បកប្រែដោយ៖ សុខ ម៉ូលីនណា
ជើងវែងស្តើងពីរគូរ ទ្រខ្លួនវែងស្តួច មានបូកខ្នង សាច់កខាងមុខយារចុះក្រោម និងមានស្នែងកោង គឺជារូបរាងដែលបានបរិយាយអំពីថនិកសត្វជាតិនៃប្រទេសកម្ពុជាគឺ គោព្រៃ។
គេធ្លាប់ប្រទៈឃើញគោព្រៃ រស់នៅតាមវាលស្មៅនៃប្រភេទព្រៃស្រឡះ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា និងភាគខាងត្បូងបំផុតនៃប្រទេសឡាវ។ គោព្រៃគឺជាប្រភេទសត្វដែលមិនឃើញមានវត្តមាន ជាងកន្លះសតវត្សរ៍មកហើយ។
អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាអាជ្ញាធរឈានមុខគេរបស់ពិភពលោក ធ្វើអភិរក្សប្រភេទសត្វ ដែលរងការគំរាមកំហែងបានថ្លែងថា គោព្រៃ «ភាគច្រើននឹងអាចផុតពូជ» នៅក្នុងបញ្ជីក្រហមនៃការវាយតម្លៃប្រភេទសត្វ។ ប៉ុន្តែការរួមបញ្ចូលគ្នានៃនយោបាយក្នុងស្រុក និងកង្វៈទិន្នន័យបានបង្អាក់ការកំណត់ជាផ្លូវការនៃប្រភេទសត្វជិតផុតពូជទុកមួយឡែក។
នាពេលបច្ចុប្បន្នអ្នកស្រាវជ្រាវនៅអង្គការអភិរក្សសត្វព្រៃ re:WILD និងវិទ្យាស្ថានសត្វវិទ្យា និងការស្រាវជ្រាវសត្វព្រៃ លីបនីស (Leibniz Institute for Zoo and Wildlife Research) កំពុងតែធ្វើការសិក្សាផ្តោតសំខាន់លើសត្វគោព្រៃក្នុងរយៈពេលជាងមួយទសវត្សរ៍មកហើយ។ លោក អេនឌ្រូ ធីលខឺ (Andrew Tilker) ដែលជាមន្ត្រីជំនាញផ្នែកប្រភេទសត្វនៅអាស៊ីសម្រាប់អង្គការ re:Wild ហើយក៏ជាអ្នកដឹកនាំការសិក្សានេះបាននិយាយថា ក្រុមការងារស្រាវជ្រាវកំពុងស្វះស្វែងកំណត់នូវជម្រកសត្វគោព្រៃ ដែលមិនធ្លាប់ត្រូវបានគេសិក្សាពីមុនមក ដោយសង្ឃឹមថាអាចរួមចំណែកស្វែងរក «បំណែកភស្តុតាងនៃវត្តមានគោព្រៃ»។
«រហូតទាល់តែយើងអាចធ្វើការសន្និដ្ឋានដោយប្រាកដក្នុងចិត្តថាតើ ប្រភេទសត្វនេះនៅតែមាន ឬមួយក៏អត់ បើមិនដូច្នេះទេ វានៅតែបន្តជាសញ្ញាសួរសម្រាប់វត្តមានសត្វប្រភេទនេះ» លោក ធីលខឺ បកស្រាយ។
សត្វគោព្រៃដែលពិបាករកបំផុតក្នុងពិភពលោក
រូបភាពសត្វគោព្រៃមិនពិបាករកទេនៅក្នុងប្រទេសកម្ពុជា។ រូបចម្លាក់សត្វគោព្រៃដែលមាននៅតាមបណ្តោយច្រកចេញចូលនៃឧទ្យានសួនសត្វនៅកម្ពុជា ក៏ដូចជានៅកន្លែងប្រវត្តិសាស្ត្រនៃរាជធានីភ្នំពេញគឺរង្វង់មូលវត្តភ្នំ និងនៅក្រុងសែនមនោរម្យ គឺមិនពិបាករកទេ។
ប៉ុន្តែសត្វគោព្រៃឯណេះវិញមិនត្រូវបានគេឃើញចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៧០ មកម្ល៉េះ។
«វាទំនងជាមានរូបចម្លាក់សត្វគោព្រៃច្រើនជាងសត្វគោព្រៃពិតប្រាកដនៅក្នុងព្រៃទៅទៀត» លោក ធីលខឺ និយាយ។
គោព្រៃទើបតែត្រូវបានគេពណ៌នាតាមបែបវិទ្យាសាស្ត្រក្នុងឆ្នាំ ១៩៣៧។ ចំនេះដឹងដ៏តិចតួចពីជីវវិទ្យារបស់សត្វប្រភេទនេះ គឺបានមកពីការរុករកដែលធ្វើឡើងនៅកម្ពុជានាអំឡុងទសវត្សរ៍ឆ្នាំ ១៩៥០ និងដើមទសវត្សរ៍ឆ្នាំ ១៩៦០។ ការរុករកទាំងនេះ បានរកឃើញថា គោព្រៃមានចំនួនតិច ប៉ុន្តែអ្នកស្រាវជ្រាវសន្មត់ថាការថយចុះនៃសត្វព្រៃពាក់ព័ន្ធទៅនឹងការកើនឡើងនៃការបរបាញ់សត្វនៅក្នុងតំបន់។ ខណៈដែលគោព្រៃត្រូវបានគេអះអាងថាមានវត្តមានអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ ការរកឃើញគោព្រៃចុងក្រោយបង្អស់គឺតាំងតែពីឆ្នាំ ១៩៦៩ នៅភាគខាងជើងនៃប្រទេសកម្ពុជា។
នៅក្នុងឆ្នាំ ២០១១ ក្រុមអ្នកជំនាញសត្វគោព្រៃអាស៊ីនៃអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) បានវាយតម្លៃថា ប្រហែល ៩០% នៃរូបថតកាមេរ៉ា ដែលបំពាក់សម្រាប់តាមដានសត្វព្រៃនៅតាមតំបន់ដែលជាទីជម្រករបស់សត្វគោព្រៃ គេឃើញថាពុំមានរូបភាពសត្វគោព្រៃនោះទេ។
ដំណាក់កាលដំបូងនៃការសិក្សារបស់លោក ធីលខើ ដែលកំពុងតែដំណើរការហើយ បានរួមបញ្ចូលទិន្នន័យស្រង់ចេញពីការរុករកពីមុនៗដើម្បីភ្ជាប់គ្នានូវរូបភាព នៃកន្លែងដែលធ្លាប់ជាជម្រករបស់គោព្រៃ។ ចំណែកដំណាក់កាលទីពីរ ដែលជិតបានបញ្ជប់ គឺទាក់ទងនឹងការប្រមូលយករូបភាពថតពីកាមេរ៉ាដែលបំពាក់សម្រាប់តាមដានសត្វព្រៃនៅទូទាំងតំបន់ឥណ្ឌូចិន ដើម្បីវិភាគថា តើតំបន់ណាដែលធ្លាប់ត្រូវបានស្វែងរករួចមកហើយ ក៏ដូចជាធ្លាប់បានស្វែងដល់កម្រិតណា។ ដំណាក់កាលចុងក្រោយនឹងបូកបញ្ចូលទិន្នន័យនេះ ដើម្បីរកមើលថាតើទីជម្រកគោព្រៃណាមួយដែលគេមិនធ្លាប់បានសិក្សាពីមុន។
ក្រុមការងាររំពឹងថានឹងបញ្ជប់ការសិក្សានេះត្រឹមឆ្នាំ ២០២៣។ ជំហ៊ានបន្ទាប់នឹងពឹងផ្អែកទៅលើលទ្ធផល។ លោក ធីលខឺ បាននិយាយថា «ប្រសិនបើមានតំបន់ដែលសាកសមនឹងការស្វែងរកបន្ថែមទៀត ខ្ញុំប្រាកដថាយើងអាចឈានទៅមុខបាន ពីព្រោះមានការចាប់អារម្មណ៍គ្រប់គ្រាន់ពីសហគមន៍អភិរក្សជុំវិញពិភពលោក។
ខណៈដែលគោព្រៃធ្លាប់ត្រូវបានគេរកឃើញលើកដំបូងនៅក្នុងព្រៃស្រឡះដែលមានវាលស្មៅ លោក ធីលខឺ យល់ថាសត្វនេះអាចរស់នៅកន្លែងផ្សេងក៏ថាបាន ព្រោះយើងមិនសូវបានឃើញវា ដូច្នេះហើយយើងមិនដឹងពីការរស់នៅរបស់វាទេ។
លោក ធីលខឺ ប្រាប់ថា «តំបន់ដាច់ស្រយាល ហើយពោពេញដោយព្រៃស្តុកគឺជាទីតំបន់ការពារចុងក្រោយសម្រាប់ប្រភេទថនិកសត្វធំៗជាច្រើន ដែលទទួលរងការធ្វើបាបយ៉ាងធ្ងន់ធ្ងរ» ។ លោក ធីលខឺចង្អុលទៅព្រំដែនកម្ពុជា-ឡាវ នៅពេលដែលសួរថាតើគោព្រៃអាចនឹងមាននៅទីណា នៃឥណ្ឌូចិន។ ព្រំដែនកម្ពុជា-ឡាវ គឺជាកន្លែងដែលគាត់និយាយថាដណ្តប់ដោយព្រៃធំៗ ដែលមិនត្រូវបានអង្កេតដោយសារតែភាពដាច់ស្រយាល។
លោកនិយាយថា «ឧទាហរណ៍ដ៏ល្អបំផុត គឺឧទ្យានជាតិវីរៈជ័យ ដែលលាតសន្ធឹងលើផ្ទៃដីជាង ៣៣២ ០០០ ហិកតា តាមបណ្តោយព្រំដែនកម្ពុជា ឡាវ និងវៀតណាម។ ចំណេះដឹងវិទ្យាសាស្ត្រអំពី វត្តមានជីវិតនានានៅក្នុងឧទ្យានគឺនៅមានកម្រិតនៅឡើយទេ ព្រោះការប្រមូលយកទិន្នន័យនៃជីវចម្រុះដ៏ជាក់លាក់លើកដំបូងនៅតំបន់នោះ គឺកំពុងតែដំណើរការនៅឡើយ។
នៅខែមីនាឆ្នាំ ២០២១ កាមេរ៉ាដែលបំពាក់សម្រាប់តាមដានសត្វព្រៃ ត្រូវបានគេដំឡើងក្នុងដំណាក់កាលដំបូងនៃការស្រង់ទិន្នន័យជីវចម្រុះ ដែលដឹកនាំដោយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) បានចាប់បាននូវរូបភាពកូនសត្វឈ្លូសដែលមានស្នែងធំមួយដំបូងគេ។ ប្រភេទសត្វនេះត្រូវបានពិពណ៌នាតាមបែបវិទ្យាសាស្ត្រក្នុងឆ្នាំ ១៩៩៤ ហើយវាត្រូវបានចុះក្នុងបញ្ជីដោយអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ថាជាប្រភេទសត្វ «ជិតផុតពូជ» ។ រូបភាពនៃកូនសត្វឈ្លូសនេះ បញ្ជាក់ពីវត្តមានរបស់ការបង្កបង្កើតកូនរបស់សត្វក្នុងប្រទេសកម្ពុជា។
បើយោងតាម លោក ផាប្លូ ស៊ីណូវ៉ាស (Pablo Sinovas) ដែលជានាយកប្រចាំប្រទេស នៃអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) នៅកម្ពុជាបាននិយាយថា «ការស្វះស្វែងរកដ៏ធំនេះមានន័យថា ប្រហែលជាមានសត្វច្រើនទៀតដែលអាចនឹងត្រូវបានរកឃើញនៅក្នុងតំបន់នេះ។» ការដែលយើងមិនដឹងថា តើអាចនឹងមានប្រភេទសត្វព្រៃអ្វីខ្លះនៅតាមតំបន់ការពារដូចជា ឧទ្យានជាតិវីរជ័យ ធ្វើឱ្យអ្នកអភិរក្សមិនអាចចាត់ចែងសកម្មភាពអភិរក្សបាន និងមិនអាចធ្វើអន្តរាគមន៍ដល់ប្រភេទសត្វកម្រ និងជិតផុតពូជដែលរស់នៅទីនោះ។
លោក ចន្ថា ណាសាក់ មន្ត្រីប្រភេទសត្វដ៏ល្បីរបស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) នៅកម្ពុជា បានចំណាយពេលជាច្រើនសប្តាហ៍នៅវីរជ័យ ដើម្បីបំពាក់កាមេរ៉ាតាមដានសត្វព្រៃសម្រាប់ការសិក្សាអំពីជីវចម្រុះ។ លោកសង្ឃឹមថាលទ្ធផលនឹងសង្កត់ធ្ងន់ទៅលើតម្រូវការការពារជម្រកសត្វធំៗ។
«សត្វព្រៃជាចំណុចដ៏ពិសេសមួយនៅតំបន់វីរជ័យ ហើយគោព្រៃក៏ជាផ្នែកដ៏សំខាន់នៃវប្បធម៌ខ្មែរដែរ។ គួរឱ្យសោកស្តាយ នាពេលឥឡូវនេះយើងនៅតែមិនដឹងតួលេខនៃសត្វគោព្រៃនៅក្នុងប្រទេសកម្ពុជា» លោកបាននិយាយបែបនេះ។ «ប៉ុន្តែយើងគួរតែផ្តោតសំខាន់លើការការពារទីកន្លែងដូចជាវីរជ័យជាដើម ដូច្នេះប្រហែលជាសត្វគោព្រៃ ហើយក៏សត្វផ្សេងៗទៀតអាចបន្តរស់នៅបាន។» លោកបានបន្ថែម។
ទន្ទឹមនឹងសត្វគោព្រៃ សមាជិកមួយចំនួនទៀតនៃប្រភេទសត្វអម្បូរគោព្រៃគឺមានដើមកំណើតនៅឥណ្ឌូចិន មានដូចជា ទន្សោង ខ្ទីង និងក្របីព្រៃជាដើម។ ប៉ុន្តែបច្ចុប្បន្នចំនួនសត្វទាំងអស់នេះកំពុងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ដែលរុញច្រានភាគច្រើនដោយការដាក់អន្ទាក់មិនរើសមុខ ដែលនាំឱ្យអ្នកអភិរក្សភ័យខ្លាចថាពពួកសត្វនេះនឹងមានវាសនាអភ័ព្វដូចសត្វគោព្រៃ។
អន្ទាក់រូតគឺជាអន្ទាក់ធម្មតាដែលធ្វើពីខ្សែរូត ឆ្នៃឡើងដើម្បីទាក់ក ដងខ្លួន ឬជើងរបស់សត្វណាដែលដើរកាត់វា។ ជាធម្មតា វាត្រូវបានគេធ្វើពីរបស់របរប្រើប្រាស់ក្នុងផ្ទះ ដូចជាខ្សែនីឡុង ឬខ្សែពួរ អន្ទាក់រូតមានតម្លៃថោក ងាយស្រួលដំឡើង និងមិនសាំញ៉ាំក្នុងការចាប់សត្វទ្រង់ទ្រាយធំ។
នៅក្នុងរបាយការណ៍ឆ្នាំ ២០២០ អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) បានប៉ាន់ស្មានថា អន្ទាក់រូតចំនួនប្រមាណ ១២,២លាន មាននៅតាមងតំបន់ការពារនៅប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលក្នុងមួយគីឡូម៉ែត្រការ៉េ អាចមានអន្ទាក់ស្មើនឹងជាង ១១០ អន្ទាក់ ។
សត្វទន្សោងដែលជាប្រភេទមួយនៃអម្បូរគោព្រៃ ត្រូវបានរកឃើញក្នុងចំនួនមួយដ៏តិច នៅមីយ៉ាន់ម៉ា ទៅដល់កោះបាលី គឺស្ថិតក្នុងចំណោមប្រភេទសត្វដែលមានហានិភ័យបំផុត នេះបើយោងតាមលោក ថមម៉ាស ហ្គ្រេយ៍ (Thomas Gray) ដែលជាសហអ្នកនិពន្ធរបាយការណ៍ WWF ដែលបានសិក្សាអំពីចំនួនសត្វទន្សោងនៅកម្ពុជា។
ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែលស្ថិតនៅក្នុងខេត្តព្រះវិហារនៅភាគខាងជើងនៃប្រទេសកម្ពុជា ជាន្លែងសម្រាប់ធ្វើការស្វែងរកសត្វគោព្រៃជាច្រើន ដែលបានដំណើរការកាលពីដើមសតវត្សទី ២០ ក៏ជាជម្រករបស់សត្វទន្សោងដែលមានប្រហែលមួយរយក្បាលសព្វថ្ងៃ។ ក៏ប៉ុន្តែ វាត្រូវបានញាំញីដោយការរាយអន្ទាក់។
ឧទ្យានុរក្សព្រៃដូចជា សុខ ឡូឡូ និង លឹម សាប ចំណាយពេលជាច្រើនថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីល្បាតនៅតំបន់ការពារក្នុងគោលបំណងស្វែងរកអន្ទាក់រូត។ ក្នុងរយៈពេលពីរម៉ោងដំបូង នៃការល្បាតពេលព្រឹកកាលពីពាក់កណ្តាលខែកក្កដា អ្នកទាំងពីរបានដោះអន្ទាក់ចំនួនប្រាំពីរ។
«ខណៈដែលចំនួនទន្សោងបន្តធ្លាក់ចុះដោយសារការជាប់អន្ទាក់ វត្តមានគោព្រៃដែលសេសសល់អាចធ្លាក់ចុះដល់សូន្យ»
នយោបាយនៃការផុតពូជ
គោព្រៃត្រូវបានព្រះរាជាណាចក្រកម្ពុជាដាក់បញ្ចូលជានិមិត្តសញ្ញាបេតិកភណ្ឌជាតិ ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ដែលធ្វើឱ្យគោព្រៃក្លាយជាសត្វតំណាងជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំ ២០០៥ ព្រះរាជក្រឹត្យមួយបានបង្រួមចំណងជើងទៅជា «ថនិកសត្វជាតិ» ។
ទោះបីជាព៉ំមានវត្តមាន នៃការបញ្ជាក់អំពីការរកឃើញរបស់គោព្រៃជាងកន្លះសតវត្សរ៍មកហើយក៏ដោយ គោព្រៃនៅតែខ្ចរខ្ចាយក្នុងវប្បធម៌ខ្មែរ។ រូបរាងរបស់សត្វនេះលេចឡើងនៅលើត្រាផ្លូវការ និងស្លាកសញ្ញាក្រុមហ៊ុនមួយចំនួន។ «គោព្រៃ» ត្រូវបានគេប្រើជាឈ្មោះសម្រាប់សមយុទ្ធយោធា និងជារហស្សនាមរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។
ភាពទូលំទូលាយនៃការប្រើឈ្មោះសត្វនេះជានិមិត្តសញ្ញាវប្បធម៌ខ្មែរ ទំនងជាហេតុផលមួយនៃភាពស្ទាក់ស្ទើររបស់រដ្ឋាភិបាល ក្នុងការកំណត់ការផុតពូជដែលអាចកើតមានរបស់វា នេះបើតាមលោក រ៉ូប៊ឺត ធីមមីនស៍ (Robert Timmins) អ្នកសរសេររបាយការណ៍វាយតម្លៃរបស់ IUCN អំពីស្ថានភាពរបស់គោព្រៃ។
«ការផុតពូជគឺ ជាការមាក់ងាយចំពោះសត្វនេះ។ តាមទស្សនៈនយោបាយ ការទទួលស្គាល់ពីការវិនាសរបស់សត្វ ជាពិសេសចំពោះសត្វដែលជានិមិត្តរូបរបស់ជាតិ វាផ្តល់ផលប៉ះពាល់ដល់នយោបាយ» លោក ធីមមីនស៍ បរិយាយ។ «គ្មាននរណាម្នាក់ចូលចិត្តទទួលស្គាល់ការបរាជ័យទេ ហើយវាពិបាកភ្នែកណាស់ដែលការផុតពូជសត្វ បង្ហាញអំពីកម្សោយក្នុងការគ្រប់គ្រង និងអភិបាលកិច្ច។» លោកបានបន្ថែម។
ការប្រកាសការផុតពូជក៏ត្រូវការពេលវេលាដើម្បីរួបរួមគ្នាផងដែរ។ អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ប្រកាសថាប្រភេទសត្វណាមួយផុតពូជ នៅពេលដែល «ការស្លាប់ចុងក្រោយរបស់សត្វប្រភេទហ្នឹង ពុំមានការសង្ស័យទៀត» និង «ការសិក្សាដ៏ល្អិតល្អន់» បានបរាជ័យក្នុងការកត់ត្រាប្រភេទសត្វនោះ។ ក្នុងករណីគោព្រៃ បើទោះជាមានការសន្និដ្ឋានថា «ការផុតពូជរបស់វា បើមិនទាន់កើតឡើងក៍ដោយ ក៏វាស្ទើរតែកើតឡើងទៅហើយ» IUCN មិនទាន់បានចាត់ថ្នាក់ប្រភេទសត្វនេះថាផុតពូជនៅឡើយទេ ដោយផ្អែកលើមូលដ្ឋានដែលថាជម្រករបស់វា «មិនត្រូវបានគេអង្កេតគ្រប់គ្រាន់ដើម្បីរកវត្តមានរបស់គោព្រៃ»។
«តើការបកស្រាយអំពីវិនាសកម្មរបស់គោព្រៃអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិរក្សសត្វព្រៃនៅកម្ពុជាដែរឬទេ?» លោក ហ្គ្រេយ៍ ជាអ្នកសម្របសម្រួលបញ្ជីក្រហមនៃប្រភេទសត្វដែលរងការគំរាមកំហែង (Red List) សម្រាប់ក្រុមអ្នកជំនាញសត្វគោព្រៃអាស៊ី នៃអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) បង្ហាញពីការងឿងឆ្ងល់របស់ខ្លួននៅឡើយ។
«វាពុំមានភាពបន្ទាន់ក្នុងការប្រកាសពីការដាច់ពូជទេ» លោកនិយាយ។ «បើសិនជាគោព្រៃដែលជាសត្វចតុប្បាទនិមិត្តរូបរបស់ប្រទេសកម្ពុជាត្រូវបានប្រកាសថាផុតពូជ តើវានឹងអាចផ្លាស់ប្តូរឥរិយាបថរបស់រដ្ឋាភិបាល ឬប្រជាជនតាមមធ្យោបាយណាមួយដែរឬទេ? ខ្ញុំមិនដឹងទេ។ តើវាអាចបណ្តាលមកពីរដ្ឋាភិបាលឬទេ? ខ្ញុំគិតថា វាប្រហែលជារឿងមួយដែលឆោត ហើយសង្ឃឹមពេក ក្នុងការនិយាយ។»
លោក ហ្គ្រេយ៍ ព្យាករណ៍ថាបញ្ជីក្រហមបន្ទាប់របស់ IUCN ស្តីពីគោព្រៃដែលរំពឹងថាក្នុងរយៈពេល 1 ទៅ ២ ឆ្នាំខាងមុខ នឹងចុះបញ្ជីប្រភេទសត្វនេះជាសត្វ «ជិតផុតពូជ»។
ប៉ុន្តែលោក ធីលខឺ បានលើកឡើងថា ការផុតពូជជាផ្លូវការនៃសត្វអាចញ៉ាំងឱ្យរដ្ឋាភិបាល និងអ្នកអភិរក្ស មានសកម្មភាពឡើងវិញ ក្នុងកិច្ចការពារចំនួនអម្បូរសត្វគោព្រៃផ្សេងទៀតដែលកំពុងថយចុះក្នុងតំបន់។
«ទោះជាពុំមាន ឬនៅសល់តែប្រាំក្បាល សត្វគោព្រៃ គឺជាសញ្ញាព្រមានថា ពពួកសត្វដែលរស់នៅលើដីទាំងអស់នៅក្នុងតំបន់ អាចនឹងឈានទៅដល់ការផុតពូជ។ លោក ធីលខឺ និយាយដូច្នេះ។ «ស្ថានភាពសត្វគោព្រៃជាសញ្ញាព្រមានដល់ជីវចម្រុះ ជាពិសេសគឺសត្វក្នុងចំណោមអម្បូរគោព្រៃនៅឥណ្ឌូចិន។ ប្រសិនបើគោព្រៃត្រូវបានប្រកាសថាផុតពូជ វាអាចជាការដាស់តឿនដ៏សំខាន់មួយសម្រាប់ការការពារសត្វទន្សោង និងថនិកសត្វធំៗដទៃទៀត។» លោកបានបន្ថែម៕
អត្ថបទនេះត្រូវបានផលិតឡើងដោយការសហការជាមួយ The Third Pole និង China Dialogue។ អត្ថបទដើមជាភាសាអង់គ្លេសមាននៅលើ Southeast Asia Globe។