LINES OF THOUGHT ACROSS SOUTHEAST ASIA
អត្ថបទរាយការណ៏លម្អិត

ប្រឈមជាមួយនឹងការអភិវឌ្ឍ ហ្វូងដំរីចុងក្រោយរបស់វៀតណាមខិតទៅរកភាពគ្រោះថ្នាក់

សម្រាប់ហ្វូងសត្វដំរីព្រៃ ក្នុងប្រទេសវៀតណាម ភាពតានតឹងជាមួយកសិករ កំពុងបន្តធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង នូវការគំរាមកំហែងដែលកំពុងតែមានស្រាប់ ដែលជាស្ថានភាពនៅទូទាំងអាស៊ីអាគ្នេយ៍

July 18, 2023
ប្រឈមជាមួយនឹងការអភិវឌ្ឍ ហ្វូងដំរីចុងក្រោយរបស់វៀតណាមខិតទៅរកភាពគ្រោះថ្នាក់
ដំរីអាស៊ីមួយក្បាលកំពុងស៊ីស្លឹកឈើនៅក្នុងឧទ្យានជាតិ Yok Don ។ ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe និង China Dialogue

​ស្នាម​ជើង​សត្វដ៏​ធំ​ៗបានបន្សល់លើ​បេតុង​ដែល​ប្រេះ​បែក​នៅតាមផ្លូវចូលទៅ​ស្ថានីយ​អនុរក្សព្រៃឈើ ​ដែល​រង​ការ​ខូច​ខាត​មួយកន្លែង ក្នុង​ឧទ្យានជាតិពូម៉ាត (Pu Mat) នាប្រទេស​វៀតណាម។​ បុគ្គលិកឧទ្យាននិយាយថា ដំរីអាស៊ី [ជាដំរីព្រៃ] ដែលបានបន្សល់ទុកដានជើងនេះ មានភាពរួសរាយរាក់ទាក់ គឺដោយសារតែវាមានជីវិតឯកោ។

ដោយសារតែការបែកចេញពីហ្វូងដំរីព្រៃដែលនៅសេសសល់ក្នុងប្រទេស ហើយទោះបីជាចង់ឬមិនចង់ យក្សទោលមួយនេះ ត្រូវតែបង្ខំចិត្តធ្វើការប្រាស្រ័យទាក់ទងជាមួយមនុស្សនៅស្នាក់ការរបស់ឧទ្យានុរក្ស។ ឧទ្យាននុរក្សបាននិយាយថា ដំរីញីអាយុ ២៩ ឆ្នាំនេះ បានរស់នៅម្នាក់ឯង ចាប់តាំងពីមេរបស់វា បានស្លាប់ចោលជាងមួយទសវត្សរ៍មុន។ វត្តមានរបស់ដំរីនេះ គឺមិនពិបាករកនោះទេ ដោយមានតាំងពី ដានជើងធំៗបន្សល់ជារណ្តៅដីរបងដែលកោងដោយសារវាធ្លាប់រុញលេង និងផ្លាកសញ្ញានានាដែលបាក់បែកដោយសាររបស់ប្រមោយរបស់វា។

លោក Nguyen Cong Thanh ឧទ្យាននុរក្សនៅ​ឧទ្យានជាតិពូម៉ាត (Pu Mat) ក្នុងខេត្តង៉ឺ អាន (Nghe An) ភាគពាយ័ព្យនៃប្រទេសវៀតណាម បានចង្អុលទៅកាន់ស្នាមបាក់បែកទាំងនោះ ដោយបាននិយាយថា៖ «ជាធម្មតាដំរីមួយក្បាលហ្នឹង មកលេងនៅកន្លែងនេះ»។ គាត់បានបន្ថែមថា ហ្វូងដំរីព្រៃមានចំនួនប្រហែលជា ១៥ ក្បាល ដែលកំពុងរស់នៅផ្តុំគ្នាក្នុងព្រៃជ្រៅៗនៃឧទ្យាននេះ គឺមិនសូវមានភាពរួសរាយរាក់ទាក់បែបនេះទេ។

លោក Nguyen Cong Thanh ជា​ឧទ្យាននុរក្ស​នៅ​ឧទ្យានជាតិពូម៉ាត កាន់​ផ្លាក​សញ្ញា​ដែលត្រូវបានទាញធ្លាក់មកដី ដោយដំរីនេះ។ ​ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe និង China Dialogue

ដំរីព្រៃប្រហែល ១០០​ ក្បាល ត្រូវបានប៉ាន់ប្រមាណថា អាចកំពុងរស់រានមានជីវិតនៅក្នុងប្រទេសវៀតណាម និងបែងចែកជា ២២ ហ្វូងនៅទូទាំងប្រទេស។ ដំរីទាំងនេះជាហ្វូងដែលនៅសេសសល់ចុងក្រោយ នៃអម្បូរសត្វដំរីអាសុីប្រមាណ ១០០ ​០០០ ក្បាលកាលពីមុន ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការគំរាមកំហែងជាច្រើន រួមមានទាំងការយាយីពីមនុស្ស ដែលធ្វើឱ្យការបាត់បង់ទីជម្រកកាន់តែច្រើនទៅៗ។

ត្រឹមតំរូវការអាហារតែមួយពេល សត្វដំរីព្រៃមួយហ្វូង អាចបំផ្លាញជីវភាពកសិករបាន ដោយការសុីដើមឈើហូបផ្លែ ពោត ស្រូវ និងកសិផលផ្សេងៗទៀត។ ហើយនៅពេលដែលហ្វូងសត្វដំរីព្រៃដែលនៅសេសសល់ក្នុងប្រទេសវៀតណាម មានប្រាស្រ័យទាក់ទងជាមួយមនុស្ស លទ្ធផលគឺច្រើនតែមិនល្អ ហើយពេលខ្លះក៏បង្កមហន្តរាយដល់អាយុជីវិតសត្វ។

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ នៅក្នុងឧទ្យានជាតិពូម៉ាត មានដំរីពីរក្បាលត្រូវបានគេសង្ស័យថា ស្លាប់ដោយសារការដាក់ថ្នាំពុល។ នេះ​បើ​តាម​អ្នក​អភិរក្ស​ម្នាក់​ក្នុង​ប្រទេស​វៀតណាម ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ  ​ដោយ​ខ្លាច​មាន​ការ​ប៉ះពាល់ជាមួយជាមួយ​រដ្ឋាភិបាល។

ដោយសារតែចំនួនសត្វដំរីរបស់វៀតណាម កំពុងតែតិចស្រាប់ផង ហេតុការណ៍នីមួយៗនៃជម្លោះ បានបន្តគំរាមកំហែងដល់ការរស់រាននៃសត្វប្រភេទនេះ នៅក្នុងប្រទេសវៀតណាម។ 

ដំរីអាស៊ីមួយក្បាលងូតទឹកនៅក្នុងឧទ្យានជាតិយ៉ុកដូន នៅប្រទេសវៀតណាមក្នុងខែឧសភា ឆ្នាំ ២០២៣ នៅពេលដែលរលកកំដៅដ៏ខ្លាំង បានវាយប្រហារប្រទេសវៀតណាម។​ ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe និង China Dialogue

ដំរីនៅវៀតណាមស្ថិតក្រោមសភាពគ្រោះថ្នាក់

សត្វដំរីអាស៊ីត្រូវបានចុះបញ្ជីថា ជាសត្វជិតផុតពូជនៅក្នុងសៀវភៅសត្វក្រហមនៅប្រទេសវៀតណាម ក្រោមប្រភេទសត្វកម្រ កំពុងរងគ្រោះថ្នាក់ និងជិតផុតពូជ ខណៈដែលបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ ឬ IUCN បានចាត់ពួកវាថា ជាប្រភេទដែលជិតផុតពូជនៅកម្រិតពិភពលោក។

អ្នកទេសចរម្នាក់បានគូររូបដំរីអាស៊ីដែលត្រូវបានជួយសង្គ្រោះ ក្នុងអំឡុងពេលដំណើរកម្សាន្តដែលរៀបចំដោយអង្គការអេនីម៉លអេស៊ា (Animals Asia) នៅក្នុងឧទ្យានជាតិយ៉ុកដូន ដែលត្រូវបានគេប៉ាន់ស្មានថា ជាជម្រករបស់ដំរីព្រៃពី ២៨ ទៅ ៦០ ក្បាល។​ ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe និង China Dialogue

ចំនួនសត្វដំរីព្រៃរបស់វៀតណាមបានធ្លាក់ចុះយ៉ាងខ្លាំង អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ព្រៃឈើដ៏ធំសម្បើមត្រូវបានបំផ្លាញក្នុងអំឡុងសង្គ្រាមវៀតណាមរយៈពេល ២០ឆ្នាំ ហើយជម្រករបស់សត្វ បានបន្តធ្លាក់ចុះ ខណៈដែលប្រទេសនេះបានអភិវឌ្ឍ។

យោងតាមរដ្ឋបាលព្រៃឈើវៀតណាម បានឱ្យដឹងថា ការប្រមាញ់ភ្លុកដំរី ពាណិជ្ជកម្មស្បែកដំរី សកម្មភាពចាប់ដំរីពីព្រៃសម្រាប់ប្រើប្រាស់ក្នុងការកាប់ឈើ និងក្នុងវិស័យទេសចរណ៍ បានធ្វើអោយចំនួនសត្វដំរីព្រៃរបស់វៀតណាមបានធ្លាក់ចុះពីប្រមាណ ២០០០ក្បាល ក្នុងឆ្នាំ ១៩៨០ មកនៅចន្លោះពី ៩១ ទៅ ១២៩ នៅឆ្នាំ ២០២២។

លោកស្រី Ly បាននិយាយថា៖ «ក្នុងចំណោមប្រទេសអាស៊ីទាំង ១៣ [ដែលមានចំនួនសត្វដំរីព្រៃ] វៀតណាមគឺជាប្រទេសដែលមានដំរីព្រៃតិចតួចបំផុតដែលនៅសល់។ យើងត្រូវតែធ្វើការផ្លាស់ប្តូរដើម្បីជួយដល់សត្វដំរី»។

ហ្វូងសត្វដំំរីព្រៃប៉ុន្មានក្បាលនេះ កំពុងតែរស់នៅតំបន់មួយចំនួនក្នុងប្រទេសវៀតណាម ដែលនៅក្បែរព្រំដែនប្រទេសវៀតណាមជាមួយ កម្ពុជា និងឡាវ។ ក្នុងចំណោមតំបន់ទាំងនោះ មានឧទ្យានចំនួនបីដែលមានហ្វូងសត្វដំរីរស់នៅច្រើនជាងគេ គឺឧទ្យានជាតិ កាត់តៀន​(Cat Tien) ពូម៉ាត​​​ (Pu Mat) និងយ៉ុកដូន (Yok Don)។ ឧទ្យានជាតិកាតតៀន និងពូម៉ាត គឺជាជម្រកសត្វដំរីតិចជាង ២០ក្បាល ខណៈដែលចន្លោះពី ២៨ ទៅ ៦០ក្បាល ត្រូវបានគេប៉ាន់ស្មានថា រស់នៅក្នុងឧទ្យានជាតិយ៉ុកដូន។​ នេះបើយោងតាមទិន្នន័យពីរដ្ឋបាលព្រៃឈើវៀតណាម។

ដំរីព្រៃនៅសេសសល់របស់ប្រទេសនេះ គឺនៅរាយប៉ាយពាសពេញខេត្តចំនួនប្រាំបួន ដោយក្នុងនោះខេត្តចំនួន ៤ រាប់មានត្រឹមតែដំរីព្រៃតែមួយក្បាលប៉ុណ្ណោះ។

ផែនការថ្នាក់ជាតិដើម្បីសង្គ្រោះដំរី

បច្ចុប្បន្នប្រទេសវៀតណាមកំពុងរៀបចំផែនការសកម្មភាពជាតិស្តីពីការអភិរក្សដំរី ដើម្បីការពារហ្វូងដំរីព្រៃ ដែលនៅសេសសល់ក្នុងប្រទេសរបស់ខ្លួន។ កម្មវិធីនេះនឹងចាប់ដំណើរការពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០៣២ ហើយនឹងកំណត់ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

អ្នកស្រី Mai Nguyen នាយកគ្រប់គ្រងកម្មវិធីសត្វព្រៃនៃអង្គការមនុស្សធម៌អន្តរជាតិ ឬ Humane Society International (HSI) ដែលធ្វើការទាក់ទងទៅនឹងសុខុមាលភាលសត្វ និងការអភិរក្ស បាននិយាយថា ក្រុមនេះកំពុងលើកទឹកចិត្តអាជ្ញាធរឱ្យស្វែងរក «អន្តរាគមន៍ដ៏សមស្រប» ដើម្បីកាត់បន្ថយជម្លោះរវាងសត្វដំរី និងសហគមន៍ក្នុងតំបន់។

អ្នកស្រី Nguyen បាននិយាយថា អង្គការរបស់អ្នកស្រីកំពុងដឹកនាំលើការសរសេរផែនការព្រាង ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការលើកទឹកចិត្តដល់អាជ្ញាធរក្នុងការស្វែងរក «អន្តរាគមន៍ដ៏សមស្រប» ដើម្បីកាត់បន្ថយជម្លោះរវាងសត្វដំរី និងសហគមន៍មូលដ្ឋាន។

អ្នកស្រីបានបន្ថែម៖ «ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ហើយ​វា​ត្រូវ​ការ​ពេល​វេលា។ យើងត្រូវតែជាសំឡេងដែលតំណាងឱ្យដំរី។ ជម្លោះ​គឺ​មាន​លក្ខណៈ​ខុសៗគ្នា និង​ស្មុគស្មាញ​ខ្លាំង​ណាស់»។ 

ប៉ុន្តែផែនការនេះប្រៀប​ដូច​ចំនួន​ដំរី​ព្រៃដែលនៅសេសសល់យ៉ាងអញ្ចឹង។ មានន័យថាពេលវេលា​កំពុង​តែជិត​អស់​ហើយ។

ការវាយបក និងការផ្សះផ្សា

កសិករ​ដែលរស់នៅជិត​សត្វ​ដំរី​​ ហាក់ដូចជាស៉ាំទៅសត្វដំរីដែលមកជិតដំណាំរបស់ពួកគាត់។ ខណៈ​ដែល​កសិករ​ជា​ច្រើន​នាំគ្នាគោះឆ្នាំង ចាំងភ្លើង​ពិល និង​ដុត​ផាវដើម្បីបង្អើលពួកវា ហើយ អ្នកខ្លះ​ក៏​បាន​ប្រើ​មធ្យោបាយ​ហិង្សា​ថែម​ទៀត។

អ្នកស្រុកនៅតំបន់កាតតៀន បានរៀបរាប់ប្រាប់អ្នកអភិរក្សអំពីហេតុការណ៍កាលពីប្រហែលជា ៤ ឬ ៥ ឆ្នាំមុនថា ពួកគេបានយកដបប្រេងសាំង ដែលមានចន្លុះភ្លើងនៅនឹងមាត់ដប មកគប់ដំរីឈ្មោលមួយក្បាលក្នុងបំណងដុតវា ដើម្បីកុំឱ្យសត្វដំរីនោះមកក្បែរទៀត។ 

ដំរី​មួយ​ក្បាល​ឈោងប្រម៉ោយចាប់ទាញរុក្ខជាតិ​នៅ​ឧទ្យានជាតិយ៉ុកដូន ដែល​ជា​ជម្រក​របស់​ហ្វូង​ដំរី​ព្រៃ​ធំ​ជាង​គេ ​របស់​ប្រទេស​វៀតណាម។ ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe និង China Dialogue

ក្រុមអ្នកអភិរក្សបានសង្ឃឹមថា «របងការពារជីវសាស្រ្ត» ដូចជាប្រអប់ចិញ្ចឹមឃ្មុំ និងដើមម្ទេស អាចត្រូវបានគេប្រើប្រាស់ ដើម្បីបញ្ឈប់សត្វដំរីពីការស៊ីដំណាំ ប៉ុន្តែវិធីទាំងនេះ ហាក់មិនមានប្រសិទ្ធភាពទេ។

ដំណោះស្រាយដ៏មានសក្តានុពលមួយទៀត ដែលអ្នកខ្លះកំពុងជំរុញឱ្យបញ្ចូលទៅក្នុងផែនការអភិរក្ស គឺជាកម្មវិធីផ្ដល់សំណងទូទាំងប្រទេស សម្រាប់ទ្រព្យសម្បត្តិដែលត្រូវបានបំផ្លាញដោយដំរី។ ទោះបីជាមានកម្មវិធីផ្ដល់សំណងដែលមានស្រាប់មួយចំនួននៅតាមថ្នាក់មូលដ្ឋានក៏ដោយ ក៏យន្តការនៅទូទាំងប្រទេសនៅមិនទាន់មានដែរ។

លោក Thong Pham នាយក​គ្រប់​គ្រង​ការ​ស្រាវ​ជ្រាវ​នៅ​អង្គការសង្គ្រោះសត្វព្រៃវៀតណាម (Save Vietnam's Wildlife) បាន​និយាយ​ថា៖ «យើងសង្ឃឹមថា សំណងមួយចំនួនសម្រាប់ប្រជាជនក្នុងតំបន់ អាចដោះស្រាយជម្លោះ ហើយក៏សង្ឃឹមថាយើងអាចការពារសត្វដំរីបាន»។ 

លោក Phuoc ជា​អ្នកលក់​ផ្លែ​ឈើ ​កំពុង​លេង​ជាមួយ​កូន​ប្រុស​អាយុ​ ៣ ​ឆ្នាំ ​នៅ​កន្លែង​បាញ់​ទឹករូប​ដំរី​នៅ​រង្វង់មូលបួនដូន (Buon Don) ខេត្តដាក់ឡាក់ (Dak Lak)។ ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe និង China Dialogue

ការ​ស្វែង​រក​យុទ្ធសាស្ត្រ​ដ៏​ត្រឹម​ត្រូវ​ដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិចគ្នាបែប​នេះ ​គឺ​ជា​ការងារ​ដែលកំពុង​ដំណើរការ។

នៅចុងខែឧសភា ឆ្នាំ២០២៣ លោកស្រី Ly បានដឹកនាំវគ្គបណ្តុះបណ្តាលស្តីពីការបន្ធូរបន្ថយជម្លោះមនុស្ស និងសត្វដំរី ដោយមានការចូលរួមពីអ្នកស្រាវជ្រាវ មន្ត្រីរដ្ឋាភិបាល និងសមាជិកក្រុមប្រតិកម្មរហ័សរបស់សហគមន៍ ដែលមានធ្វើឡើងនៅមិនឆ្ងាយពីឧទ្យានជាតិ ពូម៉ាត់ ប៉ុន្មានទេ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយអង្គភាពមិនរកប្រាក់ចំណេញគឺ អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ឬ Fauna & Flora International (FFI) ដែលផ្តល់ការគាំទ្រ ដល់ក្រុមឆ្លើយតបរហ័សរបស់សហគមន៍។

លោកស្រី Cao Thi Ly សាស្ត្រាចារ្យចូលនិវត្តន៍មកពីសាកលវិទ្យាល័យតៃវៀន (Tay Nguyen) នៅខេត្តដាក់ឡាក់ និងជាអ្នកនិពន្ធសៀវភៅស្តីពីជម្លោះមនុស្ស និងដំរីនៅប្រទេសវៀតណាម ដឹកនាំវគ្គបណ្តុះបណ្តាលលើប្រធានបទនេះ ជាមួយអ្នកអភិរក្ស ឧទ្យាននុរក្ស និងអ្នកស្រាវជ្រាវ។ លោក Dang Dinh Lam សមាជិកនៃក្រុមឆ្លើយតបរហ័សរបស់សហគមន៍ នៅឧទ្យានជាតិពូម៉ាត ក៏មកអង្គុយស្តាប់នៅក្បែរលោកស្រីដែរ។ ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe និង China Dialogue

លោក Dang Dinh Lam បាន​និយាយ​ថា ចម្ការ​កៅស៊ូ និង​ចំការព្រៃដុត​ នៅ​ក្បែរ​ឧទ្យានជាតិ​ពូម៉ាត  បាន​ធ្វើអោយ​ជម្រក​សត្វ​ដំរីរួម​តូច ដូច្នេះហើយ​លទ្ធភាព​ទទួល​បាន​អាហារ​នៅជុំវិញតំបន់នោះរបស់​ដំរី ក៏ថយចុះទៅតាមហ្នឹងដែរ។

លោកបាននិយាយថា៖ «ជម្លោះមានពីរភាគី។ ដំរី​ខ្វះ​ទីជម្រក ហើយ​ដោយ​សារ​វាតែ​បំផ្លាញ​ដំណាំ និង​ទ្រព្យសម្បត្តិ ម្ល៉ោះហើយមនុស្ស​មិន​ចូល​ចិត្ត​វា​ទេ។ ខ្ញុំ​សង្ឃឹម​ថារដ្ឋាភិបាល និង​ប្រជាជន​នឹង​មាន​ការ​ទទួល​ខុស​ត្រូវ​បន្ថែម​ទៀត​ ក្នុង​ការ​ការពារ​សត្វ​ដំរី»។

វិស្វករព្រៃឈើ

នាម្ខាងទៀតនៃប្រទេស រឿងស្រដៀងគ្នានេះកើតមាននៅក្នុង និងជុំវិញឧទ្យានជាតិយ៉ុកដូន ដែលមានទំហំប្រមាណ ១១៥​ ០០០ហិចតា នៅភាគខាងត្បូងប្រទេសវៀតណាម។

ខណះពេលកំពុង​បើក​រ៉ឺម៉កដែលដើរដោយថាមពលអគ្គីសនី​ក្នុង​ឧទ្យានជាតិយ៉ុកដូន ដែលមានផ្ទៃដីប្រមាណ ១១៥ ០០០ ហិចតា​ ក្នុង​តំបន់ខ្ពង់រាបកណ្ដាលដ៏​ស្រស់​ស្អាត​របស់​ប្រទេស​វៀតណាម លោក Quynh Pham ​បាន​និយាយ​ថា៖ «កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​អាច​មើល​ឃើញ​សត្វ​ដំរី​គ្រប់​ទីកន្លែង»។

​គិត​ត្រឹម​ឆ្នាំ​មុន តំបន់​នេះ​ក៏​ជា​ជម្រក​របស់​ដំរី​ស្រុក ឬដំរីដែលគេចាប់មកចិញ្ចឹម​ចំនួន ៣៧ ក្បាល​បន្ថែម​ទៀត​។ លោក Pham គឺជាអ្នកគ្រប់គ្រងទេសចរណ៍អហិង្សាលើដំរីម្នាក់នៅអេនីម៉ល អេស៊ា (Animals Asia) ដែលជាអង្គការមិនរកប្រាក់កម្រៃ ដែលធ្វើការនៅក្នុងប្រទេសវៀតណាម និងប្រទេសចិន ដើម្បីកែលម្អសុខុមាលភាពរបស់សត្វព្រៃ ដែលគេយកមកថែទាំ។ គាត់​មើល​ថែ​ដំរី​ ១០​ ក្បាល ​នៅ​ក្នុង​ឧទ្យាន​ដែល​ពីមុនធ្លាប់ត្រូវគេប្រើប្រាស់សម្រាប់ជិះកម្សាន្ត។

 អ្នកថែរក្សាសត្វដំរី ដែលគេស្គាល់ថាជាហ្មដំរី លោក Y Tim ចំណាយពេលជាច្រើនម៉ោងក្នុងមួយថ្ងៃៗដើរក្នុងឧទ្យានជាតិយ៉ុកដូន ជាមួយនឹងសត្វដំរីអាស៊ីដែលត្រូវបានជួយសង្គ្រោះដោយអង្គការអេនីម៉ល អេស៊ា។ ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe និង China Dialogue

ប៉ុន្តែនៅពេលដែលឧទ្យាននេះកាន់តែក្លាយទៅជាគំរូទេសចរណ៍ដំរីប្រកបដោយអហិង្សា ពេលនេះសត្វដំរីអាចដើរលេងដោយសេរីនៅក្នុងឧទ្យាននៅពេលថ្ងៃ ដោយមានហ្មដំរី ធ្វើដំណើរជាមួយពួកវាដើម្បីធានាសុវត្ថិភាព។ នាពេលយប់ ពួកវាត្រូវបានគេចងទុកជាមួយច្រវ៉ាក់វែងនៅក្នុងឧទ្យាន។ ភ្ញៀវទេសចរអាចមើលសត្វស៊ីស្មៅ ងូតទឹក និងរនាលភក់ពីចម្ងាយដោយសុវត្ថិភាព។

ខណៈពេលដែលនៅឆ្ងាយពីយុវជនរាប់រយនាក់ ដឹកនាំដោយ​លោក Pham ដំរីចំនួន ១០ ក្បាល ដែលចូលនិវត្តន៍

 [ពីការជិះកំសាន្តរបស់ភ្ញៀវទេសចរ] ឥឡូវនេះអាចដើរតួនាទីធម្មជាតិដ៏សំខាន់របស់ពួកគេ នៅក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃឈើ។

ដំរីញីពីរក្បាលបានស៊ីឬស្សី ហើយឈ្មុលតាមព្រៃក្រាស់ៗ ដែលជាផ្លូវមួយនៅឆ្ងាយពីកន្លែងជិះដំរី កាលពីមុន។ ដំរីព្រៃអាស៊ីធ្វើសកម្មភាពនេះរយៈពេល ១៨ ម៉ោងក្នុងមួយថ្ងៃ ដោយធ្វើឱ្យផ្លែផ្ការុក្ខជាតិរាយប៉ាយ ហើយកន្លែងដែលដំរីធ្លាប់បានដើរនេះ បានបង្កើតចេញផ្លូវព្រៃថ្មីសម្រាប់ប្រភេទសត្វតូចៗ។

ព្រៃឈើនៅទូទាំងអាស៊ីកាន់តែមានសភាពយ៉ាប់យ៉ឺន ដោយសារតែការបាត់បង់ «វិស្វករប្រព័ន្ធអេកូឡូស៊ី» ទាំងនេះ ប៉ុន្តែគំរូថែទាំដំរីបែបកូនកាត់នៅយ៉ុកដូន រវាងសត្វដំរីព្រៃ និងសត្វដំរីស្រុក ដែលត្រូវបានសង្គ្រោះ អាចនឹងបំពេញនូវតម្រូវការពិសេសនេះបាន។

ដំរីអាស៊ីមួយក្បាលត្រូវបានជួយសង្គ្រោះដោយអង្គការអេនីម៉ល អេស៊ា ត្រូវបានចិញ្ចឹមនៅក្នុងឧទ្យានជាតិយ៉ុកដូន ប្រទេសវៀតណាម។ ដំរីអាចស៊ីបន្លែផ្លែឈើរហូតដល់ ១៥០ គីឡូក្រាម ក្នុងមួយថ្ងៃ។ ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe និង China Dialogue

លោកស្រី Ly ដែលជាសាស្ត្រាចារ្យចូលនិវត្តន៍បាននិយាយថា ដើម្បីឲ្យសត្វដំរីរក្សាតួនាទីជាវិស្វករក្នុងប្រព័ន្ធអេកូឡូស៊ី នៅក្នុងព្រៃវៀតណាម រដ្ឋាភិបាលរបស់ប្រទេសនេះត្រូវតែខិតខំស្តារ និងតភ្ជាប់ជម្រករបស់ពួកគេឡើងវិញ។ ខណៈពេលដែលខ្លួនធ្លាប់តែអាចដើរក្នុងព្រៃបានយ៉ាងសេរី ដោយឆ្លងពីមួយកន្លែង ទៅមួយកន្លែងទៀត នៅក្នុងប្រទេសវៀតណាម ការកាប់បំផ្លាញព្រៃឈើ ឬកត្តាមនុស្ស បានបង្អាក់នូវដំណើរធម្មជាតិរបស់សត្វដំរី។ ហេតុដូច្នេះវា​ស្ទើរតែ​មិនអាច​ទៅរួចនោះ​ទេ​ ​សម្រាប់​ហ្វូង​សត្វ​ផ្សេងៗ​ក្នុងការ​ទំនាក់ទំនងគ្នា និង​បង្កាត់​ពូជនាសព្វថ្ងៃនេះ។

លោកស្រី Ly បាន​បន្ត​ថា ជា​ទូទៅ​ការ​បាត់​បង់​ទី​ជម្រក​បាន​ធ្វើ​ឲ្យ​ជម្លោះ​ជាមួយ​មនុស្ស​ប្រែក្លាយជា​ «ទម្លាប់»។

លោកស្រី Ly បាននិយាយថា៖ «ដោយសារតែជម្លោះរវាងមនុស្ស និងសត្វដំរី ជុំវិញធនធានធម្មជាតិរួម ដែលនៅសេសសល់តិចតួច លទ្ធផលមិនល្អកើតឡើង។ ការប្រឈមមុខដាក់គ្នារវាងមនុស្ស និងសត្វដំរី កាន់តែខ្លាំងក្លាឡើង»។

ស្ថានភាពស្រដៀងគ្នារាលដាលដល់ប្រទេសជិតខាង

ការ​ធ្លាក់​ចុះ​នៃ​សត្វ​ដំរី​នៅ​ប្រទេស​វៀតណាម​​ បាន​ឆ្លុះ​បញ្ចាំងអំពី​ប្រទេស​ជិត​ខាង។
ចំនួនសត្វដំរីព្រៃអាស៊ីទាំងប្រទេសឡាវ និងកម្ពុជា ត្រូវបានប៉ាន់ប្រមាណថា មានចំនួនតិចជាងមួយពាន់ក្បាល។ នៅក្នុងប្រទេសចិន ដំរីព្រៃប្រហែល ៣០០ ក្បាល ត្រូវបានគេជឿថានៅរស់រានមានជីវិត ដែលកាលពីមុនធ្លាប់តែមានចំនួនច្រើន  ឥឡូវនេះមាននៅតែក្នុងទឹកដីនៃខេត្តយូណាន នាភាគនិរតីប៉ុណ្ណោះ។

ដំរីអាស៊ីអាយុប្រហែល ៤០ ឆ្នាំ ត្រូវបានជួយសង្គ្រោះដោយអង្គការអេនីម៉ល អេស៊ា  (Animals Asia) កំពុងដើរកាត់ឧទ្យានជាតិយ៉ុកដូន ប្រទេសវៀតណាម។ ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe និង China Dialogue

បញ្ហា​ធនធានធម្មជាតិ ​គឺជា​កង្វល់​ដ៏​ធំ​សម្រាប់​ហ្វូង​សត្វព្រៃ​ដែល​នៅ​សេសសល់​របស់​ចិន។ នៅឆ្នាំ ២០២១ ដំរីចំនួន ១៤ ក្បាល ដែលជាធម្មតារស់នៅក្នុងតំបន់អភិរក្សធម្មជាតិក្នុងតំបន់ស្វ័យតតហ្ស៉ីហ្សួងបានណា (Xishuangbanna) នៃខេត្តយូណាន បានចាប់ផ្តើមផ្លាស់ទីទៅភាគខាងជើង។ ក្នុងដំណើរអស់ជាច្រើនខែ ដំរីបានបំផ្លាញទ្រព្យសម្បត្តិ ដែលក្លាយជាបញ្ហាប្រឈមសម្រាប់អាជ្ញាធរ ក្នុងការស្វែងរកតុល្យភាពរវាងការអភិរក្សសត្វដំរី និងការការពារលំនៅដ្ឋាន ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

យោងតាមអាជ្ញាធរក្នុងតំបន់ មនុស្សចំនួន ១៥០ ០០០នាក់ ត្រូវបានជម្លៀសចេញពីផ្លូវដំរី ដើម្បីបញ្ចៀសឧប្បត្តិហេតុដែលអាចមានគ្រោះថ្នាក់ ហើយរដ្ឋាភិបាលបានបង់សំណងការខូចខាតទ្រព្យសម្បត្តិសរុប ៧៧០ ០០០ដុល្លារ។

វិធានការបែបនេះ ទោះជាអនុវត្តយ៉ាងទូលំទូលាយក៏ដោយ ក៏នៅតែមិនអាចដោះស្រាយបញ្ហាទាក់ទងនឹងការប្រើប្រាស់ដីនាពេលបច្ចុប្បន្ន ដែលគំរាមកំហែងដល់សត្វដំរីបានទេ។ យ៉ាងណាក្តី វាក៏មិនច្បាស់ដែរថា តើផែនការអភិរក្សដំរី ដែលមិនទាន់សម្រេចរបស់វៀតណាមនឹងមានឥទ្ធិពលយ៉ាងណាចំពោះស្ថានភាពដូចជានៅក្នុងខេត្តយូណាន ឬមួយក៏វាអាចដោះស្រាយបាន ប្រសិនបើមានការផ្តល់សំណងដល់ម្ចាស់ទ្រព្យដែលទទួលរងផលប៉ះពាល់ពីសត្វដំរី។

ត្រឹមតែប៉ុន្មានជំហានពីកន្លែងដែលដំរីញីមួយក្បាល របស់ឧទ្យានពូម៉ាត  បង្ហាញខ្លួនជាញឹកញាប់ លោកស្រី Cao Thi Ly គូសបញ្ជាក់អំពីសារៈសំខាន់នៃការការពារទីជម្រក ប្រសិនបើមានឱកាសណាមួយ ក្នុងការជួយសង្គ្រោះដំរីចុងក្រោយរបស់វៀតណាម។

លោក​ស្រី​បាន​បន្ត​ថា៖​ «​វៀត​ណាម​ជា​ប្រទេស​ទន់​ខ្សោយ​បំផុត​ក្នុង​ការ​អភិរក្ស​សត្វ​ដំរី។ យើង​មាន​ឱកាស​ក្នុង​ការ​ជួយ​សត្វ​ដំរី​ ដើម្បី​បន្ត​បង្កើន​ចំនួន​របស់​វា​នៅ​ពេល​អនាគត ប៉ុន្តែ​យើង​ត្រូវតែ​ការ​កសាង​ព្រៃ​ឡើង​វិញ» [ជាមុនសិន]។



អត្ថបទនេះត្រូវបានផលិតឡើងដោយសហការជាមួយ China Dialogue និង The Third Pole

រាយការណ៍បន្ថែមដោយ​ Nguyen Hao Thanh Thao។​



Read more articles