Site icon Southeast Asia Globe

ការអភិវឌ្ឍ «ចរីភាព» ៖ កម្ពុជាប្រឈមនឹងការបាត់បង់ជីវចម្រុះនៅឯព្រំដែន

លោក ខាំ ផុន មន្ត្រី​អនុរក្ស​ក្រសួង​បរិស្ថាន​ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ ឆ្លង​ទន្លេ ខណៈ​កំពុង​ល្បាត​ក្នុង​តំបន់​ការពារ។ រូបថត៖ Anton L. Delgado for Southeast Asia Globe.

វល្លិ៍ដ៏ស្អេកស្កះព័ទ្ធជុំវិញរថយន្តដឹកឈើមួយគ្រឿង ដែលគេទុកចោលហាលខ្យល់ហាលភ្លៀង​​ពីរដូវវស្សា​ នៅក្នុងព្រៃជ្រៅ ប្រែទៅជាខ្មោចឡានដែលពោរពេញទៅដោយច្រេះចាប់ និងពុកផុយយ៉ាងខ្លាំង។

នៅតាមផ្លូវដើរក្នុងព្រៃ ខ្ញ៉ំដើរតាមឧទ្យានុរក្ស នៅពេលដែលពួកគាត់ធ្វើការសិក្សា អំពីជីវចម្រុះនៅក្នុងតំបន់អភិរក្ស ដែលភាគច្រើននៃតំបន់នោះ នៅមិនទាន់បានគេចូលដល់់នៅឡើយទេ។

នេះជាឧទ្យានជាតិវីរៈជ័យ ជាតំបន់អភិរក្សធម្មជាតិដ៏ស្រស់ស្អាតមួយ របស់កម្ពុជាដែលមិនមានការរំខានពីខាងក្រៅ ហើយស្ថិតនៅតំបន់មេគង្គដែលមានការអភិវឌ្ឍដ៏លឿន។

លោក ធន់ សុខុន  បានបំពេញការងារជាមន្ត្រីឧទ្យានុរក្ស ចាប់តាំងពីព្រៃនេះត្រូវបានគេកំណត់ជាឧទ្យានជាតិនៅឆ្នាំ ១៩៩៣ បានប្រាប់ខ្ញុំថា៖ «ការកាប់ឈើ និងការដាក់អន្ទាក់ គឺជាបញ្ហា ប៉ុន្តែឧទ្យាននេះក៏មានរបាំងធម្មជាតិការពារខ្លួនឯងដែរ»។

«គ្មានកន្លែងណាដែលដូចទៅនឹងវីរៈជ័យទេ។ វីរៈជ័យគឺជាគ្រាប់ពេជ្ររបស់កម្ពុជា»។

ប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រកួតប្រជែងគ្នា កាត់បន្ថយឧស្ម័នកាបូនិកនៅក្នុងវិស័យថាមពល ដោយមួយចំនួនគឺតាមរយៈការផ្តល់នូវមូលនិធិអាកាសធាតុ។ ចំណែកឯកម្ពុជាវិញ កំពុងតែធ្វើសកម្មភាពអភិវឌ្ឍន៏ តំបន់ដែលសំបូរទៅដោយជីវៈចម្រុះរបស់ខ្លួន ដើម្បីបង្កើននូវថាមពលដែលកកើតឡើងវិញ។ 

សកម្មភាពបែបនេះបានធ្វើឱ្យមានការជជែកវែកញែក អំពីផលប៉ះពាល់ដល់ធនធានធម្មជាតិ ក្នុងការទាញយកថាមពលកកើតឡើងវិញមកប្រើប្រាស់។ ក្រុមអ្នកអភិរក្សបារម្ភថា គម្រោងសាងសង់ទំនប់វារីអគ្គីសនីនៅវីរៈជ័យ នឹងធ្វើឱ្យរាជរដ្ឋាភិបាល [កម្ពុជា] ខាតបង់ជំនួយរាប់សែនផោនពីប្រទេសអង់គ្លេស ដែលគាំទ្រដល់ថាមពល «ស្អាត» ហើយនេះគឺជាអ្វីដែល ក្រុមអ្នកអភិរក្សព្យាយាមទប់ស្កាត់ ដើម្បីកុំឱ្យមានការកាប់បំផ្លាញ។

ដើម្បីទប់ស្កាត់នូវការអភិវឌ្ឍ ក្រុមអ្នកស្រាវជ្រាវបានប្រែក្លាយវីរៈជ័យទៅជាព្រៃដែលរកចំនូលបាន តាមរយះសក្ដានុពលឥណទានកាបូន។ នេះជាការព្យយាមបង្ហាញថាតំបន់ការពារមានតម្លៃលើសលប់ បើពុំមានការប៉ះពាល់ផ្ដេសផ្ដាស។

ឡានដឹកឈើមួយគ្រឿង ដែលគេដុតចោលនៅឧទ្យានជាតិវីរៈជ័យ ស្ថិតនៅជាប់ព្រំដែនកម្ពុជា ឡាន និងវៀតណាម។
រូបភាព៖ Anton L. Delgado

ស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា វីរៈជ័យស្ថិតក្នុងចំណោមព្រៃដំបូងដែលត្រូវបានប្រកាសជាតំបន់អភិរក្ស នៅឆ្នាំ ១៩៩៣។

ដោយមានផ្ទៃដីជាង ៣,៣០០គីឡូម៉ែត្រការ៉េ ទំហំប្រមាណជិតប្រាំដងនៃរាជធានីភ្នំពេញ វីរៈជ័យគឺជាឧទ្យានជាតិដ៏ធំជាងគេបង្អស់ នៅក្នុងប្រទេសកម្ពុជានាពេលនោះ។ 

អំឡុងពេលបីទស្សវត្សរ៍មកនេះ  កម្ពុជាបានបាត់បង់ព្រៃច្រើនជាង៣០ភាគរយនៃព្រៃសរុប រួមទាំងឧទ្យានជាតិផងដែរ ដែលភាគច្រើនត្រូវបានអះអាងថាជាព្រៃអភិរក្សត្រឹមតែលើឯកសារ ប៉ុន្តែជាក់ស្តែងទទួលរងនូវផលប៉ះពាល់ ពីការកាប់ឈើទ្រង់ទ្រាយធំ។ 

ខណៈ វីរ់ៈជ័យមិនទាន់រងផលប៉ះពាល់ សភាពរឹងមាំ និងក្រាស់ឃ្មឹករបស់ព្រៃនេះបាន ការពារវាពីកាប់បំផ្លាញដ៏ធ្ងន់ធ្ងរ ហើយត្រូវបានអ្នកជំនាញចាត់ទុកជា «ដង្ហើមការពារចុងក្រោយ» សម្រាប់ជីវចម្រុះនៅតំបន់មេគង្គ។ នេះក៏ពីព្រោះ​តែវា​ជាដែនជម្រកសត្វព្រៃដ៏សម្បើម ដែលអនុញ្ញាតឲ្យសត្វព្រៃ អាចបម្លាស់ទីឆ្លងកាត់ទឹកដីប្រទេសកម្ពុជា ឡាវ និងវៀតណាមបាន។

លោក ធន់ សុខុន កំពុងដើរឆ្លងស្ទឹងដែលជនលិចដោយសារភ្លៀងធ្លាក់។ លោកជាមន្ត្រីឧទ្យានុរក្សនៅវីរៈជ័យចាប់តាំងពីព្រៃនេះបានក្លាយទៅជាឧទ្យានជាតិមួយ ក្នុងចំណោមឧទ្យានជាតិដំបូងរបស់កម្ពុជានៅឆ្នាំ ១៩៩៣។ រូបភាព៖ Anton L. Delgado

ប៉ុន្តែគម្រោងសាងសង់ថាមពលវារីអគ្គីសនី នឹងបង្អាក់នូវអនាគតរបស់ព្រៃមួយនេះ។

ផែនការសាងសង់ទំនប់វារីអគ្គីសនីយ៉ាងតិចពីរនៅវីរៈជ័យ ដែលគាំទ្រដោយរដ្ឋាភិបាលកម្ពុជា អាចនឹងបង្កផលប៉ះពាល់ដល់តំបន់អភិរក្សនេះ។

បើយោងទៅតាមក្រុមអ្នកជំនាញបរិស្ថាន ដំណើរការសាងសង់ទំនប់វារីអគ្គីសនី នឹងគំរាមកំហែងដល់សត្វដែលកំពុងរងគ្រោះ និងជិតផុតពូជ ដោយសារតែបម្រែបម្រួលនូវចរន្តទឹកធម្មជាតិ ដែលធ្វើឱ្យជម្រកសត្វត្រូវលិចលង់ ព្រមទាំងការកាប់ឆ្ការដើមឈើធំៗ។ អ្នកអភិរក្សក៏មានការព្រួយបារម្ភផងដែរថា ការសាងសង់ផ្លូវទៅកាន់គម្រោងទំនប់ទាំងនេះ អាចនឹងបើកឱកាសឱ្យឧក្រិដ្ឋកម្មសត្វព្រៃ និងព្រៃឈើ ដែលកើតមានជាទូទៅនៅក្នុងតំបន់ការពារផ្សេងៗ រាតត្បាតដល់វីរៈជ័យ ។  
ក្រុមអ្នកអភិរក្សបានជម្រុញថា អគ្គីសនីណាដែលបានផលិត និងបង្ករផលប៉ះពាល់បរិស្ថាន មិនអាចរាប់ជាថាមពល «ស្អាត» នោះទេ។  ជាពិសេសប្រសិនបើការអភិវឌ្ឍធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ របស់ឧទ្យាជាតិវីរៈជ័យ ដែលគេចាត់ទុកជា ឧទ្យានបេតិកភណ្ឌអាស៊ាន និងជាព្រៃអភិរក្សដែលមានទំហំទឹកប្រាក់ ៦០០,០០០ ផោន ដែលជាជំនួយទទួលបានពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។

ព្រះអាទិត្យ​រះនៅ​តំបន់វាល​ធំ​ ដែលជាវាលស្មៅលើភ្នំ ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ​របស់​ប្រទេស​កម្ពុជា ដែល​ជា​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន​តែ​មួយ​គត់​ក្នុង​ប្រទេស។ រូបភាព៖ Anton L. Delgado

ស្របពេលដែលកិច្ចពិភាក្សាអំពីការអភិវឌ្ឍ សុទ្ធសឹងជាការប្រជុំបិទទ្វារ សាស្ត្រាចារ្យរង លោក ជូ ផានិត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កំពុងតែសិក្សាទៅលើបរិមាណនៃឧស្ម័នកាបូនិក ដែលឧទ្យានជាតិវីរៈជ័យអាចស្រូបយកបាន ហើយថែមទាំងអាចដោះដូរជាមួយនឹង ជំនួយទៅលើការកាត់បន្ថយឧស្ម័នកាបូនិក។ លោក ផានិត បានមានប្រសាសន៍ថា នេះជា «ការពិភាក្សាអំពីផលប្រយោជន៍»។

លោកមានប្រសាសន៍ថា ប្រសិនបើជំនួយមកដល់មុនពេលគម្រោងសាងសង់វារីអគ្គីសនីចាប់ផ្តើមនោះ គេអាចនឹងថ្លឹងថ្លែងអំពីផលប្រយោជន៍ រវាងការរក្សាទុក និងការអភិវឌ្ឍវារីអគ្គីសនី ថាមួយណាផ្តល់ផលចំណេញច្រើនជាង ជាពិសេសនៅពេលដែលគម្រោងនេះ ត្រូវបានគេដាក់ស្នើរឱ្យមានការសាងសង់នៅក្នុងបរិវេណ ដែលអាចស្រូបយកឧស្ម័នកាបូនិកបានច្រើន។

«ប្រសិនបើប្រព័ន្ធអេកូឡូស៊ីរបស់ព្រៃ មិនបានផ្តល់នូវផលប្រយោជន៍សេដ្ឋកិច្ច អ្នកនយោបាយ និងក្រុមហ៊ុនឯកជន នឹងតែងតែចាត់ទុកការអភិវឌ្ឍសេដ្ឋកិច្ចមានសារៈសំខាន់ជាងជាអេកូឡូសុី»។ លោកផានិត បានមានប្រសាសន៍។ លោកបានបន្តថា៖ «យើងថ្លឹងថ្លែងគុណតម្លៃសេដ្ឋកិច្ច នៃអេកូឡូស៊ីរបស់ព្រៃឈើ ជាផ្នែកមួយនៃយុទ្ធសាស្ត្រឈ្នះឈ្នះ។ នេះមានន័យថា យើងមិនមែនរារាំងរាល់សកម្មភាពអភិវឌ្ឍន៏ទាំំងអស់នោះទេ ប៉ុន្តែយើងដាក់គំនៀប ដើម្បីឱ្យការអភិវឌ្ឍប្រព្រឹត្តទៅដោយចីរភាព និងមានទំនួលខុសត្រូវ»។

គម្រោងសាងសង់ទំនប់វារីអគ្គីសនីទ្វេរដង

គម្រោងអភិវឌ្ឍវារីអគ្គីសនីនៅវីរៈជ័យ បានផ្អាកដំណើរការជាយូរមកហើយ។ របាយការណ៍ចុងក្រោយ ទាក់ទងនឹងការផលិតអគ្គីសនីនៅឧទ្យានជាតិខាងលើនេះ បានចេញជាលើកដំបូងនៅឆ្នាំ ២០០៩ ដែលជា ផែនការមេសម្រាប់អភិវឌ្ឍវារីអគ្គីសនី នៅប្រទេសកម្ពុជា ដែលទទួលបានការជួយជ្រោមជ្រែង ពីគម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ឬចៃកា (JICA) របស់រដ្ឋាភិបាលជប៉ុន។

លោកស្រី Miyoshi Asagi ទីប្រឹក្សាអមស្ថានទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «អង្គការចៃកាមិនជាប់ពាក់ព័ន្ធក្នុងការសាងសង់ទំនប់វារីអគ្គីសនីនេះទេ»។ លោកស្រីបានបន្តថា៖ «ពួកយើងបានចូលរួមក្នុងការស្រាវជ្រាវ និងផែនការមេដែលបានធ្វើរួច ការពាក់ព័ន្ធរបស់អង្គការចៃកា បានបញ្ចប់ហើយ»។

ប្រទេសជប៉ុន ត្រូវបានគេចាត់ទុក ជា​ ម្ចាស់ជំនួយដ៏សំខាន់ របស់កម្ពុជា។ ប្រទេសទាំងពីរបានរំលឹក ខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូត ក្នុងឆ្នាំនេះ។
នៅខែសីហា អង្គការចៃកាបានប្រកាសនូវ ផែនការថ្មីដើម្បីថាមពលស្អាត សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។ លោកស្រី Asagi មានប្រសាសន៍ថា គាត់ «ជ្រាបអំពីការជជែកវែកញែកជាច្រើន​ ពាក់ព័ន្ធនឹងវារីអគ្គីសនី» ហើយលោកស្រីបានលើកឡើងថា «មិនមានគម្រោងអភិវឌ្ឍវារីអគ្គីសនីនោះទេ»។

លោក ផង់ ផង ជាមន្ត្រីឧទ្យានុរក្សប្រដាប់អាវុធរបស់ក្រសួងបរិស្ថាន និងលោក ឡាយ​ វឿយ ដើរឆ្លងស្ទឹងដែលមានទឹកហូរយ៉ាងខ្លាំង នៅឧទ្យានជាតិវីរៈជ័យ ខណៈដែលប្រជាសហគមន៍ការពារធម្មជាតិ លើកម៉ូតូហុងដាឌ្រីមកាត់ទឹកដូចគ្នា។ រូបភាព៖ Anton L. Delgado

សំណុំឯកសារ រួមទាំងផែនទីសាងសង់ដ៏សម្ងាត់ ត្រូវបានគេបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនៅឆ្នាំនេះ ដោយមានការចូលរួមពីអ្នកអភិវឌ្ឍន៍ និងមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលបានសង្កត់ធ្ងន់ទៅលើគម្រោងសាងសង់ទំនប់វារីអគ្គីសនី។ គម្រោងសាងសង់ទំនងជាមិនបង្អង់យូរទៀតនោះទេ។ យោងតាមការកាសែត The Japan Times បានបង្ហាញថា ការសិក្សា និងវាយតម្លៃអំពីការសាងសង់បាននឹងកំពុងចាប់ផ្តើមហើយ។

យោងទៅតាមឯកសារជាច្រើនបានបង្ហាញ នូវការអភិវឌ្ឍទំនប់វារីអគ្គីសនី បីកន្លែងដ៏មានសក្តានុពល ស្ថិតក្នុងឧទ្យានជាតិវីរៈជ័យ ដោយដាក់ឈ្មោះតាមទន្លេព្រែកលៀង ជាដៃទន្លេហូរចាក់ចូលទៅទន្លេសេសាន ដែលជាផ្នែកនៃ «ទន្លេ៣» ក្នុងប្រទេសកម្ពុជា។ 

ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក គឺជាដៃទន្លេមេគង្គ ដែលកំពុងរងផលប៉ះពាល់ដោយសារតែ ការប្រមូលផ្តុំនៃទំនប់វារីអគ្គីសនី ជាមួយនឹងការអភិវឌ្ឍទំនប់​ បន្ថែម ដែលគំរាមកំហែងដល់ទន្លេមេគង្គ ដែលកាលពីមុនមកមិនធ្លាប់មានការអភិវឌ្ឍច្រើនបែបនេះឡើយ។

គ្មានឯកសារណាមួយ រាប់តាំងពីការវាយតម្លៃផលប៉ះពាល់បរិស្ថាន ដល់ការសិក្សាអំពីលទ្ធភាព ត្រូវបានបង្ហាញជាសាធារណៈដោយរដ្ឋាភិបាលកម្ពុជា ឬអ្នកអភិវឌ្ឍន៍ឡើយ។

លោក លាង ប៊ុនលៀប នាយករបស់អង្គការបណ្តាញការពារទន្លេបី សេសាន ស្រែពក សេកុង (3SPN) មានប្រសាសន៍ថា «‍ឯកសារទាំងនេះជារឿងដ៏រសើប»។ លោកបានបន្តថា អ្នកដែលពាក់ព័ន្ទចង់​រក្សា​ផែនការដ៏​ចម្រូងចម្រាសនេះជារឿងសម្ងាត់។ «ប្រសិនបើរដ្ឋាភិបាល និងអុ្នកអភិវឌ្ឍន៍យល់ឃើញថា សំណង់នេះមានប្រយោជន៍ អញ្ចឹង​សម្រាប់ពួកគាត់ គឺគ្មាន​នរណាម្នាក់ចាំបាច់ដឹងអំពីដំណឹងនេះទេ»។

ផែនការសាងសង់នេះ អាចមិនត្រឹមតែជាការពិភាក្សាធម្មតាទេ។ លោក ប៊ុនលៀប បានបញ្ជាក់តាម​រយៈ​បណ្តាញ 3SPN ថា មានការជ្រើសរើសកម្មករឱ្យមកបម្រើការ​នៅ​ភូមិ​តាបុក ស្ថិតនៅក្បែរកន្លែងមួយ ដែលគេគ្រោងនឹងសាងសង់ទំនប់ក្នុងចំណោមទំនប់វារីអគ្គីសនីជាច្រើនទៀត បានចាប់ផ្តើមហើយ។ 

ឧទ្យានជាតិវីរៈជ័យស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ចំណែកក្រសួងរ៉ែ និងថាមពល ជាអ្នកដឹកនាំគម្រោងសាងសង់ទំនប់វារីអគ្គិសនី តែខាងក្រសួងទាំងពីរ មិនបានឆ្លើយតបទៅនឹងសំណើរសុំការអត្ថាធិប្បាយលើដំណាក់កាលអភិវឌ្ឍទំនប់វារីអគ្គីសនីទេ ។

ការចំណាយដ៏ច្រើនទៅលើការផលិតថាមពលស្អាត

ព្រែកលៀងគឺជាសរសៃឈាមដ៏សំខាន់របស់វីរៈជ័យ ហើយគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គីសនី ក៏ស្ថិតនៅក្នុងឧទ្យានជាតិនេះដែរ។ 

លោក Pablo Sinovas នាយករបស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិប្រចាំកម្ពុជា (Fauna & Flora) នៅកម្ពុជា ពន្យល់ថា ចាប់ពីតំបន់ទំនាបនៃឧទ្យាននេះ ដែលស្ថិតក្នុងទឹកដីប្រទេសកម្ពុជា រហូតដល់តំបន់ដ៏សំខាន់សម្រាប់ជីវៈចម្រុះ ដែលជា ជួរភ្នំអណ្ណាម ប្រៀបដូចជា «ពិភពពីរជួបគ្នានៅឧទ្យានតែមួយ»។ 

ពពកពូនពីលើតំបន់ភ្នំវាលធំក្នុងឧទ្យានជាតិវីរៈជ័យរហូតទៅដល់ជួរភ្នំអណ្ណាម។ 
រូបភាព៖ Anton L. Delgado

លោក Sinovas កត់សម្គាល់ថា នៅពេលដែលតំបន់ទាំងនោះត្រូវបានគេសិក្សាដើម្បីសាងសង់វារីអគ្គិសនី គេស្ទើរតែមិនបានដឹងអំពីផលប៉ះពាល់របស់វា ទៅលើជីវចម្រុះ និងព្រៃឈើឡើយ។ 

ប៉ុន្តែអ្វីៗបានប្រែប្រួលនារយៈពេល ១៥ឆ្នាំក្រោយ។

លោក Sinovas មានប្រសាសន៍ថា៖ «នៅពេលដែលយើងចាប់ផ្តើមយល់កាន់តែច្រើន អំពីលក្ខណះពិសេសនៃតំបន់នេះ យើងក៏ចាប់ផ្តើមភ្ញាក់ខ្លួនថា ការអភិរក្សមានសារៈសំខាន់ដល់ជីវចម្រុះក្នុងតំបន់​​ និងសម្រាប់កម្ពុជា​»។

លោក Pablo Sinovas ជានាយករបស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិប្រចាំកម្ពុជា កំពុងដំឡើងកាមេរ៉ាថតសត្វ នៅឧទ្យានជាតិវីរៈជ័យ ជាមួយនឹងលោក ឈឺត ធំ មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន។ រូបភាព៖ Anton L. Delgado

អង្គការ Fauna & Flora  បានដំឡើងកាមេរ៉ាប្រមាណ ១៤០គ្រាប់ នៅវីរៈជ័យ ដោយធ្វើការផ្តិតយករូបភាពសត្វកំពុងរងគ្រោះ និងជិតផុតពូជ ដូចជាសត្វឈ្លូសយក្ស (large-antlered muntjac) សត្វទោចថ្ពាល់លឿង (northern yellow-cheeked giboon) និងសត្វមួយចំនួនទៀត។

ឧទ្យានជាតិនេះគឺជា ជម្រកដំបូងដែលសត្វឈ្លូសយក្សបង្ហាញខ្លួន ហើយជាកន្លែងដែលវាត្រូវបានគេធ្វើកំណត់ហេតុ និងជាជម្រកចុងក្រោយសម្រាប់គោព្រៃ ដែលជាសត្វថនិកសត្វតំណាងប្រទេសកម្ពុជា ដែលបានបាត់ខ្លួនអស់ជាច្រើនទសវត្សរ៍មកហើយ។

លោក Sinovas បានមានប្រសាសន៍ថា៖ «វីរៈជ័យគឺជាតំបន់មួយដែលអត្រាកាប់បំផ្លាញព្រៃឈើមានកម្រិតទាប»។ លោកបានបន្តថា់៖ «នេះជាមូលហេតុមួយដែលសត្វទាំងនេះនៅមានជីវិត»។

«ការធ្វើអ្វីមួយដែលប៉ះពាល់ដល់ជីវៈចម្រុះ មិនមែនជាផលប្រយោជន៍ជាតិ (កម្ពុជា) នោះទេ» លោកបានបន្ថែម។ 

ក្រៅពីផែនការសាងសង់ទំនប់វារីអគ្គីសនី ឯកសារនេះបានបង្ហាញថា វារីអគ្គីសនីត្រឹមតែមួយប៉ុណ្ណោះ អាចធ្វើឲ្យដីព្រៃចំនួន ២១៥ហិកតា​ នឹងត្រូវលិចលង់ ដោយសារបរិមាណទឹកដ៏សម្បើម របស់អាងស្តុកទឹកនៃវារីអគ្គីសនី។

លោកបានបន្តថា៖ «ជាក់ស្តែងថាមពលស្អាត ពិតជាសំខាន់ណាស់» ក្នុងកាត់បន្ថយនូវបម្រែបម្រួលអាកាសធាតុ។ ប៉ុន្តែ «វាក៏អាស្រ័យទៅតាមតំបន់ និងអាស្រ័យទៅតាមរបៀបផលិតវាដែរ»។ 

សម្រាប់គាត់ វីរៈជ័យមិនមែនជាកន្លែងសម្រាប់វារីអគ្គីសនីទេ។

លោក Sinovas បានបន្តថា៖ «ដើម្បីសាងសង់ទំនប់នៅក្នុងឧទ្យានជាតិផ្ទាល់ អ្នកនឹងត្រូវបង្កើតផ្លូវ កាប់ដើមឈើ និងបង្ករការរំខានដល់សត្វព្រៃទៀត»។ «ខ្ញុំមិនហៅថាមពលដែលចេញមកពីកន្លែងនោះថា [ថាមពល] ស្អាតនោះទេ»។

ព្រះអាទិត្យកំពុងអស្តង្គត ខណៈដែលព្រះច័ន្ទកំពុងបង្ហាញខ្លួននៅតំបន់វាលធំ ដែលជាវាលស្មៅនៅលើភ្នំ ស្ថិតក្នុងឧទ្យានជាតិវីរៈជ័យ។ រូបភាព៖ Anton L. Delgado

កាលពីដើមឆ្នាំនេះ ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបញ្ជាក់ថា នឹងផ្តល់ប្រាក់ប្រមាណ ៦ សែនផោន ដល់ឧទ្យានជាតិវីរៈជ័យ ដែលជាផ្នែកមួយនៃ មូលនិធិការពារតំបន់ទេសភាពជីវៈចម្រុះ របស់ចក្រភពអង់គ្លេស។ លោក Marc Thayre ជាអនុប្រធានបេសកកម្មនៅស្ថានទូតអង់គ្លេស បានមានប្រសាសន៍ថា «ជំនួយភាគច្រើន» ដែលបានផ្តល់ជូនប្រទេសនៅតំបន់មេគង្គ ក្នុងនោះឧទ្យានជាតិវីរៈជ័យទទួលបានច្រើនជាងគេ។ 

លោក Thayre មានប្រសាសន៍ថា៖ «ជំនួយនេះត្រូវបានគេធ្វើឡើង ដើម្បីលើតម្កើននូវគុណសម្បត្តិនៃតំបន់នេះ»។ «យើងត្រូវបង្វែរឱ្យពួកគាត់មកគិតសារជាថ្មី អំពីគុណតម្លៃនៃតំបន់ ហើយទប់ស្កាត់កុំឱ្យមានការទាញយកផលប្រយោជន៍ ពីធនធានធម្មជាតិនៅតំបន់នេះ ជាជាងអភិវឌ្ឍន៍»។ 

លោក Mark Thayre ជាអនុប្រធានបេសកកម្មនៅស្ថានទូតអង់គ្លេសប្រចាំកម្ពុជា អង្គុយនៅខាងក្រោយប្រជាសហគមន៍ការពារធម្មជាតិ ដែលជិះចេញពីឧទ្យានជាតិវីរៈជ័យ។
 រូបភាព៖ Anton L. Delgado

លោក Thayre ផ្អាកនិយាយបន្តិចមុនពេលគាត់ឡើងអង្គុយលើម៉ូតូ នៅពេល [ខ្ញុំ] សួរគាត់អំពីគម្រោងអភិវឌ្ឍវារីអគ្គីសនី។

«ប្រសិនបើអ្នកចង់ដោះស្រាយបញ្ហា ដូចជាបម្រែបម្រួលអាកាសធាតុ និងជីវៈចម្រុះ អ្នកត្រូវធ្វើការជាមួយរដ្ឋាភិបាលទាំងអស់គ្រប់ទីកន្លែង» លោក Thayre មានប្រសាសន៍។ «យើងត្រូវស្មោះត្រង់ជាមួយខ្លួនយើង អំពីបញ្ហា និងការសម្របសម្រួលផលប្រយោជន៍ រវាងបរិស្ថាន និងការអភិវឌ្ឍ។ ត្រង់នោះហើយជាចំណុចដ៏តឹងសសៃក» លោកបានបន្ថែម។ 

លោកសម្គាល់ថា គម្រោងនេះបង្ហាញនូវជ្រុងពីរផ្សេងគ្នា រវាង «ការសាងសង់វារីអគ្គីសនីនៅក្នុងឧទ្យានជាតិ» និង «តម្រូវការអគ្គីសនីរបស់ប្រជាជនក្នុងសហគមន៍»។

លោកបន្ថែមថា៖ «ពិភពលោកប្រែប្រួលគ្រប់ពេល»។ «រាល់គម្រោងដែលយើងធ្វើនៅគ្រប់ទីកន្លែង គេតែងឃើញមានយុទ្ធសាស្ត្របញ្ចាប់បេសកម្ម សរសេរនៅក្នុងឯកសារ។ ខ្ញុំសង្ឃឹមថា នេះមិនមែនជាបញ្ហាឡើយ»។

ការពឹងផ្អែកលើឥណទានកាបូន

ការអភិវឌ្ឍនៅកម្ពុជា មានការផ្សារភ្ជាប់ទៅនឹង ការស្វែងរកជំនួយតាមឥណទានកាបូន

ឥណទានកាបូន គឺជាជំនួយដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយបញ្ចៀសនូវកាប់បំផ្លាញព្រៃឈើនៅគ្រប់ទីកន្លែង ដោយសារការអភិវឌ្ឍ។ ឧទាហរណ៍មានដូចជា​​ ដូចឧទ្យានជាតិវីរៈជ័យជាដើម។ ក្រុមប្រទេសឧស្សាហកម្មដែលបង្កការបំពុលធំៗ ទូទាត់ការបំភាយឥន្ធនៈហ្វូស៊ីលរបស់ពួកគេ ដោយឧបត្ថម្ភជាដល់ការការពារព្រៃឈើទាំងនេះ តាមរយៈការទិញឥណទានកាបូន។

ប្រអប់សំបុត្រតវ៉ា នៅតំបន់អារ៉ែង ត្រូវបានគេរកឃើញទូទាំងតំបន់នៃគម្រោងរេដបូក នៅភ្នំក្រវាញខាងត្បូង​។ 
រូបភាព៖ Anton L. Delgado

ក៏ប៉ុន្តែនាប៉ុន្មានខែថ្មីៗនេះ ការផ្តល់នូវឥណទានកាបូនដល់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់របស់កម្ពុជា ​បានស្ថិតនៅក្រោមការតាមដានម៉ត់ចត់ អំពីប្រសិទ្ធិភាពនៃជំនួយនេះ។ 

តំបន់ឥណទានកាបូនដែលបានចុះបញ្ជីធំជាងគេ កំពុងប្រឈមមុខនឹង ការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស ពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)។ ជាការឆ្លើយតប សេវាចុះបញ្ជីឥណទានកាបូនឈានមុខគេរបស់ពិភពលោកហៅថា Verra បានផ្អាកការចេញឥណទានថ្មី ដល់គម្រោងរេដបូកក្រវាញខាងត្បូង

គោលបំណងរបស់កម្ពុជាក្នុងការទាក់ទាញនូវឥណទានកាបូន នៅមិនទាន់មានការប្រែប្រួលឡើយ។ 

ដោយធ្វើការជាមួយនឹងមជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវចម្រុះ លោក ផានិត បានសិក្សាពីលទ្ធភាពនៃទីតាំង គម្រោងរេដបូក (REDD+) នៅប្រទេសកម្ពុជា ហើយបានរកឃើញប្រហែល ៤០ភាគរយ នៃផ្ទៃដីសរុបរបស់កម្ពុជា ប្រហែលនឹង ៧៩,២០០គីឡូម៉ែត្រការ៉េ អាចត្រូវបានគេពិចារណាសម្រាប់ ការផ្តល់ឥណទានក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។

លោក ផង់ ផង មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បញ្ចប់ការដើរល្បាតព្រៃនៅឧទ្យាជាតិវីរៈជ័យ។ 
រូបភាព៖​ Anton L. Delgado

តំបន់ដ៏ធំនៃឧទ្យាននេះនៅតែមិនទាន់មានគេចូលទៅដល់ ដោយមានព្រៃឬស្សីក្រាស់ឃ្មឹក លាយឡំនឹងព្រៃបៃតង និងព្រៃរបោះ។ មានតែផ្លូវសម្រាប់ចូលទៅកាប់ឈើក្នុងព្រៃប៉ុណ្ណោះ ជាផ្លូវដែលអាចធ្វើថ្មើរជើងបាន ដោយ​មាន​មន្ត្រី​ឧទ្យានុរក្សយក​ចិត្ត​ទុក​ដាក់​ និងមិន​ឲ្យ​អ្នករួមដំណើរបន្សល់ដានចេញជាផ្លូវថ្មីឡើយ។ 

លោកផានិត បានកំណត់តំបន់ស្នូលចំនួនបីនៅវីរៈជ័យ ដែលមានសមត្ថភាពស្រូបឧស្ម័នកាបូនខ្ពស់ជាងគេបង្អស់ រហូតដល់ទៅ ២៨លានតោន។ តាមរយះ លំនាំគណនាបរិមាណបំភាយឧស្ម័នផ្ទះកញ្ចក់ ចំនួននេះស្មើនឹងការបំភាយឧស្ម័នប្រចាំឆ្នាំសរុប របស់រោងចក្រផលិតថាមពលធ្យូងថ្មជិត ២៥ រោងចក្រ។

​មានតម្លៃ​មធ្យម ១០ដុល្លារ ក្នុង​មួយ​តោន ក្នុងនោះលោក ផានិត បាន​គណនា​ថា វីរៈជ័យ​អាច​មាន​តម្លៃដល់ទៅ ២៨០លាន​ដុល្លារ ​ប្រសិន​បើមិនមានការឈូសឆាយ។ លោក​បាន​សង្កត់​ធ្ងន់​ថា នេះ​ [យើង] មិន​បានគិតអំពីកត្តា​ផល​ប្រយោជន៍ ​នៃ​ជលសាស្ត្រ​ដែល​មាន​សុខភាព​ល្អ ជីវចម្រុះ និង​សេវា​ប្រព័ន្ធ​អេកូឡូស៊ី​ផង​។

លោក ផានិត បានពន្យល់ថា ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុនាំឱ្យមានរបៀបមធ្យោបាយចំនួនពីរ។

មធ្យោបាយទីមួយ ប្រសិនបើព្រៃឈើមានតម្លៃខ្ពស់ជាង សក្ដានុពលអភិវឌ្ឍន៍ នោះអ្នកបង្កើតគោលនយោបាយ នឹងផ្អាកគម្រោងដោយឯងៗ។ មធ្យោបាយ​ទីពីរ ​ដែល​កម្ពុជា​ដើរ​ជា​ញឹក​ញាប់ គឺព្រៃឈើ​បង្កើត​ប្រាក់ចំណូល បាន​តិច​ជាង​​តម្លៃដែលទទួលបានពីការ​អភិវឌ្ឍ​។

ប្រសិនបើមានមធ្យោបាយទីរពីរត្រូវបានអនុវត្ត មានន័យថា ទំនប់​វារីអគ្គីសនីព្រែក​លៀង​ នឹង​ត្រូវ​សាងសង់​នៅ​កណ្តាល​តំបន់​ស្នូល​មួយ​ ក្នុង​ចំណោម​តំបន់​ស្នូល​ទាំង​បី​ដែល​បង្ហាញ​ដោយលោក ផានិត។ នៅក្នុងករណីនោះ លោកផានិត បានមានប្រសាសន៍ថា យ៉ាងហោចណាស់ក៏មានតម្លៃដែលគេដឹង ដើម្បីឱ្យក្រុមហ៊ុនត្រូវបង់ និងទូទាត់សងការខូចខាតព្រៃឈើដែរ។

«ប្រសិនបើចង់អភិវឌ្ឍវីរៈជ័យឱ្យទៅជាទំនប់វារីអគ្គីសនី ឬជាអ្វីផ្សេង ត្រូវប្រាកដថា វាបង្កើតចំណូលបានលើស ២៨០លានដុល្លារ។ ប្រសិនបើអញ្ចឹងមែន ធ្វើទៅ» លោកផានិត បន្ថែម។ «ប៉ុន្តែត្រូវហ៊ានចំណាយ ២៨០លានដុល្លារ ដើម្បីទូទាត់»។

តស៊ូដើម្បីវីរៈជ័យ

លុយមិនអាចធ្វើអ្វីៗបានគ្រប់យ៉ាងនោះទេ។

ប្រជាសហគមន៍ការពារធម្មជាតិ​ចំនួន ៤៧នាក់ ​ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​វីរៈជ័យ ដែល​មាន​ន័យ​ថា​ 

រាល់៧០គីឡូម៉ែត្រការ៉េ មានអ្នកឆ្មាំម្នាក់។ ពួកគាត់ភាគច្រើនមកពីសហគមន៍ជនជាតិដើមភាគតិច ដែលចាត់ទុកតំបន់ការពាររបស់ពួកគាត់ ដូចទៅនឹងផ្ទះយ៉ាងអញ្ចឹង ហើយការល្បាតមួយលើកៗ ចាយពេលកន្លះខែ។

សម្រាប់ពួកគាត់ វីរៈជ័យគឺមានសារៈសំខាន់ជាងការស្រូប និងរក្សាកាបូន និងប្រភពថាមពលទៅទៀត។

ប្រជាសហគមន៍ការពារធម្មជាតិមកពីសហគមន៍ព្រៅ អង្គុយបឺតបារីថ្នាំខ្លាំងមូរជាមួយនឹងស្លឹកឈើ។ រូបភាព៖ Anton L. Delgado

នៅឧទ្យានឯណេះវិញ ប្រជាសហគមន៍ការពារធម្មជាតិជាជនជាតិដើមភាគតិច កំពុងសើច ខណៈដែលពួកគាត់ប្រាប់ខ្ញុំកុំឱ្យសម្លាប់សត្វទាក ដែលកំពុងជញ្ជក់ឈាមលើដៃ ជើង ក និងត្រចៀកខាងស្តាំរបស់ខ្ញុំ។

ពួកគាត់​ហៅ​វា​ថា​ជា​​ «​ពន្ធ​ព្រៃឈើ​» មានន័យថាសត្វនេះជាអំណោយរបស់ព្រៃ រាល់ពេលមានមាន់ថ្មីចូល។ ជាជាងសម្លាប់ពួកវា ពួកគាត់បានជក់បារីបង្ហុយ ដើម្បីការពារពីសត្វទាក ខណៈពេលដែលខ្ញុំបកវាចេញយ៉ាងវេទនា និងយ៉ាងប្រុងប្រយ័ត្នទៅតាមដែលខ្ញុំអាចធ្វើបាន។

ប្រជាសហគមន៍ការពារធម្មជាតិមួយចំនួន ព្រម​ទាំង​មន្ត្រីឧទ្យានុរក្សនៃ​ក្រសួង​បរិស្ថាន គឺជា​ជនជាតិ​ភាគតិចព្រៅ ដែល​មាន​កម្លាំង​ប្រមាណ ៦០,០០០នាក់ មក​ពី​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម។

ជាបង្គោលព្រំដែនដែលខណ្ឌចែកប្រទេសទាំងបី​  វីរៈជ័យ​ជា​បេះដូង​​របស់សហគមន៍​ជនជាតិ​ដើម។

រូបសំណាកបុរសជនជាតិព្រៅ នៅរង្វង់មូលស្រុកតាវែង ស្ថិតនៅច្រកចូលទៅឧទ្យានជាតិវីរៈជ័យ។
រូបភាព៖ Anton L. Delgado

នៅពេលដែលការល្បាតរបស់យើងបានបញ្ចប់ នៅតំបន់ភ្នំវាលធំមានខ្យល់បក់រំភើយៗ អមដោយសូរិយាអស្តង្គត ដែលប្រែក្លាយផ្ទៃមេឃទាំងមូលទៅជាមាស។

លោក ស្រា អឺ ដែលជាជនជាតិភាគតិចព្រៅ និងជាប្រធានស្នាក់ការរដ្ឋបាលព្រៃឈើតាវែង ណែនាំខ្ញុំឱ្យកំណត់ម៉ោងរោទិ៍របស់ខ្ញុំនៅម៉ោង ២ រំលងអធ្រាត្រ ដើម្បីមើលផ្កាយ។

ពេលដល់​ម៉ោង​២​រំលង​អធ្រាត្រ លោក អឺ ខ្មាស​ខ្ញុំយ៉ាងខ្លាំង។

ដោយសារតែយប់នោះ តារារាប់លាងដួងត្រូវបាំងជិតដោយពពក និងរស្មីដួងច័ន្ទ។ ដើម្បីកុំឱ្យខ្ញុំខកចិត្ត លោក អឺ មួលគម្របកានដាក់ស្រាអង្ករ ដែលជាស្រាដ៏ពិបាកលេប។

លោក ស្រា អឺ ប្រធាន​ស្នាក់ការរដ្ឋបាលព្រៃឈើ​តាវែង ថ្លែង​អំពីទំនាក់ទំនងនៃជនជាតិដើមភាគតិចព្រៅ ទៅ​នឹងឧទ្យាន​ជាតិ​វីរៈជ័យ​របស់​កម្ពុជា។ រូបភាព៖ Anton L. Delgado

នៅក្រោមពន្លឺពណ៌ក្រហមនៃចង្កៀងពាក់ជាប់ក្បាលរបស់ខ្ញុំ និងទោរទន់ទៅតាមឥទ្ធិពលនៃស្រារបស់គាត់ លោក អឺ ប្រាប់ខ្ញុំអំពីទំនាក់ទំនងរបស់ប្រជាជនព្រៅទៅនឹងទឹកដីនេះ ដែលគាត់បានរៀបរាប់ថា វាជាហេតុផលដែលគាត់ធ្វើឱ្យគាត់ក្លាយទៅជាឆ្មាំព្រៃ។

«ពួកយើងខ្វល់ខ្វាយអំពីវីរៈជ័យ ហើយពួកយើងការពារឧទ្យាននេះទៅតាមលទ្ធភាពរបស់ពួកយើង» គាត់បានប្រាប់។


អត្ថបទនេះត្រូវបានផលិត ដោយការចូលរួមរវាង The Japan Times និង Southeast Asia Globe ដោយមានការជ្រោមជ្រែងពី បណ្តាញស៊ើបអង្កេតព្រៃទឹកភ្លៀង នៃ មជ្ឈមណ្ឌល Pulitzer

Exit mobile version