LINES OF THOUGHT ACROSS SOUTHEAST ASIA
វត្ថុបុរាណ

រូបបដិមាដែលគេប្រមូលទៅអាមេរិក មាតុភូមិនិវត្តន៍មកកម្ពុជាវិញ

វត្តមានពីសំណាក់មន្ត្រីរដ្ឋាភិបាល និងភ្ញៀវ បានចូលរួមនៅសារមន្ទីរជាតិក្រុងភ្នំពេញ ក្នុងពិធីប្រគល់ត្រឡប់នូវបដិមាខ្មែរ មកពីក្រុមអ្នកប្រមូលទិញវត្ថុបុរាណអន្តរជាតិ

March 30, 2023
រូបបដិមាដែលគេប្រមូលទៅអាមេរិក មាតុភូមិនិវត្តន៍មកកម្ពុជាវិញ
លោក សុខ សុតា អនុប្រធានសារមន្ទីរជាតិកម្ពុជា នៅទីក្រុងភ្នំពេញ កំពុងយកព្រះពុទ្ធបដិមាសំរិទ្ធចេញពីប្រអប់ បន្ទាប់ពីការប្រគល់ពីអាមេរិក មកកម្ពុជា

រូបបដិមាព្រះគណេស ជាទេពនៃព្រហ្មញ្ញសាសនាដែលមានព្រះកេសជាដំរី ទំនងជាមិនត្រូវបានគេយកចេញពីក្នុងប្រអប់អស់រយៈកាល ២០ ឆ្នាំមកហើយ។ 

អក្សរស្តង់ស៊ីល (Stencilled letter) នៅខាងលើប្រអប់ឈើ បានសរសេរឈ្មោះ LATCHFORD។ នៅខាងលើប្រអប់ គេឃើញមានស្លាកទាក់ទងទៅនឹងព័ត៌មានអំពីទីតាំងដឹកជញ្ជូន និងឃ្លាំងផ្ទុកអីវ៉ាន់ បានលាតត្រដាងឱ្យឃើញនូវរឿងរ៉ាវដ៏វែងឆ្ងាយ តាំងពីបដិមាត្រូវបានគេយកទៅសារមន្ទីរសិល្បៈឥណ្ឌា នៅទីក្រុងប៊ែកឡាំង (Berlin’s Indian Museum of Art) និងក្រោយមកត្រូវបានលក់ឱ្យទៅមហាសេដ្ឋីជនជាតិអាមេរិក Jim Clark ដែលជាស្ថាបនិក Netscape។ 

រូបចម្លាក់នាសតវត្សរ៍ទី ១០ មានទម្ងន់បីតោននេះ ត្រូវបានគេជឿថាត្រូវបានប្រមូលពីប្រាសាទបាក់ នៅឯប្រាសាទកោះកេរនៅកំឡុងឆ្នាំ ២០០៣។ នេះគឺជាបដិមាមួយក្នុងចំណោមបដិមាទាំង ១៧ របស់កម្ពុជា ដែលត្រូវបានគេ​បញ្ជូនត្រឡប់មកពីសហរដ្ឋអាមេរិកនៅថ្ងៃទី ១០ ខែ មីនា។

ក្នុង​ចំណោម​វត្ថុបុរាណ​រទាំងនេះ គេឃើញ​មាន​រូបសំណាក​​ព្រះ​សុរិយា ដែលធ្វើពីថ្មភក់ ​នាសតវត្សរ៍​ទី ​៧ ឬ​ទី ៨  និង​កណ្ដឹង​សំរឹទ្ធ​មកពី​សតវត្ស​ទី ​១ មុនគ.ស.។ បំណែកទាំងនេះជាច្រើនត្រូវបានគេយកពីប្រទេសកម្ពុជា ហើយមានទំនាក់ទំនងជាមួយឈ្មួញជួញដូរសិល្បៈ លោក Douglas Latchford ដែលត្រូវបានចោទប្រកាន់នៅឆ្នាំ ២០១៩ ពីបទជួញដូរវត្ថុបុរាណខ្មែរដែលគេបានប្រមូល។ គាត់បានស្លាប់នៅឆ្នាំបន្ទាប់។

វត្ថុបុរាណជាងរាប់សិបដែលត្រូវបានកែនពីប្រាសាទខ្មែរកាលពីរាប់ទសវត្សរ៍មុន ត្រូវបានគេវេចខ្ចប់ទុកនៅសារមន្ទីរជាតិ នៅរាជធានីភ្នំពេញ បន្ទាប់ពីត្រូវបានប្រគល់មកពីសហរដ្ឋអាមេរិក។
មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ញើចសរសើរ បដិមាថ្មភក់របស់ព្រះសុរិយា​ ដែលទ្រង់គឺជាអាទិទេពនៃព្រះអាទិត្យក្នុងព្រហ្មញ្ញសាសនា និងជារូបសំណាកមួយក្នុងចំណោមរូបសំណាករាប់សិប ដែលត្រូវបានគេប្រគល់ពីប្រទេសអាមេរិក នាពាក់កណ្តាលខែមីនា។
មន្ត្រីនៅសារមន្ទីរជាតិកំពុងរើព្រះកេសរបស់ព្រះសិវ ដែលបានប្រគល់ពី James Clark Collection នៅសហរដ្ឋអាមេរិក មកកាន់កម្ពុជាកាលពីថ្មីៗនេះ។

ការប្រគល់មកវិញនេះ បានបូកបញ្ចូលទៅនឹងបដិមាផ្សេងៗ ដែលបានប្រមូលមកពីបុគ្គលមួយចំនួន រួមទាំងលោក Clark ដែលស្ម័គ្រចិត្តប្រគល់វត្ថុបុរាណមកវិញ។ សារមន្ទីរសិល្បៈ Denver បានប្រគល់បដិមាចំនួន ៤ ក្នុងឆ្នាំ ២០២១ នៅពេលដែលក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកតាមស្វែងរករូបចម្លាក់ដែលគេកែន។ ការប្រគល់វត្ថុបុរាណ កើតមានឡើងនៅពេលដែលសារមន្ទីរនៃប្រទេសលោកខាងលិច និងអ្នកប្រមូលស្នាដៃសិល្បៈ ប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងៗ ទាក់ទងទៅនឹងការប្រគល់វត្ថុបុរាណបរទេស ត្រឡប់ទៅប្រទេសដើមរបស់វិញ។

លោក ហាប់ ទូច រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ថ្លែង​ថា​ «​ទីបំផុត​ព្រះ​របស់​យើង​ត្រឡប់​មក​ប្រទេសយើង​វិញ​ហើយ នេះ​ជា​ដូនតា​យើង​ និងជា​ដួងព្រលឹង​របស់​យើង​​។ យើង​ចាត់​ទុក​រូប​ចម្លាក់​ទាំង​អស់​មិន​ត្រឹម​តែ​ជា​ចម្លាក់ ជាថ្ម ឬត្រឹម​តែ​លង្ហិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែទាំងនេះជា​ព្រះ​របស់​យើង ជាដូនតា​យើង»។


ព្រះសង្ឃប្រោសព្រំរូបព្រះស្កន្ទកុមារគង់ក្ងោក និងបដិមាផ្សេងទៀត ដែលត្រូវបានប្រគល់ពីប្រទេសអាមេរិក មកកាន់កម្ពុជាវិញ។ ព្រះស្កន្ទ ជាទេពផ្នែកចម្បាំងក្នុងព្រហ្មញ្ញសាសនា។

ការបញ្ជូនវត្ថុបុរាណ ពីទីក្រុងញូវយ៉ក បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅពេលយប់។ ប្រអប់ទាំងនេះត្រូវបានគេបើកនៅសារមន្ទីរជាតិនាថ្ងៃបន្ទាប់។

វត្តមានរបស់មន្ត្រីរដ្ឋាភិបាល និងអ្នកចូលមើលផ្ទាល់នៅសារមន្ទីរមួយចំនួន បានអបអរសាទរ នៅពេលប្រអប់ដែលមានបដិមាព្រះគណេស ត្រូវបានគេបើក។ អ្នកស្រី រស់ សារូ ជាមន្ត្រីមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងការភ្ញាក់ផ្អើលទៅនឹងព្រះគណេស ដែលមានកម្ពស់ជាងពីរម៉ែត្រ និងទទឹងជិតពីរម៉ែត្រ។ 

ដោយបានលត់ជង្គង់ ហើយកាន់ផ្ទិលទឹកថ្វាយដល់ទេពបដិមា ដោយគិតថាទ្រង់បិបាសាទឹក បន្ទាប់ពីទ្រង់គង់ក្នុងប្រអប់ឈើអស់រយៈពេលជាយូរណាស់មកហើយ។ អ្នកស្រីមានសេចក្តីត្រេកអរ នៅបានឃើញវត្ថុបុរាណជាច្រើនវិលត្រឡប់មកកម្ពុជាវិញ ដែលត្រូវបានគេប្រមូលនៅដើមទសវត្សរ៍ឆ្នាំ ១៩៧០ ចំពេលប្រទេសកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។

មន្ត្រីរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី រស សារូ ប៉ះបដិមានៃព្រះគណេស ជាទេពព្រហ្មញ្ញសាសនា ដែលមានទម្ងន់ជិតបីតោន ដើម្បីស៉ំសេចក្តីសុខ បន្ទាប់ពីមាតុភូមិនិវត្តនៃបដិមា។ នៅពាក់កណ្តាលខែមីនា សារមន្ទីរជាតិនៅទីក្រុងភ្នំពេញទទួលបានបដិមាចំនួន ១៣ ពីប្រទេសអាមេរិក

អ្នកស្រីបានមានប្រសាសន៍ថា «ដោយសារតែឥលូវនេះប្រទេសយើងមានសន្តិភាព អញ្ចឹងហើយបានជាយើងអាចទាមទារមកវិញ ហើយវាល្មមដល់ពេលដែលវត្ថុបុរាណទាំងនេះ ត្រឡប់មកប្រទេសយើងវិញហើយ»។

លោក Bradley J. Gordon ជាមេធាវីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលលោកជាប្រធាននៃក្រុមស៉ើបអង្កេត និងទាមទារវត្ថុមានតម្លៃទាំងនេះមកវិញ បានមានប្រសាសន៍ថា ឥលូវអ្នកស្រាវជ្រាវនឹងអាចកំណត់ទីតាំង ដែលបដិមាទាំងអស់ ត្រូវបានគេជញ្ជូនចេញពីកន្លែងណាហើយ និងអាចមើលពីប្រភពដើមនៃបដិមាទាំងនេះ។ តាមរយៈការផ្សព្វផ្សាយជាសាធារណៈអំពីមាតុភូមិនិវត្តន៍នេះ លោកសង្ឃឹមថាអ្នកកែនវត្ថុបុរាណផ្សេងៗជាច្រើនទៀត នឹងទទួលបានការលើកទឹកចិត្ត ក្នុងការប្រគល់សម្បត្តិដ៏មានតម្លៃរបស់កម្ពុជាមកវិញ។ 

«ខ្ញុំសង្ឃឹមថា មានមនុស្សជាច្រើននឹងខ្វាយខ្វល់អំពីរឿងនេះ និងជូនដំណឹងដល់ពួកយើងនៅថ្ងៃបន្ទាប់ ហើយប្រាប់ថា ពួកយើងនៅមានបដិមាចំនួនដប់ទៀត ត្រូវបញ្ចូនត្រឡប់មកវិញ»។

ចានមាសនៅសតវត្សរ៍ទី ១២ និងមូលដ្ឋានលង្ហិនដែលត្រូវគ្នាត្រូវបានគេរើចេញពីប្រអប់ នៅសារមន្ទីរជាតិ ទីក្រុងភ្នំពេញ បន្ទាប់ពីត្រូវបានប្រគល់ជូនកម្ពុជាវិញ ពី James Clark Collection នៅសហរដ្ឋអាមេរិក។

ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe



Read more articles