ ការវិវត្ត និងជីវភូមិសាស្ត្រ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី។

លោក Lim បាននិយាយថា « ក្រៅពីជួយបំបែកគ្រាប់ពូជ ប្រភេទសត្វសុីស្មៅធំៗ ដូចជាដំរី និងសត្វទន្សោង ក៏ជួយផ្លាស់ទីសារធាតុចិញ្ចឹមពាសពេញព្រៃ នៅពេលដែលវាទម្លាក់លាមកផងដែរ។ ការរំខានមួយចំនួនដែលពួកគេបង្កើតឡើង ដូចជាការជាន់ឈ្លី ឬប្រើប្រាស់រុក្ខជាតិ អាចបង្កើតជាបន្លែនៅជុំវិញព្រៃដុះផ្ទាល់ដី» ។

មន្ត្រីអនុរក្សសហគមន៍ ដើរល្បាតដែនជម្រកសត្វព្រៃភ្នំត្នោត ក្នុងខេត្តព្រះវិហារ។ ថតដោយ  Anton L. Delgado សម្រាប់ The Straits Times និង Southeast Asia Globe។​

ការសិក្សាស្រាវជ្រាវជាច្រើន បានព្យាយាមបង្កើតគំរូ ពីរបៀបដែលការបាត់បង់ប្រភេទសត្វដែលបំបែកគ្រាប់ពូជរុក្ខជាតិ អាចប៉ះពាល់ដល់សមត្ថភាព នៃព្រៃត្រូពិចក្នុងការស្រូបយកកាបូនឌីអុកស៊ីត (CO2) ដែល​បង្កកំដៅដល់ភពផែនដី។ តាមរយៈការធ្វើរស្មីសំយោគ ព្រៃឈើត្រូពិចទទួលយក CO2 ហើយជាមួយនឹងពន្លឺព្រះអាទិត្យ បំប្លែងកាបូនទៅជាជីវម៉ាស ដូចជាគល់ឈើជាដើម។ តាមរយៈការទាញកាបូនចេញពីបរិយាកាស ព្រៃឈើត្រូពិចគឺជាធាតុផ្សំដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ។

ប៉ុន្តែការបាត់បង់សត្វដោយសារអន្ទាក់ អាចប៉ះពាល់ដល់សមត្ថភាពរបស់ព្រៃឈើក្នុងការស្តុកទុកកាបូន។

ការសិក្សាឆ្នាំ 2019 បានមើលទៅលើគំរូ នៃការបាត់បង់ប្រភេទសត្វស៊ីផ្លែឈើធំៗ ដូចជា កេងកង និងសត្វជ្រូកពោន (Tapir) ដែលបានប៉ះពាល់ដល់ដីព្រៃ នៅក្នុងប្រទេសថៃ។ របាយការណ៍បានរកឃើញថា ដើមឈើពឹងផ្អែកលើការបំបែកគ្រាប់ពូជ ដោយប្រភេទសត្វដែលមានរាងកាយធំៗ​ ហើយសុីផ្លែឈើជាអាហារ ដែលមានចំនួនជិតមួយភាគបី នៃជីវម៉ាសកាបូនសរុប។ ការ​សិក្សាក៏​បាន​រក​ឃើញ​ថា ប្រសិន​បើ​បាត់​បង់​សត្វ​ព្រៃ ព្រៃ​នឹង​មិន​អាច​រក្សា​ទុក​កាបូនច្រើនដូចមុន​បាន​ឡើយ។

ប៉ុន្តែលោក Lim ក៏បានបន្ថែមថា ផលប៉ះពាល់នៃការបាត់បង់ប្រភេទសត្វដែលជួយបំបែកគ្រាប់ពូជ ទៅលើសមត្ថភាពផ្ទុកកាបូនរបស់ព្រៃឈើប្រែប្រួលទៅតាមករណី ដោយសារវាអាស្រ័យទៅលើកត្តាផ្សេងៗ រួមទាំងប្រភេទដើមឈើចម្បងនៅក្នុងតំបន់ និងអាកាសធាតុនៃតំបន់នោះ។ ភាពខុសគ្នាទាំងអស់នេះ ប៉ះពាល់ដល់ចំនួនកាបូនដែលព្រៃឈើអាចផ្ទុកបាន។

លោកបានបន្ថែមថា គេត្រូវការការសិក្សាបន្ថែមទៀតជាចាំបាច់ ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃការបាត់បង់សត្វព្រៃ ទៅលើការស្តុកទុកកាបូននៃព្រៃឈើ។ 

លោក Lim បាននិយាយថា វាអាចចំណាយពេលរាប់ទសវត្សរ៍ ទៅដល់ច្រើនសតវត្ស ក្នុងការមើលឃើញផលប៉ះពាល់នៃការបាត់បង់សត្វព្រៃ ដែលអាចបង្ហាញឱ្យឃើញពីសុខភាពព្រៃឈើ។

គាត់ក៏បន្ថែមថា «ការសិក្សាជាច្រើនបានរកឃើញការផ្លាស់ប្តូរនៃចំនួនដើមឈើ នៅដំណាក់កាលដំបូងនៃជីវិតរបស់ពួកគេ ដូចជានៅក្នុងលក្ខខណ្ឌ ឬដង់ស៊ីតេនៃគ្រាប់ពូជ ប៉ុន្តែវាមិនទាន់ច្បាស់ថាតើការផ្លាស់ប្តូរទាំងនេះ នឹងមានលទ្ធផលយ៉ាងដូចម្តេចនៅទីបំផុត» ។

ជាងនេះទៅទៀត គេនៅមិនទាន់ដឹងច្រើននៅឡើយអំពីសក្ដានុពលពេញលេញរបស់ព្រៃឈើ។

ខ្សែ​វីដេអូពី​កាមេរ៉ា​បង្កប់ សម្រាប់ថត​សត្វក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​របស់​កម្ពុជា។ វីដេអូផ្ដល់ដោយ BeTreed Adventures។​

«ខណៈពេលដែលប្រភេទសត្វជាច្រើននៅក្នុងសហគមន៍ព្រៃត្រូពិច គឺពឹងផ្អែកលើការបំបែកគ្រាប់ពូជដែល ធ្វើឡើងដោយសត្វទាំងនោះ យើងនៅតែមិនទាន់ដឹងច្បាស់ថាតើសត្វមួយណា បំបែករុក្ខជាតិណា»។ លោក បន្ថែម។ 

លោក Lim ក៏កំពុងស្រាវជ្រាវលើរឿងនេះ ដោយប្រើប្រាស់ការពិសោធន៍ធម្មជាតិ ដើម្បីពិនិត្យមើលឥទ្ធិពលរបស់ពូជមេហ្គាហ្វាណា (megafauna) ឬប្រភេទសត្វធំៗ ទៅលើរចនាសម្ព័ន្ធព្រៃឈើ និងកាបូន។

« ជាឧទាហរណ៍ ពូជមេហ្គាហ្វូនពុំមានវត្តមានស្មើៗគ្នាទេ នៅទូទាំងអាស៊ី។  ដូច្នេះគេអាចប្រៀបធៀបរចនាសម្ព័ន្ធព្រៃឈើ និងកាបូន នៅក្នុងតំបន់ដែលភាពចម្រុះនៃពូជមេហ្គាហ្វាណា មានកម្រិតខ្ពស់ ធៀបទៅនឹងតំបន់ដែលមិនមានវត្តមានពូជសត្វនេះ »។ លោក បានពន្យល់។ 

ឆ្ពោះទៅអនាគត

ពានិជ្ជកម្មសត្វព្រៃ ជាបណ្ដាញដ៏មានភាពស្មុគស្មាញ។ វាពាក់ព័ន្ធនឹងក្រុមជាច្រើន ដែលពឹងផ្អែកលើការចូលទៅកាន់ព្រៃឈើ និងសត្វក្នុងតំបន់ ដើម្បីតែការចិញ្ចឹមជីវិតរបស់ពួកគេ។ ប៉ុន្តែ​សម្រាប់​មនុស្ស​ជាច្រើន​ដែល​ពឹង​ផ្អែក​លើ​ព្រៃឈើ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍វិញ ការ​ប៉ះពាល់​នៃ​បាតុភូត «ព្រៃឥតសូរសព្ទ» មិនមានរូបភាពច្បាស់​លាស់​ទេ។

ធម្មជាតិបានទ្រទ្រង់សហគមន៍ជនបទជាច្រើន ដោយផ្តល់ឱ្យគ្រួសារដែលមានប្រាក់ចំណូលទាប នៅតាមជនបទដោយឥតគិតថ្លៃនូវប្រភពប្រូតេអ៊ីន និងសក្តានុពលសម្រាប់ចិញ្ចឹមជីវិត។

ប៉ុន្តែនៅពេលដែលអ្នករស់នៅក្នុងទីក្រុង បែរទារបន្ថែមនូវតម្រូវការសាច់សត្វព្រៃ ឬការចិញ្ចឹមសត្វកម្រ ដែលអ្នកខ្លះយល់ថាសត្វទាំងនោះជានិមិត្តសញ្ញានៃ «ទ្រព្យសម្បត្តិ និងកិត្យានុភាព» តម្រូវការ មានការកើនលើសពីអត្រាដែលសត្វអាចកកើតឡើងវិញបាន។

តម្រូវការសត្វព្រៃ និងសាច់សត្វព្រៃ តែងតែមានវត្តមាននៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលមើលឃើញថាជាភាពស្រេកឃ្លានជាទូទៅ នៅក្នុងទីក្រុងនានាទូទាំងអាស៊ីអាគ្នេយ៍។ ថតដោយ  Mark Cheong សម្រាប់ The Straits Times និង Southeast Asia Globe

លោក Michael Christie សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Aberystwyth ក្នុងប្រទេស Wales និងជាអ្នកឯកទេសខាងសេដ្ឋកិច្ចបរិស្ថាន និងអេកូឡូស៊ី បាននិយាយថា « បច្ចេកវិទ្យាថ្មីៗ និងការចូលទៅកាន់ទីផ្សារ អាចបើកឱកាសថ្មីសម្រាប់ការលក់សាច់សត្វព្រៃ ដែលនឹងបង្កើនប្រាក់ចំណូលសេដ្ឋកិច្ចក្នុងស្រុក ។ ប៉ុន្តែរូបភាពនេះ អាចបង្កផលអាក្រក់ដល់សេវាកម្មនៃប្រព័ន្ធអេកូឡូស៊ីផ្សេងទៀត»។

លោក Christie បានធ្វើជាប្រធាន នៃរបាយការណ៍ដែលបានបោះពុម្ពនៅខែកក្កដាឆ្នាំ 2022 ដោយក្រុមប្រឹក្សាវិទ្យាសាស្ត្រ របស់អង្គការសហប្រជាជាតិសម្រាប់ជីវចម្រុះ ឬហៅកាត់ថា Ipbes ដែលបានគូសបញ្ជាក់ពីវិធីជាច្រើន ដែលធម្មជាតិអាចវាយតម្លៃ។

របាយការណ៍ក៏បានរកឃើញថា ការអោយតម្លៃសេដ្ឋកិច្ចដ៏តូចចង្អៀតលើធនធានធម្មជាតិ និងការមើលរំលងតម្លៃមិនមែនទីផ្សារផ្សេងៗទៀត ក្នុងនោះរួមមានការរួមចំណែករបស់ធម្មជាតិចំពោះមនុស្សជាតិ ដូចជាការគ្រប់គ្រងអាកាសធាតុ គឺជាហេតុផលសំខាន់មួយនៅពីក្រោយការបាត់បង់ និងការខូចខាតដល់ប្រព័ន្ធអេកូឡូស៊ីរបស់ពិភពលោក។

លោកស្រី Ng វិញ ក៏បានកត់សម្គាល់ផងដែរថា មូលហេតុនៃការបរបាញ់សត្វព្រៃ អាចមានភាពចម្រុះ(ខុសគ្នា) នៅតាមបណ្តាប្រទេសនានា ហើយវាមានសារៈសំខាន់ណាស់ សម្រាប់អ្នកបង្កើតគោលនយោបាយ ក្នុងការធ្វើការជាមួយសហគមន៍មូលដ្ឋាន ដើម្បីយល់ពីហេតុផលនៃការបរបាញ់ទាំងនោះ។

« ប្រសិនបើមនុស្សកាន់តែច្រើនចូលរួមដាក់អន្ទាក់សត្វ ខ្ញុំប្រហែលចង់សួរថា តើពួកគេពីមុនមកធ្វើអ្វីខ្លះ ហើយមានអ្វីកើតឡើងដែលជំរុញពួកគេអោយផ្លាស់ប្តូរមកដាក់អន្ទាក់នេះ។ ប៉ុន្តែ​ប្រសិនបើ​បុគ្គល​ដដែលៗ​ដាក់​អន្ទាក់​រឹតតែច្រើន ប្រហែល​ជា​ ការ​ឈូស​ឆាយ​ព្រៃ​បានបង្ខំ​សត្វព្រៃ​ឱ្យ​ចូល​ទៅ​ក្នុង​ព្រៃ​តូចៗ ដែល​ធ្វើ​ឱ្យ​ពួកគេ​ងាយ​ស្រួល​ក្នុង​ការ​ដាក់​អន្ទាក់​»។ លោកស្រី បានបន្ថែម។ 

លោកស្រី ក៏​បាន​និយាយ​ថា​ «​អ្នក​ប្រើ​ប្រាស់​ក្នុង​ទីក្រុង​មាន​អំណាច​ ក្នុង​ការ​ធ្វើតំបន់ឆ្ងាយៗ មានសភាពកាន់តែអាក្រក់ ឬកាន់ប្រសើរឡើង​» ដោយ​ពន្យល់​ថា​ការ​គាំទ្រ​តម្រូវ​ការ​មួយចំនួនរបស់មនុស្ស ​ដូច​ជា​ការ​ចិញ្ចឹម​សត្វសុីស្មៅជាអាហារ សុទ្ធតែអាច​មាន​ផល​វិបាក។

លោកស្រី បាន​បន្ថែម «​អ្វី​ដែល​យើង​ទទួលបាន់​គឺ​វាលស្មៅ​ជាមួយសត្វ​ពពែ ប៉ុន្តែ​គ្មានទេ​សត្វ​ស្លាប​ព្រៃ​»​។

ឈួន ភិរម្យ ធ្លាប់បានដើរកាត់ដែនជម្រកសត្វព្រៃភ្នំត្នោតជាលើកដំបូង ក្នុងនាមជាអ្នកប្រម៉ាញ់។ ឥឡូវ​គាត់​ដើរ​ល្បាត​តំបន់​ការពារ​ ក្នុង​ខេត្ត​ព្រះវិហារ​ ​ក្នុង​នាម​ជា​អនុរក្ស​សហគមន៍​ ការពារ​សត្វព្រៃ​ពី​អ្នក​បរបាញ់។ ថតដោយ Anton L. Delgado សម្រាប់ The Straits Times និង Southeast Asia Globe

សម្លេងមែកឈើប៉ះគ្នា លាន់លឺក្នុងព្រៃដ៏ស្ងប់ស្ងាត់ ខណៈ​លោក ឈួន ភិរម្យ មន្ត្រី​អនុរក្ស​សហគមន៍​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​នៃ​ប្រទេស​កម្ពុជា បាន​ដើរ​ថយក្រោយ​យ៉ាង​ប្រយ័ត្នប្រយែង​ ពី​អន្ទាក់​ដែល​គាត់​បាន​ប្រទះឃើញ​នៅពេល​ល្បាត​។

គាត់​គ្រោង​ទុក​អន្ទាក់​នេះ ​ជា​នុយ​សម្រាប់​ចាប់អ្នក​ប្រមាញ់។

ភិរម្យ បាននិយាយថា ការចាប់ខ្លួនពួកគេ គឺជាមធ្យោបាយតែមួយគត់ដើម្បីផ្លាស់ប្តូរអាកប្បកិរិយា។ នេះជាជំនឿផ្ទាល់ខ្លួនរបស់លោក ដែលកើតចេញពីបទពិសោធន៍ផ្ទាល់ខ្លួន។ ក្រោយ​ពី​ចាប់​បាន និង​ផាក​ពិន័យ​ពី​បទ​ជាប់​អន្ទាក់ ភិរម្យ​បាន​ប្តូរ​ពី​អ្នក​ប្រមាញ់​ខុស​ច្បាប់​ទៅ​ជា​អនុរក្សនៅ BeTreed Adventure។ បេសកកម្មថ្មីរបស់គាត់ គឺដើម្បីការពារព្រៃឈើ និងការពារសត្វព្រៃ  ដែលពីមុន គាត់ធ្លាប់ចេញដើម្បីតែចាប់។

លោកបាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​នឹង​មាន​អារម្មណ៍​សប្បាយ​រីករាយ​ណាស់ ប្រសិន​បើ​ព្រៃ​ឈើ​ត្រូវ​បាន​គេ​ទុក​ឲ្យ​នៅបានខ្ពស់។ ខ្ញុំ​គិត​ថា​ការ​មាន​សត្វ​ព្រៃ​ច្រើន​គឺ​ជារឿងល្អ»៕

រាយការណ៍បន្ថែមដោយ៖ ឡាយ សុផាន់ណា

អត្ថបទ​នេះ​ត្រូវ​បាន​ផលិត​ឡើង ​ដោយមានការ​សហការ​ជាមួយ The Straits Times រួមទាំងការជួយជ្រោមជ្រែងពី The Pulitzer Center’s Rainforest Journalism Fund និង Rainforest Investigation Network។ អត្ថបទដើម ជាភាសាអ​ង់គ្លេសត្រូវបានផ្សព្វផ្សាយ​នៅលើគេហទំព័រសារព័ត៌មាន  Southeast Asia Globe



Read more articles