LINES OF THOUGHT ACROSS SOUTHEAST ASIA

បកប្រែដោយ៖ ឡាយ សុ​ផាន់​ណា

ផ្សែងហុយទ្រលោមចេញមកពីក្រោយគ្រឿងចក្រជាច្រើនគ្រឿង កំពុងឈូសកម្ទេចកម្ទីឈើនៅតំបន់ព្រៃអភិរក្ស ក្រោយទទួលបញ្ជាទើបតែប៉ុន្មានថ្ងៃមុននេះ។

គំនរឈើដ៏ច្រើនបានផ្តល់ភាពងាយស្រួលដល់អ្នកមីង កឹម ឃីម ក្នុងការកាប់យកទៅធ្វើរបង និងសម្រាប់ធ្វើអុសប្រើប្រាស់។ ជាមួយនឹងការប្រើប្រាស់កាំបិតផ្គាក់សម្រាប់កាប់ឈើងាប់អស់ទាំងនេះ គាត់សង្ឃឹមថានឹងគ្រាន់បានយកទៅផ្ទះ នៅជិតនេះ។

អ្នកស្រុករាប់រយនាក់ រួមទាំងសកម្មភាពរបស់គ្រឿងចក្រជាច្រើនគ្រឿង  បានជួយឈូសឆាយដីសម្រាប់ការដាំកូនឈើឡើងវិញយ៉ាងរហ័ស។ នៅចុងបញ្ចប់នៃថ្ងៃដំបូង មានកូនឈើប្រណិតរាប់ពាន់ដើមទើបនឹងត្រូវបានគេដាំថ្មីៗ។

យុទ្ធនាការដាំកូនឈើឡើងវិញ បានចាប់ផ្តើមក្រោយពីមានការឈូសឆាយព្រៃ ដែលស្ថិតនៅតំបន់ភ្នំតាម៉ៅ ក្នុងប្រទេសកម្ពុជា។ នៅមុននេះតែប៉ុន្មានថ្ងៃប៉ុណ្ណោះ តំបន់ព្រៃនេះ ត្រូវបានកំណត់ឲ្យប្រែក្លាយទៅជាទីក្រុងរណបមួយ។ ប៉ុន្តែគម្រោងនេះ ទទួលរងការរិះគន់យ៉ាងចាស់ដៃនៅលើបណ្ដាញសង្គម រហូតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាឲ្យបញ្ឈប់សកម្មភាពឈូសឆាយ។

ព្រៃនៅភ្នំតាម៉ៅត្រូវបានកាប់ឆ្ការសម្រាប់គម្រោងអភិវឌ្ឍន៍នៅភ្នំតាម៉ៅ ដែលជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ និងជាជម្រករបស់សត្វជិតផុតពូជ។ ផ្នែកជាច្រើននៃព្រៃនេះត្រូវបានធ្វើឯកជនភាវូបនីយកម្មដោយឧកញ៉ាដ៏មានឥទ្ធិពលម្នាក់។ នៅថ្ងៃទី ៧ សីហា ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យផ្អាកការឈូសឆាយ។ រូបថតខាងក្រោម គឺជាសកម្មភាពប្រជាជនប្រមូលឈើ ដែលនូវសេសសល់យកមកធ្វើអុស។ រូបថត៖ Andy Ball for Southeast Asia Globe

លោក នីក ម៉ាក (Nick Marx) នាយក​កម្មវិធី​សង្គ្រោះ និង​ថែទាំ​សត្វ​ព្រៃ​ នៃ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ (Wildlife Alliance)  បាននិយាយថា៖ “វាគឺជាការជួយជ្រោមជ្រែងពីសាធារណជន និងជាការអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ដែលបានសង្គ្រោះព្រៃភ្នំតាម៉ៅ”។ 

“ខ្ញុំមិនអាចនិយាយបានទេថា តើសកម្មភាពបែបនេះ កើតមាននៅកន្លែងផ្សេងទៀតក្នុងប្រទេស រឺមួយក៏អត់ទេ”។ 

ក្រុមហ៊ុនអភិវឌ្ឍ និងក្រសួងដែលពាក់ព័ន្ធក្នុងរឿងដោះដូរដីធ្លី ពេលនេះកំពុងទទួលបានកោតសរសើរទាក់ទងនឹងការសង្គ្រោះព្រៃ ដែលនៅសេសសល់ និងការផ្តល់ប្រាក់ដាំកូនឈើឡើងវិញលើដីព្រៃអភិរក្សនេះ ថ្វីបើការដោះដូរនេះ ប្រែប្រួលភ្លាមៗ ក្រោយមានបញ្ជាពីនាយករដ្ឋមន្ត្រី។

អ្នកជំនាញបារម្ភអំពីការដាំកូនឈើ ដែលមានលក្ខណៈប្រញាប់ប្រញាល់បែបនេះ នឹងមិនអាចជួយឲ្យប្រព័ន្ធអេកូឡូស៊ី វិលមកដូចសភាពវិញបាននោះទេ ដែលកាលពីមុនធ្លាប់ជាព្រៃព័ទ្ធជុំវិញមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ និងធ្លាប់ជាកន្លែងសត្វព្រៃត្រូវបានគេដោះលែង។ 

ប៉ុន្តែ បន្ទាប់ពីគម្រោងអភិវឌ្ឍដីព្រៃមានការផ្លាស់ប្តូរភ្លាមៗបែបនេះ វាបានធ្វើឲ្យក្រុមសកម្មជន ក្រុមអ្នកអភិរក្ស និងក្រុមអ្នកវិភាគនយោបាយមានការចម្លែកចិត្តផងដែរ ទាក់ទិននឹងករណីព្រៃភ្នំតាម៉ៅនេះ។ 

ក្រុមអ្នកសុទិដ្ឋិនិយមសង្ឃឹមថា ការឆ្លើយតបរបស់នាយករដ្ឋមន្ត្រី គឺជាការសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តជាថ្មីរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិឲ្យមាននិរន្តរភាព។ ក្រុមអ្នកការនិយមស្ទង់ស្ទាបថា នេះគឺជាករណីសិក្សាអំពីកិច្ចការពារព្រៃឈើមួយ ដែលនិយាយពីភាពចាំបាច់នៃការគាំទ្រលើបណ្តាញសង្គមដើម្បីរការពារតំបន់អភិរក្សជាច្រើនផ្សេងទៀត។ ក្រុមអ្នកមជ្ឈធាតុនិយមវិញជឿថា សកម្មភាពរបស់រដ្ឋាភិបាល គឺជាឆាកល្ខោន ជាពិសេសដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោតថ្នាក់ជាតិ នៅពេលខាងមុខនា ខែកក្កដា ឆ្នាំ ២០២៣។

ប្រតិកម្មមិនគាំទ្រនៅភ្នំតាម៉ៅ

មានការជជែកវែកញែកតាំងតែពីដើមមកម៉្លេះ អំពីរឿងដោះដូរដីព្រៃនេះ។ ក្រុមហ៊ុនអភិវឌ្ឍ និងមន្ត្រីរដ្ឋាភិបាល នូវតែមិនបានបកស្រាយ អំពីគោលបំណងប្រើប្រាស់ដីព្រៃអភិរក្សនេះ។

ប៉ុន្តែមានឯកសារលេចធ្លាយ ដែលលាយឡំនឹងការបង្ហោះលើបណ្តាញសង្គម និងការផ្លាកប៉ាណូផ្សាយ​ពាណិជ្ជកម្ម បានបង្ហាញពីគម្រោងសាងសង់ទីក្រុងរណបថ្មី នៅជិតព្រលានយន្តហោះអន្តរជាតិថ្មីរបស់កម្ពុជា ដែលនឹងសាងសង់រួចរាល់នៅឆ្នាំ​ ២០២៣ នឹងតភ្ជាប់ទៅភ្នំពេញតាមផ្លូវជាតិ ដែលទើបនឹងជួសជុលរួចរាល់ថ្មីៗនេះ ចម្ងាយត្រឹមតែ ៤០ គីឡូម៉ែត្រ ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រុមអភិរក្សជាច្រើន​ រួមមាន អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna & Flora International) និងអង្គការ Free the Bears បានបង្ហាញនូវការព្រួយបារម្ភ អំពីអនាគតសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ដែលរាំងស្ទះដល់ការអភិវឌ្ឍ។ អង្គការទាំងនេះ ក៏ខ្វាយខ្វល់អំពីសុខុមាលភាពរបស់សត្វសង្គ្រោះជាច្រើន ដែលត្រូវបានគេដោះលែងចូលទៅក្នុងព្រៃវិញក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។

ទោះបីជាមានការជំទាស់នឹងគម្រោងអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ក៏ការកាប់ឆ្ការព្រៃទ្រង់ទ្រាយតូច បានចាប់ផ្តើមដំបូងនៅថ្ងៃទី ៣១ ខែ កក្កដា។ នេះបើយោងតាមការសន្និដ្ឋានដោយប្រៀបធៀបរវាងរូបភាព ថតដោយផ្កាយរណប និងរូបភាពដែលថតផ្ទាល់ពីព្រៃដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅតំបន់នោះ។។ ប៉ុន្មានថ្ងៃក្រោយមក គេឃើញមានសកម្មភាពឈូសឆាយដីព្រៃក្នុងសំទុះយ៉ាងលឿន អស់ប្រមាណ ៦០០ ហិកតា ដោយចំណាយត្រឹមតែមួយសប្តាហ៍ដំបូងនៃខែ សីហា។ 

ល្បឿន និងទ្រង់ទ្រាយនៃការកាប់ឆ្ការព្រៃនេះ បានបង្កឲ្យមានការឆ្លើយតបដ៏គួរឲ្យភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម។ វីដេអូបង្ហាញពីដីវាលរហោស្ថាន ត្រូវបានគេបង្ហោះ ដោយភ្ជាប់ជាមួយ hashtags ដូចជាពាក្យ #សង្គ្រោះភ្នំតាម៉ៅ #SavePhnomTamao បានផ្សព្វផ្សាយទៅដល់អ្នកប្រើប្រាស់បណ្តាញសង្គមរាប់ពាន់នាក់នៅថ្ងៃដំបូង។ 

រដ្ឋបាលព្រៃឈើ នៃ​ក្រសួង​កសិកម្ម​ រុក្ខប្រមាញ់​ និង​នេសាទ ដែលគ្រប់គ្រងព្រៃនៅតំបន់ភ្នំតាម៉ៅ  បានធ្វើឲ្យមហាជនដែលប្រើប្រាស់បណ្តាញសង្គមមានប្រតិកម្មកាន់តែខ្លាំង ដោយសារតែ​ស្ថាប័ន​នេះ​បាន​ចេញ សេចក្តីថ្លែងការគាំទ្រលើគម្រោង​អភិវឌ្ឍ​នោះ ដោយអះអាងថា មិនមាន សត្វជិតផុតពូជនៅក្នុងព្រៃ​នេះ​ទេ  ហើយបន្ថែមថាសត្វព្រៃនោះបានបង្កភាពរំខានដល់ប្រជាកសិករ។ ការអះអាងនោះ ត្រូវបានលោក ម៉ាក្ស និងព្រះសង្ឃនៅវត្តថ្មអន្ទង ស្ថិតនៅតំបន់ដីព្រៃខាងលើ បាននិយាយចំៗថា ការលើកឡើងរបស់ក្រសួងមិនមែនជាការពិតទេ។

មួយថ្ងៃក្រោយពីនាយករដ្ឋមន្ត្រីចេញបញ្ជាឲ្យផ្អាកសកម្មភាពឈូសឆាយ ព្រះសង្ឃបានប្រមូលឈើពីព្រៃដែលគេឈូស ទុកសម្រាប់ប្រើប្រាស់។ Photo by Andy Ball for Southeast Asia Globe

ប្រធានរដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស្ស (Keo Omaliss) មិនបានធ្វើការឆ្លើយតប ទៅនឹងសំណើរជាច្រើនដង ដើម្បីទទួលបានការបំភ្លឺអំពីរឿងនេះ។ រីឯលោក ញឹក រតនៈពេជ្រ ជាប្រធាន​ឧទ្យាន​សួនសត្វនិងជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ​ភ្នំតាម៉ៅ បានបដិសេធក្នុងការផ្តល់មតិ។

មិនដល់មួយសប្តាហ៍ផង បន្ទាប់ពីសកម្មភាពឈូសឆាយបានចាប់ផ្តើម ហើយក៏មានការចែករំលែក មានការបញ្ចេញមតិលើបណ្តាញសង្គម និងមានអត្ថបទចុះផ្សាយយ៉ាងព្រោងព្រាត ពាក់ព័ន្ធនឹងរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការបង្ហោះលើបណ្តាញសង្គម ឲ្យមានការបញ្ឈប់កសកម្មភាពឈូសឆាយ ខណៈដែលការដោះដូរដីព្រៃសម្រាប់ការអភិវឌ្ឍនោះ ដើមឡើយចេញពីទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានបើកភ្លើងខៀវ។

ការបង្ហោះលើបណ្តាញសង្គមរបស់នាយករដ្ឋមន្ត្រី បានក្លាយទៅជាចំណាត់ការ ដែលផ្អាកការដោះដូរដី និងរំសាយចោលលិខិតអនុញ្ញាតឲ្យមានការអភិវឌ្ឍតំបន់អភិរក្សនេះ បានយ៉ាងមានប្រសិទ្ធភាព។ សេចក្តីបង្គាប់របស់នាយករដ្ឋមន្ត្រី បានប្រគល់សិទ្ធិកាន់កាប់ដីទៅឲ្យខាងក្រសួង ជាមួយនឹងការណែនាំឲ្យការពារព្រៃជុំវិញសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ។

លោក ហ៊ុន សែន បានបង្គាប់ឲ្យក្រុមហ៊ុនបញ្ឈប់សកម្មភាព ព្រមទាំងឲ្យធ្វើការដាំកូនឈើឡើងវិញ នៅតំបន់ដែលត្រូវបានឈូសឆាយ។ លោកបានបង្ហោះសារថា “មានសំណូមពរជាច្រើនមកកាន់រាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃ” និងបានថ្លែងអំណរគុណដល់អ្នកដែលបានចូលរួមផ្តល់ “យោបល់ប្រកបដោយការស្ថាបនា”។ 

សារបង្ហោះអនឡាញរបស់នាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ថា ការបញ្ជាផ្ទាល់នេះ នឹងចូលជាធរមានរយៈពេលប៉ុន្មានថ្ងៃនោះទេ។ ទន្ទឹមនឹងនេះដែរ លោក ម៉ាក្ស បានមើលឃើញថា គ្មានឯកសារផ្លូវការណាមួយផ្សេង ក្រៅពីសារបង្ហោះរបស់នាយករដ្ឋមន្ត្រីនោះទេ ប៉ុន្តែគាត់បាននិយាយយ៉ាងជឿជាក់ថា “ព្រៃនៅភ្នំតាម៉ៅពេលនេះមានសុវត្ថិភាពហើយ”។

ម៉ាក្ស បាននិយាយថា៖ “អារម្មណ៍របស់សាធារណជនពិតជាខ្លាំង ដែលធ្វើឲ្យនាយករដ្ឋមន្ត្រីចេញអន្តរាគមន៍សង្គ្រោះព្រៃនេះ” នៅក្នុងវីដេអូ ដែលលោកអង្វរឲ្យមានការសង្គ្រោះភ្នំតាម៉ៅ មានចំនួនទស្សនាជាច្រើន​ម៉ឺន​ដង។ ឃ្លីបវីដេអូនេះ ក្រោយមកត្រូវបានលុបចេញពីហ្វេសប៊ុកផេចរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហើយត្រូវបានជំនួសវិញដោយការបង្ហោះវីដេអូថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រី និងសាធារណជនក្នុងការសង្គ្រោះសត្វព្រៃជំនួសវិញ។

ព្រះមហាក្សត្រ ព្រះនរោត្តម សីហមុនី ទ្រង់បានឡាយព្រហស្ថលើព្រះរាជក្រឹត្យនៅថ្ងៃ ១៩ ខែ សីហា ស្តីពីការការពារព្រៃនៅភ្នំតាម៉ៅ។ ព្រះរាជក្រឹត្យនេះបានត្រាស់បង្គាប់ឲ្យមាននូវការការពារព្រៃ ដែលនូវសេសសល់ ជាជម្រកសត្វព្រៃ និងប្រសិទ្ធនាមតំបន់ព្រៃឈូសឆាយ ដែលត្រូវបានដាំដើមឈើឡើងវិញ ជា “តំបន់សួនភូតគាម” ព្រមទាំងរក្សាតំបន់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃ។ 

អ្នកមីង កឹម ឃីម ជាអ្នករស់នៅភូមិកណ្តឹងតូច ដែលស្ថិតនៅជាប់ភ្នំតាម៉ៅតាំងពីគាត់ក្មេងមក បាននិយាយថា គាត់មិនធ្លាប់ឃើញការអភិវឌ្ឍបែបនេះពីមុនមកទេ។ 

អ្នកមីង កឹម ឃីម បាននិយាយថា៖ “ខ្ញុំសង្ឃឹមថា គេនឹងមិនឈូសឆាយដីនេះទៀតចុះ”។ ខ្ញុំធូរទ្រូងណាស់ ដែលគម្រោងឈូសឆាយនេះបានបញ្ចប់ត្រឹមហ្នឹង មុនពេលផ្នែកផ្សេងនៃព្រៃនេះ ត្រូវបានបាត់បង់។ ខ្ញុំឃើញការដាំកូនឈើចាប់ផ្តើម​អញ្ចឹង ខ្ញុំសង្ឃឹមថានឹងឃើញដើមឈើអស់ទាំងនោះធំ ទោះបីជាយូរក៏ពិតមែន”។ 

ដូចទៅនឹងអ្នករស់នៅក្នុងភូមិដែរ អ្នកមីង ឃីម បានចំណាយពេលប៉ុន្មានថ្ងៃនេះ ប្រមូលអុសនៅព្រៃដែលគេកាប់ឆ្ការ បន្ទាប់ពីការអភិវឌ្ឍនេះត្រូវបានបញ្ឈប់។ 

អ្នកមីងបានបន្តថា៖ “គេឈូសព្រៃម្តុំនេះអស់ហើយ អញ្ចឹងពួកខ្ញុំមានតែយកឈើងាប់អស់ទាំងនេះ”។

អ្នកមីង កឹម ឃីម ជារស់នៅក្នុងភូមិកណ្តឹងតូច ដែលស្ថិតនៅជាប់ភ្នំតាម៉ៅនេះតាំងពីតូច កំពុងតែប្រមូលឈើទុកសម្រាប់ធ្វើអុស ដែលសេសសល់ពីការឈូសឆាយ។ ថតដោយ៖ Andy Ball and Anton L. Delgado for Southeast Asia Globe

លោក លី ចាន់ដារ៉ាវុធ ជាសកម្មជនមាតាធម្មជាតិកម្ពុជា (Mother Nature Cambodia) ដែលបានជួយធ្ធើសកម្មភាព និងធ្វើយុទ្ធនាការលើបណ្តាញសង្គម ដើម្បីការពារព្រៃ បានទទួលស្គាល់ ពីឥទ្ធិលពលនៃយុទ្ធនាការរបស់សកម្មជន អត្ថបទព័ត៌មាន និងការបញ្ចេញមតិលើបណ្តាញសង្គម ព្រមទាំងបានកត់សម្គាល់ពីកត្តាដ៏សំខាន់មួយផ្សេងទៀតផងដែរ។

លោក រ៉ាវុធ បាននិយាយថា៖ “កម្ពុជាមានការបោះឆ្នោតជាតិនៅឆ្នាំ ២០២៣ ហើយវាដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តការពារព្រៃឈើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្តារប្រជាប្រិយភាពរបស់បក្សកាន់អំណាច”។

លោក សម សឿន ជាអ្នកវិភាគនយោបាយនៅវិទ្យាស្ថានរាជបណ្ឌិត្យសភាកម្ពុជា បានឯកភាពថា ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីបាននាំយក  “មុខមាត់ល្អ” ដល់គណបក្សប្រជាជនកម្ពុជា ជាពិសេសពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសកម្ពុជា។

លោក សឿន បាននិយាយថា៖ “ប្រទេសកម្ពុជាយើងមានយុវជនជាច្រើន ហើយពួកគេស្ទើតែទាំងអស់ជាអ្នកប្រើបណ្តាញសង្គម”។ បណ្តាញសង្គមមានឥទ្ធិពលណាស់ ព្រោះវាជាកន្លែង (វេទិកា) មួយដែលប្រជាជនទទួលបានព័ត៌មាន ហើយក៏ជាកន្លែងដែលមានទាំងរឿងល្អ និងរឿងអាក្រក់ផងដែរ”។ 

ដោយកម្ពុជាមានប្រជាជនអាយុជាមធ្យម ស្ថិតក្នុងវ័យ២០ឆ្នាំប្លាយ លោក សឿន បាននិយាយថា៖ “វាពិតជាមានសារៈសំខាន់ដល់់គណបក្សកាន់អំណាច និងគណបក្សនយោបាយផ្សេងទៀតណាស់ ដើម្បីស្វែងរកការគាំទ្រពីយុវជនជំនាន់ក្រោយ និងការគាំទ្រពីបណ្តាញសង្គម”។

លោកស្រី ចក់ សុភាព ជានាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរីករាយស្វាគមន៍ “ជ័យជម្នះដ៏តូចមួយនេះ” ប៉ុន្តែក៏ខ្លាចថា “ការអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រីមានតែមួយលើក” ដែលធ្វើឡើងដោយសារតែមានការមតិជំទាស់ពីសាធារណជន ជាជាងការស្តែងចេញពីការផ្លាស់ប្តូរនៃអាទិភាពរបស់រដ្ឋាភិបាល។ 

លោក ចាន់ ឌី និងកម្មករជាច្រើននាក់ទៀតមកពីក្រុមហ៊ុនម៉ុងឬទ្ធី កំពុងធ្វើការដាំកូនឈើនៅតំបន់ដែលឈូសឆាយនៅព្រៃភ្នំតាម៉ៅ។ តាមរបាយការណ៍ថា នៅចុងថ្ងៃដំបូងនៃការដាំកូនឈើឡើងវិញ មានកូនឈើច្រើនជាង ៧ ពាន់ដើមត្រូវបានគេដាំ។ Photos by Anton L. Delgado for Southeast Asia Globe


ចំណាត់ការឲ្យមានការដាំកូនឈើឡើងវិញនៅតំបន់នេះ ត្រូវបានបង្ហោះលើបណ្តាញសង្គមនៅវេលាម៉ោង ១០ព្រឹក ថ្ងៃអាទិត្យ។ នៅថ្ងៃបន្ទាប់ ម៉ោង ៨ ព្រឹក សកម្មភាពដាំកូនឈើត្រូវបានចាប់ផ្តើម។

ការលើកឡើងដំបូងបង្អស់ អំពីការដាំកូនឈើឡើងវិញនេះ បានធ្វើឡើងដោយលោក ឡេង ណាវ៉ាត្រា ជាអ្នកជំនួញស្តុកស្តម្ភម្នាក់ និងជាម្ចាស់ក្រុមហ៊ុនអភិវឌ្ឍដែលធ្វើការឈូសឆាយព្រៃនេះ។ បន្ទាប់ពីនាយករដ្ឋមន្ត្រីបានបង្ហោះបញ្ជារលើបណ្តាញសង្គម មិនដល់​ ១៥ នាទីផង អ្នកឧកញ៉ារូបនេះបានអំពាវនាវលើបណ្តាញសង្គមរបស់ខ្លួនឲ្យ “អ្នកស្រលាញ់ដើមឈើ” ចូលរួមដាំដើមកូនឈើជាមួយលោកនៅភ្នំតាម៉ៅ។ ប៉ុន្តែថ្មីៗនេះ សំណៅដើម​នៃ​សារបង្ហោះនោះត្រូវបានកែប្រែ  ដោយលុបចោលរាល់​ពាក្យលើកឡើងអំពីការដាំកូនឈើឡើងវិញ។ 

មុនពេលឈានទៅដល់ការដាំកូនឈើរបស់អ្នកឧកញ៉ា មានការប្រើ hashtag #ឈប់គាំទ្ររាល់អាជីវកម្មឡេងណាវ៉ាត្រា  #BoycottNavatra បានលេចឡើងលើបណ្តាញសង្គម ដែលបានបង្ហាញពីការមិនពេញចិត្តរបស់សាធារណជន។ 

បើយោងតាមការបញ្ជាក់របស់រដ្ឋបាលព្រៃឈើ ជាច្រើនខែមុនមានសកម្មភាពកាប់ឆ្ការព្រៃ អ្នកឧកញ៉ារូបនេះ ដែលជាម្ចាស់ទីក្រុងរណប ឆាយណាប៉ោយប៉ែត ស៊ែថឹឡាយថ៍ ស៊ីធី​ (China Poipet Satellite City) ដែលស្ថិតនៅក្រុងប៉ោយប៉ែត និងជាម្ចាស់ក្រុមហ៊ុន ឡេងណាវ៉ាត្រាគ្រុប បានជួបជាមួយនឹងមន្ត្រីមូលដ្ឋាន ដើម្បីធ្វើការបញ្ចប់ការវាស់វែងដីព្រៃរបស់លោក។

ចាប់តាំងពីមានការបង្គាប់ឲ្យស្តារឡើងវិញនូវកិច្ចការពារព្រៃឈើ អ្នកឧកញ៉ាបានប្តេជ្ញាបរិច្ចាកកូនឈើប្រហែលមួយពាន់ដើម សម្រាប់ដាំនៅព្រៃ ដែលគ្រឿងចក្របានឈូសឆាយ។ 

លោក លី ចាន់ដារ៉ាវុធ បាននិយាយថា៖ “ប្រសិនបើពួកគាត់មានចិត្តស្រលាញ់ព្រៃនេះ និងចង់ទុកព្រៃនេះឲ្យដូចដើម ពួកគាត់មិនគួរកាប់ឆ្ការព្រៃនេះទេ”។ 

“ប្រជាជនបានជំទាស់ទៅនឹងការដោះដូរដីនេះ ចាប់តាំងពីពេលដែលសេចក្តីប្រកាសចេញមកម៉្លេះ។ ពួកគាត់គួរតែពិភាក្សាជាមួយអង្គការសង្គមស៊ីវិល ក៏ដូចជាប្រជាជន ហើយពួកគាត់គួរតែស្តាប់តាមមតិសាធារណៈ”។

លោកនាយករដ្ឋមន្ត្រីបានអនុញ្ញាតឲ្យអ្នកឧកញ៉ា ម៉ុង ឬទ្ធី ដឹកនាំយុទ្ធនាការដាំកូនឈើឡើងវិញនេះ។ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានមានប្រសាសន៍ថា លោកគ្រោងនឹងដាំកូនឈើលើដី ៥០០ ហិកតានេះ។

បុគ្គលិកមកពីក្រុមហ៊ុន ម៉ុងឬទ្ធីគ្រុប បានបញ្ជាក់ច្បាស់អំពីប្រភេទកូនឈើដែលបានដាំថា នេះគឺជាប្រភេទឈើប្រណិតដូចជា ដើមក្រញូង ដើមបេង និងដើមធ្នង់។ 

បន្ទាប់ពីថ្ងៃដំបូងនៃការដាំកូនឈើត្រូវបានបញ្ចប់ មានសេចក្តីរាយការណ៍ដោយអះអាងថា កូនឈើច្រើនជាង ៧ ពាន់ដើមត្រូវបានដាំ។ 

លោក គីម សុបិន្ត ជាអង្គនាយករងនៃនាយកដ្ឋានអភិវឌ្ឍចម្ការព្រៃដាំ និងព្រៃឯកជន ដែលជាចំណុះរបស់រដ្ឋបាលព្រៃឈើ បានបដិសេធក្នុងការផ្តល់មតិ និងបានបញ្ជាក់ថា លោកមិនមានសិទ្ធិឆ្លើយតបទៅសំណួរទាក់ទងនឹងប្រធានបទដ៏រសើបនេះទេ។ លោកបានគូសបញ្ជាក់ថា ថ្មីៗនេះនាយកដ្ឋានរបស់លោកមិនមានពាក់ព័ន្ធនឹងបញ្ហានៅភ្នំតាម៉ៅទេ។ 

មិនដល់ពីរសប្តាហ៍ផង បន្ទាប់ពីការដាំកូនឈើបានចាប់ផ្តើម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះលើបណ្តាញសង្គម ហ្វេសប៊ុក ដោយបានបញ្ជាកងអង្គរក្សផ្ទាល់ខ្លួនរបស់លោក ចំនួនជិត ១០០០ នាក់ ឲ្យជួយសម្អាតដីព្រៃ និងរៀបចំដីសម្រាប់ដាំកូនឈើ។ 

បើយោងតាមអង្គការសិទ្ធិមនុស្ស លីកាដូ (LICADHO) សារសម្លេងពិសេស មានរយៈពេលជិត ៧ នាទី ត្រូវបានបញ្ចេញបន្ទាប់ពីសកម្មជន ៤ នាក់ និងអ្នកសារព័ត៌មានចំនួន ៥ នាក់ ត្រូវបានឃាត់ខ្លួននៅព្រៃភ្នំតាម៉ៅ ដោយសមាជិកកងអង្គរក្ស។

នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា លោក ហ៊ុន សែន បានចេញបញ្ជានាម៉ោង ១០ ព្រឹក ថ្ងៃអាទិត្យ ឲ្យមានការដាំកូនឈើឡើងវិញនៅតំបន់ភ្នំតាម៉ៅ ជាដីព្រៃដែលបានឈូសឆាយ។ មួយថ្ងៃក្រោយមក នៅម៉ោង ៨ ព្រឹក ការដាំកូនឈើបានចាប់ផ្តើម។ Photos by Anton L. Delgado for Southeast Asia Globe

លោក ស្ទេហ្វិន អុីលាត (Stephen Elliott) ជាសហស្ថាបនិក និងជានាយកស្រាវជ្រាវនៃក្រុមសិក្សាស្រាវជ្រាវការស្តារព្រៃឈើ របស់សាកលវិទ្យាល័យឈៀងម៉ៃ បាននិយាយថា៖ “ការដាំដើមឈើឡើងវិញ គឺជាពាក្យដែលមានន័យទូលាយណាស់ ទាក់ទងនឹងការស្តារព្រៃឈើឡើងវិញ ប៉ុន្តែមិនមែនមានន័យថា វាគឺជាការស្តារនៅអូកូឡូស៊ីរបស់ព្រៃទេ។ ប្រសិនបើយើងពិតជាចង់ស្តារព្រៃនេះឲ្យដូចទៅនឹងសភាពដើមមែន វាចំណាយពេលច្រើនណាស់ មិនមែនគ្រាន់តែយកដើមឈើមកញាត់ជិតគ្នានោះទេ”។ 

នៅភ្នំតាម៉ៅ ការដាំកូនឈើដ៏រហ័ស បូករួមនឹងអាកាសធាតុ ភាពចម្រុះនៃប្រភេទឈើ ចំនួនកូនឈើដែលគេបានដាំ និងគម្លាតរវាងដើមឈើ មានលក្ខណៈខុសពីបទពិសោធន៍ជិត ៣០ ឆ្នាំរបស់លោក ក្នុងការស្តារព្រៃឈើនៅក្នុងតំបន់។

លោក អុីលាត បានទស្សន៍ទាយថា កូនឈើពាក់កណ្តាលនឹងងាប់នៅខែ មីនា ឆ្នាំក្រោយ។ 

លោក អុីលាត បានពន្យល់ថា កូនឈើត្រូវការទឹក និងពេលវេលាដើម្បីលូតលាស់ មុនពេលរដូវប្រាំង ក្តៅរាំងឬសមកដល់។ គាត់បានបន្ថែមថា “រឿងលំបាកបំផុត គឺត្រូវធ្វើយ៉ាងណាឆ្លងឲ្យផុតរដូវក្តៅដំបូងបង្អស់”។ ការដាំកូនឈើក្នុងខែសីហា គឺយឺតពេលទៅហើយ។ 

ភ្នំតាម៉ៅ គឺជាព្រៃរបោះដែលជ្រុះស្លឹកម្តងក្នុងមួយឆ្នាំ (dipterocarp forest) និងជាប្រភេទព្រៃ ដែលសំបូរជាងគេនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាព្រៃ ដែលមានដើមឈើជាង ៨០ ប្រភេទអាចលូតលាស់បាន។ ការដាំដើមឈើ ៣ ប្រភេទ គឺ “ប្រសើរជាងមិនដាំអ្វីសោះ” ប៉ុន្តែវានឹងពន្យឺតការស្តារប្រព័ន្ធអេកូឡូស៊ីរបស់ព្រៃ  ថែមជាច្រើនទសវត្សរ៍។ 

លោក អុីលាតបានស្នើឲ្យមានការដាំដើមឈើ ៣ ពាន់ដើម ក្នុងមួយហិកតា ជាជាងដាំដើមឈើ ២០៤ ដើមក្នុងមួយហិកតា នៃផែនការដាំរបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ហើយលោកបានហៅបរិមាណនោះថា “តិចពេក ប្រៀបដូចជាការបន្តក់ទឹកចូលក្នុងមហាសមុទ្រអញ្ចឹង (a drop in the ocean)”។

លោក អុីលាត បានបន្តថា ការដាំកូនឈើឡើងវិញនៅតំបន់ភ្នំតាម៉ៅ គឺជាការដាំឈើលក្ខណៈពាណិជ្ជកម្ម ដើម្បីបង្កើតចម្ការឈើ

ដែលលោក អុីលាត បាននិយាយថា “អ្នកណាទទួលបានអាជ្ញាប័ណ្ណកាប់ឈើកន្លែងនោះ អ្នកនោះនឹងមានលាភតែម្តង បើសិនជាដើមឈើទាំងអស់នេះនៅរស់បានមែន”។

លោក ចាន់ ឌី មកពីក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប ធ្វើការដាំកូនឈើក្នុងតំបន់ព្រៃឈូសឆាយនៅភ្នំតាម៉ៅ។ Photo by Anton L. Delgado for Southeast Asia Globe

បើយោងតាមអង្គការឃ្លាំមើលព្រៃឈើសាកល (Global Forest Watch) បានឲ្យដឹងថា ដីព្រៃនៅប្រទេសកម្ពុជា បានក្លាយទៅជាមានន័យដូច ទៅនឹងពាក្យ ការកាប់បំផ្លាញព្រៃឈើ នាប៉ុន្មានទសវត្សរ៍នេះ។ ប្រទេសកម្ពុជាបានបាត់បង់ព្រៃជិត ២២.០០០ គីឡូម៉ែត្រការ៉េ ប្រមាណជា ២០ ភាគរយ ចាប់តាំងពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៩។

អ្នកការពារបរិស្ថានកំពុងវាយតម្លៃ ថាតើតួនាទីរបស់ប្រជាជន ទាក់ទងនឹងការអភិរក្សភ្នំតាម៉ៅ អាចធ្វើជាគំរូសម្រាប់ការពារតំបន់អភិរក្សផ្សេងទៀតបានឬក៏យ៉ាងណា។

លោក យាំង សុខភា ជាអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យទីក្រុងឡុងដ៍ ដែលសិក្សាពីគណនេយ្យភាពបរិស្ថាន និងសកម្មភាពសមូហភាពនៅកម្ពុជា បាននិយាយថា រូបភាពនៃការបំផ្លាញព្រៃឈើនៅភ្នំតាម៉ៅត្រូវបានបង្ហោះលើបណ្តាញសង្គម ដែលញាំងឲ្យមាន “សកម្មភាពជាក់ស្តែងមួយ ដែលធ្វើឲ្យអ្នកស្រលាញ់ព្រៃឈើមានចិត្តអាឡោះអាល័យ និងធ្វើការដាក់សម្ពាធដល់ស្ថាប័ន និងក្រុមហ៊ុនឯកជនដែលទទួលខុសត្រូវលើរឿងនេះ”។

ត្បិតតែការកាប់ឆ្ការព្រៃមួយចំនួនស្ថិតនៅឆ្ងាយដាច់ស្រយាល ហើយមានព្រៃខ្លះទៀត ចំណាយពេលធ្វើដំណើរតែកន្លះម៉ោងពីក្រុងភ្នំពេញ លោក សុខភា ជឿថា រូបថត និងការប្រើប្រាស់បណ្តាញសង្គមអាចញាំងឲ្យមានសកម្មភាពតវ៉ានាថ្ងៃមុខ។

រីឯលោក ចាន់ដារ៉ាវុធ បានរៀបរាប់ថា យុទ្ធនាការដ៏រហ័សក្នុងការសង្គ្រោះភ្នំតាម៉ៅ គឺជាករណីសិក្សាមួយស្តែងចេញពី “អំណាចប្រជាជន” ដើម្បីសង្គ្រោះបរិស្ថាន។

លោកបានបន្ថែមថា៖ “ក្នុងកិច្ចការពារសម្បត្តិធម្មជាតិ យើងត្រូវតែមានវិធីថ្មីៗធ្វើយ៉ាងណាឲ្យមនុស្សអើពើពីបរិស្ថាន និងធនធានធម្មជាតិ ដែលយើងកំពុងតែការពារ”។ នៅពេលដែលមនុស្សយកចិត្តទុកដាក់គ្រប់គ្រាន់ហើយ រដ្ឋាភិបាលនឹងស្តាប់តាមពួកគាត់ជាមិនខាន”៕

រាយការណ៍បន្ថែមដោយ៖ ឡាយ សុផាន់ណា 

អត្ថបទ​នេះ​ត្រូវ​បាន​ផលិត​ឡើង ដោយមាន​ការ​សហការ​គ្នា​ជាមួយ Rainforest Investigations Network របស់​ Pulitzer Center។ អត្ថបទ​ដើម ជា​ភាសាអង់គ្លេស ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន Southeast Asia Globe



Read more articles