បកប្រែដោយ៖ ឌិប ណាសា
ក្បាលទូកបង្វែរទិស ទៅតាមដៃដែលបញ្ជារម៉ាសុីន ប្រៀបដូចជាចង្កូតរបស់ម្ចាស់ទូក តម្រង់ទៅកាន់បណ្ដុំពពុះ នៅលើផ្ទៃទឹក។ ខណៈទូកជិះយឺតៗឆ្លងកាត់ទន្លេមេគង្គ ភ្ញៀវទេសចរអាចឃើញ សត្វផ្សោតអ៉ីរ៉ាវ៉ាឌី លេចឡើងជាហ្វូង ឬ២ទៅ៣ក្បាល ដែលមានតែអ្នកភ្នែករហ័ស ឬមានសំណាងទើបឃើញពួកគេច្បាស់។
«សត្វផ្សោតនេះ ឥឡូវហ្នឹងអាចមើលឃើញតែនៅកន្លែងនេះឯង ព្រោះវារាងក្សត់ទៅក្សត់ទៅ» នេះបើតាម លោកពូ ស៊ុន គឹង ជាអ្នកបើកទូកទេសចរណ៌ជាង២០ឆ្នាំ នៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ។
តំបន់អភិរក្ស អន្លង់ផ្សោតកាំពីខេត្តក្រចេះ គឺជាតំបន់ការពារដ៏រឹងមាំមួយ សម្រាប់រក្សាចំនួនសត្វផ្សោតប្រភេទនេះ ដែលជិតផុតពូជនៅក្នុងទន្លេមេគង្គ។ នេះក៏ជាហេតុផលសំខាន់មួយ ដែលក្រសួងបរិស្ថានគ្រោងដាក់តំបន់នេះ ជាតំបន់បេតិកភណ្ឌពិភពលោកធម្មជាតិដំបូងគេរបស់កម្ពុជា។
ចំណាត់ការនេះធ្វើឡើងស្របគ្នាជាមួយនឹងសំណើរមួយទៀតទៅកាន់ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ឬអង្គការយូនីស្កូ (UNESCO) សម្រាប់ឧទ្យានភូគព្ភសាស្ត្រសកលដំបូងរបស់កម្ពុជា (Geopark) នៅដែនជម្រកសត្វព្រៃភ្នំណាមលៀ ខេត្តមណ្ឌលគិរី។
ជាមួយជីវមណ្ឌលបម្រុង ដែលទទួលស្គាល់ដោយអង្គការយូណេស្កូ នៅបឹងទន្លេសាប ការធ្វើសំណើរលើតំបន់ទាំងពីរនេះ បញ្ជាក់ពីចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់ក្រសួង ក្នុងការទទួលស្គាល់ជាអន្តរជាតិចំពោះធនធានធម្មជាតិរបស់កម្ពុជា។ ខណៈសំណើរនេះអាចចំណាយពេលជិតមួយទសវត្សរ៍ តំបន់ធម្មជាតិផ្សេងៗទៀត ក៏កំពុងស្ថិតក្រោមការពិចារណាផងដែរ។
ក្រុមអ្នកស្រាវជ្រាវ និងអ្នកអភិរក្ស ជជែកគ្នាថា តើការទទួលស្គាល់ជាសាកលនេះ អាចការពារតំបន់បេតិកភណ្ឌធម្មជាតិ នៅប្រទេសកម្ពុជាពីការអភិវឌ្ឍ និងភាពរិចរិលបានដែរឬទេ រីមួយក៏ផែនការគ្រប់គ្រងដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិទាំងនេះ នឹងត្រូវបានអនុវត្តតែលើឯកសារតែណ្ណោះ។
លោកពូ ស៊ុន កឹង ដែលបានចំណាយពេលជាងពីរទសវត្សរ៍ធ្វើការនៅអន្លង់ផ្សោតកាំពី ប្រើម្រាមជើងគាត់ បញ្ជាច្រវារបស់ទូកឆ្ពោះទៅកាន់អន្លង់ផ្សោតអុីរ៉ាវ៉ាឌី។ រូបថតដោយ Anton L. Delgado for Southeast Asia Globe។
ការជ្រើសរើសដាក់តំបន់ទាំងពីរនេះចូលក្នុងបញ្ជីបេតិកភណ្ឌ កើតឡើងក្នុងឆ្នាំដំណាលគ្នាជាមួយ ខួបលើកទី ៥០ ចាប់តាំងពីការចុះហត្ថលេខាលើអនុសញ្ញាបេតិកភណ្ឌពិភពលោក និង ខួបលើកទី៣០ឆ្នាំ រាប់ចាប់តាំងពីការចុះបញ្ជីប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។
លោកMasanori Nagaoka អ្នកជំនាញផ្នែកវប្បធម៌របស់អង្គការយូណេស្កូប្រចាំកម្ពុជា ពន្យល់ថា ការការពារទាំងនេះមិនគ្រាន់តែសំដៅការពារធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង «រួមចំណែកការពារការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
«អង្គរវត្ត ពិតជានិមិត្តរូបរបស់ប្រទេស ប៉ុន្តែវាមិនមែនត្រឹមតែប៉ុនហ្នឹងទេ។ យើងមានកន្លែងធម្មជាតិដ៏សម្បូរបែប ព្រៃបម្រុងជីវមណ្ឌល និងប្រភេទសត្វជិតផុតពូជ ដែរត្រូវការ ការការពារ និងផ្សព្វផ្សាយ។ ការជ្រើសរើសទីតាំង ធ្វើឡើងអាស្រ័យទៅលើអ្វីដែលរដ្ឋាភិបាលយកចិត្តទុកដាក់ និងពិចារណា»។ លោក Nagaoka បានបន្ថែម។
«ការចុះក្នុងបញ្ជីបេតិកភណ្ឌ» គឺជាអត្ថប្រយោជន៍ដ៏ទូលំទូលាយដែលគេទទួលស្គាល់ជាទូទៅ ហើយខណៈពេលដែលការផ្តល់មូលនិធិនានា មិនមកដោយស្វ័យប្រវត្តិ ជាមួយនឹងការទទួលស្គាល់ជាតំបន់បេតិកភណ្ឌពិភពលោក ឬឧទ្យានភូគព្ភសាស្ត្រ ការចុះក្នុងបញ្ជីគឺជា «មធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីធានាការការពារតម្លៃ» ។
ការចុះបញ្ជីបេតិកភណ្ឌពិភពលោក អាចលើកកម្ពស់ការយល់ដឹងអំពីទីកន្លែងនោះ និងនាំមកនូវឱកាសបន្ថែមលើវិស័យទេសចរណ៍ ការចូលរួមពីសហគមន៍ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
យោងតាមអង្គការយូណេស្កូ ការការពារទាំងនេះ នឹងជាជំហានដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការការពារជីវចម្រុះ និងធម្មជាតិរបស់ខ្លួន។
«រដ្ឋាភិបាលត្រូវតែធ្វើការសន្យា ដោយមិនគ្រាន់តែកំណត់ទីតាំងដ៏អស្ចារ្យទាំងនេះឲ្យពិភពលោកស្គាល់នោះទេ ប៉ុន្តែពួកគេត្រូវតែសន្យាជាមួយពិភពលោកថា ពួកគេប្តេជ្ញាការពារសម្បត្តិដ៏មានតម្លៃបែបនេះ សម្រាប់មនុស្សជំនាន់ក្រោយ។» Nagaoka បានបន្ថែម។
បើគិតជារួម អង្គការយូណេស្កូបានកំណត់តំបន់បេតិកភណ្ឌពិភពលោកធម្មជាតិជាង ២៥០កន្លែង និងឧទ្យានភូគព្ភសាស្ត្រជិត ១៨០កន្លែង ។ យ៉ាងណាមិញ ការទទួលស្គាល់ ជាសម្បត្តិបេតិកភណ្ឌអាចត្រូវបានដកចេញ ប្រសិនបើផែនការគ្រប់គ្រងមិនត្រូវបានអនុវត្តត្រឹមត្រូវ ដោយប្រទេសដែលជាម្ចាស់។
គិតត្រឹមឆ្នាំមុន តំបន់អាស៊ីអាគ្នេយ៍ជាជម្រកនៃ ឧទ្យានភូគព្ភសាស្ត្រចំនួន១១ និងតំបន់បេតិកភណ្ឌពិភពលោកធម្មជាតិចំនួន ១៤ ដោយមានប្រទេសឥណ្ឌូនេស៊ីនាំមុខគេទាំងពីរប្រភេទ។
លោក Saut Sagala អ្នកស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យា Bandung (Bandung Institute of Technology) របស់ប្រទេសឥណ្ឌូនេស៊ី ដែលបានសិក្សាអំពីភូមិសាស្ត្រទេសចរណ៍ បានបញ្ចាក់ថា «ការទទួលស្គាល់ដោយអង្គការយូណេស្កូ ជំរុញឱ្យក្រុមការងារថ្នាក់ជាតិ ថ្នាក់តំបន់ និងមូលដ្ឋានធ្វើការរួមគ្នា និងធ្វើការកំណត់ស្តង់ដារខ្ពស់សម្រាប់ការគ្រប់គ្រងបរិស្ថាននៃតំបន់នោះ។
ខណៈពេលដែលគាត់ជឿថា ការកំណត់ទីតាំងទាំងនេះជាសម្បត្តិបេតិកភណ្ឌ អាចជួយថែរក្សាបាននូវទីកន្លែងធម្មជាតិទាំងនោះ នៅទូទាំងតំបន់(អាស៊ីអាគ្នេយ៍) យ៉ាងមានប្រសិទ្ធភាពនោះ Sagala ក៏លើកឡើងនូវការប្រុងប្រយ័ត្ន ចំពោះវិធីសាស្ត្រគ្រប់គ្រងតំបន់ទាំងនោះដោយហេតុថា គេមិនអាចប្រើប្រាស់ស្តង់ដារណាមួយមកកំណត់ទីតាំងទាំងអស់បានទេ។
«វាអាចមានភាពខុសប្លែកគ្នា ក៏ដូចជាវិធីសាស្រ្តផ្សេងគ្នា ឬចំនុចពិសេស បទប្បញ្ញត្តិ និងលក្ខខណ្ឌនៃកន្លែងនីមួយៗ នៅតាមតំបន់នានាទូទាំងប្រទេស»។ គាត់បានបន្ថែម «តំបន់បេតិកភណ្ឌ នីមួយៗអាចកំណត់គំរូផ្ទាល់ខ្លួន ហើយបន្ទាប់មកកន្លែងទាំងនេះអាចរៀនពីគ្នាទៅវិញទៅមក។»
នាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន ជាអ្នកត្រួតពិនិត្យការដាក់ពាក្យស្នើសុំនេះ។ មន្ត្រីនាយកដ្ឋានបានបដិសេធ ក្នុងការផ្ដល់ព័ត៌មានដល់ខាងសារព័ត៌មាន ដោយពន្យល់ថា គោលនយោបាយផ្ទៃក្នុងអនុញ្ញាតឱ្យតែអ្នកនាំពាក្យក្រសួងប៉ុណ្ណោះ ក្នងការផ្ដល់ពត៌មានដល់សាធារណៈ។ យ៉ាងណាក៏ដោយ ពួកគេបានចែករំលែកថា ការដាក់ស្នើរអន្លង់ផ្សោតកាំពីជាសម្បត្តិបេតិកភណ្ឌធម្មជាតិ កំពុងត្រូវបានកំណត់ជាអាទិភាព។
នៅចុងឆ្នាំ ២០២៣ នាយកដ្ឋានសង្ឃឹមថានឹងអាចបញ្ជូនឯកសារនេះទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអនុម័តមុននឹងដាក់ស្នើទៅអង្គការយូណេស្កូជាផ្លូវការ។
កាលពីខែមិថុនា អ្នកនាំពាក្យក្រសួង លោក នេត្រ ភក្ត្រា បានប្រកាសអំពីផែនការដាក់ស្នើរបស់អន្លង់ផ្សោតកាំពី ដោយនិយាយថា ការចុះបញ្ជីបេតិកភណ្ឌពិភពលោកនឹងនាំឱ្យមានការចាប់អារម្មណ៍ពីអន្តរជាតិ និងធានាឱ្យមានការកើនឡើងនៃភ្ញៀវទេសចរ។ Southeast Asia Globe ពុំអាចសុំការបញ្ជាក់បន្ថែមពីលោក នេត ភក្ត្រា បានឡើយ ក្រោយពីមានសំណើរទំនាក់ទំនងតាមទូរស័ព្ទជាច្រើនសារ។
ដំណើរការដាក់បញ្ចូលបញ្ជីបេតិកភណ្ឌពិភពលោក អាចចំណាយពេលច្រើនឆ្នាំ ហើយពឹងផ្អែកលើគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល នេះបើយោងតាម កញ្ញា Renate Heileman ដែលធ្វើការជាមួយអង្គភាពវិទ្យាសាស្ត្រធម្មជាតិ នៃអង្គការយូណេស្កូនៅកម្ពុជា។
កញ្ញា បាននិយាយថា «រដ្ឋាភិបាលមានភាពសកម្មក្នុងការបន្តការអភិរក្សតំបន់ធម្មជាតិរបស់ខ្លួន តាមរយៈមធ្យោបាយផ្សេងគ្នាទាំងនេះ។ បេតិកភណ្ឌពិភពលោក នាំមកនូវការគាំទ្របន្ថែមសម្រាប់បទប្បញ្ញត្តិ និងការការពារផ្នែកច្បាប់ តាមរយៈការរៀបចំផែនការ និងប្រព័ន្ធគ្រប់គ្រង។”
ពាក្យស្នើសុំចាប់ផ្តើមជាមួយនឹងការដាក់ស្នើទៅ «បញ្ជីបណ្តោះអាសន្ន» របស់អង្គការយូណេស្កូ ដែលដំណើរការនេះអាចមានរយៈពេលប្រាំទៅប្រាំពីរឆ្នាំ មុនពេលចាប់ផ្តើមដំណើរការចាត់តាំង ឬ Nomination។ តំបន់ដែលដាក់ឈ្មោះទៅ ត្រូវបានវិនិច្ឆ័យដោយផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួនបួន ដែលសង្កត់ធ្ងន់លើ ប្រភេទសត្វដែលរងការគំរាមកំហែង លក្ខណៈជីវសាស្ត្រតែមួយគត់ (ក្នុងតំបន់នោះ) និងការមើលជារួមទៅលើ «តម្លៃសាកលដ៏ពិសេស»។ បន្ទាប់មក សំណើរត្រូវបានស្នើទៅកាន់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយ។
កិច្ចប្រជុំគណៈកម្មាធិការប្រចាំឆ្នាំ ជាពេលដែលតំបន់ថ្មីៗនៅក្នុងបញ្ជីនឹងត្រូវទទួលការអនុញ្ញាត ធ្លាប់ត្រូវបានគ្រោងនឹងរៀបចំនៅក្នុងប្រទេសរុស្ស៊ីកាលខែមិថុនា ឆ្នាំ ២០២២ ប៉ុន្តែត្រូវបានពន្យារពេលដោយគ្មានកំណត់ ដោយសារបញ្ហាររុស្ស៊ី-អ៊ុយក្រែន។ ការពន្យារពេលនេះ ក៏ធ្វើអោយមានការយឺតយ៉ាវនូវការចុះបញ្ជីបេតិកភណ្ឌវប្បធម៍ពិភពលោកទី៤ របស់ប្រទេសកម្ពុជា គឺប្រាសាទកោះកេរ្តិ៍ ក្នុងខេត្តព្រះវិហារ។
លោក Nagaoka បាននិយាយថា ជាមួយនឹងទីតាំងវប្បធម៌ចំនួនបីរបស់កម្ពុជាដែលត្រូវបានទទួលស្គាល់ និងទីបួនកំពុងរង់ចាំលទ្ធផល ការពិនិត្យមើលការដាក់អន្លង់ផ្សោតកាំពី ជាតំបន់បេតិកភណ្ឌពិភពលោកធម្មជាតិដំបូងរបស់ប្រទេសនេះ នឹងក្លាយជាអាទិភាពមួយ។
អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) បានចាត់ថ្នាក់ផ្សោតអ៉ីរ៉ាវ៉ាឌី ឬដែលគេស្គាល់ថា ផ្សោតទន្លេមេគង្គ ក្នុងតារាងសត្វ «ជិតផុតពូជ» នៅក្នុងបញ្ជីក្រហមនៃប្រភេទសត្វដែលរងការគំរាមកំហែង។ ប៉ុន្តែចំនួនសត្វផ្សោតប្រភេទនេះ ដែលបន្តរស់រានមានជីវិតក្នុងប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងកម្ពុជាត្រូវបានចាត់ទុកថាជា «ប្រភេទងាយរងគ្រោះ»។ ដែនជម្រកចម្បងដែលហៅថា «អន្លង់ផ្សោត» សម្រាប់សត្វផ្សោតអុីរ៉ាវ៉ាឌី នៅក្នុងទន្លេមេគង្គលាតសន្ធឹងប្រវែង ១៨០ គីឡូម៉ែត្រ ពីទឹកធ្លាក់ខនផាក់ផង (ល្បាក់ខោន) របស់ប្រទេសឡាវ មកកាន់ខេត្តក្រចេះរបស់កម្ពុជា។
កាលពីខែកុម្ភៈ សត្វផ្សោតចុងក្រោយក្នុងអាងផ្សោតមួយនៅព្រំដែនកម្ពុជា-ឡាវ បានស្លាប់ដោយសារ ជាប់ក្នុងសំណាញ់នេសាទ។
លោក រិន ណារឿន អ្នកគ្រប់គ្រងតំបន់ការពារ និងអនុវត្តច្បាប់របស់អង្គការមូលនិធិសត្វព្រៃពិភពលោក (World Wildlife Fund) នៅខេត្តក្រចេះ បានមានប្រសាសន៍ថា “ប្រសិនបើយើងអាចធ្វើការលើបញ្ហានេះ ហើយអង្គការយូណេស្កូយល់ព្រមបង្កើតតំបន់នេះជាបេតិកភណ្ឌពិភពលោកធម្មជាតិ ខ្ញុំគិតថាវាល្អសម្រាប់យើង ព្រោះយើងអាចអនុវត្តច្បាប់បាន”។ លោកជឿជាក់ថា ការចុះបញ្ជីបេតិកភណ្ឌពិភពលោកអាចផ្តល់ប្រយោជន៍ ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តច្បាប់។
លោក ណារឿន ដែលបានជួយប្រមូលទិន្នន័យ សម្រាប់ការដាក់បញ្ចូលតំបន់បេតិកភណ្ឌពិភពលោក បានថ្លែងថា ការបាត់បង់នេះ (សត្វផ្សោត) កាន់តែពង្រឹងសារៈសំខាន់របស់អន្លង់ផ្សោតកាំពី ក្នុងនាមជាជម្រករឹងមាំសម្រាប់សត្វផ្សោតអុីរ៉ាវ៉ាឌី។
យោងតាមរបាយការណ៍របស់អង្គការ WWF បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២០ ចំនួនសត្វផ្សោតទន្លេមេគង្គត្រូវបានប៉ាន់ប្រមាណថាមានចំនួនត្រឹមតែ ៨៩ ក្បាលប៉ុណ្ណោះ។ ប៉ុន្តែចំនួនផ្សោតថ្មីត្រូវបានគេរំពឹងថានឹងចេញផ្សាយនៅឆ្នាំ ២០២៣ ដែលសង្ឃឹមថាចំនួននេះ នឹងបង្ហាញសញ្ញានៃកំណើនផ្សោត។
លោកមានប្រសាសន៍បន្ថែមថា៖ «ប្រសិនបើយើងមានការការពាររបស់អង្គការយូណេស្កូ យើងអាចជំរុញអ្នកពាក់ព័ន្ធក៏ដូចជាមន្ត្រីរដ្ឋាភិបាលឲ្យការពារតំបន់នេះបានកាន់តែល្អ។ ប្រសិនបើបេតិកភណ្ឌពិភពលោក គឺជាគោលបំណងមួយរបស់រដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ខ្ញុំសង្ឃឹមថាយើងនឹងទទួលបានវា ព្រោះយើងពិតជាត្រូវការវា»។
អត្ថបទនេះត្រូវបានផលិតឡើង ដោយមានការសហការគ្នាជាមួយ Rainforest Investigations Network របស់ The Pulitzer Center។ អត្ថបទដើម ជាភាសាអង់គ្លេស ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន Southeast Asia Globe។