ស្ត្រីម្នាក់ បីទារកឈ្មោះ Jane នៅក្នុងឡានដែលឈ្ពោះទៅមណ្ឌលកុមារកំព្រាខេត្តកំពង់ធំ នៅពេលដែលទារកនោះទើបតែកើតបានប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ឬក៏ប្រហែលមាននរណាម្នាក់រកឃើញ Jane នៅពេលដែលទារកនោះត្រូវបានគេទុកចោលនៅកណ្តាលរោងចក្រពីរកន្លែង ស្ថិតនៅជិតស្ពានមុន្នីវង្ស ក្នុងទីក្រុងភ្នំពេញ។ ឬប្រហែលជាម្តាយរបស់ទារក Jane បានស្លាប់ នាប្រាំបីម៉ោងក្រោយពេលសម្រាល ហើយពុំមាននរណាម្នាក់ប្រគល់ទារកនោះទៅឱ្យមន្ទីរពេទ្យវិញ។
ទាំងនេះគឺជារឿងរ៉ាវ ៣ ផ្សេងគ្នា ដែលអ្នកស្រី Meta Meulenbelt-Hörz ជាម្តាយចិញ្ចឹមរបស់ទារកនោះ ត្រូវបានគេប្រាប់ អំពីប្រភពកំណើតកូនស្រីចិញ្ចឹមរបស់គាត់។ ក្នុងចំណោមរឿងទាំង ៣ នេះ គ្មាននរណាម្នាក់ដឹងទេថា មួយណាជាការពិតនោះ។
អ្នកស្រី Meulenbelt-Hörz បានប្រាប់ថា «ពួកយើងដឹងថាមានរឿង ដែលពួកយើងមិនធ្លាប់បានដឹងអំពីជីវប្រវត្តិរបស់កូនស្រីពួកយើង ប៉ុន្តែពួកយើង នៅតែមិនអាចស្វែងរកការពិតបាននោះទេ»។
ពេលនេះ Jane មានវ័យ ២១ ឆ្នាំទៅហើយ ហើយនាងរស់នៅក្នុងប្រទេសហុល្លង់ជាមួយនឹងអាណាព្យាបាល និងបងប្អូនប្រុសចិញ្ចឹម ដែលមានឈាមជាជ័រជាចិន។ នាងគឺជាក្មេងម្នាក់ក្នុងចំណោមកូនខ្មែរតូចៗ រាប់ពាន់នាក់ ដែលត្រូវបានស៉ំយកទៅចិញ្ចឹមនៅក្រៅប្រទេស (ការស្មុំកូនអន្តរប្រទេស) នៅចន្លោះឆ្នាំ ១៩៨០ និងឆ្នាំ ២០១០។ ត្បិតពេលនេះពួកគេពេញវ័យក៏ពិតមែន ជីវប្រវត្តិរបស់ពួកគេ សុទ្ធតែពុំត្រូវបានគេដឹងនៅឡើយថា មូលហេតុអ្វីបានជាពួកគេមកនៅមណ្ឌលកុមារកំព្រាបែបនេះ ឬមួយក៏ឪពុកម្តាយរបស់ពួកគេនៅរស់ ហើយកំពុងតែស្វែងរកកូនរបស់ពួកគាត់។
ត្រឹមថ្ងៃនេះ វាអាចមានរយៈពេលតែប៉ុន្មានខែទៀតប៉ុណ្ណោះ មុនពេលគ្រួសារដែលសុំចិញ្ចឹមក្មេងនៅប្រទេសអ៉ីតាលី នឹងអាចនាំក្មេងទាំងនោះមកប្រទេសកម្ពុជាវិញបាន។
បន្ទាប់ពីមានដំណើរការស្ទាក់ស្ទើរក្នុងនីតិវិធីស្មុំកូន នៅឆ្នាំ ២០១៩ ជុំវិញការចោទប្រកាន់ពីអំពើពុករលួយ និងបទជួញដូរមនុស្ស ប្រទេសកម្ពុជាបែរលុបចោលការហាមឃាត់ការស្មុំកូនអន្តរប្រទេសនៅក្នុងឆ្នាំ ២០១៤។ ប៉ុន្តែនាពេលដែលប្រទេសផ្សេងៗ រួមមានសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអូស្ត្រាលី បានហាមប្រាមការស្មុំកូនពីកម្ពុជានៅដើមទសវត្សរ៍ឆ្នាំ ២០០០ ប្រទេសអ៉ីតាលីឯណោះវិញមិនបានផ្អាកនីតិវិធីនេះទេ។
កាលពីខែ មករា ឆ្នាំ ២០២៣ បើយោងតាមគេហទំព័រផ្លូវការរបស់គណៈកម្មការសម្រាប់ការស្មុំកូនអន្តរប្រទេសនៃប្រទេសអ៉ីតាលី ដែលជាអាជ្ញាធរកណ្តាល ក្រោមរដ្ឋាភិបាលបានឱ្យដឹងថា មានការស្មុំកូនពីប្រទេសកម្ពុជា ចំនួន ៩ ករណីទៀត ដែលពុំទាន់បានសម្រេច ជាមួយនឹងអង្គការ ៣ ពីប្រទេសអ៉ីតាលី។
«២០២៣ នេះគឺជាពេលវេលាមួយ» លោក Michele Torri អ្នកតំណាងការស្មុំកូនអន្តរប្រទេសនៅអង្គការ Amici Dei Bambini បាននិយាយ។ នេះជាអង្គការមួយក្នុងចំណោមអង្គការចំនួន ៨ ក្នុងប្រទេសអ៉ីតាលី ដែលកំពុងរង់ចាំឱ្យមានការអនុញ្ញាតដើម្បីបន្តនូវការស្មុំកូនមកពីប្រទេសកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមលោក Torri បានឱ្យដឹងថា គណៈកម្មការអ៉ីតាលីបានអនុវត្ត «ដោយប្រុងប្រយ័ត្ន និងហ្មត់ចត់» ដោយអនុញ្ញាតឱ្យការស្មុំកូនប្រចាំឆ្នាំមានចំនួនកំណត់ និងសម្រាប់តែកុមារដែលត្រូវការការថែទាំសុខភាពខ្លាំងប៉ុណ្ណោះ។ លោកបានបន្តថា ការធ្វើដូច្នេះមានភាពប្រសិទ្ធភាពក្នុងការតាមដានគ្រប់ជំហានទាំងអស់ រាប់តាំងពីពេលចាប់តាំងពីដំណាក់កាលដំបូង ដល់ដំណាក់កាលចុងក្រោយ ព្រមទាំងផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃជំហាននីមួយៗ។
នៅដើមឆ្នាំ ២០០០ ការស៉ើបអង្កេតអន្តរជាតិបានលាតត្រដាងរឿងអាស្រូវទាក់ទិននឹងអំពើពុករលួយដ៏ធំ ពាក់ព័ន្ធនឹងកុមារកម្ពុជាយ៉ាងច្រើនដ៏គួរឱ្យព្រួយបារម្ភ ដែលត្រូវបានគេយកទៅចិញ្ចឹម ដោយគ្មានការអនុញ្ញាតពីឪពុកម្តាយដើមរបស់ពួកគេ ហើយឯកសាររបស់ពួកគេក៏មានការក្លែងបន្លំថាជាកុមារកំព្រារផងដែរ។
ទោះបីជាមានការចុះអនុសញ្ញាទីក្រុងឡាអេ ស្តីពីការការពារកុមារ និងសហប្រតិបត្តិការទាក់ទងនឹងការស្មុំកូនអន្តរប្រទេសក្នុងឆ្នាំ ២០០៧ និងការអនុម័តច្បាប់ស្តីពីការស្មុំកូនអន្តរប្រទេសនៅក្នុងឆ្នាំ ២០០៩ គេឃើញថា ច្បាប់ការពារកុមាររបស់កម្ពុជា មិនទាន់បានអនុលោមទៅតាមច្បាប់អន្តរជាតិ។ មួយទសវត្សរ៍បន្ទាប់ រដ្ឋាភិបាល ជាមួយការគាំទ្រដោយអង្គការ UNICEF បានបង្កើតនីតិវិធីថ្មីសម្រាប់ការស្មុំកូនក្នុងប្រទេស។ ក្រោយមកការសម្រេចបង្កើតច្បាប់នេះ ពុំទទួលបានជោគជ័យឡើយ ដោយសារតែជម្ងឺកូវីដ១៩។
ទោះជាយ៉ាងណា កង្វៈតម្លាភាពនៃយន្តការ និងនីតិវីធីនូវតែជាហេតុផលដ៏ព្រួយបារម្ភសម្រាប់អង្គការការពារកុមារ និងសិទ្ធិមនុស្ស។
នាយិកាប្រតិបត្តិនៃអង្គការ Licadho លោកស្រី Naly Pilorge មិនត្រឹមតែបានទទួលស្គាល់ថា គ្មានការស៉ើបអង្កេតទៅលើសកម្មភាពបំពានច្បាប់កន្លងមកដោយភាគីកម្ពុជា លោកស្រីក៏បានបន្ថែមថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនៅតែស្ថិតក្នុងចំណោមប្រទេស ដែលមានអំពើពុករលួយ និងកម្សោយច្បាប់។ គាត់បានបន្តថា បញ្ហានេះពិតជាពិបាកក្នុងធានានូវសិទ្ធិកុមារឱ្យកាន់តែមានភាពល្អប្រសើរ។
លោកស្រី Pilorge បានមានប្រសាសន៍ថា «នៅក្នុងបរិបថបច្ចុប្បន្ន វាពិតជាពិបាកស្មានណាស់ថា កម្ពុជានឹងសាកល្បងបើកឡើងវិញ នូវការស៉ំកូនចិញ្ចឹមអន្តរប្រទេសសារជាថ្មី ឬយ៉ាងណានោះទេ ហើយយើងមិនដឹងថា ប្រទេសខ្លះដូចជាប្រទេសអ៉ីតាលី ហ៊ានប្រថុយទៅនឹងការរំលោភបំពានទៅលើសិទ្ធិកុមារ តាមរយៈការចូលរួមក្នុងការបើកដំណើរការឡើងវិញនូវការស្មុំកូននេះ»។
ជាការឆ្លើយតបទៅនឹងអ្នករិៈគន់ លោក Torri បានលើកឡើងថា ទោះបីជានីតីវិធីនេះមានហានិភ័យ អាជ្ញាធរដែលធ្វើការលើកិច្ចការស្មុំកូនអន្តរប្រទេស គួរតែលើកយកលក្ខនិកៈទូលំទូលាយជាងមុន។
លោក Torri បាននិយាយថា «ជម្រើសមានដូចជា ដើម្បីកុំឱ្យមានហានិភ័យ គឺត្រូវលុបបំបាត់ចោលការស៉ំកូន ព្រោះវាគ្មានហានិភ័យអ្វីទាំងអស់ រួចអនុវត្តវិធីងាយៗ ដោយទុកពួកឱ្យពួកគេនៅមណ្ឌលកុមារកំព្រា ហើយមិនឱ្យពួកគេមានឱកាសបានស្វែងរកគ្រួសារ ឬមួយក៏សុខចិត្តប្រឈមមុខនឹងហានិភ័យ ទោះបីជាការធានាលើពួកគេទាំងអស់មិនទាន់អនុវត្តបានទាំងស្រុងក៏ដោយ»។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រួសារ និងកុមារទូទាំងប្រទេសកម្ពុជា និងទូទាំងពិភពលោកកំពុងតែស្វែងរក និងរង់ចាំសាច់ញាតិរបស់ពួកគេ។
អ្នកស្រី Meulenbelt-Hörz និងប្តីរបស់អ្នកស្រីបានយក Jane មកចិញ្ចឹមនៅក្នុងឆ្នាំ ២០០២ នៅពេលដែលនាងមានអាយុត្រឹមតែមួយខួបប៉ុណ្ណោះ។ នៅលើសំបុត្រកំណើតរបស់នាង គេបានសរសេរថា «ម្តាយ និងឪពុកមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ» ហើយថ្ងៃខែឆ្នាំកំណើតរបស់នាង ត្រូវបានប៉ាន់ស្មានថានៅខែតុលា ឆ្នាំ២០០១។
ដោយសារតែកាលពីមុន រដ្ឋាភិបាលកម្ពុជាមិនបានធ្វើបមាណីយកម្មទៅលើការឈ្មោះស្មុំកូន Jane និងអាណាព្យាបាលរបស់នាង មិនអាចស្វែងរកឪពុកម្តាយរបស់នាងឃើញឡើយ តាមរយៈការស្វែងរកឯកសារផ្លូវការ។ Jane គ្មានមធ្យោបាយផ្សេងទៀតឡើយក្រៅពីការពិនិត្យ DNA។
ពេលនាងមកទស្សនាប្រទេសកម្ពុជា Jane និងគ្រួសាររបស់នាងបានបិតខិតប័ណ្ណរាប់រយសន្លឹកនៅជុំវិញរោងចក្រ ដែលត្រូវបានគេសង្ស័យថា នាងត្រូវបានគេបោះបង់ចោលនៅកន្លែងនោះ។ មិនយូរប៉ុន្មាន មានវត្តមានគ្រួសារចំនួនពីរមកទាក់ទង ហើយត្រូវបានគេយក DNA ទៅពិនិត្យ។ គ្មានលទ្ធផល DNA ណាមួយបញ្ជាក់ថា គ្រួសារទាំងពីរជាឈាមជ័ររបស់នាងនោះទេ ប៉ុន្តែការពិនិត្យ DNA នោះ បាននាំឱ្យមានការបង្កើតនូវ DNA Cambodia (ឬអង្គការឌីអិនអេកម្ពុជា)។ គម្រោងស្តីពីការផ្ទុកទិន្នន័យនេះ សហការជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក គឺអង្គការសប្បុរសធម៌ដើម្បីគ្រួសារខ្មែរ ឬហៅកាត់ថា KFCO ដែលជួយសាច់ញាតិ ដែលបែកបាក់គ្នាដោយសារសង្គ្រាម ការប្រល័យពូជសាសន៍ និងជីវភាពទីទាល់ក្រ អោយជួបជុំគ្នាវិញ។
បច្ចុប្បន្នមានទម្រង់ DNA ជាង ៣០០ នៅក្នុងគម្រោងនេះ ត្រូវបានផ្ទុកជាមួយនឹងមូលដ្ឋានទិន្នន័យ របស់វេទិកាអនឡាញ MyHeritage and Family Tree។
នៅមុនពេលដែលការស្មុំកូនចិញ្ចឹមត្រូវបានគេដាក់បម្រាម ការស្មុំកូនត្រូវបានរៀបចំដោយអ្នកសម្របសម្រួលឯករាជ្យ ជាជាងតាមរយៈទីភ្នាក់ងារ ឬអង្គការផ្សេងៗ។ តែឥលូវនេះការស្មុំកូនទាំងអស់ ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារដែលអនុញ្ញាតដោយរដ្ឋាភិបាល។ ក្រុមហ៊ុនឯកជនដែលមិនមានការអនុញ្ញាត និងមណ្ឌលកុមារកំព្រា លែងត្រូវបានគេផ្តល់សិទ្ធិអនុញ្ញាតក្នុងការចាត់ចែងនូវការស្មុំកូនអន្តរប្រទេសដោយផ្ទាល់ទៀតហើយ។
តាមរយៈបទពិសោធន៍របស់គាត់ ជាមួយនឹងកូនចិញ្ចឹមរបស់គាត់ អ្នកស្រី Meulenbelt-Hörz បានយល់ឃើញថា ការកែលម្អនីតិវិធីនៃការស្មុំកូនអន្តរប្រទេស នឹងមិនទាន់អាចកាត់បន្ថយហានិភ័យបាននោះទេ។
អ្នកស្រីបាននិយាយថា «បន្ទាប់ពីបានឃើញនូវដំណើរដែលកូនៗខ្ញុំបានឆ្លងកាត់កន្លងមក ខ្ញុំមិនគាំទ្រការស្មុំកូនទៀតទេ។ កុមារៗដែលជាប់ពាក់ព័ន្ធនឹងការស្មុំកូន សុទ្ធសឹងតែជាកុមារដែលមានរបួសស្នាមក្នុងជីវិត»។
*ឈ្មោះពិតរបស់ Jane ត្រូវបានគេសុំមិនបញ្ចេញដោយសារការរក្សានូវឯកជនភាព
—————–
បកប្រែដោយ៖ ឡាយ សុផាន់ណា