LINES OF THOUGHT ACROSS SOUTHEAST ASIA
ព្រៃឈើ

ព្រៃ​រលំ៖ នយោបាយ​នៃការ​ដាំ​ដើម​ឈើ​ឡើង​វិញ​ របស់កម្ពុជា​ត្រូវ​បាន​បន្សល់​ទុក​ដោយសភាពក្រិន​ ខ្សោះ ដែលដើមឈើទំនង​ជា​មិន​អាច​រស់​បាន​

យុទ្ធសាស្ត្រ​ដាំ​ដើម​ឈើ​ដែល​ហួស​សម័យ​ កំពុង​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី និងការស្រូប​យក​កាបូន ​នៅតំបន់អាស៊ី​អាគ្នេយ៍ តែទោះ​យ៉ាង​ណា​ក៏​ដោយ ការ​ស្រាវជ្រាវ​ថ្មី​បង្ហាញ​ពី​វិធី​កាន់​តែ​ប្រសើរ​ជាងមុន

March 31, 2023
ព្រៃ​រលំ៖ នយោបាយ​នៃការ​ដាំ​ដើម​ឈើ​ឡើង​វិញ​ របស់កម្ពុជា​ត្រូវ​បាន​បន្សល់​ទុក​ដោយសភាពក្រិន​ ខ្សោះ ដែលដើមឈើទំនង​ជា​មិន​អាច​រស់​បាន​
ប្រមាណជា ៤០ គីឡូម៉ែត្រពីក្រុងភ្នំពេញ ព្រះចៅអធិការ សូត ផល្លី និងសាមណេរ យឿន សុជាតិ និមន្តកាត់ព្រៃភ្នំតាម៉ៅ ដែលធ្លាប់ត្រូវបានគេឈូសឆាយ។ ក្រោយមកកូនឈើជាច្រើន ត្រូវបានគេដាំឡើងវិញ និងដាក់អភិរក្សជាតំបន់ភូតគាមឈើប្រណីត។ ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe

ខ្សាច់ផ្ទាត់ចូល និងហៀរចេញពីស្បែកជើង ព្រះចៅអធិការ​ សុត ផល្លី ខណៈព្រះអង្គនិមន្តបិណ្ឌបាត ដោយ​ចេញពី​វត្ត ​កាត់​ផ្លូវដែលកាលពីមុនជាព្រៃភ្នំ​តាម៉ៅ។

«ខ្ញុំធ្លាប់ដើរក្រោមម្លប់ដើមឈើ ដែលមាន​ព្រៃ​បៃតង​ស្រស់ៗ ប៉ុន្តែ​ឥឡូវ ​វា​ក្លាយទៅជាដី​ឈូស​ឆាយ​ហើយ»។ ព្រះចៅអធិការ ផល្លី បាន​មានសង្ឃដីការ​អំពី​កា​ប្តូរ​ឈ្មោះ​ភ្នំ​តាម៉ៅ ជា​តំបន់ភូតគាម (aboretum)​។

ប្រាំមួយខែមុន ព្រះចៅអធិការ ផល្លី បានទតសញ្ជឹង ​ពី​កន្លែង​សមាធិ​របស់​​ព្រះតេជគុណ នៅ​លើ​ទីទួលខ្ពស់មួយក្នុងវត្ត​ថ្ម​អន្ទង ខណៈ​ដែល​ម៉ាសុីនធ្វើការ​ឈូស​ឆាយ​បំផ្លាញ​ព្រៃឈើ​រាប់រយ​ហិកតា។

ស្ថិតនៅភាគនិរតីនៃរាជធានីភ្នំពេញរបស់ប្រទេសកម្ពុជា ព្រៃឈើនេះត្រូវបានបម្រុងទុកសម្រាប់ការអភិវឌ្ឍយ៉ាងស្រពិចស្រពិល បើទោះបីជាវាមានឈ្មោះជា «តំបន់ការពារ» ដែលមានមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃក៏ដោយ។​ នៅពេលដែលការឈូសឆាយព្រៃ បានចាប់ផ្តើមនៅក្នុងខែសីហា ការតវ៉ាជាសាធារណៈយ៉ាងចាស់ដៃ បានជំរុញឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដកចេញវិញនូវការអនុញ្ញាត្តពីក្រុមប្រឹក្សារបស់លោក ចំពោះគម្រោងនេះ។ ប៉ុន្តែ​នៅ​ពេល​នោះ ព្រៃប្រហែល​ពាក់​កណ្តាលត្រូវ​បាន​បាត់បង់​រួចទៅ​ហើយ។

ហាក់បីដូចជាទើបតែជាប់ចិត្តទៅនឹងព្រៃឈើ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្រូតរូតរះ​ដាំ​កូនឈើឡើងវិញ។

សម្ព័ន្ធមិត្តនៃបុគ្គលមានអំណាច និងក្រុមអង្គរក្សផ្ទាល់ខ្លួនរបស់លោក បានដឹកនាំកិច្ចខិតខំប្រឹងប្រែងដាំដើមឈើ ជាមួយពូជឈើប៉ុន្មានប្រភេទតែប៉ុណ្ណោះ។ 

ខណៈពេលដែលវិធីសាស្រ្តបែបនេះ ត្រូវបានគេអនុវត្តន៍ទូទៅនៅអាស៊ីអាគ្នេយ៍ ស្ថាប័នស្រាវជ្រាវជាច្រើន បានបង្ហាញថា វិធីសាស្ត្រទាំងនេះ ជាធម្មតាបណ្តាលឱ្យដើមឈើដែលដាំឡើងវិញជិតពាក់កណ្តាល ងាប់ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយការដាំ សូម្បីតែនៅក្រោមស្ថានភាពដ៏ល្អបំផុតក៏ដោយ។ ភ្នំតាម៉ៅពុំមានស្ថានភាពល្អបែបហ្នឹងទេ។

អ្នកជំនាញនៅអង្គភាពស្រាវជ្រាវការស្ដារព្រៃឈើនៅប្រទេសថៃ និយាយថា បរាជ័យទាំងនេះនាំឲ្យមានចម្ងល់ថា តើប្រទេសនៅអាស៊ីអាគ្នេយ៍ អាចស្ដារឡើងវិញនូវ តំបន់ដែលបាត់បង់ទាំងនេះដោយរបៀបណា។​ ចាប់តាំងពីឆ្នាំ ១៩៩៤​ អ្នកស្រាវជ្រាវទាំងនេះ បានរកឃើញវិធីសាស្រ្តដ៏ល្អ ដែលអាចសម្រួលការស្ដារប្រព័ន្ធអេកូឡូស៊ី ដែលសហស្ថាបនិក លោក Stephen Elliott បាននិយាយ និងសំដៅទៅការដាំរុក្ខជាតិចម្រុះថា វា «ស្រូបយកកាបូន ហាក់បីដូចជាវាឃ្លានស្រូបកាបូនណាស់អញ្ចឹង»។

ប៉ុន្តែដំណើរការនេះ បែរជាបរាជ័យក្នុងតំបន់។ នេះជាការពិត ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលការដាំកូនឈើឡើងវិញនៅភ្នំតាម៉ៅ បែរជាពុំមានវត្តមានមន្ត្រីរដ្ឋបាលព្រៃឈើ ដែលបានទទួលការបណ្តុះបណ្តាលដោយផ្ទាល់ពី Elliott ទៅវិញ។

លោក Elliott បាននិយាយថា «នៅពេលដែលអ្នកកំពុងព្យាយាមធ្វើអ្វីដែលថ្មី វាត្រូវតែមានការអត់ធន់បន្តិច​» ។ វាគ្រាន់តែជាភាពខ្ជិលច្រអូសប៉ុណ្ណោះ។ មនុស្សប្រហែល​មិន​​ខ្វល់ខ្វាយ ​ក្នុង​ការ​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​ច្រើន ហើយទាមទារ​ការ​ខិត​ខំ​បន្តិច»។

យុទ្ធសាស្ត្រដែលមានការវិវត្ត ដើម្បីព្រៃឈើក្រាស់

គង់នៅពីលើផ្ទាំងថ្មសមាធិរបស់គាត់ ព្រះចៅអធិការ ផល្លី អាចលឺតែខ្យល់បក់បោក ឆ្លងកាត់ព្រៃរាបស្មើ ដែលទីតាំងនេះធ្លាប់តែមានសម្លេងបក្សី និងសត្វល្អិតបន្លឺជុំវិញ។

ព្រះតេជគុណបាន​ថ្លែង​ថា​ «​វា​ស្ងាត់​តាំងពី​ពេល​នោះ​មក​។ អាត្មាមិនដឹងថាសត្វនៅឯណាទេ»។​ 

គង់លើទីសមាធិដ៏ខ្ពស់នៃវត្តថ្មអន្ទង ព្រះចៅអធិការ សូត ផល្លី ទតព្រៃរាប់រយហិកតា ដែលធ្លាប់មានគ្រឿងចក្រឈូស កាលពីខែសីហា។ ព្រះតេជគុណ មានសង្ឃដិកាថា ព្រៃភ្នំតាម៉ៅ ជាកន្លែងរបស់អារក្ខអារក្ស ហើយគេមិនពេញចិត្តនឹងការឈូសឆាយនេះទេ។ ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe

ស្ថានភាពដ៏ទ្រហឹងបន្លឺឡើងនៅភ្នំតាម៉ៅ ជាកន្លែងក្រុមអភិរក្សដោះលែងសត្វ ដែលបានជួយសង្គ្រោះអស់រយៈពេលជិតពីរទសវត្សរ៍មកហើយនោះ ហាក់បញ្ជាក់ពីពេលវេលាដ៏គ្រោះថ្នាក់ កាន់តែខ្លាំងឡើងសម្រាប់ធនធានធម្មជាតិរបស់កម្ពុជា។

កាល​ពី​ខែ​វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​មួយ ​ដែល​អនុញ្ញាតឲ្យ​ផ្ទៃដី​ការពារ​ជិត​មួយ​លាន​ហិកតា ​មាន​សិទ្ធិ​ធ្វើ​ឯកជនភាវូបនីយកម្ម។ មួយ​ខែ​ក្រោយ​មក ក្រសួង​បរិស្ថាន​បាន​ស្នើ​ឱ្យ​មាន​ការ​អនុញ្ញាត​ឱ្យ «ការ​បរបាញ់​» មានភាពស្របច្បាប់នៅតាមតំបន់ ដែលមានការ​បម្រុង​ទុក​ព្រៃឈើ។ ចូលដល់ដើមឆ្នាំ ២០២៣​ ភ្លាម ក្រសួងដាច់ដោយឡែកមួយ បានផ្តល់សម្បទានដីជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជិតមួយទសវត្សរ៍ បើទោះបីជាសម្បទានដី រយៈពេលវែងទាំងនេះ តែងបង្កជម្លោះដីធ្លី​ក៏ដោយ។ កាល​ពី​ដើម​ខែ​មីនាវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មាន​វិសោធនកម្ម​ច្បាប់​រដ្ឋបាល​ព្រៃឈើ ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋអាច ​ចិញ្ចឹម​សត្វ​ជិត​ផុត​ពូជ។

គ្រួសារមួយកំពុងបញ្ជ្រៀតគ្នា ៤ នាក់ នៅលើម៉ូតូហុងដា ដើម្បីធ្វើដំណើរទៅផ្ទះនៅពេលថ្ងៃលិច ដោយជិះកាត់បឹងសិប្បនិម្មិត នៅក្នុងសួនរុក្ខជាតិភ្នំតាម៉ៅ ដែលកាលពីមុនជាព្រៃ។ ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe

លោក កែវ អូម៉ាលីស អគ្គនាយករដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ដែលត្រូវបានចោទប្រកាន់​ [ដោយនាយកដ្ឋានយុត្តិធម៌របស់សហរដ្ឋអាមេរិក] ពីបទជួញដូរសត្វព្រៃ កាលពីខែវិច្ឆិកា និងលោក ញ៉ឹក រតនៈពេជ្រ ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំម៉ៅ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ចាប់តាំងពីបទយកការណ៍ដំបូងរបស់ Southeast Asia Globe កាលពីខែកក្កដា។

សន្ទុះដ៏គួរឱ្យភ្ញាក់ផ្អើលនៃការឈូសព្រៃឈើនៅភ្នំតាម៉ៅ បានឈានដល់ការបញ្ឈប់ភ្លាមៗ នៅពេលដែលការបង្ហោះហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលហាក់បីដូចជាច្បាប់ប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា បានលុបចោលការអភិវឌ្ឍនានា។​ ការដាំដើមឈើឡើងវិញបានចាប់ផ្តើមនា ២២ ម៉ោងក្រោយមក។

ដើមឈើខ្ពស់ៗឈរឆ្ងាយពីគ្នា និងហាក់ដូចជាស្រងូតស្រងាត់ នៅសួនរុក្ខជាតិភ្នំតាម៉ៅ ដែលត្រូវបានគេឈូស និងដាំឡើងវិញភ្លាមៗនៅខែសីហា។ ថតដោយ៖ Anton L. Delgado សម្រាប់
Southeast Asia Globe

ដើម្បីពន្លឿនការដាំដើមឈើឡើងវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជូនសមាជិកកងអង្គរក្សផ្ទាល់ខ្លួនរបស់លោកជាងមួយពាន់នាក់ទៅកាន់ភ្នំតាម៉ៅ ជាកន្លែងដែលពួកគេបានបំពេញភារកិច្ចជាច្រើន ដោយការសម្របសម្រួលការដាំដើមឡើងវិញ និងបានឃុំខ្លួនអ្នកកាសែត ៥ នាក់ និងសកម្មជន ៤ នាក់ដែលទៅដល់កន្លែង។

គិតត្រឹមចុងខែសីហា កម្លាំងយោធាសុីវិល បានរាយការណ៍ថា ៩៦ ភាគរយនៃការដាំដើមឈើឡើងវិញ ត្រូវបានបញ្ចប់។ ក្រុមកងកម្លាំង​បាន​ដាំ​កូន​ឈើ​ប្រហែល ២០០​ ដើម​ក្នុង​មួយ​ហិកតា ចម្ងាយ​មធ្យម​ប្រហែល ៧,៥ ម៉ែត្រពីដើមឈើមួយ ទៅដើមឈើមួយ។

បុគ្គលិក​របស់​ក្រុមឧកញ៉ា​ ដែល​ស្ម័គ្រ​ចិត្ត​ជួយ​ការ​ដាំ​ដើម​ឈើ​នេះ បាន​បដិសេធ​ការសុំសម្ភាសន៍។ យ៉ាង​ណា​ក៏​ដោយ កម្មករ​ដ៏រួសរាយម្នាក់ បាន​ចែក​ទាំង​នំ​សូកូឡា និងប្រាប់​ឈ្មោះ​ដើម​ឈើ​ប្រណីត​បី​ប្រភេទ​ដែល​ត្រូវ​បាន​ដាំ​ឡើង​វិញ គឺ​ឈើ​គ្រញូង​ បេង និង​ ធ្នង់។

«ព្រះជាម្ចាស់អើយ» លោក Elliot ពោលឡើង ពេលនិយាយដល់រឿងភ្នំតាម៉ៅ។​

តាមរយះគោលបំណងស្តារឡើងវិញ នូវភាពស្រដៀងគ្នា នៃប្រព័ន្ធអេកូឡូស៊ីព្រៃឈើធម្មជាតិ របៀបដែលលោកដាំដើមឈើឡើងវិញ មានភាពខុសគ្នា​យ៉ាងខ្លាំងពីទម្រង់ដែលបានធ្វើឡើងនៅ «សួនភូតគាម» ។ គាត់ (Elliot) គាត់បានពន្យល់អំពីវិធីសាស្ត្រក្នុងការដាំដើមឈើឡើងវិញដោយផ្ដោតលើ ជីវម៉ាស ភាពស្មុគស្មាញនៃរចនាសម្ព័ន្ធ ជីវចម្រុះ និងមុខងារអេកូឡូស៊ីវិញ។

ដំំណាក់កាលដាំដើមឈើរបស់គាត់ ចាប់ផ្តើមជាមួយនឹងការវាយតម្លៃ ទៅលើព្រៃឈើដែលនៅជុំវិញតំបន់ដែលត្រូវបានកាប់បំផ្លាញ។ មានតែគ្រាប់ពូជនៃដើមឈើដែលមានការលូតលាស់ និងអត្រារស់រានមានជីវិតខ្ពស់ ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសយកមកដាំឡើងវិញ ដោយជាធម្មតាគេត្រូវមានពូជឈើចម្រុះប្រហែល ៣០ ប្រភេទ ឬដប់ដងនៃប្រភេទពូជឈើ ដែលដាំនៅភ្នំតាម៉ៅ។

ដើមឈើទាំងនេះ បន្ទាប់មកនឹង​ត្រូវ​ដាំ​ឡើង​វិញ​នៅ​ចម្ងាយ​ប្រមាណ ១,៨ ម៉ែត្រពីគ្នា ដើម្បី​ចៀសវាង​ការ​ប្រជែងគ្នារស់​រវាង​កូន​ឈើនីមួយៗ។ ជាមធ្យម ចំនួននេះគួរតែស្មើនឹងដើមឈើប្រហែល ៣០០០ដើម ដើមក្នុងមួយហិកតា ដែលច្រើនជាងការដាំនៅភ្នំតាម៉ៅដល់ទៅ ១៥ ដង។

មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជាមួយចំនួន ​ដែល​មានចំនេះដឹងពីទាក់ទិននឹងបច្ចេកទេសដាំបែបនេះ ព្រោះ​លោក Elliott ខ្លួន​ឯង ធ្លាប់​បាន​បណ្តុះបណ្តាល​ពួក​គាត់​អស់​រយៈពេល​ជិត ៦ ឆ្នាំ។

លោក គីម សុបិន្ត គឺជាម្នាក់ក្នុងចំណោមមន្ត្រីទាំងនោះ។ ជារឿយៗ លោកដឹកនាំគម្រោងដាំដើមឈើឡើងវិញរបស់រដ្ឋាភិបាល ជាមួយអគ្គនាយកដ្ឋានអភិវឌ្ឍន៍ចម្ការព្រៃដាំ និងឯកជន ក្នុងនាមជាអនុប្រធាន។ លោក​បញ្ជាក់​ថា នាយកដ្ឋាន​មិន​ពាក់ព័ន្ធ​នឹង​ការ​ដាំ​ដើមឈើឡើងវិញនៅ​ភ្នំ​តាម៉ៅ​នោះទេ​ ហើយ​បដិសេធ​មិន​ចែក​រំលែក​បន្ថែម​ទៀត។

លោក ស៊ាប គឹមស្រ៊ីម ដែលគ្រប់គ្រង់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍព្រៃឈើ និងសត្វព្រៃ របស់រដ្ឋបាលព្រៃឈើ និងបណ្តុះកូនឈើក្នុងខេត្តសៀមរាប បាននិយាយថា ថ្នាលនេះបានបរិច្ចាគឈើគ្រញូង និងឈើបេងជាង ២០០០ដើម ដល់ភ្នំតាម៉ៅ។

លោក បាន​មានប្រសាសន៍អំពី​ភ្នំ​តាម៉ៅ​ថា​ «​យើង​ជា​អ្នក​អភិរក្ស ដូច្នេះ​យើង​រីករាយ​ក្នុង​ការ​ស្ដារ​ដី​របស់​យើង និង​តំបន់​ព្រៃ​របស់​យើង​»។ ប៉ុន្តែយើងក៏ចង់បានការអភិវឌ្ឍន៍នៅក្នុងតំបន់នោះដែរ។ យើង​មិន​អាច​ធ្វើ​ការ​អភិរក្ស​ដោយ​គ្មាន​ការ​អភិវឌ្ឍ​ទេ»។

លោក ស៊ាប គឹមស្រ៊ីម គ្រប់គ្រងថ្នាលបណ្តុះកូនឈើរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍព្រៃឈើ និងសត្វព្រៃ ដែលដាំកូនឈើជាង​ ១០,០០០ ដើមជារៀងរាល់ឆ្នាំ ហើយក្នុងនោះភាគច្រើនជាគ្រញូង។ ក្រោយមកគាត់ក៏ដើរទៅចម្ការព្រៃដាំ ស្ថិតនៅខាងក្រោយថ្នាលបណ្តុះកូនឈើ ខណៈដែលសត្វកន្ទុំរុយទុំលើកូនឈើគ្រញូង។ ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe

អង្គភាពស្រាវជ្រាវរបស់ លោក Elliott ដែលមានមូលដ្ឋាននៅសាកលវិទ្យាល័យឈៀងម៉ៃ មានភាពល្បីល្បាញក្នុងតំបន់ សម្រាប់ជំនាញរបស់ខ្លួន ក្នុងការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃឈើត្រូពិច ដែលមានដំណើរការ​ផ្ទុយពី អង្គភាពទូទៅនៅអាស៊ីអាគ្នេយ៍។

លោក Elliott បាននិយាយថា ភាពជាដៃគូរបស់អង្គភាព ជាមួយរដ្ឋបាលព្រៃឈើ បានជួយដល់ការអភិវឌ្ឍនៃ «ការអនុវត្តស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃឈើដោយមានប្រសិទ្ធភាព»។ គម្រោងនេះក៏បានរួមបញ្ចូលនូវការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះកូនឈើរបស់លោក ស៊ាប គឹមស្រ៊ីម នៅខេត្តសៀមរាប ក៏ដូចជាការបង្កើតសៀវភៅណែនាំបច្ចេកទេសជាភាសាខ្មែរផងដែរ។

នៅកន្លែងព្រៃដាំ ដែលស្ថិតនៅជាប់ខាងក្រោយថ្នាលបណ្ដុះកូនឈើទាំងនោះ លោក ស៊ាប គឹមស្រ៊ីម បានមានប្រសាសន៍ថា ការដាំឡើងវិញនៅភ្នំតាម៉ៅ មានសភាពធូររលុង ដែលមិនបានធ្វើតាមប្រតិបត្តិការជាទូទៅរបស់រដ្ឋបាលព្រៃឈើ។​ ដី​ទំហំ ១០០ ហិកតា​ ដែល​គាត់​នៅ​នោះ ​គឺ​ត្រូវ​បាន​ដាំ​ឡើងវិញ ​ដោយ​ប្រើ​ពូជឈើ​គ្រញូងក្នុងចន្លោះ​ ៣ ម៉ែត្រ។

បន្ទាប់​ពី​បាន​ដឹង​ពី​របៀប​ដែល​គេ​ដាំ​ដើមឈើ​ឡើង​វិញនៅ​ភ្នំ​តាម៉ៅ​ លោក Elliott បាន​និយាយ​ថា «វា​ពិត​ជា​គួរ​ឲ្យ​ខក​ចិត្ត​ ដែល​ការ​បណ្តុះ​បណ្តាលអំពីការដាំដើមឈើ​ ​ហាក់​ដូច​ជា​មិន​ត្រូវ​បាន​អនុវត្ត​»។

ទោះ​យ៉ាង​នេះ​ក្ដី កងអង្គរក្ស​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​កិច្ចការ​ទៅ​តាម​របៀបសាមញ្ញ​។ កង្វះខាតនៃភាពចម្រុះនៃប្រភេទកូនឈើ​ បូករួមទាំងការដាំក្នុងចំនួនទាប និងគម្លាតកូនឈើដែលមានចម្ងាយឆ្ងាយពីគ្នា ប្រហែលជារឿងធម្មតា ប៉ុន្តែការសិក្សាថ្មីៗបានរកឃើញថា ដើមឈើជាច្រើនដែលដាំតាមរបៀបនេះ ទំនងជាមិនអាចរស់រានមានជីវិតនោះទេ។

ការ​ដាំ​ដើម​ឈើ​ទៅតាមបែប​ធម្មតាៗនេះ​ មានដំណើរ​ការ​ផ្ទុយ​ទៅ​នឹង​អ្វី​ ​ដែល​អង្គភាព​ស្ដារព្រៃឈើ​ឡើង​វិញ ​របស់លោក Elliott បាន​ទទួលការបណ្តុះបណ្តាលក្នុង​រយៈ​ពេល​បី​ទសវត្សរ៍​កន្លង​ទៅ។ 

លោក Elliott បាននិយាយថា «ពេលអ្នកដាក់(ដាំ) នាពេលចាប់ផ្តើមដំបូង ភាពចម្រុះនៃដើមឈើទាំងនោះកាន់តែច្រើនពេលណា ភាពចម្រុះនោះនឹងត្រលប់មកវិញកាន់តែលឿន។ តើអ្នកអាចសរសេរបទភ្លេង ដោយប្រើកំណត់ចំណាំតែមួយ ដោយរបៀបណា?»

មហិច្ឆតាកសាងធម្មជាតិឡើងវិញ

ឧទាហរណ៍នៃផ្នត់គំនិតមួយនេះ មាននៅលើភ្នំ Mon Jam នាជាយក្រុងឈៀងម៉ៃ។ ផ្សែងអ័ព្ទ បណ្ដាលមកពីរដូវកាលនៃកសិកម្មព្រៃដុត (ឬហៅមួយបែបទៀតថា កសិកម្មពនេចរ) សិស្សានុសិស្សមួយក្រុមតស៊ូដើម្បីដើរអោយទាន់លោក Elliott នៅពេលដែលគាត់បាននាំពួកគេទៅកាន់ដីឡូតិ៍ដាំព្រៃឈើឡើងវិញ នៅទីតាំងផ្សេងៗគ្នា។

ផ្សែងអ័ព្ទគ្របដណ្តប់ទីក្រុងឈៀងម៉ៃ និងព្រៃនៅជុំវិញនោះ។ ពេញមួយខែមីនា ទីក្រុងភាគខាងជើងប្រទេសថៃ បានជាប់ឈ្មោះក្នុងចំណោមទីក្រុងដែលមានការបំពុលបំផុត នៅលើពិភពលោក។ ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe

ខណៈពេលដែលលោក Elliott យល់ស្របថា ការដាំដើមឈើ គឺប្រសើរជាងការកាប់វា គាត់ទទួលស្គាល់ថា វាជា «ការលំបាក និងតម្រូវអោយមានមហិច្ឆតាខ្ពស់ ក្នុងការកសាងធម្មជាតិឡើងវិញ»។

«វាស្ដាប់មើលទៅ ​ហាក់​ដូចជា​ក្រអឺតក្រទម​បន្តិច។ តែការពិត​ គឺ​យើង​មិន​អាច​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​ព្រៃឈើ​ឡើងវិញ​ ឱ្យដូច​មុន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​បាន​ទេ» លោកបាននិយាយ ។​

ដីព្រៃដែលមានអាយុកាលរាប់ទសវត្សរ៍នៅលើ ភ្នំ Mon Jam គឺជាជម្រក (ព្រៃ) ដ៏ក្រាស់ និងសកម្មមួយ អមដោយរូបភាពកាមេរ៉ាជាប់ទៅដោយសត្វព្រៃ។ ផ្ទុយ​ទៅ​វិញ ដី​នៅ​ខេត្ត​សៀមរាប​ គឺ​ដូច​ជា​សួន​ច្បារ​ដ៏​ស្អាត និង​ទូលាយ ដែល​គ្មាន​រុក្ខ និង​សត្វ​ព្រៃ​ផ្សេង​ទៀតយ៉ាងអញ្ចឹង​។

លោក Stephen Elliott ជាសហស្ថាបនិកនៃអង្គភាពស្រាវជ្រាវ និង​ស្ដារព្រៃឈើ​ឡើង​វិញរបស់សាកលវិទ្យាល័យឈៀងម៉ៃ ប្រើប្រាស់រូបភាពជំនួយ មុន និងក្រោយរបស់ចម្ការព្រៃដាំ ដើម្បីបង្ហាញដល់និស្សិតមកពីសាកលវិទ្យាល័យហុងកុង។ ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe

បើមើលពីចំនុចខ្វះខាតនៃដំណើរការរបស់អង្គភាពស្តារព្រៃរបស់ថៃមួយនេះ គឺប្រហែលជា ភាពជាក់ស្តែងនៅក្នុងការពន្យល់អំពីដំណើរការថា វាចំណាយថ្លៃ មានភាពស្មុគស្មាញ និងចំណាយពេលច្រើន។ ខណៈពេលដែលក្រុមហ៊ុនដែលដាំដើមឈើសម្រាប់តែទំនាក់ទំនងសាធារណៈ អាចនឹងមិនចាប់អារម្មណ៍លើវិធីសាស្រ្តរយៈពេលវែងនេះ លោក Elliott សង្ឃឹមថាអត្ថប្រយោជន៍ របស់វិធីសាស្ត្រនេះ ក្នុងការស្ដារប្រព័ន្ធអេកូឡូស៊ី ដែលអាចផ្ទុកកាបូនក្នុងបរិមាណច្រើន នឹងធ្វើឱ្យពួកគេពិចារណាឡើងវិញ។

នាពេលពិសារមីកញ្ចប់ជាអាហារថ្ងៃត្រង់នៅលើភ្នំ លោក Elliott បាននិយាយថា «កាបូនធ្លាប់ជាការពិចារណាតិចតួច នៅពេលដែលយើងចាប់ផ្តើមគម្រោងនេះកាលពី ៣០ ឆ្នាំមុន។ ការឡើងកំដៅផែនដី ឬឥទ្ធិពលផ្ទះកញ្ចក់ ស្ទើរតែមិនស្ថិតក្នុងរបៀបវារៈរបស់យើង។ ដោយ​ចៃដន្យ យើង​បាន​បង្កើត​ប្រព័ន្ធ​មួយ​ ដែល​ស្រូប​យក​កាបូន​ ហាក់បីដូចជាវាឃ្លានស្រូបកាបូនណាស់អញ្ចឹង»។

និស្សិតស្ថាបត្យកម្មទេសភាព មកពីសាកលវិទ្យាល័យហុងកុង កំពុងទាញទូរស័ព្ទថតរូបភាពជំនួយរបស់លោក Stephen Elliott ពេលគាត់ពន្យល់អំពីការស្រូបកាបូននៃការដើមឈើឡើងវិញ ដែលលោកលើកឡើងថា «វាស្រូបកាបូនដូចជាឃ្លានណាស់អញ្ចឹង»។ ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe

សមត្ថភាពនៃព្រៃឈើដើម្បីដើរតួក្នុងការ «ស្រូបយកកាបូន» គឺជាតួអង្គដ៏សំខាន់មួយ ដែលធ្វើឱ្យបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ទទួលបានមូលនិធិហិរញ្ញប្បទានដើម្បីបម្រែបម្រួលអាកាសធាតុ ពីរដ្ឋាភិបាល និងក្រុមហ៊ុននានា ដែលព្យាយាមប្រយុទ្ធនឹងការបំភាយឧស្ម័នរបស់ពួកគេ។

ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមក អង្គការដែលប៉ុនប៉ងដាំដើមឈើបានកើនឡើងដល់ ២៩០% នេះបើយោងតាមរបាយការណ៍ឆ្នាំ ២០២១។​

«ការផ្ទុកកាបូន គឺជាផ្នែកសំខាន់នៃការផ្គុំចូលគ្នា នៃការដាំដើមឈើឡើងវិញ។ ប៉ុន្តែ​វា​គួរ​តែមករួមគ្នា​ជាមួយ​ ​ប្រព័ន្ធ​អេកូឡូស៊ី​ផ្សេងៗ​ទៀត» អ្នកស្រី Lindsay Banin អ្នក​វិទ្យាសាស្ត្រ​ស្ថិតិ ​នៃ​មជ្ឈមណ្ឌល​បរិស្ថានវិទ្យា និង​ជលសាស្ត្រ​របស់​ចក្រភព​អង់គ្លេស ដែល​ចុះ​បញ្ជី​ការពារ​ដី និង​ទឹក ព្រម​ទាំង​ការ​អភិរក្ស​ជីវចម្រុះ បាននិយាយ។ 

ការសិក្សាមួយដែលអ្នកស្រី Banin ដែលជាសហនិពន្ធ​ កាលពីដើមឆ្នាំនេះ បានរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងដាំដើមឈើឡើងវិញក្នុងតំបន់ ហើយបានរកឃើញថា ជិតមួយភាគប្រាំនៃដើមឈើដែលបានដាំឡើងវិញ បានងាប់ទៅវិញក្នុងឆ្នាំដំបូង ដែលមានន័យថា អត្រាឈើងាប់កើនឡើងដល់ជិតពាក់កណ្តាលនៃដើមឈើសរុប ក្នុងរយៈពេលមួយទសវត្សរ៍។

នៅទូទាំងកន្លែងដាំដើមឈើឡើងវិញជាង ១៧០ កន្លែងនៅអាស៊ីអាគ្នេយ៍ ការសិក្សាបានរកឃើញថា ជាមធ្យមមានដើមឈើបីប្រភេទដែលដាំក្នុងមួយកន្លែង ដូចគ្នាបេះបិទទៅនឹងភ្នំតាម៉ៅ។

អ្នកស្រី Banin បាន​និយាយ​ថា «ខ្ញុំ​ភ្ញាក់​ផ្អើល ​ពេលឃើញមធ្យម​ភាគ​ទាបបែប​នេះ»។ ការដែលមានភាពចម្រុះនៃពូជឈើកាន់តែច្រើន យើងមានឱកាស ដែលថារុក្ខជាតិដែលមានមុខងារខុសគ្នាបន្តិច អាចនឹងដើម្បីដំណើរការបានល្អប្រសើរ នៅក្នុងនាពេលអនាគត។ វាអាចមានជម្រើសសម្រាប់ធម្មជាតិក្នុងការឆ្ពោះទៅមុខ»។

ការសិក្សានេះបានបញ្ចប់ជាមួយ «ភាពមិនប្រាកដប្រជាក្នុងលទ្ធផលនៃការដាំ ក៏បញ្ជាក់ពីតម្លៃសំខាន់នៃការការពារព្រៃឈើដែលនៅសេសសល់ និងមានមុខងារសំខាន់ផងដែរ»។

អ្នកស្រី Banin បានទទូចថាលទ្ធផលទាំងនេះមិនមានន័យថាជាការព្យាករណ៍ «សេចក្តីវិនាស និងភាពអាប់អួរ» នោះទេ ប៉ុន្តែនេះជាការជំរុញឱ្យមានការកែលម្អ និងការការពារព្រៃឈើក្នុងតំបន់។ អ្នកស្រីបាននិយាយថា វានឹងពឹងផ្អែកលើការទិញចូលពីសហគមន៍មូលដ្ឋាន ពីព្រោះ អ្វីដែលពួកគេអោយតម្លៃ នឹងជាអ្វីដែលអាចរក្សាព្រៃឈើឱ្យស្ថិតស្ថេរ”។

ពីឆ្វេងទៅស្តាំ៖ ដើមឈើឯកកោមួយដើមផ្ដល់ម្លប់ដល់លោកពូ​ ឈិប គាប់ ខណៈដែលគាត់ច្រូតស្មៅពីសួនរុក្ខសាស្ត្រភ្នំតាម៉ៅ ឱ្យគោក្របីរបស់គាត់ នៅក្នុងភូមិត្រពាំងតឹមនៅក្បែរនោះ។ ប៉ុន្មានម៉ោងមុននេះ បងប្រុស គុណ អ៉ីលល និងបង តុន បានប្រមូលគំនរឈើសម្រាប់ផ្ទះបាយ និងរបងរបស់ពួកគេនៅក្នុងភូមិបរចាម នៅជិតនោះ។ ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe

ឈើតូចៗ ដែលនៅសេសសល់ពីការឈូសឆាយនៅសួនរុក្ខសាស្ត្រភ្នំតាម៉ៅ បន្តផ្គត់ផ្គង់ភូមិជុំវិញ។

ជិតប្រាំមួយខែបន្ទាប់ពីចាប់ផ្តើមដាំព្រៃឈើឡើងវិញ ស្មៅកាត់ថ្មីៗ ចំណីគោក្របី ហៀរចេញពីកន្ត្រកលើម៉ូតូហុងដាដែលហុយដីរបស់លោកពូ ឈិប គាប់ ។ នៅមុនថ្ងៃនោះ បងប្រុស គុណ និង តុន អ៊ីល ក៏បានមករុករាន ដើម្បីយកគល់ឈើស្ងួតទាំងបាច់ ដែលល្អឥតខ្ចោះសម្រាប់ធ្វើរបង និងអុសសម្រាប់ធ្វើម្ហូប ដាក់ផ្ដុំលើរទេះមួយគូ។

បងប្រុស តុន បាន​ថ្លែង​ថា​ «​ដរាប​ណា​យើង​មិន​បំផ្លាញ​ដើម​ឈើ​តូចៗ​ទេ យើង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​យក (ឈើសេសសល់​ទាំងនេះ)ចេញ​ពី​ព្រៃ»។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​គេ​ឲ្យ​ខ្ញុំ។ យ៉ាង​ហោច​ណាស់​យើង​នៅ​តែ​អាច​ប្រើឈើ​ទាំងនេះ​បាន»។

ព្រះចៅអធិការ សូត ផល្លី និងសាមណេរ យឿន សុជាតិ និមន្តកាត់ព្រៃភ្នំតាម៉ៅ​  ទៅកាន់វត្តថ្មអន្ទង។ ផ្លូវ​ខ្សាច់​បាន​បែង​ចែក​សួនរុក្ខសាស្ត្រ និង​ព្រៃ​ដែល​នៅ​រស់។ ពេលទៅដល់វត្ត ព្រះចៅអធិការ សូត ផល្លី ចង្អុលទៅរូបភាពព្រះពុទ្ធកំពុងសមាធិនៅក្រោមដើមឈើ ដោយសង្កត់ធ្ងន់លើទំនាក់ទំនងរវាងសាសនា និងធម្មជាតិ។ ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe

តាមផ្លូវសម្បូរដោយ​ខ្សាច់ ដែលព្រះចៅអធិការ សុត ​ផល្លី​ និមន្តត្រឡប់​ទៅ​វត្ត​ថ្មអណ្ដូង​វិញ ហាក់ដូចជាចំណុច​​បែកចែក​ នូវភាព​ផ្ទុយ​គ្នា​ស្រឡះ​រវាង​ព្រៃ​ដែល​នៅ​រស់​នៅ​ភ្នំ​តាម៉ៅ​ និង​សួនរុក្ខ​សាស្ត្រ។ លោក​តា ជឿ​ថា ជោគជ័យ​នៃ​ការ​ដាំ​ដុះ​ព្រៃ​ឡើង​វិញ​យ៉ាង​ប្រញាប់​ប្រញាល់ នាឥឡូវ​នេះ វាអាស្រ័យ​លើ​ការ​អធិដ្ឋាន និង​ជំនឿ។

ព្រះចៅអធិការ មានសង្ឃដិកាថា «ទីនេះនៅតែជាកន្លែងពិសិដ្ឋសម្រាប់មនុស្ស ក្នុងការអធិដ្ឋានសុំសេចក្តីសុខ។ អាត្មាអំពាវនាវ​ឲ្យ​គ្រប់​ប្រទេស​ការពារ​ព្រៃឈើ​របស់​ខ្លួន។ ធម្មជាតិគឺជាឫសគល់នៃព្រះពុទ្ធសាសនា សាសនា និងជីវិត។ អាត្មាសង្ឃឹមថាដើមឈើតូចៗទាំងនេះ នឹងដុះលូតលាស់ខ្ពស់ជាងនេះនៅទសវត្សរ៍ក្រោយ ប្រហែលជាអាត្មានឹងធ្វើសមាធិនៅក្រោមដើមឈើទាំងនេះ ក្នុងជាតិនេះ»។


រាយការណ៏បន្ថែមដោយ Sophanna Lay and Nasa Dip.

អត្ថបទនេះត្រូវបានផលិតឡើង ដោយមានការសហការគ្នាជាមួយ បណ្ដាញសេុីបអង្គេតព្រៃទឹកភ្លៀង (Rainforest Investigations Network) របស់ The Pulitzer Center។ អត្ថបទជាភាសាខ្មែរ ត្រូវបានផ្សព្វផ្សាយ​នៅលើគេហទំព័រសារព័ត៌មាន  Southeast Asia Globe និង Focus – Ready for Tomorrow។



Read more articles