LINES OF THOUGHT ACROSS SOUTHEAST ASIA

Southeast Asia Globe is member-supported publication featuring in-depth journalism that promotes a more informed, inclusive and sustainable future. Members work with our team to shape our editorial direction and hold us accountable.

 

Be a part of the story. Subscribe today!


ការអភិរក្ស

ម្ចាស់កសិដ្ឋាន និងអ្នកអភិរក្ស សហការគ្នាការពារក្រពេីជិតផុតពូជ

ទន្ទឹមនឹងក្រពើភ្នំនៅក្នុងព្រៃប្រឈមនឹងការផុតពូជ អ្នកអភិរក្សកំពុងងាកទៅរកជំនួយពីកសិដ្ឋានចិញ្ចឹមក្រពើនៅតំបន់អាស៊ីអាគ្នេយ៍ ទោះបីជាដឹងថាតួនាទីរបស់ពួកគេ ក៏រួមចំណែកជម្រុញការបាត់បង់សត្វប្រភេទនេះក៏ដោយ។

September 19, 2022
ម្ចាស់កសិដ្ឋាន និងអ្នកអភិរក្ស សហការគ្នាការពារក្រពេីជិតផុតពូជ
ខ្សែ​ពួរ​មួយ​ត្រូវ​បាន​ចាប់​នៅ​ជុំវិញ​ថ្គាម​របស់​សត្វ​ក្រពើ​មួយ​ក្បាល​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​មួយ​ក្នុង​ក្រុង​សៀមរាប។ រូបថតដោយ​ Anton L. Delgado for Southeast Asia Globe

បន្ទាប់​ពី​ត្រូវ​បានគេ​លើក​ចេញ​ពី​អាង​បេតុង​ដ៏​ត្រជាក់​ហើយដាក់នៅលើ​ចិញ្ចើម​ផ្លូវ​ដ៏ក្ដៅ សម្រែកក្រពើ​មួយ​ក្បាល​ បន្លឺ​ឡើងជាមួយនឹងខ្សែ​ពួរ​ដែលថ្ពក់​ជុំវិញ​ធ្មេញ និងខ្លួនរបស់វា។ សត្តវិទូម្នាក់ យកជើង​ជាន់​លើ​ច្រមុះ ហើយ​ទាញខ្សែចង​ថ្គាម​របស់​វា​ឲ្យ​ជិត ស្របពេលដែល​សម្រែកនោះលឺខ្សោយទៅៗ។

ក្នុងរយៈពេលត្រឹមតែមួយម៉ោង សត្វក្រពើជាង ២០ ក្បាលត្រូវបានចងជាប់ និងដាក់លើឡានដឹកទំនិញ។ ទាំងនេះ​ជា​ក្រពើភ្នំ (Siamese Crocodile)​ ដែលមានវត្តមានប្រមាណ​ជាង​ ២៥០០​ក្បាល ​នៅ​កសិដ្ឋាន​ក្នុង​ក្រុង​សៀមរាប​នៃ​ប្រទេស​កម្ពុជា​។ កសិដ្ឋានចិញ្ចឹមក្រពើនៅកម្ពុជា ធ្វើការបង្កាត់ពូជ និងលក់ក្រពើរស់ ដែលជាញឹកញាប់បញ្ចូនទៅឱ្យឈ្មួញក្នុងប្រទេសចិន ថៃ និងវៀតណាម ជាកន្លែងដែលសត្វក្រពើទាំងនោះ ត្រូវបាននាំយកទៅផលិតជាស្បែកក្រពើ និងផលិតផលផ្សេងទៀត។

ដោយឡែក ក្រពើភ្នំដែល​ប្រមូល​បាន​សព្វ​ថ្ងៃ​នេះ​មិន​មាន​គោលដៅក្នុងការ​លក់ ឬ​សម្លាប់នោះ​ទេ។ ផ្ទុយទៅវិញ ក្រពើទាំងនេះ គឺជាការបរិច្ចាគពីកសិដ្ឋាន ទៅឱ្យអ្នកអភិរក្សដែលព្យាយាមជួយសង្គ្រោះចំនួនសត្វក្រពើភ្នំ ចុងក្រោយបង្អស់នៅតាមព្រៃក្នុងប្រទេសកម្ពុជា។

គិតត្រឹមឆ្នាំ២០០០ ក្រពើភ្នំធ្លាប់ត្រូវបានគេជឿថាបានផុតពូជនៅក្នុងប្រទេសកម្ពុជា រហូតមកដល់ពេលដែលការស្ទង់មតិដឹកនាំដោយ អង្គការសត្វព្រៃ និងរុក្ខជាតិ អន្តរជាតិ (Fauna & Flora International) ដែលបានរកឃើញឡើងវិញ នូវចំនួនក្រពើដែលនៅសល់នៅលើភ្នំក្រវាញ នាភាគនិរតីនៃប្រទេស។

អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា មានក្រពើភ្នំតែប៉ុន្មានរយក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងព្រៃនៃតំបន់អាស៊ីអាគ្នេយ៍សព្វថ្ងៃនេះ។ ក្នុងនោះ ប្រទេស​កម្ពុជា​ជាទីជម្រកសម្រាប់សត្វព្រៃប្រភេទនេះដ៏ធំបំផុត ដែល​មាន​ចន្លោះពីំ ​២០០​ ទៅ ​៤០០​ ក្បាល នេះបើតាម​ការ​សិក្សាកាលពីឆ្នាំ ​២០១៥។ ទន្ទឹមនឹងនេះ ការសិក្សាក្នុងតំបន់បានចេញផ្សាយនៅឆ្នាំបន្ទាប់ បានប៉ាន់ប្រមាណថា ក្រពើជាង ១,៥៣ លានក្បាល រួមមានពូជក្រពើភ្នំ ពូជក្រពើគុយបា និងពូជក្រពើទឹកប្រៃ និងពូជកូនកាត់ ត្រូវបានចិញ្ចឹមក្នុងកសិដ្ឋានប្រហែល ២៨០០កន្លែង នៅក្នុងប្រទេសកម្ពុជា ថៃ និងវៀតណាម។

តើ​កសិដ្ឋានអាច​បណ្ដាល​ឱ្យបាត់បង់​ក្រពើ​នៅ​អាស៊ី​អាគ្នេយ៍​ដោយ​របៀប​ណា?

អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) បានចាត់ថ្នាក់ក្រពើភ្នំថា «ជិតផុតពូជ» ក្នុងបញ្ជីក្រហមនៃប្រភេទសត្វដែលរងការគំរាមកំហែងចាប់តាំងពីឆ្នាំ ១៩៩៦។ ក្រពើភ្នំ ធ្លាប់វត្តមាននៅតំបន់ដីសើម ពាសពេញអាស៊ីអាគ្នេយ៍ដីគោក ពីបូណេអូ ដល់កោះជ្វា ប៉ុន្តែនៅទសវត្សរ៍ឆ្នាំ ១៩៩០​ ជម្រកជាច្រើនរបស់ក្រពើទាំងនោះត្រូវបាត់បង់។

ការវាយតម្លៃចុងក្រោយរបស់អង្គការ IUCN ក្នុងឆ្នាំ២០១២​ បានប៉ាន់ប្រមាណចំនួនប្រភេទសត្វព្រៃ នេះទូទាំងពិភពលោកថា នៅសេសសល់មិនលើសពី ៥០០ ទៅ ១០០០ ក្បាល ដែលភាគច្រើនរស់នៅតំបន់ដាច់ស្រយាលនាប្រទេសម្ពុជា ឡាវ ឥណ្ឌូនេស៊ី ថៃ និងវៀតណាម។

ការថយចុះដ៏ធំនៃចំនួនសត្វប្រភេទនេះគឺ ភាគច្រើនបណ្តាលមកពីការបរបាញ់ សម្លាប់យកស្បែកនៅពាក់កណ្តាលសតវត្សទី ២០ ។ កសិដ្ឋានចិញ្ចឹមក្រពើជាអាជីវកម្មដំបូងបង្អស់របស់ប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៤០ ដែលក្រពើភ្នំត្រូវបានរក្សា និងបង្កាត់យកតាមផ្នែករាងកាយរបស់ពួកវា។ បើយោងតាមរបាយការណ៍របស់ក្រុមអ្នកឯកទេសក្រពើ IUCN កសិដ្ឋានដំបូងគេក្នុងប្រទេសថៃត្រូវបានបង្កើតនាប្រាំឆ្នាំបន្ទាប់។ 

កូន​ក្រពើ​ភ្នំនិងក្រពើ​កូន​កាត់​នៅ​ក្នុង​អាង​ចិញ្ចឹម​ក្រពើ​ក្នុង​ក្រុង​សៀមរាបនៃប្រទេស​កម្ពុជា។ ក្រពើប្រហែលចន្លោះពី ២៥០០ ទៅ ៣០០០ ក្បាលរស់នៅក្នុងកសិដ្ឋានដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩០ និងបានចុះបញ្ជីជាមួយ CITES ក្នុងឆ្នាំ ២០១៧ ដើម្បីអនុញ្ញាតឱ្យនាំចេញប្រភេទសត្វជិតផុតពូជ។ រូបថតដោយ៖ Anton L. Delgado

លោក Joe Rose មន្ត្រីគម្រោងបង្កាត់ពូជសត្វក្នុងទ្រុង នៅអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) ប្រចាំប្រទេសកម្ពុជា បានប្រាប់ The Third Pole ថា «ចំនួនសត្វក្រពើតាមព្រៃសឹងតែត្រូវបានបំផ្លាញទាំងស្រុង ដោយសារតែកសិករចាប់ក្រពើនៅក្នុងព្រៃដើម្បីបង្កើនចំនួនក្រពើចិញ្ចឹមរបស់ពួកគេ»។ លោក​បានអះអាងថា នេះ​ជា​រឿង​ធម្មតា​ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ដល់​ឆ្នាំ ១៩៩០ ខណៈ​ពេលដែលវិស័យ​នេះ​មាន​ការ​រីក​ចម្រើន។

ក្នុង​ឆ្នាំ ២០១៦ ក្រពើ​ប្រមាណជាង ២៥ ម៉ឺន​ក្បាល​កំពុង​ចិញ្ចឹម​នៅ​កសិដ្ឋានជាង ៩០០ កន្លែងក្នុង​ប្រទេស​កម្ពុជា។ ការសិក្សានេះមិនអាចកំណត់ទេថា ចំនួនក្រពើភ្នំប៉ុន្មានក្បាលជាពូជសុទ្ធនោះទេ ដោយសារតាមកសិដ្ឋាននីមួយៗមានចេតនាបង្កាត់ពូជជាញឹកញាប់ ដើម្បីផលប្រយោជន៍អាជីវកម្មរបស់ពួកគេ។ 

ក្រៅពីប្រទេសកម្ពុជា ក្រពើភ្នំត្រូវបានចិញ្ចឹមជាលក្ខណៈអាជីវកម្មនៅក្នុងប្រទេសថៃ និងប្រទេសវៀតណាម ដែលនៅទីនោះគេរាយការណ៍ថាមានកសិដ្ឋានចិញ្ចឹមក្រពើចំនួន ៨០០ និង ១១០០ កន្លែង។

«កសិដ្ឋាន​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់កំពុងជញ្ជក់យកសត្វ​ចេញពី​ព្រៃ»។ Jenny Daltry ទីប្រឹក្សាបច្ចេកទេសរបស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ បានលើកឡើង។​

ក្រពើភ្នំ ស្ថិតក្រោមការការពារនៃច្បាប់ស្តីពីជលផលក្នុងឆ្នាំ ២០០៦ របស់កម្ពុជា ដែលហាមប្រាមការយកសត្វក្នុងទឹកមួយចំនួនដោយគ្មានអាជ្ញាប័ណ្ណ ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ និងពិន័យជាច្រើនលានរៀល ដែលមានអនុក្រឹត្យលេខ ១២៣ ស្តីពីការចុះបញ្ជីក្រពើភ្នំ ជាប្រភេទសត្វទឹកដែលត្រូវបានការពារ រួមជាមួយនឹងផ្សោតអ៊ីរ៉ាវ៉ាឌី និងត្រីរាជដែលជិតផុតពូជ។

ក្រពើភ្នំ ក៏ត្រូវបានការពារជាអន្តរជាតិផងដែរ ដែលត្រូវបានចុះបញ្ជីនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញា​ស្តីពី​ពាណិជ្ជកម្ម អន្តរជាតិ​លើ​ប្រភេទសត្វជិតផុតពូជ (CITES) របស់អង្គការសត្វព្រៃ និង​រុក្ខជាតិ​អន្តរជាតិ។ នេះមានន័យថាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វនេះ ជាទូទៅត្រូវបានហាមឃាត់ ប៉ុន្តែមានករណីលើកលែង។ 

បញ្ជី CITES ស្តីពីប្រតិបត្តិការបង្ខាំងទុកដើម្បីបង្កាត់ពូជបានអនុញ្ញាតឱ្យចិញ្ចឹម និងនាំចេញក្រពើភ្នំរួមមាន នៅប្រទេសថៃ ២៨កន្លែង នៅប្រទេសកម្ពុជា ២១កន្លែង និងនៅវៀតណាម ១០កន្លែង។ មូលដ្ឋានទិន្នន័យពាណិជ្ជកម្ម CITES បង្ហាញពីទីផ្សារអន្តរជាតិដែលកំពុងរីកចម្រើនសម្រាប់ផលិតផលចេញពីក្រពើភ្នំ ចាប់ពីស្បែក និងលលាដ៍ក្បាល រហូតដល់ទំនិញស្បែក និងសត្វរស់។ 

សកម្មភាពរបស់ក្រពើភ្នំមួយក្បាលកំពុងត្រូវបានចាប់ចេញអាងនៅក្នុងកសិដ្ឋានក្រពើក្នុងក្រុងសៀមរាប។ រូបថតដោយ៖ Anton L. Delgado

ចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២០ កម្ពុជា ថៃ និងវៀតណាមបានរាយការណ៍ពីការនាំចេញក្រពើភ្នំចំនួនជាង ៥៤៧,០០០ ក្បាល ដោយក្នុងនោះប្រទេសចិនបានចុះបញ្ជីជាអ្នកនាំចូលជិត ៨០ ភាគរយនៃក្រពើទាំងនេះ។ ក្រពើភ្នំទាំងអស់នេះត្រូវបានកត់ត្រាថាត្រូវបានបង្ខាំងទុកសម្រាប់បង្កាត់ពូជ។ យោងតាមការសិក្សារបស់ពាណិជ្ជកម្មពិភពលោកលើសត្វក្រពើពីឆ្នាំ ២០១៧ ដល់ ឆ្នាំ២០១៩ ក្រពើភ្នំមួយចំនួនធំដែលត្រូវបាននាំចេញទៅកាន់ប្រទេសចិនត្រូវបានសម្លាប់សម្រាប់ធ្វើជាអាហារ។

ក្ក្នុងអំឡុងពេលដូចគ្នា ប្រទេសចំនួនបីបានរាយការណ៍ពីការនាំចេញស្បែកប្រហែល ៤០ ម៉ឺនក្បាល និង «សាកសព» ក្រពើភ្នំជាង ៨ ម៉ឺនក្បាលទៅកាន់ប្រទេសនានាជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសសហភាពអឺរ៉ុបមួយចំនួនផងដែរ។ ស្បែកក្រពើត្រូវបានប្រើប្រាស់ជាញឹកញាប់ក្នុងការផលិតស្បែកជើង កាបូប និងគ្រឿងប្រើប្រាស់ផ្សេងទៀត សម្រាប់ទីផ្សារទូទាំងពិភពលោក។ ក្រពើភ្នំរស់ជាង ១០ ម៉ឺនក្បាល ត្រូវបានដឹកជញ្ជូនពីប្រទេសវៀតណាមទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០១៩ ខណៈដែលសាកសពក្រពើភ្នំចំនួន ៧៨,០៤០ ត្រូវបាននាំចេញពីប្រទេសថៃ ទៅកាន់ទីក្រុងហុងកុងក្នុងឆ្នាំ ២០១៣។

កសិដ្ឋានចិញ្ចឹមក្រពើ ជាដៃគូអភិរក្សដែលមិនបានរំពឹងទុក

ក្នុងឆ្នាំ ២០០៩ គម្រោងអភិរក្សសត្វក្រពើកម្ពុជា ដែលជាកិច្ចសហការរវាង អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) និងរដ្ឋបាលព្រៃឈើកម្ពុជា បានបង្កើតកម្មវិធីបង្កាត់ពូជក្រពើភ្នំពូជសុទ្ធចំនួន ៣៥ ក្បាល នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីឆ្លើយតបទៅនឹងចំនួនដ៏តិចតួចដែលនៅសេសសល់ក្នុងព្រៃ។ យោងតាមលោក Pablo Sinovas អ្នកគ្រប់គ្រងប្រភេទសត្វជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិនៅកម្ពុជា គម្រោងនេះបានដោះលែងក្រពើភ្នំពូជសុទ្ធចំនួន ១៣៦ ក្បាលទៅក្នុងជួរភ្នំក្រវាញចាប់តាំងពីឆ្នាំ ២០១២ ។

ជាផ្នែកនៃគម្រោងនេះ អ្នកអភិរក្សបានងាកទៅរកប្រភពនៃចំនួនសត្វក្រពើភ្នំដ៏ធំបំផុតដែលនៅរស់សព្វថ្ងៃនេះគឺ កសិ-ពាណិជ្ជកម្ម។ អ្នកស្រី Rose លើកឡើង​ថា​៖ «រហូត​មក​ដល់​ពេល​ថ្មីៗ​នេះ ​កសិករ​ និង​អ្នក​អភិរក្ស​​ មិន​មាន​ទំនាក់​ទំនងជាមួយគ្នា​ច្រើនោះទេ​»។ «ក្នុងរយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​បាន​ជួប​កសិករ​បើក​ចិត្ត​ទូលាយ​មួយ​ចំនួន​ ដែល​ចាប់​អារម្មណ៍​លើ​ការ​អភិរក្សនេះ»។

កសិករចញ្ចឹម​ក្រពើ​ លោក Noo-hok Sang លើកក្រពើដែលចាប់បាននៅខេត្តសៀមរាប ដែលត្រូវបានបរិច្ចាគទៅអង្គការអភិរក្ស។ រូបថតដោយ៖ Anton L. Delgado

ជាមួយគ្នានេះដែរ លោក Sinovas និយាយ​ថា ក្រពើភ្នំ ​មួយ​ភាគ​បី ​ដែល​ត្រូវ​បាន​គេ​ដោះលែង​មក​ដល់​ពេល​នេះ គឺ​មក​ពី​កសិដ្ឋាន។ លោកបានបន្តទៀត​ថា ជា​រួមក្រពើ​ប្រមាណ ៣០០​ ក្បាល​ត្រូវ​បាន​កសិករ​បរិច្ចាគ​ទៅ​ក្នុង​កម្មវិធី​បង្កាត់​ពូជ និង​ដោះលែង​សត្វ​ក្រពើ។

អ្នកស្រី Rose បន្ថែមថា «ការបរិច្ចាគពីកសិដ្ឋានពិតជាមានសារៈសំខាន់សម្រាប់ការអភិរក្ស ដោយសារក្រពើភ្នំមានចំនួនតិចតួច»។ «វា​នឹង​ចំណាយ​ពេល​យូរ​ណាស់​សម្រាប់ [ពួកគេ] ដើម្បី​បង្កាត់​ពូជ និង​បង្កើត​ចំនួនកូនចៅ។ ការ​បញ្ចេញ​សត្វ​ក្រពើ​បន្ថែម​នេះ ជួយ​ធ្វើ​ពិពិធកម្ម​ហ្សែនសត្វប្រភេទនេះ និង​បង្កើន​ចំនួន​ស្តុកសត្វក្នុង​ព្រៃ​ដែល​នៅ​សេសសល់​ទាំង​នោះ»។

អ្នកស្រី Jenny Daltry ទីប្រឹក្សាបច្ចេកទេសរបស់អង្គការសត្វព្រៃ និងរុក្ខជាតិ ដែលជាផ្នែកមួយនៃក្រុមស្ទង់មតិដែលបានរកឃើញក្រពើភ្នំក្នុងព្រៃឡើងវិញនៅកម្ពុជា និយាយថា ដំបូងឡើយ កសិដ្ឋាន គឺជាកន្លែងគំរាមកំហែងដ៏ធំបំផុតចំពោះសត្វក្រពើក្នុងតំបន់។ អ្នក​ស្រី​និយាយ​ថា​៖ «​កសិដ្ឋាន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់​គឺ​គ្រាន់​តែ​ជញ្ជក់​យក​សត្វចេញ​ពី​ព្រៃប៉ុណ្ណោះ»។

អ្នកស្រីបានបន្ថែមថា «វាពិតជាលំបាកណាស់ក្នុងការចាប់ដៃគូជាមួយអ្នកដែលពាក់ព័ន្ធនៅដំណាក់កាលនោះ»។ ប៉ុន្តែខណៈពេលដែលការអភិវឌ្ឍទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធនេះបានបង្ហាញឱ្យឃើញនូវបញ្ហាប្រឈមមួយចំនួន អ្នកស្រីនិយាយថា ឥឡូវនេះ វា«កំពុងដំណើរការក្នុងទិសដៅត្រឹមត្រូវហើយ»។

រថយន្តដឹកសត្វក្រពើ រៀបចំបើកចេញពីកសិដ្ឋានក្នុងខេត្តសៀមរាប ឆ្ពោះទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ក្បែររាជធានីភ្នំពេញ។ រូបថតដោយ៖ Anton L. Delgado

លោក Sinovas និយាយថា ខណៈពេលដែល «ការបរបាញ់ខ្នាតតូចអាចកើតមានឡើង» ដោយកសិដ្ឋានទំនងជាលែងយកពីសត្វព្រៃទៀតហើយ «ដោយសារចំនួនក្រពើភ្នំមានតិចតួចបំផុតនៅក្នុងទីតាំងព្រៃដាច់ស្រយាល ដែលវាមិនសមនឹងការខិតខំប្រមាញ់នោះទេ [នៅពេល] ដែលក្រពើរាប់ពាន់ក្បាលកំពុងបង្កាត់ពូជនៅក្នុងកសិដ្ឋាន»។

នៅប្រទេសថៃ សមាគមកសិករក្រពើថៃសហការជាមួយនាយកដ្ឋានឧទ្យានជាតិ និងសាកលវិទ្យាល័យ មៈហិដុល (Mahidol University) បានដោះលែងក្រពើភ្នំពូជសុទ្ធចំនួន ២០ ក្បាលនៅឆ្នាំ ២០២០ នេះបើតាមប្រសាសន៍របស់លោក Yosapong Temsiripong ប្រធានសមាគមដែលតំណាងឱ្យកសិដ្ឋានចំនួន ២០ កន្លែងដែលបានចុះបញ្ជី CITES។ 

«យើង​ជួយ​អម្បូរក្រពើក្នុងព្រៃដោយ​ការ​លែង​ក្រពើ​ជា​រៀង​រាល់​ឆ្នាំ។ មិន​ត្រឹម​បង្កើនចំនួនក្រពើ​ព្រៃ​ឡើង​វិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​កសាង​កេរ្តិ៍​ឈ្មោះ​របស់​យើង​ឡើង​វិញ និង​ផ្លាស់​ប្តូរ​ការ​យល់​ឃើញ​របស់​កសិករ​ចិញ្ចឹម​ក្រពើ​នៅ​ក្នុង​ប្រទេស​ថៃ និង​អាស៊ី​អាគ្នេយ៍​ផង​ដែរ»។ នេះបើតាមការលើកឡើងរបស់លោក Temsiripong ដែលជាអ្នកគ្រប់គ្រងទូទៅនៃកសិដ្ឋាន Sriracha Moda ដែលជាកសិដ្ឋានចិញ្ចឹមក្រពើជាង ២ ម៉ឺនក្បាល។ លោក Temsiripong មានបញ្ជាក់បន្ថែមថាចាប់ពីឆ្នាំ ២០២៣ តទៅ សមាគមគ្រោងនឹងបញ្ចេញកូនក្រពើភ្នំចំនួន ២០ ក្បាលទៅក្នុងឧទ្យានជាតិជារៀងរាល់ឆ្នាំ។

«​ហើយ​ហេតុផល​តែ​មួយ​គត់​ដែល​យើង​ដោះលែង​តិចតួចនោះ​ គឺ​ដោយសារ​យើង​គ្មាន​ទីជម្រក​នូវ​សេសសល់​»។ លោក Temsiripong បន្ត​ថា​៖ «អ្វី​ដែល​យើង​ត្រូវ​ធ្វើពេលនេះ គឺការធ្វើការ​ជាមួយ​នឹង​ឧទ្យានជាតិ​ប៉ាងស៊ីដា។»

តើការចិញ្ចឹមសត្វព្រៃ ជាគំរូប្រកបដោយចីរភាពសម្រាប់ការអភិរក្សដែរឬទេ?

ការធ្វើកសិកម្មបែបពាណិជ្ជកម្ម និងការជួញដូរប្រភេទសត្វជិតផុតពូជអាចជួយដល់ចំនួនសត្វព្រៃ គឺជាប្រធានបទជជែកពិភាក្សាយ៉ាងក្តៅគគុកក្នុងចំណោមអ្នកអភិរក្ស។

អ្នកតស៊ូមតិសម្រាប់ «ការប្រើប្រាស់ប្រកបដោយនិរន្តរភាព» ដែលជាគំរូនៃការអភិរក្ស លើកឡើងថាការជួញដូរស្របច្បាប់ នៃផលិតផលសត្វព្រៃដែលអាចបំពេញតម្រូវការ ដោយកាត់បន្ថយសម្ពាធលើចំនួនសត្វព្រៃ។ ផ្ទុយទៅវិញ អ្នកអភិរក្សផ្សេងទៀតអះអាងថា ការធ្វើពាណិជ្ជកម្មស្របច្បាប់ជារឿយៗបង្កើនតម្រូវការលើផលិតផលធ្វើចេញពីសត្វព្រៃ ហើយបទប្បញ្ញត្តិដ៏តឹងរឹង ដែលត្រូវការដើម្បីធានាថាចំនួនសត្វព្រៃមិនរងផលប៉ះពាល់អវិជ្ជមាន គឺពិបាកក្នុងការសម្រេចបានពេលអនុវត្តន៍ជាក់ស្ដែង។

ការសិក្សាក្នុងឆ្នាំ ២០១៦ លោក Laura Tensen អ្នកស្រាវជ្រាវថ្នាក់ក្រោយបណ្ឌិត នៅសាកលវិទ្យាល័យ Koblenz-Landau បានស្នើលក្ខខណ្ឌមួយចំនួន ដែលត្រូវតែបំពេញ សម្រាប់ការធ្វើកសិកម្ម ដើម្បីទទួលបានអត្ថប្រយោជន៍ដល់ការអភិរក្ស។ ខ្លឹមសារលក្ខខណ្ឌទាំងនេះគ្រប់ដណ្ដប់ដូចជា ផ្នែកសេដ្ឋកិច្ច (ការធ្វើកសិកម្មត្រូវតែមានតម្លៃថោកជាងការចាប់យកពីក្នុងព្រៃ) ផ្នែកប្រភព (កសិដ្ឋានមិនត្រូវស្តុកទុកសព្វព្រៃ ឬចាប់សត្វដែលមានប្រភពខុសច្បាប់) និងផ្នែកតម្រូវការ (ការធ្វើកសិកម្មមិនត្រូវបង្កើនតម្រូវការអតិថិជន ហើយអតិថិជនមិនត្រូវបង្ហាញចំណូលចិត្តរវាងផលិតផលសត្វព្រៃ ឬផលិតផលកសិដ្ឋានឡើយ) ។

«បើគ្មានអភិបាលកិច្ច​ល្អ ឬ​គ្មានយន្តការ​ត្រួត​ពិនិត្យ​នៅ​នឹង​កន្លែង កសិដ្ឋាន​ទាំង​នោះនៅតែ​ដំណើរការ​ដើម្បី​បំផ្លាញ​ចំនួន​សត្វ​ក្រពើក្នុង​ព្រៃ»។ លោក Steven Platt អ្នកជំនាញខាងសត្វនៅអង្គការសង្គមអភិរក្សសត្វព្រៃបានបន្ថែម។

លោក Tensen បន្ថែមថា «នាពេលណាមួយដែលលក្ខណៈវិនិច្ឆ័យទាំងនេះមិនត្រូវបានបំពេញ វានឹងមានឥទ្ធិពលអវិជ្ជមានលើចំនួនសត្វព្រៃ ហើយស្ថានភាពដែលបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងអស់គឺ «កម្រណាស់»។ លោកនិយាយថា ការអនុវត្ត និងការត្រួតពិនិត្យ គឺចាំបាច់ដើម្បីធានាថាលក្ខណៈវិនិច្ឆ័យទាំងនេះ ត្រូវបានបំពេញនៅគ្រប់កសិដ្ឋាន ហើយបើគ្មានការអនុវត្តនោះទេ «ការចិញ្ចឹមសត្វព្រៃអាចមានឥទ្ធិពលមហន្តរាយ»។

មានឧទាហរណ៍មួយចំនួននៃចំនួនសត្វព្រៃធ្លាក់ចុះបន្ទាប់ពីការចាប់ផ្តើមនៃការធ្វើកសិពាណិជ្ជកម្ម ដូចជាករណី សត្វខ្លានៅប្រទេសឡាវ រហូតដល់ បង្គួយពិជឃាតយក្សនៅក្នុងប្រទេសចិន។ ខណៈដែលថ្មីៗនេះ ប្រទេសចិនបានរឹតបន្តឹងការចិញ្ចឹមសត្វព្រៃ សម្រាប់ការប្រើប្រាស់ជាអាហារ ដោយឡែករដ្ឋាភិបាលនេប៉ាល់កំពុងផ្លាស់ប្តូរបើកការចិញ្ចឹមសត្វព្រៃជាលក្ខណៈពាណិជ្ជកម្ម។

លោក Steven Platt អ្នកជំនាញខាងសត្វ នៅសមាគមអភិរក្សសត្វព្រៃ ដែលបានធ្វើការលើការអភិរក្សសត្វក្រពើនៅអាស៊ីអាគ្នេយ៍តាំងពីឆ្នាំ ១៩៩៩ មានប្រសាសន៍ថា «ខ្ញុំមិនមានអ្វីប្រឆាំងនឹងការធ្វើកសិកម្មទេ ប៉ុន្តែវាមិនមានអត្ថប្រយោជន៍សម្រាប់ការអភិរក្សពីការធ្វើកសិកម្មនេះឡើយ»។ «នៅពេលដែលអ្នកបញ្ជាក់ថា ​មិន​មាន​អភិបាលកិច្ច​ល្អ ឬ​យន្តការ​ត្រួត​ពិនិត្យ​នៅ​នឹង​កន្លែង កសិដ្ឋាន​ទាំង​នោះ​ដំណើរការដើម្បី​បំផ្លាញ​ចំនួន​សត្វ​ក្រពើក្នុង​ព្រៃ»។

លោក Patrick Aust សមាជិកនៃក្រុមអ្នកឯកទេសក្រពើរបស់ IUCN អះអាងថា បញ្ហានៃការចិញ្ចឹមក្រពើក្នុងតំបន់ គឺជាការអនុវត្តឲ្យតែរួច ជាជាងការអនុវត្តដោយផ្អែកលើគំនិតទស្សនៈ។ តាមរយៈលោក Aust ការអនុវត្តក្នុងវិស័យនេះ «មិនត្រូវបានអមដោយការស្រាវជ្រាវប្រកបដោយភាពច្នៃប្រឌិត ឬពហុជំនាញផ្នែកបរិស្ថាន ការងារអភិវឌ្ឍន៍សង្គមឡើយ ដោយអំណាចទឹកលុយដ៏មហិមារជាឥទ្ធិពលតែមួយគត់»។

យោងតាមលោក Aust ដែលសិក្សាពីសក្តានុពលនៃសត្វល្មូនជាប្រភពអាហារប្រកបដោយនិរន្តរភាពនៅសាកលវិទ្យាល័យ Oxford កសិដ្ឋានចិញ្ចឹមក្រពើខ្នាតតូចអាចយកឈ្នះលើបញ្ហាដូចជាអាកាសធាតុមិនអំណោយផលខ្លាំង និងការផ្ទុះជំងឺ ដែលញាំញីដល់ការចិញ្ចឹមសត្វដទៃទៀត។ គាត់បន្ថែមថា «ពួកគេជាប្រភេទសត្វកសិកម្មដ៏សម្បូរបែប ដើម្បីបន្ថែមទៅក្នុងប្រព័ន្ធកសិអាហារខ្នាតតូចនៅក្នុងសហគមន៍តូចៗដែលងាយរងគ្រោះ»។

លោក Aust និយាយ​ថា​៖ «​អ្វីដែលជាបញ្ហា​នោះ​គឺ​ថា ​គំរូ​ផលិតកម្ម​បាន​ពង្រីកខ្លួន​​ពីកសិដ្ឋានធុនតូចទៅជាកសិដ្ឋានធំ​ទៅៗ ដោយ​បង្អាក់​ពី​គំរូ​ខ្នាត​តូច ធន់ និង​និរន្តរភាព​នោះ។ ទោះជាយ៉ាងណាក៏ដោយ គាត់អះអាងថា «គំរូដ៏ល្អប្រសើរនៃការអភិរក្សនូវការប្រើប្រាស់ប្រកបដោយនិរន្តរភាព ត្រូវបានបញ្ជាក់រួចហើយថាមានប្រសិទ្ធភាព» នេះបើតាមទម្រង់នៃការចិញ្ចឹមក្រពើនៅក្នុងប្រទេសអូស្ត្រាលី។

តើភាពជោគជ័យក្នុងការចិញ្ចឹមសត្វរបស់អូស្ត្រាលីអាចយកគំរូតាមបានដែរឬទេ?

«ពាណិជ្ជកម្មដែលត្រូវបានគ្រប់គ្រង និងការងារប្រកបដោយចីរភាព នាំមកនូវដំណើរការប្រើប្រាស់ប្រកបដោយចីរភាព»។ នេះបើតាមការលើកឡើងរបស់ អ្នកស្រី Inger Andersen នាយកប្រតិបត្តិនៃកម្មវិធីបរិស្ថាន របស់អង្គការសហប្រជាជាតិ នៅក្នុងសុន្ទរកថាបើករបស់អ្នកស្រី នៅឯកិច្ចប្រជុំកំពូល CITES ឆ្នាំ ២០១៩ ។ ឧទាហរណ៍ដំបូង និងតែមួយគត់របស់អ្នកស្រី គឺការជួញដូរក្រពើនៅប្រទេសអូស្ត្រាលី។

ករណីសិក្សារបស់ CITES ឆ្នាំ ២០១៩ លើសត្វក្រពើនៅតំបន់ភាគខាងជើងនៃប្រទេសអូស្ត្រាលីបានរកឃើញថា បន្ទាប់ពីការបរបាញ់ក្នុងកំឡុងទសវត្សរ៍ឆ្នាំ ១៩៤០ ដល់ឆ្នាំ ១៩៦០ ដែលបានបណ្តាលឱ្យមានការថយចុះយ៉ាងខ្លាំងនៃចំនួនសត្វក្រពើទឹកប្រៃ កម្មវិធី «ការប្រើប្រាស់ប្រកបដោយចីរភាព» បានរួមចំណែកដល់ការស្ដារនូវចំនួនសត្វព្រៃឡើងវិញ។ កម្មវិធីនេះត្រូវបានគេសម្គាល់ជាញឹកញាប់ថា ជាករណីសិក្សានៃការប្រើប្រាស់ប្រកបដោយនិរន្តរភាព ដោយជោគជ័យក្នុងការជជែកពិភាក្សាទូលំទូលាយទៅលើការកេងប្រវ័ញ្ចពាណិជ្ជកម្មលើសត្វព្រៃ។

គំរូចម្បងដែលប្រើក្នុងអាជីវកម្មសត្វក្រពើរបស់ប្រទេសអូស្ត្រាលីគឺ ការចិញ្ចឹមដែលពឹងផ្អែកលើការប្រមូលពងមកពីក្នុងព្រៃ ឬកូនក្រពើ ដែលមិនទំនងអាចរស់បានរហូតដល់ពេញវ័យ ហើយយកមកចិញ្ចឹមនៅក្នុងទ្រុងវិញ។ បន្ទាប់មកក្រពើទាំងនេះត្រូវបានសម្លាប់ នៅពេលដែលពួកគេឈានដល់ទំហំដែលអាចធ្វើអាជីវកម្មបាន។ គំរូ​នេះ​មាន​គោលបំណង​លើកទឹកចិត្ត​ម្ចាស់​កសិដ្ឋានឱ្យ​ការពារ​ជម្រក​សត្វ​ក្រពើ ព្រោះ​គំរូ​នេះ​អាស្រ័យ​លើ​ចំនួន​សត្វព្រៃ​។

កូនក្រពើ​ភ្នំអាយុ​ក្រោម​មួយ​ឆ្នាំ​នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ 2022 កន្លែងនេះគឺជាផ្ទះសម្រាប់កូនក្រពើចិញ្ចឹមចំនួន 12 កន្លែង។ រូបថតដោយ៖ Anton L. Delgado

ភាពជោគជ័យនៃកម្មវិធីប្រើប្រាស់ប្រកបដោយចីរភាព របស់ប្រទេសអូស្ត្រាលីត្រូវបានទទួលស្គាល់ដោយ លោក Charlie Manolis សហប្រធានបណ្តោះអាសន្ន​​ នៃក្រុមអ្នកឯកទេសក្រពើ IUCN ប៉ុន្តែគាត់ជឿជាក់ថា ការអនុវត្តរបស់វានៅក្នុងបរិបទសម្រាប់ប្រទេសផ្សេងទៀតនៅមានកម្រិត។

លោក Manolis ប្រធានអ្នកវិទ្យាសាស្ត្រនៅអង្គការអភិរក្សការប្រើប្រាស់ប្រកបដោយនិរន្តរភាព Wildlife Management International បានមានប្រសាសន៍ថា «រចនាថនៃការអភិរក្សនេះមិនដំណើរការសម្រាប់មនុស្សគ្រប់រូប ឬសត្វគ្រប់ប្រភេទទាំងអស់នោះទេ ប៉ុន្តែវាបានអាចដំណើរការបានសម្រាប់ពពួកក្រពើនៅក្នុងប្រទេសអូស្ត្រាលី​ ។ នៅក្នុងប្រទេសខ្លះ វាមានដែនកំណត់ចំពោះអ្វីដែលអាចធ្វើបាន ដោយសារកត្តាធម្មជាតិ និងកត្តាប្រជាសាស្រ្ត។»

កត្តាសំខាន់សម្រាប់ភាពជោគជ័យរបស់ប្រទេសអូស្ត្រាលី គឺជម្រកដ៏មានសក្តានុពលដ៏ធំនៅក្នុងដែនដីភាគខាងជើង ដែលលោក Manolis និយាយថា ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍បានបាត់បង់។ លោក​បន្ត​ថា​៖ «​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត​ដូច​ជា​ប្រទេស​ថៃ​មាន​ជម្រក​តិច​តួច​។ ហេតុនេះ តើ​មានកន្លែងណាសម្រាប់ជាជម្រកដល់ក្រពើភ្នំ?»

ផ្ទុយពីគំរូចិញ្ចឹមសត្វរបស់ប្រទេសអូស្ត្រាលី កសិដ្ឋានចិញ្ចឹមក្រពើនៅអាស៊ីអាគ្នេយ៍ប្រើប្រព័ន្ធ «បង្ខាំងការវិវដ្ត» ដែលក្នុងនោះក្រពើគ្រប់វ័យត្រូវបានចាប់ពីព្រៃដើម្បីយកមកចិញ្ចឹមក្នុងទ្រុង។ ឥឡូវនេះ ក្រពើពេញវ័យត្រូវបានបង្ខាំងទុកសម្រាប់បង្កាត់ពូជ ដើម្បីបង្កបង្កើតពង ដែលត្រូវបានចិញ្ចឹមរហូតដល់ក្រពើឈានដល់ទំហំដែលអាចធ្វើអាជីវកម្មបាន ហើយត្រូវបានលក់ ឬសម្លាប់។ នៅក្នុងបរិបទនេះ កសិដ្ឋានមិនពឹងផ្អែកលើចំនួសត្វព្រៃដែលមានសុខភាពល្អនោះទេ។

អង្គការសត្វព្រៃ និងរុក្ខជាតិ អន្តរជាតិ (Fauna & Flora International) បានដោះលែងក្រពើភ្នំច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាក្នុងខែមីនា ឆ្នាំ 2022។ ការដោះលែងសត្វក្រពើក្នុងចំនួនធំបំផុតក្នុងស្ទឹងកំពង់តាជ័យ ដែលជាផ្នែកមួយនៃទន្លេស្រែអំបិលក្នុងជួរភ្នំក្រវាញ។ រូបថតដោយ៖ Anton L. Delgado

យោងតាមលោក Manolis ផ្នែកសំខាន់មួយទៀតនៃភាពជោគជ័យរបស់ប្រទេសអូស្ត្រាលី គឺកិច្ចសហប្រតិបត្តិការដែលបានបង្កើតឡើងរវាងម្ចាស់ដី អ្នកចិញ្ចឹមសត្វ និងអ្នកអភិរក្ស។ ទោះជាយ៉ាងណាក៏ដោយ លោកព្រមានថា ការចម្លងភាពជោគជ័យនៃការចិញ្ចឹមក្រពើរបស់ប្រទេសអូស្ត្រាលី ទៅកាន់ប្រទេសនានាដូចជាកម្ពុជា គឺមិនទំនងទៅរួចនោះទេ ដោយសារក្រពើភ្នំតាមព្រៃមានចំនួនតិចតួច បូករួមទាំងការថយចុះនៃជម្រក និងប្រព័ន្ធច្បាប់របស់រដ្ឋាភិបាលនៅមានកម្រិត។

ទន្ទឹមនឹងនេះ លោកស្រី Daltry ក៏ព្រមានដែរថា វានឹងមានហានិភ័យ បើសិនគេព្យាយាមអនុវត្តការចិញ្ចឹមសត្វតាមបែបប្រទេសអូស្ត្រាលី មកធ្វើជាជម្រើសមួយសម្រាប់គំរូកសិកម្មនៅអាស៊ីអាគ្នេយ៍ ។ លោកស្រីនិយាយ​ថា ដោយសារ​ «​ជីវភាព​ជា​ច្រើន​អាស្រ័យ​លើ​វិស័យ​មួយនេះ​ នោះ​វា​នឹងមានភាព​ពិបាក ប្រៀបដូចជា​​ការ​ដាក់​ថ្នាំ​ដុសធ្មេញ​ចូល​បំពង់​វិញយ៉ាងអញ្ចឹង​»​។

លោកស្រី Daltry និយាយថា «សត្វក្រពើស្ថិតនៅក្នុងតំបន់រឹតត្បិតកាន់តែច្រើន ហើយដោយមានជំនួយពីជនជាតិដើមភាគតិច និងអាជ្ញាធរមូលដ្ឋាន សត្វទាំងនោះអាចត្រូវបានការពារ និងត្រួតពិនិត្យកាន់តែមានប្រសិទ្ធភាព។ វា​ប្រហែល​ជា​មាន​សុវត្ថិភាព​ក្នុង​ការ​ចិញ្ចឹម ជាង​ការ​ព្យាយាម​រៀបចំ​អ្វី​ដែល​ស្មុគស្មាញ​ពេក​ ដែល​ត្រូវ​ការ​បទប្បញ្ញត្តិ​ច្រើន»។

ទោះបីជាកសិដ្ឋានចិញ្ចឹមក្រពើមានការពាក់ព័ន្ធនៃការផុតពូជរបស់ក្រពើព្រៃនៅអាស៊ីអាគ្នេយ៍ក៏ដោយ ក៏ Daltry ជឿជាក់ថា អ្នកអភិរក្សត្រូវតែស្វែងរកមធ្យោបាយដើម្បីសហការជាមួយកសិករ ព្រោះវិស័យនេះនឹងនៅតែជាផ្នែកមួយក្នុងការជួញដូរក្នុងតំបន់ ដរាបណាតម្រូវការអន្តរជាតិសម្រាប់ផលិតផលក្រពើនៅតែមាន។ .

«ខ្ញុំ​មិន​និយាយ​ថា អ្នក​គួរ​បញ្ឈប់ការចិញ្ចឹមបែបកសិដ្ឋាន ឬ​បិទ​នោះ​ទេ។ វិស័យមួយនេះនៅទីនេះ ហើយវាកំពុងកើតឡើង។ អ្វីដែលយើងត្រូវមើលគឺ ថាតើយើងធ្វើការជាមួយវិស័យនេះដោយរបៀបណា ដើម្បីធានាថាសត្វទាំងនេះមួយចំនួនអាចរស់នៅក្នុងព្រៃបាន»។ លោកស្រី បានបន្ថែម។​

បន្ទាប់ពីការដោះលែងក្រពើទៅក្នុងទន្លេស្រែអំបិល សមាជិកជើងចាស់នៃគម្រោងអភិរក្សសត្វក្រពើនៅកម្ពុជា លោក Hor Leng​ នៅខាងឆ្វេង និង លោក Sam Han នៅខាងស្ដាំ ធ្វើការឃ្លាំមើលក្រពើសៀមនាពេលយប់។ រូបថតដោយ៖ Anton L. Delgado

ក្រពើមានសំណាង

គម្រោង​អភិរក្ស​សត្វ​ក្រពើ​នៅកម្ពុជា​គ្រោង​នឹង​ដោះលែង​សត្វ​ក្រពើ​មួយ​ចំនួន ដែល​ផ្តល់​ដោយ​កសិដ្ឋាន​នៅ​សៀមរាប​ទៅ​ក្នុង​ទន្លេស្រែអំបិល សម្រាប់ក្រពើដែលប្រមូលថ្មីៗនឹងដោះលែងជាបន្តបន្ទាប់។

លោក Pablo Sinovas ចាប់មាត់របស់ក្រពើប្រវែង ១.៨ ម៉ែត្រ និងទម្ងន់ ២៥ គីឡូក្រាមដោយដៃឆ្វេងរបស់គាត់។

គាត់ឈរក្នុងទឹក ដោយជើងរបស់គាត់ជាន់លើដីស្លែបាតទន្លេ ដែលជាទីតាំងសមស្របមួយក្នុងការដោះលែងក្រពើ។ បន្ទាប់​មក​គាត់​បោះ​ក្រពើនោះទៅ​ក្នុង​ទន្លេ​ដែល​ហូរ​កាត់ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ ភាគ​ខាង​ត្បូង​ក្នុង​ប្រទេស​កម្ពុជា។ សម្រែក​របស់​សត្វ​ក្រពើត្រូវបានបន្លឺឡើងភ្លាម​រហូត​ទាល់តែវាធ្លាក់​ចូល​ទឹក។

នេះជាការ ការដោះលែងសត្វក្រពើក្នុងចំនួនធំបំផុតដែលអង្គការសត្វព្រៃ និងរុក្ខជាតិ អន្តរជាតិ (FFI) ធ្វើនៅក្នុងប្រទេសកម្ពុជា កាលពីខែមីនា ឆ្នាំ ២០២២។ ការដោះលែងនេះមាន​គោលបំណង​ពង្រឹង​ចំនួន​សត្វ​ព្រៃ​នៅម្តុំ​ជួរភ្នំក្រវាញ ​ជាមួយនឹង​ក្រពើភ្នំពូជ​សុទ្ធ ២៥ ក្បាល ដែល​ទាំងអស់​នេះត្រូវបាន​បរិច្ចាគ​ពី​កសិដ្ឋាន​។

លោក Sinovas និយាយថា «ការយកក្រពើចេញពីកសិដ្ឋាន ចូលទៅក្នុងព្រៃ នេះហើយជាសំណាង»៕

បកប្រែដោយ អ៊ុន វឌ្ឍនា

អត្ថបទនេះត្រូវបានសរសេរក្រោមការសហការជាមួយ The Third Pole។​



Read more articles