បកប្រែដោយ៖ ឡាយ សុផាន់ណា
លោក គ្រី ម៉ះផល បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំអន្តរជាតិ ស្តីពីការហាមឃាត់ការជួញដូរប្រភេទសត្វជិតផុតពូជ។ ការធ្វើដំណើរទៅចូលរួមការប្រជុំនេះ ជាផ្នែកមួយនៃតួនាទីរបស់លោក ក្នុងនាមជាប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទរបស់កម្ពុជា។
ប៉ុន្តែ «ហេតុការណ៍ស្មានមិនដល់» ដែលក្រុមអ្នកអភិរក្សបានហៅ គឺថាលោក ម៉ះផល ត្រូវបានគេឃាត់ខ្លួននៅទីក្រុងញូវយ៉ក ជុំវិញការរត់ពន្ធសត្វស្វាព្រៃជិតផុតពូជចូលទៅសហរដ្ឋអាមេរិក។
បើយោងតាមនាយកដ្ឋានយុត្តិធម៌សហរដ្ឋអាមេរិកបានឱ្យដឹងថា គាត់គឺជាបុគ្គម្នាក់ក្នុងចំណោម ៨ នាក់ផ្សេងទៀតដែលរងការចោទប្រកាន់ថាជា «ក្រុមអ្នករត់ពន្ធវានរសត្វអន្តរជាតិ» ដែលរួមមានប្រធាននាយកដ្ឋាននៃរដ្ឋបាលព្រៃឈើកម្ពុជា ព្រមទាំងម្ចាស់ក្រុមហ៊ុន នាយកគ្រប់គ្រងទូទៅ និងបុគ្គលិក៤ នាក់ផ្សេងទៀតមកពីក្រុមហ៊ុន Vanny Resource និង Bio Research (ឈ្មោះក្រុមហ៊ុនចម្បងនៅហុងកុង) ដែលជាកន្លែង ផ្គត់ផ្គង់សត្វស្វាបង្កាត់ពូជ។
បុគ្គលដែលត្រូវបានគេចោទថា ជា «ក្រុមអ្នករត់ពន្ធ» គឺជាផ្នែកមួយ នៃវិស័យពាណិជ្ជកម្មសត្វព្រៃអន្តរជាតិដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ជាករណីគេសង្ស័យថាមានការជួញដូរសត្វស្វាព្រៃ កើតឡើងក្នុងប្រទេសកម្ពុជា ក្រោមរូបភាពដោយស្របច្បាប់នៃ «ជំនួញសត្វស្វាចិញ្ចឹមទុកបង្កាត់ពូជ»។
ឯកសារតុលាការរបស់សហរដ្ឋអាមេរិកបានចោទប្រកាន់ថា ការសូកប៉ាន់មន្រ្តីក្រសួងឈានដល់រាប់ម៉ឺនដុល្លារ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ឯកសារតុលាការ ដដែលក៏បានកត់សម្គាល់ផងដែរនូវការបរិច្ចាគយ៉ាងច្រើនពីក្រុមហ៊ុន Vanny Bio Research (ឈ្មោះក្រុមហ៊ុននៅកម្ពុជា) ដល់គណបក្សកាន់អំណាចនៅកម្ពុជា តាមសំណើរបស់អគ្គនាយកដែលត្រូវបានចោទប្រកាន់នៅពេលនេះ។
ខណៈដែលរដ្ឋាភិបាលកម្ពុជានៅតែមិនបានបកស្រាយ ក្រុមអភិរក្សមានចំងល់ថា តើការចោទប្រកាន់នេះនឹងជំរុញឱ្យមានការផ្លាស់ប្តូរ ឬក៏យ៉ាងណានោះទេ។ សព្វថ្ងៃនេះ អ្នកស្រាវជ្រាវខាងវានរសត្វបានបង្ហាញនូវក្តីកង្វល់អំពី ប្រព័ន្ធអេកូឡូស៊ីដែលគ្មានសត្វស្វា អាចបង្កផលប៉ះពាល់មកលើព្រៃឈើនៅអាស៊ីអាគ្នេយ៍។
សត្វស្វាកន្ទុយវែង ឬស្វាក្ដាម (Long-tailed macaques) ត្រូវបានចាត់ទុកថាជា ប្រភេទសត្វស្វា ដែលត្រូវបានគេជួញដូរច្រើនជាងគេបំផុតនៅលើពិភពលោក ដោយសារតែមានតម្រូវការប្រើប្រាស់ នៅក្នុងការស្រាវជ្រាវមន្ទីរពិសោធន៍ បូករួមទាំងការបង្កើតវ៉ាក់សាំងកូវីដ-១៩។ កាលពីខែកក្កដា សត្វស្វានេះត្រូវបាន ប្ដូរចេញពីបញ្ជីសត្វ «ងាយរងគ្រោះ» ទៅជាសត្វ «ជិតផុតពូជ» នៅក្នុងបញ្ជីក្រហមនៃប្រភេទសត្វដែលត្រូវបានគំរាមកំហែង ដែលបានបញ្ចាក់ថា «ការយកស្វាទៅប្រើប្រាស់ក្នុងផ្នែកជីវសាស្រ្ត» ជាការគំរាមកំហែងចម្បងទៅលើសត្វនេះ។
«សកម្មភាពនៃការចាប់សត្វស្វាចេញពីព្រៃដោយខុសច្បាប់ ទៅដាក់ក្នុងបន្ទប់ពិសោធន៍ គឺជាបញ្ហាមួយដែលយើងត្រូវបញ្ឈប់» លោក ជូន អេនតូនីញ៉ូ ហ្គូនហ្សាលេស (Juan Antonion Gonzales) ជាមេធាវីសហរដ្ឋអាមេរិកបាននិយាយ។ «ភាពលោភលន់មិនគួរកើតមាន មុនការអភិរក្សប្រកបដោយទំនួលខុសត្រូវឡើយ»។ លោកបានបន្ថែម។
ការនាំចេញសត្វស្វាក្តាមរបស់កម្ពុជាទៅសហរដ្ឋអាមេរិកប្រព្រឹត្តទៅតាំងតែពីឆ្នាំ ២០០០ ហើយឧស្សាហកម្មនេះបានរីកចម្រើនតាំងពីពេលនោះមក។ មូលដ្ឋានទិន្នន័យពាណិជ្ជកម្ម ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិបានកត់ត្រាការនាំចេញសត្វស្វាដល់ទៅជាង ១០០,០០០ក្បាល ដែលត្រូវបានចុះបញ្ជីថាជាសត្វ «រស់» ឬជាសត្វប្រើសម្រាប់យក «គំរូ» (Sampling or Specimens) មកពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកក្នុងរយៈពេលពីរទសវត្សរ៍។
ទំនាក់ទំនងពាណិជ្ជកម្មកំពុងដំណើរការមួយនេះ ដែលបានចាប់ផ្តើមជាមួយនឹងការនាំចេញគំរូសត្វស្វាចំនួន ២០០ក្បាល ជាលើកដំបូងកាលពីឆ្នាំ ២០០០ ត្រូវបានគេកត់ចំណាំនាពេលជើងហោះហើរ Maleth Aero ដែលមានផ្ទុកនូវសត្វស្វាក្តាមចំនួន ៧០០ក្បាល ហោះចេញពីទីក្រុងភ្នំពេញសំដៅទៅ រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នៅក្នុងថ្ងៃតែមួយដែលការចោទប្រកាន់នេះ ត្រូវបានប្រកាសជាសាធារណៈ។
អ្នកស្រី សារ៉ា ខៃយ៍ (Sarah Kite) ជាសហស្ថាបនិកនៃអង្គការស្តីពីសិទ្ធិរបស់សត្វស្វា Action for Primate បាននិយាយថា៖ «ជាក់ស្តែង ពេលដែលមានមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធក្នុងរឿងនេះ ច្បាស់ណាស់ ថានឹងមានសំណួរជាច្រើនទៀតទៅនឹងបញ្ហាផ្សេងៗដែលអាចនឹងកើតមាននៅកន្លែងចិញ្ចឹមសត្វផ្សេងៗទៀត នៅកម្ពុជា»។ អ្នកស្រីបានបន្ថែមថា រឿងដ៏គួរឱ្យហួសចិត្ត និងជាបញ្ហាទាក់ទងនឹងសត្វស្វា គឺថាបុគ្គលម្នាក់ដែលគេគិតថាជួយការពារ និងអភិរក្សសត្វស្វា បែរជារងការចោទប្រកាន់ទៅលើទង្វើដែលផ្ទុយស្រឡះពីតួនាទីរបស់ខ្លួន ពោលគឺការរត់ពន្ធសត្វព្រៃលួចលាក់»។ អ្នកស្រីបានបន្ថែម។
ទាក់ទិននឹងបទចោទប្រកាន់
នាយកដ្ឋានយុត្តិធម៌របស់សហរដ្ឋអាមេរិកបានប្រកាសចេញនូវការឃាត់ខ្លួនទៅលើលោក ម៉ះផល នៅថ្ងៃទី ១៦ ខែវិច្ឆិកា ព្រមទាំងបទចោទប្រកាន់ទៅលើលោក កែវ អូម៉ាលីស ជា អគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។
បទចោទប្រកាន់ក៏បានចោទប្រកាន់ទៅលើសមាជិកចំនួន ៦ នាក់ទៀត មកពីកសិដ្ឋាន Vanny Resources និង BioResearch ក្នុងនោះរួមមានម្ចាស់កសិដ្ឋាន ចេមស៍ ម៉ានសាងឡោវ (James Man Sang Leu), អគ្គនាយកគ្រប់គ្រង ឌីកសិន ឡាវ (Dickson Lau), អគ្គនាយករង ស៊ុននី ឆាន់ (Sunny Chan), ប្រធានផ្នែកនាំចេញ រ៉ាហ្វាអ៊ែល ឆឹងម៉ាន់ (Raphael Cheung Man), មន្ត្រីផ្នែកហិរញ្ញវត្ថុ សារ៉ា យ៉ាង (Sarah Yeung) និង ហ៊ីង អ៉ីបឆឹង ជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនខាងលើនេះនៅប្រទេសកម្ពុជា។
ក្រុមហ៊ុន VannyBio Research ប្រចាំកម្ពុជាបានបដិសេធសំណើក្នុងការទស្សនាកន្លែងបង្កាត់ពូជ ដែលធ្វើឡើងនៅទីតាំងចំនួនពីរខាងលើនៅប្រទេសកម្ពុជា។ កន្លែងចិញ្ចឹមធំជាងគេដែលមានទំហំ៤០ហិចតា គឺមានទីតាំងមិនឆ្ងាយប៉ុន្មានទេ ពីអាគាររដ្ឋបាលព្រៃឈើខេត្ត។
លោក កែវ អូម៉ាលីស មិនបានឆ្លើយតបទៅនឹងសំណើរក្នុងការធ្វើអត្ថធិប្បាយឡើយ។ មានសំណើរស្រដៀងគ្នា ដែលធ្វើឡើងដោយ Southeast Asia Globe ស្តីពីការស៊ើបអង្កេតកន្លងមក ជុំវិញឥរិយាបថមិនច្បាស់លាស់របស់រដ្ឋាភិបាល ទាក់ទិនទៅនឹងរឿងសត្វស្វាចិញ្ចឹម ការអភិវឌ្ឍននៅព្រៃការពារ និងការផ្តួចផ្តើមដាំដើមឈើឡើងវិញ ក៏ត្រូវបានលោកច្រានចោលផងដែរ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានបង្ហាញនូវភាព «ភ្ញាក់ផ្អើល និងសោកស្ដាយ» ដែលបានទទួលដំណឹងអំពីការចាប់ខ្លួនលោក ម៉ះផល ហើយព្រមទាំងក្រុមអភិរក្ស ក៏គិតថាជា «រឿងហួសចិត្ត» ដែលគាត់ត្រូវបានឃាត់ខ្លួន ខណៈពេលលោកធ្វើដំណើរ ទៅកាន់កិច្ចប្រជុំដែលគាំទ្រដោយអង្គការសហប្រជាជាតិ អំពីការការពារប្រភេទសត្វជិតផុតពូជទៅវិញ។
ក្រសួងបញ្ជាក់ថា សត្វស្វា «មិនត្រូវបានចាប់ពីក្នុងព្រៃ និងធ្វើការរត់ពន្ធចេញនោះទេ» ហើយច្បាប់ និងបទប្បញ្ញត្តិត្រូវបានគោរព។ សេចក្តីថ្លែងការណ៍បានបញ្ចប់ដោយការសន្យារបស់ក្រសួង ថានឹង «ស្វែងរកយុត្តិធម៌សម្រាប់មន្ត្រីរបស់យើង» ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មិនបានឆ្លើយតបទៅនឹងសំណើរធ្វើការអធិប្បាយទេ។ ឯកឧត្តមបណ្ឌិត ណៅ ធួក ជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេស (CITES) ប្រចាំកម្ពុជា បានសរសេរក្នុងអ៉ីមែលថា «រដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីឆ្លើយតបចំពោះហេតុការណ៍នេះ»។
លោក ណៅ ធួក បានប្រាប់ឱ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញលិខិតកំណត់ទូតមួយទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងភ្នំពេញ ដើម្បីស្នើសុំការបំភ្លឺអំពីការចាប់ខ្លួន និង «សុំឱ្យដោះលែងលោក ម៉ះផល និងស្នើឱ្យគាត់ស្នាក់នៅស្ថានទូតកម្ពុជានៅរដ្ឋធានីវ៉ាស៊ីនតោន»។
«សហរដ្ឋអាមេរិកជាអ្នកដឹកនាំក្នុងការទប់ស្កាត់នូវការជួញដូរសត្វព្រៃខុសច្បាប់ និងចាត់ទុកការជួញដូរសត្វព្រៃការពារនេះថា ជាការគំរាមកំហែងដល់អភិបាលកិច្ចល្អ និងនីតិរដ្ឋ ស្របពេលដែលធ្វើឱ្យបរិស្ថានរបស់យើងមានអស្ថិរភាព» លោក ស្តេហ្វហ្វេនី អាហ្សេត (Stephanie Arzate) ជាអ្នកនាំពាក្យស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ បានសរសេរ។
មន្ត្រីស៊ើបអង្កេតនៃនាយកដ្ឋានសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក លោក រីកគី ផាថេល (Ricky Patel) បាននិយាយនៅក្នុងការចេញផ្សាយថា ទីភ្នាក់ងារសហព័ន្ធ (Federal Agencies) នឹងបន្ត «ប្រើប្រាស់សិទ្ធិអំណាចរបស់យើងទាំងអស់ដើម្បីបញ្ឈប់បុគ្គល និងស្ថាប័នពីការបំពានច្បាប់របស់យើង ដោយមិនគិតថាពួកគេនៅកន្លែងណានោះទេ»។
សត្វស្វាក្តាមស្ថិតនៅក្នុងកសិដ្ឋានចិញ្ចឹមនៅកម្ពុជា។ រូបភាពផ្តល់ដោយ៖ អង្គការ Cruelty Free International
ការជួញដូរវានរសត្វដែលរងការគំរាមកំហែងដូចជាសត្វស្វាក្តាម គឺស្របច្បាប់នៅក្រោម លក្ខខណ្ឌដែលកំណត់ដោយ អនុញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ រុក្ខជាតិព្រៃដែលកំពុងប្រឈមនឹងការជិតផុតពូជ ឬសាយតេស (CITES) តែប៉ុណ្ណោះ។ មូលដ្ឋានច្បាប់នៃអនុសញ្ញានេះ គឺជាប្រព័ន្ធអនុញ្ញាត ដែលកំណត់ ទាក់ទងនឹងសុខុមាលភាពសត្វ និងតម្រូវការបង្កាត់ពូជ ស្ថិតក្នុងចំណោមច្បាប់ផ្សេងទៀត ដែលត្រូវតែអនុវត្តតាម។
ឯកឧត្តមបណ្ឌិត ណៅ ធួក ជាប្រធានគណៈប្រតិភូកម្ពុជាទៅចូលរួមសន្និស័ទលើកទី ១៩ នៃភាគីនានា ដែលជាព្រឹត្តិការណ៍ដែលលោក ម៉ះផល កំពុងធ្វើដំណើរទៅ បានបញ្ជាក់ថា កិច្ចប្រជុំត្រូវបានរៀបចំជាមួយអគ្គលេខាធិការ សាយតេស (CITES) ដើម្បីពិភាក្សាអំពីស្ថានភាពនេះ។ ឯកឧត្តមបានបដិសេធក្នុងការផ្តល់អធិប្បាយ។
ក្នុងច្បាប់របស់សហរដ្ឋអាមេរិក ដីការចាប់ខ្លួននឹងត្រូវបានចាត់ទុកថា ជាបទចោទប្រកាន់ ហើយភាគីចុងចោទ គឺមិនទាន់កំណត់ថាមានទោសទេ លុះត្រាតែមានភស្ថុតាងគ្រប់គ្រាន់មកបញ្ជាក់អំពីទោសកំហុស (Innocent unless proven guilty) ។ សំណុំឯកសារតុលាការដែលបានធ្វើការប្តឹងផ្តល់នៅរដ្ឋផ្លរីដា បានរកឃើញថាមានអំពើខុសច្បាប់រាប់សិបជា «អំពើហួសហេតុ»។ ហើយបើរកឃើញថាមានកំហុស មានន័យថាជនជាប់ចោទពិតជាបានរំលោភលើច្បាប់នៃអនុសញ្ញា CITES ពិតប្រាកដមែន នេះបើយោងតាមច្បាប់អាមេរិក និងកម្ពុជា។
នេះបើយោងតាមឯកសាររបស់តុលាការ បទល្មើសដែលត្រូវបានចោទប្រកាន់រួមមាន ការចាប់យកសត្វស្វាព្រៃពីតំបន់ការពារក្នុងប្រទេសកម្ពុជា ការក្លែងបន្លំលិខិតអនុញ្ញាតនាំចេញ ក៏ដូចជាការផ្តល់ និងទទួលសំណូក។ បើរកឃើញថាមានកំហុស ជនជាប់ចោទអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ ពីបទសមគំនិត និង ២០ឆ្នាំ ពីបទរត់ពន្ធ និងពិន័យជាប្រាក់រហូតដល់ ២៥ម៉ឺនដុល្លារ។
លោក អ៊េដវឺដ ហ្គ្រេស (Edward Grace) នៃទីភ្នាក់ងារសហព័ន្ធស្តីពីត្រី និងសត្វព្រៃ បាននិយាយថា៖ «ចំនួនសត្វស្វាក្តាម ក៏ដូចជាសុខភាព និងសុខុមាលភាពសាធារណៈរបស់អាមេរិក ស្ថិតក្នុងហានិភ័យ នៅពេលដែលសត្វទាំងនេះត្រូវបានដកចេញពីជម្រកធម្មជាតិរបស់ពួកគេ ហើយលក់ដោយខុសច្បាប់នៅក្នុងសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត»។
ក្នុងឆ្នាំ ២០១៤ អាជ្ញាធរគ្រប់គ្រង CITES នៅកម្ពុជាបានដាក់លិខិតមួយទៅកាន់លេខាធិការដ្ឋាន CITES ដែលចាត់ទុកថាជាឯកសារសាធារណៈតែមួយគត់ ដែលមានព័ត៌មានអំពីកន្លែងបង្កាត់ពូជទាំងប្រាំមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកសារនោះបញ្ជាក់ថា ការចាប់សត្វស្វាចេញពីព្រៃ ត្រូវបានកំណត់ថាខុសច្បាប់ ចាប់ពីឆ្នាំ ២០១០ បន្ទាប់ពីសត្វស្វាជិត ៣៧.៨០០ក្បាល ត្រូវបានគេអនុញ្ញាតឱ្យយកពីព្រៃ នៅចន្លោះឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៩។
លោក អូម៉ាលីស ដែលថ្មីៗនេះកំពុងរងការចោទប្រកាន់ ហើយបម្រើការជាប្រធានអាជ្ញាធរវិទ្យាសាស្ត្រ CITES សម្រាប់ព្រៃឈើលើគោក និងធនធានសត្វព្រៃក្នុងប្រទេសកម្ពុជា បាននិយាយនៅក្នុងអត្ថបទកាលពីឆ្នាំ ២០១៦ ចុះដោយកាសែត ខ្មែរថែមស៍ (Khmer Times) ដែលត្រូវបានគេចាត់ទុកថាជាបណ្តាញសារព័ត៌មានគាំទ្ររដ្ឋាភិបាល ថា គ្មានអាជ្ញាប័ណ្ណណាទាក់ទងនឹងការចាប់យកសត្វស្វាព្រៃ ត្រូវបានទទួលស្គាល់ទេ ចាប់តាំងពីឆ្នាំ ២០១០មក។
«គ្មានការអនុម័តផ្លូវច្បាប់ណាមួយសម្រាប់បុគ្គលណាម្នាក់ ក្នុងការចាប់យកសត្វព្រៃនោះទេ។ ប្រសិនបើរឿងនេះនឹងកើតឡើង វានឹងមិនល្អសម្រាប់ការគាំទ្រដល់ការអភិរក្សសត្វស្វា» នេះបើតាមការថ្លែងរបស់លោក អូម៉ាលីស នៅក្នុងអត្ថបទកាសែតខាងលើនាឆ្នាំ ២០១៦ ដោយបានបញ្ជាក់ថា «វាខុសច្បាប់ទាំងស្រុង»។
ដីការបស់សហរដ្ឋអាមេរិកត្រូវបានចុះហត្ថលេខាសម្រេចទៅលើការចាប់ខ្លួនលោក អូម៉ាលីស គិតត្រឹមដើមខែវិច្ឆិកា។
សត្វស្វាក្តាមស្ថិតនៅក្នុងព្រៃនៃតំបន់ការពារទូទាំងប្រទេសកម្ពុជា។ រូបភាពផ្តល់ដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe។
ការចោទប្រកាន់មិនត្រូវបានគេដឹងថា ជំនួញសត្វស្វានេះចាប់ផ្តើមតាំងពីថ្ងៃណានោះទេ ពោលគឺ «គ្មានកាលបរិច្ឆេទ» ច្បាស់លាស់ ប៉ុន្ត្តែត្រូវគេដឹងថា បានចាប់ផ្តើមយ៉ាងហោចណាស់នៅដើមខែធ្នូ ឆ្នាំ២០១៧ និងបន្តរហូតដល់ខែមករា ឆ្នាំ២០២២។
ទឹកប្រាក់ប្រហែល ៨០,០០០ ដុល្លារសហរដ្ឋអាមេរិកត្រូវបានចោទប្រកាន់ថាជាការដោះដូររវាង Vanny Bio Research និងមន្ត្រីក្រសួង។ នេះបើយោងតាមឯកសារតុលាការ ២៧ទំព័រ ដែលចោទប្រកាន់លោក អូម៉ាលីស និងលោក ម៉ះផល ថាជាអ្នកត្រួតពិនិត្យប្រតិបត្តិការទាំងនេះ ក៏ដូចជារៀបចំការចាប់យក និងចែកចាយសត្វស្វាព្រៃរាប់ពាន់ក្បាល។
ឧទាហរណ៍ដ៏ជាក់លាក់មួយក្នុងឆ្នាំ ២០១៨ ឯកសាររបស់តុលាការបានចោទប្រកាន់ថា លោក អូម៉ាលីស និងលោក ម៉ះផល បានយល់ព្រមទទួលការទូទាត់ជាសាច់ប្រាក់ ជាថ្នូរនឹងការយកសត្វស្វាព្រៃពីឧទ្យានជាតិ និងតំបន់ការពារ ហើយប្រគល់វាទៅកន្លែងចិញ្ចឹម ក៏ដូចជាការផ្តល់លិខិតអនុញ្ញាតក្លែងក្លាយរបស់ CITES ក្នុងការនាំចេញសត្វស្វាចំនួន ៣,០០០ ក្បាល។ .
សត្វស្វាមួយក្បាលត្រូវបានគេវាយតម្លៃថាមានតម្លៃ ២២០ ដុល្លារសហរដ្ឋអាមេរិក គឺជា «លុយទឹកតែ» ដែលជាភាសាទូទៅគេប្រើក្នុងប្រទេសកម្ពុជាដើម្បីសំដៅទៅលើសំណូក។ នេះជាតម្លៃដ៏ថ្លៃមួយ បើប្រៀបធៀបទៅនឹងប្រាក់ឈ្នួលអប្បបរមា ក្នុងប្រទេសកម្ពុជាដែលទើបនឹងដំឡើងថ្មីចំនួន ២០០ ដុល្លារក្នុងមួយខែ សម្រាប់កម្មករ-កម្មការី កាត់ដេរ ដែលជាឧស្សាហកម្មដ៏សំខាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
រឿងរ៉ាវមួយទៀត ក្នុងចំណោមប្រតិបត្តិការសាច់ប្រាក់ ដែលត្រូវបានចោទប្រកាន់ គឺនិយាយអំពីឯកសារគណនេយ្យផ្ទៃក្នុងនៃឆ្នាំ ២០១៨ របស់ក្រុមហ៊ុន វណ្ណី បាយអូរីសឺច (Vanny Bio Research) ដែលឆ្លុះបញ្ចាំងពីការបរិច្ចាគតាមសំណើររបស់លោក អូម៉ាលីស ក្នុងទំហំទឹកប្រាក់ចំនួន ១០,០០០ ដុល្លារទៅដល់គណបក្សដែលកំពុងកាន់អំណាច។
ការបរិច្ចាគនេះធ្វើឡើងមួយខែមុនការបោះឆ្នោតថ្នាក់ជាតិនៅប្រទេសកម្ពុជានាឆ្នាំ ២០១៨ បន្ទាប់ពីការរំលាយគណបក្សប្រឆាំងដ៏ធំមួយនៅឆ្នាំ ២០១៧ ដោយព្រឹត្តិការណ៏នេះធ្វើអោយការក្តោបអំណាច ធ្លាក់យ៉ាងពេញទំហឹងទៅក្នុងកណ្តាប់ដៃសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាក្បាលម៉ាស៊ីនរបស់ប្រទេសកម្ពុជាអស់រយៈពេល ៣៧ឆ្នាំ បានធ្វើឱ្យគាត់ក្លាយជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរជាងគេនៅអាស៊ីអាគ្នេយ៍។
ជំនួញសត្វស្វាក្នុងប្រទេសកម្ពុជា
តម្លៃសរុបនៃការជួញដូរសត្វស្វាក្តាមមានតម្លៃប្រហែល ១,២៥ ពាន់លានដុល្លារចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩ ខណះដែលជំនួញវានរសត្វនៅកម្ពុជាមានតម្លៃ ១១,៣ លានដុល្លារក្នុងឆ្នាំ ២០១៧។
ពាណិជ្ជកម្មសត្វស្វាដែលត្រូវបានគេកត់ត្រានៅប្រទេសកម្ពុជា (ចន្លោះឆ្នាំ២០០៤ – ឆ្នាំ២០២០)
ទិន្នន័យដែលបានបញ្ជូនជារៀងរាល់ឆ្នាំទៅកាន់ អនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃ និងរុក្ខជាតិជិតផុតពូជ ឬ CITES បានតាមដានការកើនឡើងជាលំដាប់នៃការចូលរួមរបស់កម្ពុជាចំពោះពាណិជ្ជកម្មស្វាចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យផ្លូវការនេះត្រូវបានគេដឹងថាមាន «គម្លាតភាពដ៏ត្រឹមត្រូវ» រវាងភាគីនាំចេញ និងភាគីនាំចូល។ ក្រាហ្វិចបន្ទាប់ទៀតបង្ហាញពីចំនួនសត្វស្វាដែលកត់ត្រាដោយប្រទេសនាំចូល និងបាននាំចេញដោយកម្ពុជា។
តម្រូវការពពួកសត្វស្វាបានហក់ឡើងខ្លាំងបន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ នៅក្នុងខែកុម្ភៈ អ្នកស្រាវជ្រាវបានធ្វើការសិក្សាទោលើស្ថិតិពាណិជ្ជកម្មពិភពលោក ហើយបានគណនាថាជាមធ្យម សត្វស្វាមួយក្បាលមានតម្លៃលើសពី ២,០០០ ដុល្លារ។
កម្ពុជាបានគ្របដណ្តប់លើទីផ្សារសត្វស្វាបន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ យោងតាមទិន្នន័យពាណិជ្ជកម្ម CITES បានឱ្យដឹងថា កម្ពុជារួមចំណែកប្រមាណ ៧៨,៥% នៃទីផ្សារពាណិជ្ជកម្មពិភពលោកមួយនេះ ក្នុងឆ្នាំ២០២០។ ទិន្នន័យដដែលក៏បានកត់ត្រាផងដែរថា សត្វស្វាចំនួន ៣ ក្នុងចំណោម ៥ ក្បាលត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក។
កម្ពុជាបានជួញដូរសត្វស្វាជាង ៣២,៣០០ក្បាល ទូទាំងពិភពលោកក្នុងឆ្នាំ ២០២០ ដែលកើនឡើងជិតទ្វេដងនៃបរិមាណនាំចេញពីព្រះរាជាណាចក្រកម្ពុជានាឆ្នាំ ២០១៩។
អ្នកស្រី ខៃយ៍ ដែលជាសហស្ថាបនិកនៃអង្គការស្តីពីសិទ្ធិរបស់សត្វស្វា Action for Primates បាននិយាយថា៖ «យើងបានឃើញការផ្លាស់ប្តូរទាំងស្រុងនៅក្នុងគំរូនៃពាណិជ្ជកម្មសត្វស្វាសកល កំឡុងពេលនៃជម្ងឺរាតត្បាត»។ គាត់បានបន្ថែមថា «គេតែងតែជាព្រួយបារម្ភ ទៅលើសុពលភាព នៃការលើកឡើងថា សត្វទាំងនេះពិតជាសម្រាប់ចាប់បង្កាត់ពូជមែនឬអត់»។
របាយការណ៍ខែមករាស្តីពីស្ថានភាព ការគំរាមកំហែង និងការអភិរក្សសត្វស្វាក្នុងតំបន់បានបញ្ចេញថា «កន្លែងស្រាវជ្រាវជាច្រើនដែលទំនងមិនបានផ្តល់អាទិភាពលើសុខុមាលភាពសត្វស្វា កំពុងតែវ៉ៃចេញការជួញដូរសត្វស្វា ដែលចាប់ចេញពីព្រៃ ក្រោមរូបភាពស្របតាមច្បាប់»។
ការនាំចូលសត្វស្វាដែលគេបានកត់ត្រាមកពីកម្ពុជា (ចន្លោះឆ្នាំ២០០៤ – ឆ្នាំ២០២០)
ទិន្នន័យដែលបានបញ្ជូនជារៀងរាល់ឆ្នាំទៅកាន់ អនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃ និងរុក្ខជាតិជិតផុតពូជ ឬ CITES បានតាមដានការកើនឡើងជាលំដាប់នៃការចូលរួមរបស់កម្ពុជាចំពោះពាណិជ្ជកម្មស្វា ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យផ្លូវការនេះត្រូវបានគេដឹងថាមាន «គម្លាតភាពដ៏ត្រឹមត្រូវ» រវាងអ្នកនាំចេញ និងអ្នកនាំចូល។ ក្រាហ្វិចខាងក្រោមបង្ហាញពីចំនួនសត្វស្វាដែលកត់ត្រាដោយប្រទេសនាំចូល និងបាននាំចេញដោយកម្ពុជា។
ពណ៌ក្រហម៖ ចិន ពណ៌លឿង៖ បារាំង ពណ៌លឿងទុំ៖ ជប៉ុន ពណ៌ត្រាវ៖ កូរ៉េខាងជើង ពណ៌ទឹកសមុទ្រ៖ សឹង្ហបុរី ពណ៌ទឹកប៊ិច៖ សហរដ្ឋអាមេរិក ពណ៌ស្វាយ៖ វៀតណាម
ដីកាចោទនេះក៏បានចោទភាគីចុងចោទ ពីបទទិញសត្វស្វាក្តាម ដោយខុសច្បាប់ពីទីផ្សារងងឹតក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីជំរុញ «ប្រតិបត្តិការដែលគេបានអះអាងថាសម្រាប់បង្កាត់ពូជ»។
អ្នកសិក្សាពីវានរសត្វមានការព្រួយបារម្ភអំពីឥទ្ធិពលនៃចាប់សត្វស្វាចេញពីទីជម្រករបស់ពួកគេ ក្នុងទ្រង់ទ្រាយធំ ដែលជាការព្រួយបារម្ភចំពោះប្រព័ន្ធអេកូឡូស៊ីនៅអាស៊ីអាគ្នេយ៍។
លោកស្រី ម៉ាលីន ហ្វ្រីស ហានសេន (Malene Friis Hansen) ជានាយកគម្រោងសត្វស្វាក្តាម (Long-Tailed Macaque Project) បានប្រាប់សារព័ត៌មាន Globe ក្នុងបទសម្ភាសមួយក្នុងខែមករាថា ប្រភេទសត្វនេះគឺមានសារៈសំខាន់ក្នុងអេកូឡូស៊ី។
លោកស្រី ហានសេន បាននិយាយថា៖ «ពពួកសត្វស្វា គឺជាសត្វមំសាសីផង (ស៊ីសាច់ជាអាហារ) ជាចំណីរបស់សត្វផ្សេងផង និងជាសត្វបំបែកគ្រាប់ពូជរុក្ខជាតិទៀត។ ពួកគេគឺជាផ្នែកមួយដ៏ធំនៃប្រព័ន្ធអេកូឡូស៊ី»។
លោកស្រី បានបន្ថែម «យើងត្រូវពិចារណាថា តើសត្វប្រភេទណាដែលកំពុងធ្វើឲ្យពិភពលោកវិវឌ្ឍន៍ទៅមុខ តើប្រភេទណាដែលកំពុងជួយអភិរក្ស រក្សាទុក និងបង្កើតឱ្យមានតំបន់ធម្មជាតិឡើងវិញ»។
ជើងហោះហើររបស់ក្រុមហ៊ុន Maleth Aero បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Washington-Dulles មួយថ្ងៃបន្ទាប់ពីការចោទប្រកាន់ត្រូវបានប្រកាស ជាមួយនឹងទំនិញដែលគេប៉ាន់ប្រមាណថាមានសត្វក្តាម ជាង ៧០០ ក្បាល សម្ដៅចែកចាយទៅមន្ទីរពិសោធន៍ក្នុងរដ្ឋម៉ារីឡេន (Maryland) ។
អ្នកស្រី ខៃយ៍ បានដងដង្ហើមធំ និងហួសចិត្តជាខ្លាំង។
អ្នកស្រី ខៃយ៍ បាននិយាយថា៖ «ការពិតដែលថា ការចោទប្រកាន់ទាំងនេះជាប់ពាក់ព័ន្ធ មិនត្រឹមតែបុគ្គលិកនៅក្នុងក្រុមហ៊ុនពិសេសមួយនេះប៉ុណ្ណោះទេ ប៉ុន្តែក៏មានមន្ត្រីនៅក្នុងនាយកដ្ឋានព្រៃឈើកម្ពុជាផងដែរ គួរតែក្លាយជាការដាស់តឿនមួយដល់រដ្ឋាភិបាល និងការឧស្សាហកម្មជួញដូរនេះ»។
«រឿងនេះល្មមនឹងរោទ៍កណ្តឹងអាសន្នហើយ។ យើងមិនដឹងថាតើក្រុមហ៊ុន ឬប្រទេសផ្សេងទៀតអាចពាក់ព័ន្ធនឹងរឿងនេះកម្រិតណានោះទេ»។ អ្នកស្រីបានបន្ថែម។
អត្ថបទនេះត្រូវបានផលិតឡើង ដោយមានការសហការគ្នាជាមួយ Rainforest Investigations Network របស់ The Pulitzer Center។ អត្ថបទដើម ជាភាសាអង់គ្លេសត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន Southeast Asia Globe។